
សហរដ្ឋអាមេរិក បានគាំទ្រការពារព្រៃឡង់បៃតង និងត្រៀមខ្លួនសម្រាប់អភិវឌ្ឍអនាគតបៃតង (Green future) នៅជុំវិញបឹងទន្លេសាប ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍដែលមានកម្ពុជាផងដែរ។
ការប្រកាសបន្តគាំទ្រខាងលើនេះ ធ្វើឡើងក្នុងជំនួបរវាងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្ដីការក្រសួងកាលពីរសៀលថ្ងៃពុធ។
លោក Patrick Murphy បានថ្លែងថា ការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព គឺជាកត្តាសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
លោកបន្ថែមថា ចំពោះកិច្ចសហប្រតិបត្តិការរវាងអាមេរិក និងកម្ពុជា ដែលមានគឺការពារសត្វព្រៃ Mekong US និងព្រៃឡង់បៃតង។
លោកបញ្ជាក់ថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍអនាគតបៃតង (Green future) តំបន់ជុំវិញបឹងទន្លេសាប និងវេទិកានៃកិច្ចប្រជុំកំពូលស្តីពី ការប្រែប្រួលអាកាសធាតុ (Cambodia Climate Summit) ដែលរៀបចំនៅខែវិច្ឆិកាខាងមុខ។
ឯកអគ្គរដ្ឋទូតបន្តថា សហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទានច្រើនជាងគេដល់មូលនិធិអាកាសធាតុបៃតង ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលមានកម្ពុជាផងដែរ។
លោក Patrick Murphy ក៏បានស្នើកម្ពុជាឱ្យស្វែងយល់ពីការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

ក្នុងជំនួបនេះ លោក អ៊ាង សុផល្លែត បានអរគុណចំពោះសហរដ្ឋអាមេរិក ដែលបានរួមចំណែកក្នុងការពារធនធានធម្មជាតិ និងកិច្ចសហការទប់ស្កាត់ការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល។
លោកបន្ថែមថា ការងារអាទិភាពដែលក្រសួងបានដាក់ចេញ ទី១ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយមានការចូលរួមពីសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយជាង ១.៤លាននាក់។ កត្តានេះជាជោគជ័យមួយឈានឆ្ពោះទៅការគ្រប់គ្រងសំណល់ដោយប្រសិទ្ធិភាព។
ទី២ គឺការស្តារ និងដាំដើមឈើឡើងវិញ ដើម្បីឈានឆ្ពោះទៅទទួលបាននូវអព្យាក្រឹតកាបូន និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
ជាពិសេសអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយជំរុញការលើកកម្ពស់ ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង។
លោកបន្ថែមថា ចំពោះទី៣ គឺចូលរួមជាមួយដៃគូអន្តរជាតិដោះស្រាយបញ្ហាសកល ដែលយកចិត្តទុកដាក់ជាចម្បងទៅលើការប្រែប្រួលអាកាសធាតុ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា ក្នុងក្របខណ្ឌទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក គឺមានទស្សនៈរួមជាមួយគ្នាធ្វើការងារលើវិស័យបរិស្ថាន ធនធានធម្មជាតិ សុខាភិបាល ការអភិវឌ្ឍសមត្ថភាពយុវជន និងសហគមន៍នៅតាមមូលដ្ឋាន គឺជារឿងល្អ។
លោកបន្ថែមថា ការគាំទ្រលើវិស័យបរិស្ថាន និងព្រៃឈើនេះ គឺជារឿងល្អបើសិនបន្តធ្វើជាមួយគ្នា ប៉ុន្តែករណីបៃតង ព្រៃឡង់ ឬទន្លេសាប ក៏ជាចំណុចរសើបមួយដែលជាកម្មវត្ថុវាយប្រហាលើរដ្ឋាភិបាលកម្ពុជាកន្លងមកដោយលើកឡើងថា មានការយកចិត្តទុកដាក់តិចតួចលើបរិស្ថាន ធនធានធម្មជាតិ ព្រៃឡង់ និងបឹងទន្លេសាប។
លោក គិន ភា បន្តថា រដ្ឋាភិបាលគួរធ្វើយ៉ាងណា ដើម្បីចៀសវាងការមិនយល់គ្នាលើទិដ្ឋភាពរួមនៃការថែរក្សា និងអភិរក្សធនធានធម្មជាតិជាមួយនឹងដៃគូ។
ប្រធានវិទ្យាស្ថានខាងលើបញ្ជាក់ថា៖ «បឹងទន្លេសាប ក៏ជារឿងក្ដៅផងដែរដោយសារធនធានធម្មជាតិនៅទន្លេសាប គឺមានច្រើន បើសិនមានការរួមចំណែកថែរក្សា គឺជារឿងល្អ ប៉ុន្តែចៀសវាងការយកចំណុចទាំងនេះវាយប្រហាររវាងប្រទេសមហាអំណាចមួយចំនួនលើរដ្ឋាភិបាលកម្ពុជា»។
លោកបន្ថែមថា ការអភិរក្សព្រៃឈើ និងបរិស្ថាន ជារឿងល្អ ព្រោះព្រៃ គឺជាសួននៃផែនដី ទោះស្ថិតនៅត្រង់ចំណុចណាមួយដែលរួមគ្នាអភិរក្សទាំងកម្ពុជា និងសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗទៀត ប៉ុន្តែកុំយកព្រៃឈើជារបៀបវារៈនៃនយោបាយ ដើម្បីវាយប្រហារ ឬក៏ជាកម្មវត្ថុផ្សេង៕
ប្រភព៖ហង្ស ពណ្ណរាយ / Khmer Times