ដើម្បីផលប្រយោជន៍អាមេរិកបានប្រើគោលនយោបាយការបរទេសដែលមានស្ដង់ដារពីរ

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វៀតណាមនិងសហរដ្ឋអាមេរិកដែលជាគូសត្រូវប្រវត្ដិសាស្ដ្រ បានផ្លាស់ប្ដូរឥរិយាបថពីការចងគំនុំងាកមកបង្កើនទំនាក់ទំនងជាមួយគ្នាឡើងវិញ។ ការណ៍នេះបានធ្វើឱ្យមានចម្ងល់ចោទឡើងថា អាមេរិកជាមហាអំណាចបែបប្រជាធិបតេយ្យ ហេតុអ្វីបានជាទៅចាប់ដៃជាមួយនឹងរដ្ឋកុម្មុយនីស្ដទៅវិញ? រីឯវៀតណាមហេតុអ្វីក៏អាចបំភ្លេចការឈឺចាប់ដែលអាមេរិកធ្វើដាក់ខ្លួនបាន? តើទំនាក់ទំនងល្អូកល្អិនរវាងប្រទេសទាំងពីរនេះ អាចឈានដល់កម្រិតប្រវត្ដិសាស្ដ្របានដែរឬទេ?

គេកត់សម្គាល់ឃើញថា សហរដ្ឋអាមេរិកគឺជាប្រទេសដែលវៃឆ្លាត អាមេរិកតែងដើរខ្សែលើគេជានិច្ច ឬអាចនិយាយមួយបែបទៀតថា មហាអំណាចធ្វើអ្វីក៏ត្រឹមត្រូវ។ ជាការពិតអាមេរិកបានជាប់ខ្លួននូវរបៀបវារៈប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស សិទ្ធិសេរីភាពជាដើម ប៉ុន្ដែនៅពេលដែលអាមេរិកមើលឃើញថាប្រទេសណាមានប្រយោជន៍សម្រាប់ខ្លួន អាមេរិកនឹងទម្លាក់របៀបវារៈទាំងនេះចោលភ្លាម ហើយទៅចាប់ដៃរឹតចំណងមិត្ដភាពជាមួយពួកគេ។ ដូច្នេះយើងអាចយល់បានដោយងាយថា ផលប្រយោជន៍គឺពិតជាសំខាន់ ហើយគ្មានទេសត្រូវមួយជីវិត មានតែផលប្រយោជន៍ប៉ុណ្ណោះ ដូចជាអ្វីកំពុងធ្វើជាមួយវៀតណាម។



ក៏មិនត្រូវភ្លេចដែរថា នៅមុនលោក ចូ បាយដិន ឡើងកាន់តំណែងប្រធានាធិបតី មុខមាត់របស់អាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍បានធ្លាក់ចុះដោយសារតែលោក ដូណាល់ ត្រាំ។ មិនត្រឹមតែប៉ុណ្ណឹងថែមទាំងមានជម្លោះជាមួយចិនកាន់តែខ្លាំង រហូតផ្ទុះជាសង្គ្រាមពាណិជ្ជកម្មជាប់គាំងដល់បច្ចុប្បន្ន។ ស្ថានការណ៍ប្រែប្រួលបែបនេះ ចង់ឬមិនចង់អាមេរិកត្រូវស្ដារមុខមាត់របស់ខ្លួនឡើងវិញ ហើយការខិតទៅចាប់ដៃជាមួយវៀតណាម ក៏ក្នុងចេតនាឱ្យវៀតណាមរលាស់ដៃចេញពីចិន ជាយុទ្ធសាស្ដ្រក្រសោបវៀតណាមដើម្បីពង្រីកឥទ្ធិពលប្រឆាំងចិន។

ដើម្បីបង្កើនទំនុកចិត្ដដល់វៀតណាម អាមេរិកបានបញ្ជូនមន្ដ្រីជាន់ខ្ពស់ទៅវៀតណាមជាបន្ដបន្ទាប់ ដែលចុងក្រោយនេះគឺរដ្ឋមន្ដ្រីការបរទេសលោក Antony Blinken បានធ្វើទស្សនកិច្ចទៅវៀតណាមកាលពីពាក់កណ្ដាលខែមេសា ឆ្នាំ២០២៣។ ទោះបីវៀតណាមបានបំបាក់មុខអាមេរិកនៅក្នុងដំណើរទស្សនកិច្ចលោករដ្ឋមន្ដ្រីការបរទេសBlinken ដោយវៀតណាមដោតបញ្ឈរតែទង់ជាតិរបស់ខ្លួនមិនដាក់ទង់ជាតិអាមេរិកនៅក្នុងកិច្ចពិភាក្សាទ្វេភាគីខុសពីរបៀបរបបការទូត និងធ្វើឱ្យពលរដ្ឋអាមេរិកមួយចំនួនប្រតិកម្ម តែរដ្ឋបាលលោក ចូ បាយដិន មិនបានស្ដីបន្ទោសឱ្យវៀតណាមសូម្បីមួយមាត់ ខណៈកន្លងមកអាមេរិកធ្លាប់តែមានប្រៀបជាងគេ។ ការណ៍នេះសបញ្ជាក់កាន់តែច្បាស់ថា ផលប្រយោជន៍គឺសំខាន់ជាងអ្វីទាំងអស់សម្រាប់អាមេរិក។


អ្វីដែលអាមេរិកចង់បាននៅពេលនេះ គឺសណ្ដាប់ធ្នាប់ដែលខ្លួនជាអ្នកដឹកនាំ មិនថានៅតំបន់អាស៊ីអាគ្នេយ៍ ឬនៅក្នុងពិភពលោកទាំងមូល។ ស្របពេលមហាអំណាចចិនកំពុងរះឡើងខ្ពស់ត្រដែត អាមេរិកនឹងបាត់បង់ឥទ្ធិពលម្ដិចម្ដងៗបើគ្មានវិធានការទប់ស្កាត់។ អ៊ីចឹងហើយទើបអាមេរិកសុខចិត្ដដាក់ខ្លួនបែរមុខទៅរកវៀតណាម បំភ្លេចអស់គោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលខ្លួនធ្លាប់ប្រកាន់យក។

និយាយពីប្រទេសវៀតណាម ហេតុអ្វីបានជាអាចបំភ្លេចរឿងប្រវត្ដិសាស្ដ្រដែលអាមេរិកធ្លាប់បង្កមហន្ដរាយដល់ខ្លួន ទៅរឹតចំណងមិត្ដភាពជាមួយអាមេរិកដែរ? មែនទែនរដ្ឋកុម្មុយនីស្ដមួយនេះ ក៏មិនមែនល្ងង់មិនដឹងពីគោលបំណងអាមេរិកឡើយ ប៉ុន្ដែវៀតណាមក៏មើលឃើញផលប្រយោជន៍ដែលខ្លួនអាចស្រូបបានពីអាមេរិក។ វៀតណាមមើលឃើញផលចំណេញធំៗមួយចំនួន ដូចជាភូមិសាស្ដ្រនយោបាយ តែកាលណាស្និទ្ធជាមួយអាមេរិក នោះវៀតណាមមានគីឡូធ្ងន់ប្រឆាំងចិនជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។ វៀតណាមជាសម្ព័ន្ធមិត្ដចិនមែន ប៉ុន្ដែបានប្រទាំងប្រទើសជុំវិញការដណ្ដើមដែនអធិបតេយ្យនៅសមុទ្រចិនខាងត្បូង។ ចំណុចមួយទៀត វៀតណាមចង់កៀរគរផលប្រយោជន៍ពីអាមេរិក ដែលអាចទទួលបានតាមរយៈទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគដែលអាមេរិកបានធ្វើជាហូរហែរជាមួយវៀតណាម ហើយវៀតណាមក៏ចង់បានអាមេរិកធ្វើជាទីផ្សារនាំចេញរបស់ខ្លួន។

វៀតណាមដឹងច្បាស់ថា ចំណងមិត្ដភាពជាមួយអាមេរិកមិនអាចស្អិតល្មួតខ្លាំងពេកទេ មិនដូច្នេះនឹងក្លាយជាកូនអុករបស់អាមេរិក។ វៀតណាមអាចរក្សាទំនាក់ទំនងក្នុងទម្រង់មិនចាញ់ច្រាបអាមេរិក ត្បិតវៀតណាមក៏មិនអាចបោះចោលចិនដែលជាសម្ព័ន្ធមិត្ដចាស់វស្សាទោះមានជម្លោះនៅសមុទ្រចិនខាងត្បូង។ ម្យ៉ាងវិញទៀត វៀតណាមនៅមានសម្ព័ន្ធមិត្ដចាក់ទឹកមិនលិចរុស្ស៊ី ដោយទាំងចិននិងរុស្ស៊ីសុទ្ធជាសត្រូវរបស់អាមេរិក បើវៀតណាមហ៊ានកៀកអាមេរិកខ្លាំងពេកក៏ទំនងមិនសូវល្អសម្រាប់ខ្លួន។ វៀតណាមដឹងច្បាស់រឿងមួយទៀតថា កាលពីសម័យសង្គ្រាមអាមេរិកធ្លាប់បំផ្លាញខ្លួនម្ដងហើយ ដូច្នេះបើសិនភ្លេចខ្លួន ថាមិនត្រូវអាមេរិកអាចប្រើយុទ្ធសាស្ដ្រចាស់ បញ្ជ្រាបប្រជាធិបតេយ្យបន្ដិចម្ដងៗ។ ជារួម វៀតណាមបានគូសបន្ទាត់កំណត់រួចជាស្រេច ដៅទីតាំងនៃទំនាក់ទំនងជាមួយអាមេរិក។ អាមេរិកដាច់ខាតមិនអាចលូកដៃជ្រៅនៅក្នុងកិច្ចការផ្ទៃក្នុងរបស់វៀតណាមបានឡើយ។

កម្ពុជា ក៏ធ្លាប់ត្រូវបានអាមេរិកព្យាយាមបញ្ចុះបញ្ចូល ហើយគោលបំណងមិនខុសពីធ្វើជាមួយវៀតណាមនោះទេ គឺដើម្បីប្រឆាំងឥទ្ធិពលចិន។ ទីបំផុតការបញ្ចុះបញ្ចូលគ្មានប្រសិទ្ធភាព អាមេរិកបានចោទប្រកាន់កម្ពុជាម្ដងហើយម្ដងទៀត ថាបានរំលោភបំពានសិទ្ធិមនុស្ស បិទលំហសេរីភាពនយោបាយ គប់គិតផ្ដល់ទីតាំងឱ្យចិនដាក់មូលដ្ឋានទ័ពជាដើម ទាំងការពិតគឺផ្ទុយស្រឡះពីការចោទប្រកាន់ទាំងស្រុង។ អាមេរិកបានប្រើប្រាស់សកម្មភាពអ្នកនយោបាយប្រឆាំងនៅកម្ពុជាដែលប្រព្រឹត្ដខុសច្បាប់ ហើយជាប់ទោសទណ្ឌ ធ្វើជាមូលដ្ឋានទម្លាក់កំហុសដាក់រដ្ឋាភិបាលកម្ពុជា ថាបានគាបសង្កត់សិទ្ធិសេរីភាពនយោបាយ បិទលំហប្រជាធិបតេយ្យ។ ទង្វើធ្វើដាក់កម្ពុជា អាមេរិកបានបិទភ្នែកធ្វើមិនឃើញពីកំហុសរបស់ខ្លួន ថាកំពុងអនុវត្ដស្ដង់ដារពីរក្នុងទំនាក់ទំនងអន្ដរជាតិដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។

យ៉ាងណាមិញ កម្ពុជាមានភាពរឹងមាំខ្លាំងខាងគោលនយោបាយការបរទេស ហើយថ្នាក់ដឹកនាំកម្ពុជាក៏មានភាពឆ្លាតវៃ ទើបអាមេរិកមិនអាចបង្វិលកម្ពុជាតាមការចង់បាន។ មិនថាអាមេរិករៀបយន្ដការណាក៏ដោយនៅតែមិនអាចបំភ័យកម្ពុជា ព្រោះកម្ពុជាយល់ច្បាស់ពីយុទ្ធសាស្ដ្រមហាអំណាច។ កម្ពុជាប្រកាន់ខ្ជាប់នូវនយោបាយការទូតផ្កាចម្រុះពណ៌យោងរដ្ឋធម្មនុញ្ញ គឺចាត់ទុកគ្រប់ប្រទេសទាំងអស់ជាមិត្ដ មិនចាប់មួយចោលមួយឡើយ។ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាធ្លាប់បានបញ្ជាក់ច្បាស់ៗថា កម្ពុជាមិនឱ្យបរទេសណាមកដឹកច្រមុះដាច់ខាត ក៏មិនបោះបង់អធិបតេយ្យភាព ឯករាជ្យភាពរបស់ខ្លួន ហើយរឹតតែមិនធ្វើឱ្យខូចប្រយោជន៍ជាតិ និងប្រជាជន។ លោកសង្កត់ធ្ងន់ថា វាពិតជាគ្មានប្រយោជន៍នោះទេ ហើយជារឿងថោកទាបបំផុត ដែលកម្ពុជាមានច្បាប់តែមិនអាចអនុវត្ដច្បាប់របស់ខ្លួនបាន បែរជាត្រូវធ្វើតាមការបង្ខិតបង្ខំរបស់បរទេសទៅវិញនោះ។

សរុបមក ប្រសិនបើអាមេរិកគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ផលចំណេញនឹងក្លាយជាការខាតបង់។ ប្រវត្ដិសាស្ដ្របានបង្រៀនឱ្យប្រទេសតូចៗស្គាល់ពីអាមេរិកកាន់តែច្បាស់ ព្រោះអាមេរិកមិនដែលខុសនោះទេ ផ្ទុយទៅវិញមានតែប្រទេសតូចប៉ុណ្ណោះជាអ្នករងគ្រោះ ហើយអាមេរិកក៏មិនដែលធ្វើសង្គ្រាមលើទឹកដីឯងដែរ។ ដូច្នេះមិនថាខ្លួនជាមហាអំណាច បើសិនជាមានគំនិតអាត្មានិយមខ្លាំងពេក អាមេរិកនឹងមិនអាចរក្សាកិត្យានុភាពបានឡើយ ហើយរដ្ឋសម្ព័ន្ធមិត្ដក៏មិនដើរស្របតាមទៀតដែរ៕

អ្នកនិពន្ធ៖Penh pheng

Bun

Leave a Reply

Your email address will not be published. Required fields are marked *

4 × four =

This site uses Akismet to reduce spam. Learn how your comment data is processed.