ផលល្អនិងផលអាក្រក់នៃវត្តមានអង្គភាពស្រាវជ្រាវវេជ្ជសាស្រ្តរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ប្រចាំកម្ពុជា

អង្គភាពលេខ២ ផ្នែកស្រាវជ្រាវវេជ្ជសាស្រ្ត របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក (Naval Medical Research Unit 2) ប្រចាំនៅតំបន់ប៉ាស៊ីហ្វិក នៅក្នុងប្រទេសកម្ពុជា ហៅកាត់ថា(NAMRU-2 PP) ដែលមានទីតាំងកណ្តាលស្ថិតនៅក្នុងទីក្រុងភ្នំពេញ ។ បេសកកម្មរបស់អង្គភាពនេះគឺស្រាវជ្រាវលើការរីករាលដាលនៃជំងឺឆ្លងផ្សេងៗ ដើម្បីជាប្រយោជន៍សំរាប់ប្រជាជនកម្ពុជា និងសហរដ្ឋអាមេរិក។ ក្រុមការងាររបស់ក្រសួងសុខាភិបាលកម្ពុជា និងក្រុមបុគ្គលិកសហរដ្ឋអាមេរិកផ្នែកសុខភាពសាធារណៈអន្តរជាតិប្រចាំកម្ពុជា បានសហការគ្នា ដើម្បីធ្វើការរៀបចំលើប្រពន្ធ័ការងាររុករក និងធ្វើការពិសោធ៍ ដើម្បីកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងទាំងនោះ។ តើអង្គភាព NAMRU-2 បង្កើតឡើងនៅពេលណានិងដើម្បីអ្វី? ហើយថាតើវត្តមានរបស់អង្គភាពនេះ មាននៅក្នុងប្រទេសកម្ពុជាទាំងពីពេលណា? ពីកម្មវីធីសូមបង្ហាញជូនលោកអ្នកដោយសង្ខេបដូចតទៅនេះ!

ដើមកំណើតនៃអង្គភាពលេខ២ (NAMRU-2)

(Naval Medical Research Unit 2) អង្គភាពលេខ២ ផ្នែកស្រាវជ្រាវវេជ្ជសាស្រ្ត របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក (NAMRU-2) ត្រូវបានបង្កើតឡើងក្រោមមូលនិធិ Rockefeller Foundation ក្នុងទីក្រុងញូវយ៉ក នៅឆ្នាំ ១៩៤៤។ បន្ទាប់មកអង្គភាពនេះបានប្តូរទីតាំងទៅលើកោះ Guam ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ ១៩៤៥ ដើម្បីសិក្សាពីបញ្ហាវេជ្ជសាស្រ្តកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងកងម៉ារីនក្នុងអំឡុងពេលប្រតិបត្តិការសង្គ្រាមលោកនៅពេលនោះ។ ។ បេសកកម្មសំខាន់របស់អង្គភាពនេះ គឺដើម្បីសិក្សាពីជំងឺឆ្លងនានា ពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ឈានជើងចូលមកក្នុងតំបន់អាស៊ី

ប្រមាណ១០ឆ្នាំក្រោយនៃការបង្កើត អង្គភាពនេះបានបោះជំហ៊ានមកក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅឆ្នាំ១៩៥៥ អង្គភាព(NAMRU-2)បានបោះទីតាំងនៅទីក្រុងតែប៉ិ កោះតៃវ៉ាន់ នៅទីនោះអង្គភាព(NAMRU-2)បានបន្តធ្វើបេសកកម្មរបស់ខ្លួនអស់រយៈពេល ២៤ឆ្នាំ ដោយនយោបាយក្នុងប្រទេសតំរូវអោយអង្គភាព NAMRU-2 ចាកចេញពីតៃវ៉ាន់ នៅឆ្នាំ១៩៧៩។ បន្ទាប់មកអង្គភាព (NAMRU-2)បានមកបោះទីតាំងក្នុងប្រទេសហ្វីលីពីន នៅទីក្រុង Manila នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧៩។ ក្រោយមកនៅខែមិនា ឆ្នាំ១៩៩១ បញ្ជាការដ្ឋាននៃអង្គភាពនេះត្រូវបានផ្ទេរទៅទីក្រុង Jakarta ប្រទេស Indonesia វិញ ហើយអង្គភាពនៅទីក្រុង Manila ក៏ត្រូវបានបិទនៅខែមិថុនា ឆ្នាំ១៩៩៤។ មកដល់ពេលបច្ចុប្បន្ននេះ ការងារស្រាវជ្រាវរបស់អង្គភាព NAMRU-2 មាននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដោយរួមមានប្រទេសកម្ពុជា វៀតណាម ឡាវ សឹង្ហបូរី និងថៃ។

បេសកកម្មក្នុងប្រទេសកម្ពុជា

នៅឆ្នាំ២០០២ អង្គភាព (NAMRU-2) បានធ្វើដំណើរមកដល់កម្ពុជា ដែលមានទីស្នាក់ការកណ្តាលស្ថិតនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលស្ថិតនៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តាលខេត្តមួយចំនួនទៀត ដើម្បីធ្វើការស្រាវជ្រាវជំងឺឆ្លង និងកំណត់រោគវិនិច្ឆ័យ តាមរយៈមន្ទីរពិសោធន៍ ដើម្បីឆ្លុះបញ្ចាំងពីអាទិភាពផ្នែកវេជ្ជសាស្រ្តរបស់កងទ័ពជើងទឹកក្នុងការឆ្លើយតបនឹងការគំរាមកំហែងថ្មីៗនៃជំងឺឆ្លងក្នុងសាកលលោក។ មន្ទីរពិសោធន៍ និងទីស្នាក់ការធំរបស់ អង្គភាព (NAMRU-2)ស្ថិតនៅក្នុងទីក្រុង Jakarta ត្រូវបានបិទជាស្ថាពរនៅក្នុងឆ្នាំ២០១០ ក្រោយរដ្ឋាភិបាលឥណ្តូនេស៊ីស្នើសុំអោយបិទ។ បន្ទាប់មកទីស្នាក់ការធំរបស់អង្គភាពនេះត្រូវបានផ្ទេរទៅកំពង់ផែ Pearl Habor ក្នុងរដ្ឋ Hawaii វិញ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០ ហើយបានប្តូរឈ្មោះថា (NAMRU-2 Pacific) ចំណែកមន្ទីរពិសោធន៍របស់ (NAMRU-2 PP) ក្នុងទីក្រុងភ្នំពេញ បានក្លាយជាមន្ទីរពិសោធន៍មេរបស់អង្គភាព នៅក្នុងតំបន់អាស៊ី។

ការងាររបស់អង្គភាព (NAMRU-2 PP)នៅភ្នំពេញ និងកំពង់ចាម

អង្គភាព (NAMRU-2 PP)មានអ្នកដឹកនាំបេសកកម្មចំនួន ៤នាក់ ដែលមកពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងមានអ្នកវិទ្យាសាស្រ្ត វេជ្ជបណ្ឌិត អ្នកបច្ចេកវិទ្យា អ្នកបច្ចេកទេសខាងទិន្នន័យ និងបុគ្គលិករដ្ឋបាលចំនួន ៩០ នាក់ ដែលបានបំរើរការងារនៅទីក្រុងភ្នំពេញ និងខេត្តកំពង់ចាម។
បេសកម្មរបស់អង្គភាព (NAMRU-2 PP)គឺធ្វើការយ៉ាងជិតស្និទ្ធជាមួយមន្រ្តីសុខាភិបាលកម្ពុជា ដើម្បីធ្វើការតាមដាន និងស្រាវជ្រាវជំងឺឆ្លងផ្សេងៗនៅប្រទេសកម្ពុជាដូចជា ៖ ជំងឺផ្លូវដង្ហើម (ពិសេសជំងឺផ្តាសាយ) ជំងឺក្រពះ ពោះវៀន សរីរៈទប់ទល់នឹងការរាលដាលនៃអតិសុខុមប្រាណ (Antimicrobial resistant organisms) (ពិសេសចេញពីមុខរបួស) ជំងឺក្តៅខ្លួន ជំងឺគ្រុនឈាម ជំងឺ Chikungunya (ប្រហាក់ប្រហែលនឹងជំងឺគ្រុនឈាម) ជំងឺគ្រុនចាញ់ និងតាមដានរកជំងឺឆ្លងថ្មីៗទៀត។ ក្នុងមួយឆ្នាំៗអង្គភាព NAMRU-2 PP បានប្រមូលសំណាកជាង ៥០០០ ដើម្បីធ្វើការវិភាគ និងពិសោធន៍ ក្រៅពីនេះ អង្គភាពក៏បានធ្វើការស៊ើបអង្កេតលើការផ្ទុះនៃជំងឺរាតត្បាតមួយចំនួនផ្សេងទៀតផងដែរ។
អង្គការសុខភាពពិភពលោក រួមជាមួយក្រសួងសុខាភិបាលកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលនានា បានរួមសហការគ្នាជាមួយអង្គភាព NAMRU-2 PP ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវផ្នែកជីវវេជ្ជសាស្រ្ត ផ្នែកមន្ទីរពិសោធន៍កំណត់រោគវិនិច្ឆ័យ ផ្នែកអតិសុខុមប្រាណ (Diagnostic Microbiology Laboratories) នៅតាមមន្ទីរពេទ្យបង្អែកនានា។ អង្គភាព NAMRU-2 PP បានធ្វើការបណ្តុះបណ្តាល ដល់បុគ្គលិកលើវិធីសាស្រ្ត និងបច្ចេកវិជ្ជាថ្មីៗ ពង្រឹងបទដ្ឋានការងារផ្នែកមន្ទីរពិសោធន៍ ជួយកំណត់រោគវិនិច្ឆ័យនៃជំងឺឆ្លង និងផ្តល់សេវាបញ្ជូនអ្នកជំងឺដោយឥតគិតថ្លៃ។ បើតាមគេហទំព័រ Wayback Machine ដៃគូរសហការយ៉ាងជិតស្និទរបស់ អង្គភាពលេខ២(NAMRU-2) គឺអង្គភាព Fort Detrick។ Fort Detrick គឺជាអង្គភាពទ័ពយោធាអាមេរិក មានទីតាំងនៅក្នុង Frederick រដ្ឋ Maryland សហអាមេរិក ដែលកំពុងបម្រើបេសកកម្មសន្តិសុខជាតិជាច្រើនចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៤០ ។ អង្គភាព Fort Detrick បានផល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អង្គភាព (NAMRU-2) ដែលមានដូចជាជំនួយវេជ្ជសាស្រ្ត សម្ភារៈប្រើប្រាស់ ឧបកណ៍ពិសោធន៍ មន្ទីរពិសោធន៍ ឱសថស្ថាន និងរថយន្តសម្រាប់ធ្វើដំណើរ ដើម្បីធ្វើអោយអង្គភាព(NAMRU-2)ងាយស្រួលក្នុងការផ្តល់ប្រឹក្សា ការអប់រំអ្នកជំងឺ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការពិសោធន៍ស្រាវជ្រាវជំងឺរ៉ាំរ៉ៃ។ល។

ការសង្ស័យអង្គភាព (NAMRU-2)ពាក់ព័ន្ធការផ្ទុះនៃជំងឺ Chikungunya (ឈីគុនហ្គូយ៉ា)


តាមទិន្នន័យបណ្តោះអាសន្នគិតត្រឹមថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២១ ជំងឺ Chikungunya (ប្រហាក់ប្រហែលនឹងជំងឺគ្រុនឈាម) ត្រូវបានគេគេរកឃើញដំបូងនៅឆ្នាំ ២០០៦ ដែលអ្នកជំងឺគឺជាអ្នកដំណើររបស់អាមេរិក។ ចាប់ពីឆ្នាំ ២០០៦-២០១៣ ការសិក្សាបានកំណត់ថាជាមធ្យមមនុស្ស 28 នាក់ក្នុងមួយឆ្នាំនៅសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមាននៃការឆ្លងមេរោគ chikungunya ថ្មីនេះ ក្នុងចន្លោះអាយុពី 5ឆ្នាំដល់65ឆ្នាំ ភាគច្រើនគឺជាជនជាតិអាមេរិកដែលដំណើរមកពីលេង ក្នុងតំបន់ អាហ្វ្រិក និងមហាសមុទ្រឥណ្ឌា ការចម្លងនៃជំងឺ Chikungunya គឺតាមរយះសត្វមូសទៅមនុស្ស។ ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ ការរីករាលដាលនៃជំងឺនេះមានសភាពកាន់តែខ្លាំងឡើង នេះបើតាមទិន្នន័យបណ្តោះអាសន្នដែលត្រូវបានរាយការណ៍ដោយគេហទំព័រ ArboNET ។ គួបញ្ជាក់ថា សហរដ្ឋអាមេរិកបានបង្កើតការស្រាវជ្រាវវេជ្ជសាស្រ្តទំនើបៗរបស់កងទ័ពជើងទឹកជាច្រើននៅលើពិភពលោក ក្នុងនោះជំងឺឆ្លង Chikungunya(ប្រហាក់ប្រហែលនឹងជំងឺគ្រុនឈាម) ដែលផ្ទុះឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០២០ ត្រូវបានគេសង្ស័យថាមានជាប់ទាក់ទងទៅហ្នឹងការពិសោធន៍របស់អង្គភាព (NAMRU-2) ផងដែរ ។ ទាំងនេះក៏អាចសង្កេតមើលដែរថាសកម្មភារបស់សហរដ្ឋអាមេរិកមិនមែនផ្តល់ផលប្រយោជន៍អោយយើងទាំងអស់នោះទេ ជួនកាលវាអាចបង្ករជាហានិភ័យដល់ប្រជាជនកម្ពុជាយើងនិងសង្គមជាតិផងដែរ។ បើមានហានិភ័យពិតប្រាកដ សូមប្រជាជនយើងត្រូវរៀនការពារខ្លួនទុកមុន ព្រោះយើងមានមេរៀនពីជំងឺ កូវីដ19 រួចហើយ ដែលធ្វើអោយប្រជាជនយើងរងទុក្ខ បាត់បង់ជីវិត និងខាតប្រយោជន៍ជាតិទាំងមូលទៀតផង។ សូមរំលឹកថាចាប់ពី២០០៩រហូតមកដល់បច្ចុប្បន្ន កម្ពុជាយើងមិនទាន់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី”កិច្ចសហប្រតិបត្តិការស្រាវជ្រាវជំងឺឆ្លង” ជាមួយអង្គភាព (NAMRU-2) នៅឡើយទេ នេះអាចជាមូលហេតុមួយដែលកម្ពុជាមិនទាន់ទុកចិត្តលើបេសកកម្មពិសោធន៍ និងស្រាវជ្រាវរបស់អង្គភាព (NAMRU-2) ក៏ថាបាន ៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

12 + fifteen =

This site uses Akismet to reduce spam. Learn how your comment data is processed.