​ កម្ពុជា អាមេរិក និងចិន ពិតជាសំខាន់ណាស់នៅក្នុងតំបន់អាស៊ី

ក្រុម​អ្នកស្រាវជ្រាវ​បានលើកឡើងថា​ សហរដ្ឋ​អាមេរិក​បានដាក់​ចេញ​គោល​នយោបាយ​ការបរទេសមិន​ច្បាស់​លាស់​មួយ​ចំពោះ​ប្រទេស​កម្ពុជា​ដោយ​បាន​រិះគន់​ថា ​គោលនយោបាយ​បច្ចុប្បន្ន​មាន​លក្ខណៈ « មិន​ស៊ីសង្វាក់​គ្នា និងដើរ​ផ្ទុយគ្នា »​ កត្តានេះ​បាន​ជំរុញ​កម្ពុជា​ឱ្យ​ចូល​ក្នុង​គន្លង​​ចិន​កាន់​តែ​ខ្លាំង។

មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​(CSIS)​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​យល់​ថា​ ក្នុង​រយៈពេល​១​ទសវត្សរ៍​ចុងក្រោយ​នេះ សហរដ្ឋ​អាមេរិក​មិន​បាន​បែងចែក​ដាច់​ស្រេច​គ្នា​រវាង​ការ​ខឹង​សម្បា​នឹង​ការ​ដើរ​ថយ​ក្រោយ​ផ្នែក​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ការ​ធ្វើការ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជាប្រកប​ដោយ​ប្រសិទ្ធភាព​ទេ​បើ​ទោះ​ជា​មាន​ផល​ប្រយោជន៍​របស់​សហរដ្ឋអាមេរិក​ក្នុង​តំបន់​ក៏ដោយ។​ នេះ​បើ​តាម​របាយការណ៍​ដែល​មាន​ចំណងជើង​ថា៖ «ជន​ក្រៅ​សង្គម​ឬ​ជា​ដៃគូ? ការ​បញ្ជាក់​ឱ្យ​ច្បាស់​ពី​គោលនយោបាយ​អាមេរិក​ចំពោះ​កម្ពុជា»​ (Pariah or Partner? Clarifying the U.S. Approach to Cambodia)​ដែល​បាន​ចេញផ្សាយ​កាលពី​ពាក់​កណ្តាល​ខែ​មិថុនា។​

បើតាមក្រុមអ្នកជំនាញនយោបាយកម្ពុជា​ ​ក្រុង​វ៉ាស៊ីនតោន​មាន​ការភាន់ច្រឡំថា​ ទណ្ឌកម្ម​លើ​ប្រទេស​កម្ពុជា​នឹង​ជួយ​កែប្រែ​ស្ថានការណ៍​ធ្លាក់​ចុះ​ផ្នែក​សិទ្ធិមនុស្ស​និង​ទាញ​កម្ពុជា​មក​គន្លងរបស់ខ្លួន​វិញ។​ ប៉ុន្តែ ​ការ​ធ្វើ​បែប​នេះហាក់​មិន​មាន​ប្រសិទ្ធភាព​ទេ ហើយ​ផ្ទុយ​ទៅវិញ វា​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជាងាក​ទៅ​ពឹង​ពាក់​ប្រទេស​ចិន​កាន់តែ​ខ្លាំងឡើង។​

កន្លងមកសហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ជាច្រើន​នាក់ដោយចោទថា​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​ ការ​ធ្វើ​ឱ្យ​ខូច​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​និង​ការរំលោភ​សិទ្ធិមនុស្ស​ ​ជាបន្តបន្ទាប់ ​ជាពិសេស​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​នៅ​ចុងឆ្នាំ​២០១៧។​ ក្នុង​ចំណោម​អ្នក​រង​ទណ្ឌកម្ម​ពី​ក្រសួង​ហិរញ្ញ​វត្ថុ​អាមេរិក​ក្រោម​ច្បាប់​ Global MagnitskyAct មាន​ឧត្តមសេនីយ៍​យោធា​និង​ពាណិជ្ជករ​ដែល​ជិតស្និទ្ធ ​នឹងសម្តេច​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ក្នុង​នោះ​មាន​លោក​នាយ​ឧត្តម​សេនីយ៍​ ហ៊ីង ប៊ុនហៀង​ លោក​នាយឧត្តមសេនីយ៍ ​គន់ គីម​ និង​ក្រុមគ្រួសារ​និង​លោកឧកញ៉ា​ ទ្រី ភាព។ ហើយសភា​សហរដ្ឋ​អាមេរិក​ក៏​បាន​បង្កើន​ការពិនិត្យ​មើល​ការវិវត្ត​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដោយ​បាន​ស្នើ​ច្បាប់​ជាច្រើន​ដាក់​ទណ្ឌកម្ម​លើ​ផ្នែក​សេដ្ឋកិច្ច​ដល់​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​និង​ជន​ទាំងឡាយ​ណា​ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​រំលោភ​បំពាន​ទាំងនេះ​ផង​ដែរ។​

កាលពី​ថ្ងៃ​អង្គារ​ទី​១៩​ខែ​កក្កដា​ គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​របស់​សហរដ្ឋ​អាមេរិក​បាន​អនុម័តសេចក្តី​ស្នើ​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឆ្នាំ​២០២១ ​(S-3052) ​បន្ទាប់​ពី​មាន​ការ​ទន្ទឹង​រង់ចាំ​ជា​យូរ។ លោក​ Charles Dunst​ អ្នកស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល ​CSIS​ និង​ជា​អ្នកនិពន្ធ​មួយ​រូប​នៃ​របាយការណ៍​«ជនក្រៅ​សង្គម​ឬ​ជា​ដៃគូ? បានបញ្ជាក់​អំពីគោលនយោបាយ ​អាមេរិក​ចំពោះ​កម្ពុជា»​ ដោយលោកបាន​ថ្លែង​ថា​ចំណាត់ការ​របស់​គណៈកម្មាធិការ​ព្រឹទ្ធសភា​គឺ​ជា​ការ​បំពេញ​ចន្លោះ​ប្រហោង​ដោយសារ​ស្ថាប័ន​នីតិប្រតិបត្តិ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ពេល​អស់​ជាច្រើន​ឆ្នាំ​ដោយ​មិន​មាន​គោល​នយោបាយ​ច្រើន​ចំពោះ​កម្ពុជា​ ដែល​នេះ​នឹង​ធ្វើ​ឱ្យ​ទំនាក់ទំនង​មិនល្អ​ស្រាប់​រវាង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​កាន់តែ​ចុះខ្សោយ​»។ ​ដូច្នេះ​សហរដ្ឋ​អាមេរិក​គួរតែ​ជៀសវាង​ការ​ដាក់​ទណ្ឌកម្ម​ដើម្បី​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​របប។



ស្របនឹងការលើកឡើងនេះ រដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា​គោលនយោបាយ​ការបរទេស​កម្ពុជា​គឺ​ចង​មិត្ត​ជាមួយ​នឹង​គ្រប់​ប្រទេស​ជាពិសេស​គឺមិន​ចង់​ជ្រើសរើស​រវាង​ចិន​ឬ​សហរដ្ឋ​អាមេរិក​ទេ។ លោក ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា​ ការ​មិន​យល់គ្នា​រវាងកម្ពុជា​និង​សហរដ្ឋ​អាមេរិក​គឺ​មាន​ជាច្រើន​ទសវត្សរ៍​មក​ហើយ៖ «អ្វី​ដែលលោកកត់សម្គាល់​គឺ​ថា​តាំងពី​ឆ្នាំ​៥០​ជាង​រហូតមកដល់​ឥឡូវនេះ​ គឺនៅតែ​អត់​យល់​ច្បាស់​ និងអត់​យល់ពី​គ្នាដដែរ។ ​

លោក ផៃ​ ស៊ីផាន ​បន្ថែម​ថា​ អ្វី​ដែល​កម្ពុជា​មើល​ឃើញ​គឺ​ការ​ដាក់​ទណ្ឌកម្ម​ដែល​មិន​សមស្រប​តាម​ការវិវត្ត​នៃ​សម័យកាល៖ «ពិភពលោក​កំពុង​ចូល​មកដល់​សម័យកាល​នៃ​អ្វី​ទៅ​ជា​តម្លៃ​ប្រជាធិបតេយ្យ​ហើយ​នឹង​អ្វី​ទៅ​មិនមែន​ជា​ប្រជាធិបតេយ្យ​។ ពិភពលោក​កំពុង​តែ​ទទួលស្គាល់​ថា​ការ​ជឿនលឿន​នៃ​ឧត្តមភាព​សេដ្ឋកិច្ច​ ពិភពលោក​កំពុងតែ​យល់​ឃើញ​ថា​ពហុបក្ស​នៃ​កិច្ច​សហប្រតិបត្តិការ​គឺ​ល្អ​ដែល​មាន​ឧត្តមភាព»។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​កម្ពុជា​អត់មាន​គំនិត​ចង្អៀត​ចង្អល់​ទេ​ គឺ​យើងអនុវត្ត​ត្រឹមត្រូវ​ទៅ​តាម​ខ្លឹម​សារ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ មិនមែន​យើង​មាន​តែទំនាក់​ទំនង​ស្និត​រមួត​រវាង​កម្ពុជា​ចិននោះទេ​ ​យើង​ក៏មាន​ទំនាក់​ទំនង​ល្អជាមួយបណ្តា​ប្រទេស​ផ្សេងៗ​ទៀតផងដែរ​។​

គេសង្គេតឃើញថា រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden បាន​ខិតខំ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​តំបន់​អាស៊ីអាគ្នេយ៍​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​ដែល​កាន់តែ​កើន​ឡើង​និង​អាច​គំរាម​កំហែង​ដល់​ផលប្រយោជន៍​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់។
បើតាមក្រុម​អ្នកស្រាវជ្រាវយល់​ថា ​គោលនយោបាយ​អាមេរិកាំង​ត្រូវ​បង្កើត​គោលនយោបាយ​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​និង​ស្ថាបនា​ចំពោះ​ប្រទេស​កម្ពុជា​ ចូលរួម​ធ្វើការ​ជាមួយ​រដ្ឋាភិបាលកម្ពុជានៅ​កន្លែង​ណា​ដែល​ ​មាន​ចន្លោះ​ប្រហោង​ ពង្រីក​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ទៅ​ប្រទេស​កម្ពុជា​ ពង្រីក​ការចូលរួម ​ផ្តល់​មូលនិធិ​ដល់​សកម្មភាព​ដោះមីន ឬសកម្មភាពអភិវឌ្ឍន៍នានា​ និងជាពិសេស​ចរចា​ស្វែងរក​ដំណោះស្រាយ​បំណុល​ជាង​៧០០​លាន​ដុល្លារ​ដែល​កម្ពុជា​ជំពាក់​សហរដ្ឋ​អាមេរិក​តាំងពី​សម័យ​សង្គ្រាម​ជាដើម។

គួរបញ្ជាក់ថា ទោះបី​ជា​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្មមួយចំនួនមកលើកម្ពុជា និងមានគោល​នយោបាយ​ការបរទេសមិន​ច្បាស់​លាស់​មួយ​ចំពោះ​កម្ពុជាក្តី​ ក៏​ទំហំ​ពាណិជ្ជកម្ម​ដែល​កម្ពុជា​នាំ​ទំនិញ​ចូល​សហរដ្ឋ​អាមេរិក​មាន​ការ​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ។​ ក្នុង​ឆ្នាំ​២០១៧​កម្ពុជា​នាំ​ទំនិញ​ចូល​សហរដ្ឋ​អាមេរិក​មាន​ទំហំ​ទឹកប្រាក់​ចំនួន​៣,០៦​ពាន់​លាន​ដុល្លារ​និង​ក្នុង​ឆ្នាំ​២០២១​បាន​ឡើង​ដល់​៨,៧៤​ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​ស្ថិតិ​ចងក្រង​ដោយ​ការិយាល័យ​ជំរឿន​របស់​សហរដ្ឋ​អាមេរិក។

ដូចនេះ អាមេរិកគួរតែបង្កើនទំនាក់ទំនងជាមួយកម្ពុជាបានកាន់តែច្រើន ដើម្បីធ្វើការពង្រីកគោលនយោបាយនៅក្នុងប្រចាំតំបន់ ហើយក៏ដូចជាដើរទន្ទឹមនៅក្នុងការប្រកួតប្រជែងជាមួយចិន ជាលក្ខណៈសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

អ្នកនិពន្ធ៖ Chim Ratha

Leave a Reply

Your email address will not be published. Required fields are marked *

two × 2 =

This site uses Akismet to reduce spam. Learn how your comment data is processed.