តើឧបទ្ទវហេតុនៅលើកោះតាងកើតឡើងដោយសារអ្វី?

នៅថ្ងៃទី១២ ឧសភា ១៩៧៥ ដល់ថ្ងៃទី១៥ ឧសភា ១៩៧៥ មានឧបទ្ទវហេតុប៉ះទង្គិចគ្នាដោយអាវុធរវាងទាហានខ្មែរក្រហមនិងទាហានសហរដ្ឋអាមេរិកនៅលើកោះតាងរបស់ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នោះជាជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំលើកទី១បន្ទាប់ខ្មែរក្រហមបានឡើងកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែ មេសា ១៩៧៥ ហើយនោះក៏ជាការធ្វើសង្គ្រាមលើកចុងក្រោយរបស់ទាហានសហរដ្ឋអាមេរិកនៅឥណ្ឌូចិនបន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីសង្គ្រាមវៀតណាមនៅក្នុងឆ្នាំ១៩៧៣។ មានមតិលើកឡើងខុសៗជាច្រើនទាក់ទងនឹងឧបទ្ទវហេតុនោះ។ សហរដ្ឋអាមេរិកក៏បានបង្កើតគណៈកម្មការស្រាវជ្រាវប្រវត្តិនៃជម្លោះនិងការខូចខាតបណ្តាលមកពីការប្រយុទ្ធគ្នានោះផងដែរ។ កម្មវិធីសូមលើកយកចំនុចមួយចំនួននៃការប៉ះទង្គិចគ្នាដោយអាវុធរវាងទាហានខ្មែរក្រហមនិងទាហានសហរដ្ឋអាមេរិកនៅលើកោះតាងជូនលោកអ្នកជ្រាបដូចតទៅនេះ៖   ទីតាំងភូមិសាស្ត្រកោះតាង កោះតាងជាកោះមួយក្នុងចំណោមកោះ និងកូនកោះទាំង៦៤ ស្ថិតនៅក្នុងដែនទឹកសមុទ្រនៃប្រទេសកម្ពុជា។ កោះតាងស្ថិតនៅប៉ែកនិរតី និងមានចម្ងាយប្រមាណ៥២ គីឡូម៉ែត្រពីក្រុងព្រះសីហនុ និងជាកោះមួយស្ថិតនៅចន្លោះកណ្តាលរវាងកោះពូលូវ៉ៃ...