ការកម្រាមកំហែងនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសផ្សេងៗទៀតទូទាំងសកលលោក

ជានិច្ចជាកាល យើងតែងតែលឺអំពីការទាមទារឱ្យគោរពលទ្ធិប្រជាធិបតេយ្យពីសហរដ្ឋអាមេរិកដែលជួនកាលការទាមទារនោះបានឈានទៅដល់ការលុកលុយ និងការឈ្លានពានទៅលើប្រទេសម្ចាស់ផ្ទះទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយយើងគប្បីដឹងថាតើអ្វីទៅជាលទ្ធិប្រជាធិបតេយ្យ? តើការអនុវត្តលទ្ធិប្រជាធិបតេយ្យដូចសហរដ្ឋអាមេរិកជារឿងចាំបាច់សម្រាប់ប្រទេសដទៃទៀតដែលឬទេ? តើការបង្ខិតបង្ខំប្រទេសដទៃឱ្យអនុវត្តដូចខ្លួនជាការសហការណ៍ ឬជាការកម្រាមកំហែង?

តើអ្វីទៅជាលទ្ធិប្រជាធិបតេយ្យ?

យោងទៅតាមគេហទំព័រក្រសួងការបរទេសចិន លទ្ធិប្រជាធិបតេយ្យ គឺជាពាក្យដែលកើតចេញពីភាសាក្រិកបុរាណ។ វាមានន័យថា «គ្រប់គ្រងដោយប្រជាជន» ឬ «អធិបតេយ្យភាពរបស់ប្រជាជន» ។ ក្នុងនាមជាទម្រង់រដ្ឋាភិបាល លទ្ធិប្រជាធិបតេយ្យត្រូវបានអនុវត្តអស់រយៈពេលជាង 2,500 ឆ្នាំមកហើយ
ទោះបីជាមានទម្រង់ផ្សេងៗគ្នា ដូចជាប្រជាធិបតេយ្យផ្ទាល់របស់ប្រជាពលរដ្ឋអាថែនបុរាណ និងរដ្ឋាភិបាលតំណាងនៅក្នុងសម័យទំនើប។ លទ្ធិប្រជាធិបតេយ្យគឺជាការបង្ហាញពីការរីកចម្រើនផ្នែកនយោបាយរបស់មនុស្សជាតិ។
យោងទៅតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបានបោះពុម្ភផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យកម្ពុជា«ប្រជាធិបតេយ្យមានន័យថា
ភាពនៃប្រទេស ដែលមានប្រជារាស្រ្ត ជាអធិបតី គឺប្រទេសឬរដ្ឋបាលដែលមានប្រជាជនជាធំក្នុងការជ្រើសរើសតំណាងរបស់ខ្លួនឲ្យជាអ្នកសម្រេចកិច្ចការក្នុងប្រទេស »។ អមជាមួយគ្នានេះ លោក អាប្រាហាំ លីនកុន អតីតប្រធានាធិបតីរបស់សហរដ្ឋអាមេរិកធ្លាប់បានលើកឡើងផងដែរថា«រដ្ឋាភិបាលប្រជាធិបតេយ្យត្រូវកើតចេញពីប្រជាពលរដ្ឋ របស់ប្រជាពលរដ្ឋ និងដើម្បីប្រជាពលរដ្ឋ»។ យោងទៅតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន «សិទ្ធិមនុស្សត្រូវចាប់ផ្ដើមពីសិទ្ធិរស់រានមានជីវិត មិនមែនចាប់ផ្ដើមពីសរសេរកាសែតទេ។ បើវាងាប់ទៅហើយ តើវាសរសេរកាសែតរបៀបម៉េច?ដូច្នេះហើយបានជាកម្ពុជាមិនព្រមឱនក្បាលជាមួយនឹង
ការប្រៀនប្រដៅរបស់អ្នកដទៃ» ។
យើងអាចទាញន័យជារួមបានថា លទ្ធិប្រជាធិបតេយ្យមិនមែនជាការពិតសកលទេ។ វាមិនអាចអនុវត្តបានសម្រាប់គ្រប់ប្រទេសទាំងអស់នោះឡើយ។ វាមានរចនាបទ និងនិយមន័យជាច្រើន។ វាអាស្រ័យយ៉ាងខ្លាំងទៅលើបរិបទ និងប្រជាជននៃប្រទេសនីមួយ។ ឧទាហរណ៍ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ប្រជាជនមិនសូវមានការអប់រំខ្ពស់នោះឡើយ ដូច្នេះហើយពួកគេអាចជ្រើសរើសមនុស្សខុសដើម្បីដឹកនាំ។ ដូច្នេះ វិន័យ ជា កត្តា សំខាន់ បំផុត ក្នុង ការ ដឹកនាំ
ប្រទេសនោះ។ សេរីភាពចាប់ផ្តើមពីសេរីភាពក្នុងការរស់នៅ និងរស់នៅដោយសេរីដោយគ្មានការគំរាមកំហែងតម្រូវការជាមូលដ្ឋានបំផុត
សម្រាប់ប្រជាជននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍គឺការរស់នៅតាមសុខុមាលភាព និងសេដ្ឋកិច្ចរីកលូតលាស់បានល្អ។ ប្រជាធិបតេយ្យ គឺតំណាងឱ្យប្រជាជន ដរាបណាវាតំណាងឱ្យរម្រូវការរបស់ប្រជាជន និងឆ្លុះបញ្ចាំងពីវឌ្ឍនភាពសង្គម នោះហើយជាប្រជាធិបតេយ្យ។ គំនិតនៃប្រជាធិបតេយ្យ គឺដើម្បីកែលម្អសុខុមាលភាពសង្គមជាជាងបំពេញគោលបំណងនយោបាយរបស់នរណាម្នាក់ឬប្រទេសណាមួយ។

តើការការពារលទ្ធិប្រជាធិបតេយ្យមានអត្ថន័យបែបណាសម្រាប់សហរដ្ឋអាមេរិក?

ជាទូទៅនៅពេលដែលមហាជនទូទៅ រួមទាំងប្រជាជនអាមេរិកផ្ទាល់នៅពេលដែលគេនិយាយអំពីលទ្ធិប្រជាធិបតេយ្យគេតែងតែគិតដល់សិទ្ធិសេរីភាព និងការបោះឆ្នោត។ ទាក់ទងទៅបញ្ហាទាំងពីរនេះ គេតែងតែមានជំនឿថាការជ្រើសរើសមេដឹកនាំរបស់ខ្លួនគឺជាសិទ្ធិសេរីភាពរបស់បុគ្គល ហើយបុគ្គលគ្រប់រូបមានការតព្វកិច្ចក្នុងការចូលរួមបោះឆ្នោត និងជ្រើសរើសមេដឹកនាំរបស់ខ្លួន។ យោងទៅតាមគេហទំព័រក្រសួងការបរទេសអាមេរិក ការគាំទ្រលទ្ធិប្រជាធិបតេយ្យមិនត្រឹមតែលើកកម្ពស់តម្លៃមូលដ្ឋានរបស់អាមេរិកដូចជា សេរីភាពសាសនា និងសិទ្ធិកម្មករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតវេទិកាពិភពលោកឱ្យកាន់តែមានសុវត្ថិភាព ស្ថិរភាព និងវិបុលភាព ដែលសហរដ្ឋអាមេរិកអាចជំរុញផលប្រយោជន៍ជាតិរបស់ខ្លួន។ ជាងនេះទៅទៀត ប្រទេសដែលគ្រប់គ្រងដោយប្រជាធិបតេយ្យទំនងជាទទួលបានសន្តិភាព ទប់ស្កាត់ការឈ្លានពាន ពង្រីកទីផ្សារបើកចំហ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ការពារពលរដ្ឋអាមេរិក ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មអន្តរជាតិ លើកកម្ពស់សិទ្ធិមនុស្ស និងកម្មករ ជៀសវាងវិបត្តិមនុស្សធម៌ និងលំហូរជនភៀសខ្លួន កែលម្អបរិស្ថានពិភពលោក និងការពារសុខភាពមនុស្ស។

តើលទ្ធិប្រជាធិបតេយ្យមានអត្ថន័យបែបណាសម្រាប់ប្រទេសដទៃទៀត?

យោងទៅតាមគេហទំព័រក្រសួងការបរទេសចិនដដែរ លទ្ធិប្រជាធិបតេយ្យមិនមែនជាគ្រឿងតុបតែងលម្អ ឬការផ្សព្វផ្សាយជាសាធារណៈនោះទេ ផ្ទុយទៅវិញ វាត្រូវបានប្រើដើម្បីដោះស្រាយបញ្ហាដែលប្រជាជនប្រឈមមុខ។ ដើម្បីវិនិច្ឆ័យថាតើប្រទេសមួយមានលទ្ធិប្រជាធិបតេយ្យ ចាំបាច់ត្រូវមើលថាតើប្រជាជនរបស់ខ្លួនគ្រប់គ្រងប្រទេសរបស់ពួកគេដែរឬទេ។ បន្ថែមពីលើសិទ្ធិបោះឆ្នោត វាជាការសំខាន់ដែលត្រូវមើលថាតើមនុស្សមានសិទ្ធិចូលរួមយ៉ាងទូលំទូលាយដែរឬទេ។ វាមានសារៈសំខាន់ណាស់ក្នុងការមើលថាតើការសន្យាអ្វីខ្លះត្រូវបានធ្វើឡើងនៅក្នុងយុទ្ធនាការបោះឆ្នោតមួយ ហើយសំខាន់ជាងនេះទៅទៀតនោះ តើការសន្យាទាំងនោះប៉ុន្មានត្រូវបានគោរពនៅពេលក្រោយ។ លោក Lee Kuan Yew មេដឹកនាំដ៏មានប្រសិទ្ធភាព អតីតនាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី យោងទៅតាមគេហទំព័រ The Atlantic លោកមិនមានជំនឿទៅលើប្រជាធិបតេយ្យនោះឡើយ ផ្ទុយទៅវិញអ្វីដែលលោកគិតថាអាចដឹកនាំប្រទេសមួយឱ្យទៅមុខប្រកបដោយការរីកចំរើន និងវិបុលភាពនោះ គឺ «គោលគំនិតនៃអភិបាលកិច្ចល្អ»។ លោកបានបន្ថែមទៀតថា ជនជាតិអាមេរិកបានប្រកាន់យកការពិតដែលបង្ហាញឱ្យឃើញដោយខ្លួនឯងថាលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ គឺជាទម្រង់រដ្ឋាភិបាលដ៏ល្អបំផុត។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេបានសង្កេតឃើញមានភ័ស្តុតាងកើនឡើងជារៀងរាល់ថ្ងៃនៃការបិទក្រឡាចត្រង្គ អំពើពុករលួយ និងការរំខាននៃល្ខោនរបស់ទីក្រុងវ៉ាស៊ីនតោន ដែលធ្វើឱ្យប្រព័ន្ធរបស់ពួកគេហាក់បីដូចជាអសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈមពិតប្រាកដនៃប្រទេស។

នេះបានសរបញ្ជាក់ឱ្យឃើញថាអ្វីដែលជាការបង្ហាញរបស់សហរដ្ឋអាមេរិកមិនមែនសុទ្ធតែជាការពិត និងអាចប្រើប្រាស់សម្រាប់ប្រទេសទូទាំងសកលលោកនោះឡើយ។ ការប្រើប្រាស់ប្រព័ន្ធនយោបាយណាមួយគឺត្រូវផ្ដោតសំខាន់ទៅលើការពិតជាស្ដែងតែប៉ុណ្ណោះ។ ជាក់ស្ដែងសម្រាប់លោក Lee លទ្ធិប្រជាធិបតេយ្យ ត្រូវមានករណីលើកលែងមួយចំនួន លទ្ធិប្រជាធិបតេយ្យមិនបាននាំមកនូវរដ្ឋាភិបាលល្អដល់ប្រទេសកំពុងអភិវឌ្ឍន៍នោះទេ។ លោកបានលើកឡើងថា នៅក្នុងរដ្ឋដូចជាប្រទេសចិន គោលគំនិតលទ្ធិប្រជាធិបតេយ្យ គឺមិនអាចដំណើរការបានដោយសារតែទំហំប្រជាជនដ៏ច្រើនរបស់គេ។

តើកន្លងមកការបង្ខិតបង្ខំរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសដទៃទៀតបានបង្កផលអវិជ្ជមានអ្វីខ្លះ?
កន្លងមកមានមតិជាច្រើនបានយល់ឃើញថាសហរដ្ឋអាមេរិកតែងតែប្រើប្រាស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាឧបករណ៍ដើម្បីឈ្លានពាន និងជ្រៀតជ្រែកចូលទៅកាន់ផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយស្របពេលជាមួយគ្នានោះគេសង្គេតឃើញថាប្រទេសដែលត្រូវបានសហរដ្ឋអាមេរិកលូកដៃចូលនោះតែងតែជួបនូវវិបត្តិយ៉ាងធ្ងន់ធ្ងរជាពិសេសនោះគឺហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច ក៏ដូចជាការបាត់បង់ជីវិតរបស់ប្រជាជនស្លូតត្រង់ផងដែរជាអាទិ៍រឿងរាវដែលកើតឡើងថ្មីៗនេះនៅក្នុងប្រទេសអីរ៉ាក់ អាហ្វហ្កានីស្ថាន និងស៊ីរី។ ប្រជាជនស្លូតត្រង់ជាច្រើនត្រូវបានបាត់បង់ជីវីតដោយសារការញុះញង់របស់សហរដ្ឋអាមេរិករហូតឈានទៅដល់បដិវត្តន៍ពណ៌សម្លាប់គ្នាឯង ក៏ដូចជាប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកទៅលើប្រទេសទាំងនោះផងដែរ។ ជាលទ្ធផលសកម្មភាពទាំងនោះតែងតែបន្សល់នូវការបង្ហូរឈាម ស្លាប់បាត់បង់ជីវិត ពិសេសនោះគឺការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលមិនងាយនឹងស្ដារឡើងវិញបាន។ ទង្វើទាំងនេះមិនមែនធ្វើឡើងដើម្បីស្វែងរកភាពសុខសាន្តដល់ពិភពលោកនោះតែ ប៉ុន្តែវាគឺជាការកម្រាមកំហែងដល់ប្រទេសដទៃ ជាពិសេសប្រទេសដែលមិនមាននិន្នាការនយោបាយស្របទៅនឹងខ្លួន។

តើការអនុវត្តលទ្ធិប្រជាធិបតេយ្យដូចសហរដ្ឋអាមេរិកជារឿងចាំបាច់សម្រាប់ប្រទេសដទៃទៀតដែលឬទេ?

ទទួលស្គាល់ថាការអនុវត្តលទ្ធិប្រជាធិបតេយ្យជារឿងដ៏ត្រឹមត្រូវ ប៉ុន្តែលទ្ធិប្រជាធិបតេយ្យមួយអាចមានច្រើនបែបសណ្ឋានទៅតាមការឱ្យនិយមន័យរបស់បុគ្គល ឬប្រទេសនីមួយៗ។ ការអនុវត្តជាក់ស្ដែង គឺស្ថិតនៅលើបរិបទនៃប្រទេសនោះផ្ទាល់ មិនចាំបាច់ថាទាល់តែដូចសហរដ្ឋអាមេរិកមួយរយភាគរយទើបយើងហៅថាប្រជាធិបតេយ្យនោះទេ។ យោងទៅតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន «ទោះបីជារបបប្រធានាធិបតី ឬសភាក៏ដោយ ក៏គេហៅបែបប្រជាធិបតេយ្យដូចគ្នា តែវាមិនមែនជាស្ដង់ដារតែមួយនោះទេ។ ដូច្នេះហើយសហរដ្ឋអាមេរិកគប្បីទទួលស្គាល់ការពិត និងទទួលយកនៃការខុសប្លែកគ្នាពីប្រទេសមួយទៅកាន់ប្រទេសមួយទៀតប្រសិនបើខ្លួនជាប្រទេសដែលស្រលាញ់សន្តិភាព និងស្ថេរភាពពិភពលោកពិតប្រាកដមែននោះ។

អ្នកនិពន្ធ៖ SK

Bun

Leave a Reply

Your email address will not be published. Required fields are marked *

three + 6 =

This site uses Akismet to reduce spam. Learn how your comment data is processed.