តើនៅក្នុងថ្ងៃអនាគត សហរដ្ឋអាមេរិក អាចខ្ទាតចេញពីឈ្មោះមហាអំណាចលេខ១
ដែរឬយ៉ាងណា?


បើតាមក្រុមអ្នកវិភាគនយោបាយអន្តជាតិ បានសម្គាល់ឃើញថា ក្នុងឆ្នាំ២០២២នេះ សហរដ្ឋអាមេរិកបានបន្តបញ្ជួនសមាជិកសភារបស់ខ្លួនធ្វើដំណើរមកកាន់កោះតៃវ៉ាន់ជាបន្តបន្ទាប់ ដែលការបង្កើននូវសកម្មភាពនេះ គឺនៅក្រោយដែលសហរដ្ឋអាមេរិក គិតថាប្រទេសចិន នៅមិនទាន់ហ៊ានប្រឈមជាមួយនឹងសហរដ្ឋអាមេរិកលើកម្លាំងយោធាឡើយ ។​

ភាពតានតឹងលើកោះតៃវ៉ាន់ បានចាប់ផ្តើមតាំងពីមាន ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី ណានស៊ី ប៉េឡូស៊ី នាដើមខែសីហា និងដំណើរទស្សនកិច្ចជាបន្តបន្ទាប់មកទៀតរបស់ក្រុមសភាអាមេរិក និងមន្ត្រី របស់រដ្ឋាភិបាលក្រុងវ៉ាស្ហ៊ីនតោន។ ក្នុងមួយខែសីហាដែលបានកន្លងផុតទៅ ដំណើរទស្សនកិច្ចរបស់ក្រុមសភាអាមេរិក មានយ៉ាងហោច៣លើក ។

ដំណើរទស្សនកិច្ចរបស់ក្រុមសភាអាមេរិកលើកចុងក្រោយនេះ គឺជាដំណើររបស់លោកស្រី Marsha Blackburn ដែលជាប្រធានគណៈកម្មាធិការបំរើកិច្ចការអាវុធ និងពាណិជ្ជកម្មនៃស្ថាប័នព្រឹទ្ធសភាអាមេរិកមកកាន់កោះតៃវ៉ាន់ កាលពីថ្ងៃ ទី២៦សីហា បានបញ្ចប់នៅថ្ងៃសៅរ៍ ទី២៧ សីហា កន្លងទៅ។ ក្នងជំនួបរយៈពេល២ថ្ងៃនោះ លោកស្រី Marsha Blackburn បានប្រាប់មេដឹកនាំកោះតៃវ៉ាន់លោកស្រី សៃ អ៊ឹងវិន នូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះឯករាជ្យភាពរបស់កោះតៃវ៉ា និងបានថ្លែងលើកទឹកចិត្តមេដឹកនាំកោះតៃវ៉ាន់ ថាអ្វីដែលលោកស្រី សៃ អ៊ឹងវិន បានលើកឡើងនូវតម្លៃចែករំលែកនោះ គឺជាសម្តីដ៏ត្រឹមត្រូវណាស់ ដែលសហរដ្ឋអាមេរិកមានសេចក្តីស្រឡាញ់លើសេរីភាព, ស្រឡាញ់លើប្រជាធិបតេយ្យ និងគាំទ្រតៃវ៉ាន់គ្រាដែលស្វែងរកការថែរក្សាឯករាជ្យរបស់ខ្លួននិងសេរីភាពរបស់ខ្លួន។ ខណៈដែលប្រទេសចិន បានចាត់ទុកថាកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន រដ្ឋាភិបាលក្រុងប៉េកាំងបានចាត់ទុកថាសកម្មភាពញោះញុងរបស់សហរដ្ឋអាមេរិកជាការលើកទឹកចិត្តដល់ក្រុមផ្តាច់ខ្លួនតៃវ៉ាន់ ដែលចង់ធ្វើអបគមន៍កោះចេញពីការត្រួតត្រារបស់ចិនដីគោក។​

ប៉ុន្តែក្រុមអ្នកជំនាញបានលើកឡើងថា ចុះបើសិន ជាចិន និងរុស្ស៊ី អាចរួមសហការគ្នា ដើម្បីទប់ទល់ជាមួយនឹងសហរដ្ឋអាមេរិកវិញ នោះតើស្ថានការណ៍ពិភពលោកនឹងអាចមានការប្រែប្រួលដែរឬទេ? ជាការពិតណាស់ ប្រមុខការទូតចិន និង​រុស្ស៊ី បានប្រកាសថា មិត្តភាពរវាងចិន និង​រុស្ស៊ី គឺរឹងមាំគ្មានទីបំផុត និង​គ្មានអ្វីបំបែកបានឡើយ​។ ប្រមុខការទូតទាំង២ ថែម​ទាំងប្រកាស ចាត់ទុក​ទណ្ឌកម្មសេដ្ឋកិច្ច ដែល​ក្រុមប្រទេសលោកខាងលិច​ បានដាក់ទៅលើរុស្ស៊ី ថាវា​ទង្វើខុសច្បាប់ មិនហុចផល​ចំណេញអ្វី មានតែ​ធ្វើឲ្យ​កាន់តែខាតបង់ថែម ដល់ពិភពលោក។

យោងតា​ម​ប្រភពពីក្រសួងការបរទេសរុស្ស៊ី បាន​លើកឡើងថា ទំនាក់ទំនងរវាងចិន និង រុស្ស៊ី បាន​នៅឈរយ៉ាងរឹងមាំ ទប់ទល់ឈ្នះឧបសគ្គ ដែលកំពុងបោកបក់នាពេលបច្ចុប្បន្ននេះ។ រុស្ស៊ី និង​ ចិនបានសន្យាថានឹងសហការគ្នា និយាយសំឡេងតែមួយ ដាក់ចេញនូ​វវិធានការរួម ​ ហើយដែល​អំណាចឥទ្ធិពល នឹង​មិន​ស្ថិតនៅក្នុង​ដៃរបស់​អ្នកណាតែម្នាក់នោះទេ។ ដូចគ្នាដែរ អ្នកនាំពាក្យ​ក្រសួងការបរទេសចិន បាន​ឆ្លើយ​ប្រាប់អ្នកកាសែតថា ចិននឹងបន្ត​ប្រយុទ្ធប្រឆាំង ចំពោះការ​ប្រើប្រាស់ឥទ្ធិពលវាទទី ពេញពិភពលោក ពីសំណាក់​ភាគីអាមេរិក ។

ក្រុមអ្នកតាមដានស្ថានការណ៍វិវត្តន៍ពិភពលោកយល់ថា បើសិនជាមានការសម្រេចរួមគ្នារវាងប្រទេសមហាអំណាចនុយក្លែអ៊ែ័រទាំង២ នោះមែនពិភពលោកទាំងមូល មិនមែនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ដែលនឹងត្រូវប្រឈមនូវភាពក្រឡាប់ចាក់។

គេបានសម្គាល់ថា សហរដ្ឋអាមេរិកដែលមិនផ្តោតក្តីសង្ឃឹម លើការរកដំណោះស្រាយនៃសង្គ្រាមអ៊ុយក្រែនតាមរយៈការចរចាណាមួយល្អប្រសើរ ហើយបែរជាមានគំរោងតែងតាំងឧត្តមសេនីយ៍យោធា ម្នាក់ដើម្បីដឹកនាំកិច្ចប្រឹងប្រែងផ្តល់ជំនួយ និងការហ្វឹកហ្វឺនយោធារបស់ខ្លួនគាំទ្រអ៊ុយក្រែន។ គម្រោងតែងតាំងនេះ ត្រូវគេបញ្ជាក់ថានឹងប្រកាសអនុវត្តនាពេលបន្តិចទៀតខាងមុខនេះ។ គេចាត់ទុកថា ​ប្រតិបត្តិការរបស់ សហរដ្ឋអាមេរិកនាពេលខាងមុខនេះ គឺស្រដៀងគ្នានឹងអ្វីដែល ក្រសួងការពារជាតិអាមេរិកធ្លាប់បានធ្វើក្នុងបេសកកម្មរបស់ខ្លួននៅប្រទេសអ៊ីរ៉ាក់ និងក្នុងប្រទេសអាប់កានីស្ថាន ។

គួររំលឹកថា កាលពីឆ្នាំ២០១៨ ប្រទេសចិនបានប្រកាសនូវគម្រោងរបស់ខ្លួន ក្នុងការកសាងផ្លូវសូត្រក្នុងតំបន់ប៉ូល Polar Silk Road ដែលជាផ្លូវបណ្តាញដឹកជញ្ជួនដ៏សំខាន់មួយ។ រដ្ឋាភិបាលចិនបានហៅប្រទេសខ្លួនឯងជាប្រទេសជិតតំបន់អាក់ទិក Near-Artic State បើទោះបីជាមិនមែនជាសមាជិក របស់អាក់ទិកក៏ដោយ។

ចំណែករុស្ស៊ីដែលមានកិច្ចសហការកាន់តែជិតស្និទ្ធជាមួយនឹងប្រទេសចិន បានបើកសាឡើងវិញនូវអតីតទីកន្លែងយោធាច្រើនរយកន្លែងរបស់ខ្លួនដែលធ្លាប់មានក្នុងតំបន់អាក់ទិក កាលពីមុន។ ការបើកតំបន់យោធាវិញនេះ គឺជាសញ្ញាព្រមានមួយទៅកាន់សហរដ្ឋអាមេរិកពី ព្រោះផ្លូវដែលធ្វើដំណើរឆាប់បំផុតរបស់មីស៊ីលរុស្ស៊ី ទៅកាន់តំបន់ អាមេរិកខាងជើង គឺត្រូវឆ្លងកាត់លើតំបន់ប៉ូលខាងជើងនោះ។ មែនទែនទៅ គេមានការព្រួយបារម្ភថា រុស្ស៊ី និងចិនអាចបង្កើនសមត្ថភាពយោធាសំខាន់ៗរបស់ខ្លួន ដូចជាមូលដ្ឋានថ្មី, មានប្រព័ន្ធអាវុធថ្មី និងបានប្រើប្រាស់តាមតំបន់ ដើម្បីធ្វើសាកល្បងសម្រាប់អាវុធទំនើបរបស់គេរួម មានទាំងមីស៊ីល Hypersonic លឿនជាងសម្លេងផងទៀត។

ដូច្នេះ ចំពោះចិនដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិកបាន, ប្រទេសរុស្ស៊ី គឺជាប្រទេសគន្លឹះមួយដែលនឹងអាចធ្វើឱ្យសហរដ្ឋអាមេរិកអាចញញើតបាន។ ជាក់ស្តែង ​បើសិន​ជា​ចិន​ប្រកាស​គាំទ្រ​រុស្ស៊ី ដែល​លើកទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែន ហើយ​ដាក់​លក្ខខណ្ឌ​ទាមទារ​ឲ្យ​អ៊ុយក្រែន​ទទួលស្គាល់​ជាផ្លូវការ​នូវ​ការ​កាត់​យក​តំបន់​គ្រីមេ​ជា​ទឹកដី​រុស្ស៊ី​ ក៏ដូចជា ទទួលស្គាល់​ការ​​កាត់​យក​តំបន់​ដុនបាស់​នៅ​ខាង​កើតអ៊ុយក្រែន​​ជា​រដ្ឋឯករាជ ដោយ​សំអាង​ថា ទឹកដី​អស់ទាំងនេះ​ជា​អតីត​ទឹកដី​របស់​រុស្ស៊ី ឬ​ជា​តំបន់​ដែល​មាន​ប្រជាជន​ភាគច្រើន​ជា​ជនជាតិ​រុស្ស៊ី និងវាយត្របាក់យកកោះតៃវ៉ាន់ តើពេលនោះ ក្រុមប្រទេសបច្ចឹមលោកដែលគាំទ្រសហរដ្ឋអាមេរិកត្រូវធ្វើសកម្មភាពបែបណា ហើយថាតើ​ចិន និងរុស្ស៊ី​ត្រូវ​ឆ្លើយ​ការពារខ្លួន​យ៉ាងណា ដើម្បីទប់ទល់ចំពោះ​បញ្ហា​ទាំងនេះ? មកដល់ត្រង់ចំនុចនេះ ក្រុមអ្នកវិភាគនយោបាយអន្តជាតិយល់ឃើញថា ជាការពិត ដើម្បីការទប់ទល់ជាមួយនឹងសហរដ្ឋអាមេរិក យុទ្ធសាស្ត្រគ្រប់ទាំងអស់ត្រូវបាន ប្រទេសនោះរៀបចំពិនិត្យ និងដាក់ចេញទុកជាមុនរួចទៅហើយ ។ បើសិនជា ការប្រឈមមុខទាំងនេះ នឹងអាចក្លាយជាសង្គ្រាមមែននោះ ពិភពលោកទាំងមូល ក៏ដូចជាសហរដ្ឋអាមេរិកដែលគេស្គាល់ច្បាស់ថាមានអំណាចផុតលេខនោះ ក៏មិនអាចចៀសផុតនូវមហន្តរាយនៃសង្គ្រាមលោកលើកទី៣បានដែរ ហើយពេលនោះអ្វីៗទាំងអស់ប្រាកដជាមានការប្រែប្រួល មិនមាននរណាម្នាក់អាចបានស្មានដឹងទុកជាមុនបាននោះទេ៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

18 − one =

This site uses Akismet to reduce spam. Learn how your comment data is processed.