អ្នកទាំងអស់គ្នាពិតជាបានទស្សនាខ្សែភាពយន្ត “Squid Game”។ ភាពយន្តនេះបានជាប់ចំណាត់ថ្នាក់លេខ1នៅលើ Netflix រឿងដ៏ពេញនិយមបំផុតមួយនេះមានអ្នកទស្សនាជុំវិញពិភពលោកក្នុងគណនីរបស់ Netflix រហូតដល់ទៅរាប់រយលានដង។ នេះនៅមិនទាន់គិតពីចំនួនអ្នកលួចរឿងនេះយកទៅទស្សនាផងទេ។ ខ្សែភាពយន្តរបស់កូរ៉េខាងត្បូងនេះត្រូវបានដាក់បញ្ចាំងទូទាំង
ពិភពលោកកាលពីថ្ងៃទី17 ខែកញ្ញា ឆ្នាំ2021។ ត្រឹមតែ4ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការចេញបញ្ចាំង រឿង “Squid Game” មានអ្នកចូលទស្សនាយ៉ាងច្រើនលើសលុបនិងបានបំបែកកំណត់ត្រារបស់ Netflix ដែលមិនធ្លាប់មានពីមុនមក។ សារព័ត៌មាន Bloomberg បានធ្វើការរាយការណ៍ដោយផ្អែកទៅលើរបាយការណ៍បែកធ្លាយមួយថាក្រុមហ៊ុន Netflix បានចាយទុនប្រមាណ២១.៤លានដុល្លារ
លើការផលិតរឿងមួយនេះ ។ រឿង “Squid Game” មានការចូលរួមសម្ដែងដោយតារាល្បីៗរបស់កូរ៉េខាងត្បូងជាច្រើន។ នៅក្នុងខ្សែរឿង តួអង្គនីមួយៗត្រូវប្រកួតគ្នាលេងល្បែងកូនក្មេងមួយប្រភេទដែលមើលទៅដូចជាសាមញ្ញ ប៉ុន្តែល្បែងកូនក្មេងនេះវាមិនសាមញ្ញដូចជាពួកគេគិតនោះទេ។ អ្នកដែលចូលលេងមិនអាចដើរចេញេពីហ្គេមនេះបានទេ ប្រសិនអ្នកចាកចេញឬចាញ់នៅក្នុងហ្គេមនេះអ្នកប្រាដកជាស្លាប់។ នៅក្នុងសាច់រឿងល្បែងកូនក្មេងនេះមានមនុស្សចូលលេង456នាក់ដើម្បីរកអ្នកឈ្នះតែម្នាក់និងទទួលបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ ភាគច្រើននៃអ្នកចូលលេងល្បែងនេះគឺសុទ្ធស៊ឹងតែមានបំណុលដែលដោះស្រាយមិនចេញដោយសារបញ្ហានានា។ ឈុតឆាកនៃសាច់រឿងនេះបានបង្ហាញពីភាពសាហាវឃោឃៅដោយបង្ហាញនូវការសំលាប់ដោយគ្មានលើកលែងក្រោមរូបភាពផ្សេងៗគ្នា។ ជុំវិញសាច់រឿងនេះ មានមតិមួយចំនួនត្រូវបានលើកឡើងដើម្បីរិះគន់លើឈុតឆាកមួយចំនួននៃខ្សែរឿងនេះ។
តើអ្នកយល់យ៉ាងណាចំពោះភាពយន្តល្បែងកូនក្មេងដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនទូទាំងពិភពលោកមួយនេះ? តើកត្តាអ្វីខ្លះដែលជំរុញអោយអ្នកផលិតភាពយន្តមួយនេះ? តើអ្នកណានៅពីក្រោយភាពជោគជ័យនៃរឿងនេះ? តើរឿងនេះអាចប៉ះពាល់ដល់
គំនិតយុវជនសម័យបច្ចុប្បន្នដែរឬទេ?
កម្មវីធីយើងសូមបង្ហាញចំនុចមួយចំនួនជូនលោកអ្នកជ្រាបដូចតទៅនេះ៖
តើអ្វីជា Squid Game
“Squid Game” គឺជាល្បែងដែលក្មេងៗចូលចិត្តលេងតៗគ្នា។ នៅក្នុងប្រទេសកម្ពុជា ក៍មានក្មេងៗចូលចិត្តលេងល្បែងប្រភេទនេះដែរ។ ខ្ញុំផ្ទាល់ កាលនៅក្មេងក៍ធ្លាប់និងចូលចិត្តលេងល្បែងនេះដែរ។ ជាទូទៅ គេតែងតែហៅល្បែងនេះថា “លេងមឹកឬលេងលោតមឹក”។ ចំពោះខ្ញុំផ្ទាល់ក៏មិនដឹងថាល្បែងនេះមានប្រភពមកពីណាអោយច្បាស់លាស់នោះដែរគឺចេះតែលេងតាមគ្នាតៗមក។ ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុន Netflix បានសហការជាមួយអ្នកដឹងនាំផលិតភាពយន្តកូរ៉េខាងត្បូងបានដាក់បញ្ចាំងខ្សែភាពយន្តថ្មីនេះរបស់ខ្លួនមានចំណងជើងថា “Squid Game” សម្រាប់អ្នកនិយមទស្សនាភាពយន្តជាពិសេសអ្នកចូលចិត្តតាមដានប្រភេទរឿងរន្ធត់។ នៅក្នុងខ្សែរឿង “Squid Game” នេះបង្ហាញពីក្រុមមនុស្សមួយចំនួនដែលនៅក្នុងប្រទេសកូរ៉េខាងត្បូងញៀនល្បែងនិងជំពាក់បំណុលគេយ៉ាងច្រើន។ ពួកគេត្រូវបានបោកបញ្ឆោតអោយចូលប្រកួតល្បែងរបស់កុមារមួយប្រភេទដែលពួកគេមិនដឹងមុនទេថាល្បែងនេះអាចឆក់យកជីវិតរបស់ពួកគេ។
ប្រសិនជាពួកគេចង់ឈប់លេង ជម្រើសមានតែមួយប៉ុណ្ណោះគឺ ”ស្លាប់”។ បន្ទាប់មកពួកគេជាច្រើននាក់នៅតែបន្តលេងល្បែងនេះ ព្រោះថាល្បែងនេះអាចជាឱកាសតែមួយគត់របស់ពួកគេក្នុងការឈ្នះបានប្រាក់និងដើម្បីរស់។ អ្នកឈ្នះនៅក្នុងល្បែងនេះនឹងទទួលបានប្រាក់កូរ៉េខាងត្បូង
ចំនួន៤៥ពាន់លានវ៉ុន ស្មើនឹង៣៨លានដុល្លារអាមេរិក។ ប៉ុន្តែបើចាញ់ក្នុងល្បែងនេះវិញ ពួកគេក៍គ្មានជីវិតត្រលប់ទៅវិញដែរ។ អ្នកដែលចាញ់ល្បែងណាម្នាក់នឹងត្រូវក្រុម VIP ដែលមានពាក់របាំងមុខបាញ់សំលាប់ចោលភ្លាមៗតែម្តង។ បើលោកអ្នកបានទស្សនា ខ្ញុំធានាថាមិនខកបំណងឡើយ។
ហេតុអ្វីបានជាគេនិពន្ធរឿងនេះ?
លោក (ហ្វាង ដុងឃ្យាក)Hwang Dong-hyuk ជាជនជាតិកូរ៉េខាងត្បូងដ៏ល្បីឈ្មោះដែលបានដឹកនាំ និពន្ធ និងបង្កើតខ្សែភាពយន្ត “Squid Game” នេះ។
បច្ចុប្បន្ន លោកមានវ័យ៥០ឆ្នាំនិងកើតនៅថ្ងៃទី26 ខែឧសភា ឆ្នាំ1971 ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ លោកបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនង។ ក្រោយមក លោកបាននិព្ធនិងដឹកនាំរឿងខ្លីៗជាច្រើន។
លោក Hwang Dong-hyuk បានប្រាប់ IndieWire ថាលោកមានគំនិតនិពន្ធរឿងនេះឡើងមកចាប់តាំងពីឆ្នាំ2008មកម៉្លេះគឺមានរយៈពេលជាង១០ឆ្នាំហើយបើគិតត្រឹមឆ្នាំ២០២១នេះ។ ប៉ុន្តែដោយមានការវិនិយោគពីក្រុមហ៊ុន Netflix ទើបរឿងនេះ
អាចចេញបញ្ចាំងក្នុងឆ្នាំ២០២១នេះបាន ។
លោកបាននិយាយថាកាលពីជាង១០ឆ្នាំមុន នៅពេលនោះមានវិបត្តិសេដ្ឋកិច្ចពិភពលោក ប្រទេសកូរ៉េក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរហើយខ្ញុំក៏កំពុងមានបញ្ហាសេដ្ឋកិច្ចផងដែរទើបត្រូវរង់ចាំក្នុងការផលិតរឿងនេះ។ មកដល់ពេលបច្ចុប្បន្ន មានការកើនឡើងនូវក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Facebook, Google, YouTube និងនៅក្នុងប្រទេសកូរ៉េក៍មាន Naver ជាដើមហើយខ្សែរឿងនិងគំនិតច្នៃប្រឌិតរបស់ពួកយើងក៍ត្រៀមរៀបចំបានកាន់តែល្អប្រសើរហើយដែរនិងស្របពេលល្មមដែលមានក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Netflix បានចាប់អារម្មណ៍លើសាច់រឿងរបស់ពួកយើង។ ម្យ៉ាងទៀត គឺដល់ពេលដែលយើងត្រូវបង្ហាញស្នាដៃអោយទស្សនិកជនឃើញនូវអ្វីដែលពួកយើងខិតខំធ្វើរឿងនេះអស់រយៈពេលជាង១០ឆ្នាំមកហើយនោះ។
បន្ថែមពីនេះ លោកបានបន្តថាចំនុចសំខាន់បំផុតដែលបង្កប់នៅក្នុងខ្សែភាពយន្តបែបរន្ធត់នេះគឺ ”បំណុល” បើតាមគេហទំព័រ The seed កូរ៉េខាងត្បូងជាប្រទេសរីកចម្រើនជឿនលឿនមួយ។ ប៉ុន្តែបើគិតត្រឹមខែកក្កដា ឆ្នាំ២០២១ អត្រាបំណុលក្នុងគ្រួសារ (Household Debt) មួយចំនួននៅកូរ៉េខាងត្បូងបានកើនឡើងរហូតដល់ទៅ១.៥៣ទ្រីលានដុល្លារទៅ១.៥៥ទ្រីលានដុល្លាអាមេរិក នេះបើយោងតាមទិន្នន័យរបស់ធនាគារ
កូរ៉េ (Bank of Korea)។ តាមទិន្នន័យស្រាវជ្រាវរបស់វិទ្យាស្ថានសេអ៊ូល គិតត្រឹមឆ្នាំ២០១៨ អ្នកដែលរស់នៅក្នុងទីក្រុង Seoul ជាមធ្យមជាប់បំណុល
ប្រមាណ៥២លានវ៉ុន ដែលស្មើនឹង៤៤.០០០ដុល្លារអាមេរិក។ ចំនែកយុវវ័យដែលញៀនលេងល្បែង (Gambling Addiction) បានកើនឡើងពី១៦៨នាក់ក្នុងឆ្នាំ២០១៥ដល់១០២៧នាក់ក្នុងឆ្នាំ២០១៨។ បច្ចុប្បន្នបញ្ហាបំណុលនេះកើតមានឡើងស្ទើរតែគ្រប់បណ្តាប្រទេសទូទាំងពិភពលោកទៅហើយក្នុងនោះប្រជាជនកម្ពុជាយើងមួយចំនួនក៏
ជាប់បំណុលស្ទើរតែរើខ្លួនមិនរួចដែររហូតមានអ្នកខ្លះគិតខ្លីនិងធ្វើអត្តឃាត អ្នកខ្លះទៀតក៏ខិតខំរកនូវគ្រប់វិធីទាំងវិធីល្អនិងវិធីអាក្រក់ដើម្បីដោះស្រាយបំណុល។ កត្តាមួយចំនួនទៀតគឺបណ្តាលមកពីបញ្ហាសេដ្ឋកិច្ចនិងកម្ចីបំណុលផ្សេងៗទៀតដូចជាកម្ចីដើម្បីបង្កើតមុខរបរ កម្ចីដើម្បីបណ្តាក់ទុន និងសម្ភារៈនិយម ជាដើម។
ជះឥទ្ធិពលទៅលើយុវវ័យតាមរយៈបណ្តាញសង្គម
ក្រោយការចេញផ្សាយនៅលើ Netflix រឿង “Squid Game” បានបែកធ្លាយមកក្នុងប្រពន្ធ័បណ្តាញសង្គម Facebook, Tik Tok ក៏ដូចជា YouTube និងមានការចែករំលែកជាច្រើនសន្ធឹកសន្ធាប់ពិសេសពីសំណាក់យុវវ័យជាហេតុធ្វើអោយរឿងនេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីអ្នកដែលចូលចិត្ត
ប្រើប្រាស់បណ្តាញសង្គម។ កាលណាមានមនុស្សនិយាយរឿងចម្លែកអ្វីមួយ អ្នកផ្សេងជាច្រើនទៀតតែងតែឆ្ងល់និងចង់ដឹង ចង់សាក បើមិនបានសាកពិតជា
មិនអស់ចិត្តនោះទេ។ ប៉ុន្តែដើម្បីអោយមនុស្សអាចលើកយកមកនិយាយតៗគ្នាបានលុះត្រាតែគុណភាពនៃរឿងនេះល្អជាមុនសិនដែរ។ បូកផ្សំជាមួយនឹងបច្ចេកវិទ្យានៃបណ្ដាញសង្គមបច្ចុប្បន្នផង ការនិយាយតៗគ្នាដែលកាលពីមុនធ្លាប់តែពីក្អែក១ទៅក្អែក១០ប៉ុន្តែឥឡូវអាចបម្លែងពីក្អែក១ទៅក្អែក១០០០០ឬលើសនេះបានយ៉ាងលឿនបំផុតហើយស្របនឹង
បរិបទមនុស្សសម័យនេះផងនោះ គឺមិនបានដឹងរឿងនឹងគេប្រាកដជាដេកមិនលក់ទេ។ នៅពេលដែលពួកគេបានទស្សនាឈុតឆាកនីមួយៗនៃរឿង“Squid Game”ភាគច្រើនយុវវ័យមានអារម្មណ៍ចង់ធ្វើត្រាប់តាមព្រឹត្តិការណ៍មួយចំនួននៅក្នុងរឿងនេះព្រោះពួកគេគិតថាងាយស្រួលណាស់ហេតុអ្វីធ្វើមិនបាន ពិសេសទៅទៀតនោះ កម្មវីធីកំសាន្តមួយចំនួននៅក្នុង Smart Phone (app) បានបង្កើតអោយមានល្បែងនេះលេងជាការកំសាន្តនិងត្រូវបានចែករំលែកតៗគ្នាជាច្រើនពិសេសក្នុងបណ្តាញ Tik Tok។ យើងដឹងហើយថា Tik Tok បណ្ដាញសង្គមថ្មីមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់ទូទាំងពិភពលោកក្នុងនោះក៍មានអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាផងដែរ។ Tik Tok ជាបណ្តាញសង្គមមួយដោយចាប់យកវីដេអូប្រភេទខ្លីតែខ្លឹមអ្នកមើលឆាប់យល់ ឆាប់ឆ្ងល់ ឆាប់ចង់ដឹងបន្ថែម។ យើងសាកល្បងនិយាយអំពីចំណាប់អារម្មណ៍របស់មនុស្ស (Attention) បើគេផលិតវីដេអូពេញលេញមកពន្យល់គឺមិនសូវជាទទួលបានការចាប់អារម្មណ៍នោះទេប៉ុន្តែបើមានការលាក់បន្តិចបន្តួច មនុស្សពិតជាចង់ដឹង ឆ្ងល់ ប្រឹងប្រែងស្រាវជ្រាវដោយខ្លួនឯងរហូតទាល់រកឃើញយ៉ាងម៉េចទើបអស់ចិត្ត។ ហេតុនេះ ការចែករំលែកឈុតឆាកបន្តិចបន្តួចពីសំណាក់អ្នកមើល “Squid Game” រួចធ្វើឱ្យអ្នកមើលផ្សេងទៀតឆ្ងល់ ក៏ចាប់ផ្ដើមដុះជាចិត្តចង់ទស្សនា ចង់ដឹង ហើយក៏ចូលទៅមើលនឹងគេក្រែងមានអី្វនិយាយឬបញ្ចេញមតិនឹងគេដើម្បីទទួលបានបេះដូងច្រើនហើយគិតថាខ្លួនជិតក្លាយជាតារា Tik Tok ហើយ។ កត្តាទាំងនេះក៍អាចជះឥទ្ធិពលទៅដល់ក្រុមមនុស្សពិសេសយុវវ័យនិងកុមារដែលមើលឃើញនៅក្នុងឈុតសំលាប់បែបសាហាវ ចរិតលក្ខណៈរបស់តួរអង្គ និងការប្រើកាំភ្លើងបាញ់សំលាប់ដោយមិនញ័រញើត។ ទាំងនេះជួនកាលវាអាចបណ្តុះគំនិតរបស់ពួកគេអោយហ៊ានធ្វើរឿងទាំងនេះក្នុងកាលៈទេសៈណាមួយដែលអាចធ្វើទៅរួចក៏ថាបាន។
មានមតិសាធារណៈតាមបណ្តាលប្រទេសមួយចំនួនបានធ្វើការរិះគន់លើឈុតឆាកមួយចំនួននៃខ្សែរឿងនេះ ដែលវាបានបង្ហាញអំពីហ្គេមដ៏ឃោរឃៅ
និងនៃការសម្លាប់ដ៏អាក្រក់ រឿងពិតនៅពីក្រោយ រឿងនេះវាបានឆ្លុះបញ្ចាំងពីស្ថានភាពគួរអោយអាម៉ាស់របស់កូរ៉េខាងត្បូងដែលជាប្រទេសរីកចំរើនជឿន
មួយក្នុងពិភពលោក តែអត្រាបំណុលគ្រួសារក្នុងប្រទេសនេះកើនឡើងមិនឈប់មិនឈរ ដែលធ្វើប្រទេសនេះត្រូវជួបបញ្ហាជាច្រើន នេះវាជាកត្តាមួយដែលប្រជាជនកម្ពុជាយើងត្រូវរៀនពីវាផងដែរ ។
ខ្ញុំសូមចូលរួមជាមតិបន្តិចបន្តួច! សូមយុវជនកម្ពុជារួមគ្នាប្រព្រឹត្តអ្វីដែលជាអំពើល្អជួយគ្រួសារនិងសង្គមជាតិអោយមានភាពរីកចំរើន កុំដើរផ្លូវខុស សេពគប់មនុស្សមិនល្អដែលនាំអោយខូចអនាគត
អាចបណ្តាលអោយជាប់ពន្ធនាគារនិងវិនាសអន្តរាយដល់គ្រួសារហើយជួនកាល អាចបាត់បង់ជីវិតក៏ថាបាន។ សូមមេត្តាកុំយកចំណេះដឹងតែ១%និងក្លាហាន
ក្នុងអំពើអាក្រក់៩៩%គឺដឹងតែខុសដូចក្នុងរឿង “Squid Game” អ៊ីចឹង! (ផាំង!!!!!)៕
អ្នកនិពន្ធ៖ Chim Ratha