ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្សល់នូវទុក្ខវេទនាជាច្រើនដល់ប្រជាជនស្លូតត្រង់ពិសេសក្រុមមនុស្សដែលរស់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ យោងតាមទិន្ន័យរបស់អង្គការសហប្រជាជាតិគិតត្រឹមខែមីនា ឆ្នាំ២០២៤ នេះ មនុស្សប្រមាណជាងពីរលាននាក់ត្រូវបានភៀសខ្លួនចេញពីផ្ទះរបស់ខ្លួនដើម្បីស្វែងរកទីកន្លែងសុវត្ថិភាព ដោយក្នុងនោះមនុស្សជាមួយលាននាក់ត្រូវបានជម្លៀសទៅកាន់តំបន់ Rafaf
ខណៈពេលដែលប្រជាជនជាច្រើកំពុងជួបគ្រោះទុរ្ភិក្ស។
សកម្មភាពប្រជាជនប៉ាលេស្ទីនជម្លៀសចេញទៅតំបន់មានសុវត្ថិភាព
ដើម្បីជាជំនួយដល់ការបញ្ចប់សង្គ្រាម និងជួយសង្គ្រោះដល់ប្រជាជនស្លូតត្រង់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានកំពុងតែរៀបចំសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី «ការបញ្ឈប់ការសម្លាប់នៅតំបន់ភាគខាងត្បូងនៃតំបន់ហ្គាហ្សា» ប៉ុន្តែហាក់មិនមានឥទ្ធិពលអ្វីទៅលើប្រទេសអ៊ីស្រាអែលនោះឡើយ។ ស្របពេលជាមួយគ្នានេះ មានអ្នកការទូតជាច្រើនរួមទាំងលោក Josep Borrell ដែលជាអ្នកការទូតល្បីឈ្មោះមួយរូបរបស់សហភាពអឺរ៉ុប បានជំរុញឱ្យអ៊ីស្រាអែលបញ្ចប់ប្រតិបត្តិការយោធានៅ Rafah ជាបន្ទាន់ ដើម្បីការពារដល់អាយុជីវិតរបស់ប្រជាជនស្លូតត្រង់។ ទោះបីជាយ៉ាងណាក្ដី អ៊ីស្រាអែលបានបានអើពើ និងបន្តសកម្មភាពដ៏អមនុស្សធម៌របស់ខ្លួន។ ប្រជាជនទាំងអស់មិនអាចចាកចេញពីផ្ទះនោះឡើយ មិនដូច្នេះទេពួកគេនឹងត្រូវបានសម្លាប់ ហើយសម្រាប់សេវាទូរស័ព្ទ និងអីនធឺណែតក៏ត្រូវបានកាត់ផ្ដាច់ទាំងស្រុងផងដែរ ដោយអះអាងថាពួកគេត្រូវតែកំទេចក្រុមហាម៉ាសទាំងស្រុងតែម្ដង។
នាពេលថ្មីៗនេះ អង្គការសហប្រជាជាតិ ទើបតែបញ្ចូលប្រទេសអ៊ីស្រាអែលទៅក្នុងបញ្ជីខ្មៅ (Blacklist) ក្នុងនាមជាប្រទេសដែលបានប្រព្រឹត្តការរំលោភបំពានលើកុមារក្នុងជម្លោះប្រដាប់អាវុធ បន្ទាប់ពីកុមារប្រមាណ 15,500នាក់ ត្រូវបានសម្លាប់ និងកុមារជាច្រើនទៀតកំពុងតែរស់នៅដោយខ្វះចំណីអាហារ និងទីចម្រក។
កុមារប៉ាឡេស្ទីនម្នាក់កំពុងរង់ចាំការព្យាបាលដោយកង្វះអាហារូបត្ថម្ភ នៅមន្ទីរពេទ្យ Al-Aqsa Martyrs ក្នុងក្រុង Deir el-Balah នៅភាគកណ្តាល Gaza Strip កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ Gilad Erda បានលើកឡើងតាមរយៈបណ្ដាយសង្គម Twitter ផ្ទាល់ខ្លួនរបស់លោកថា «ការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ គឺជាកំហុស»។ លោកបានបន្តថា «នេះជាការសម្រេចចិត្តដ៏គួរឱ្យអាម៉ាស់ ដោយលើកឡើងថា យោធារបស់លោកមានសីលធម៌បំផុតក្នុងលោក»។ មនុស្សតែម្នាក់គត់ដែលគួរជាប់ក្នុងបញ្ជីខ្មៅ គឺអគ្គលេខាធិការ លោក Antonio Guterres ដែលជំរុញ និងលើកទឹកចិត្តដល់អំពើភេរវកម្ម ហើយត្រូវបានជំរុញដោយការស្អប់ខ្ពើមចំពោះអ៊ីស្រាអែល។
អ្នកនាំពាក្យរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stephane Dujarric បានឆ្លើយតបវិញថា «ការថតវីដេអូរបស់ឯកអគ្គរដ្ឋទូត Erdan នៃការហៅទូរស័ព្ទនោះ និងការចេញផ្សាយផ្នែកខ្លះនៃការថតនោះនៅលើ Twitter គឺគួរឱ្យភ្ញាក់ផ្អើល និងមិនអាចទទួលយកបាន ហើយនិយាយដោយត្រង់ទៅវាជាអ្វីមួយដែលលោកមិនដែលឃើញក្នុងរយៈពេល 24ឆ្នាំ ដែលបម្រើក្នុងអង្គការនេះ»។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Court – ICC)
កាលពីចុងខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ប្រធានរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan បានដាក់ពាក្យសុំដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមេដឹកនាំក្រុមហាម៉ាស់នៅហ្គាហ្សា លោក Yahya Sinwar ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ លោកជឿជាក់ថា មានហេតុផលគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា បុរសទាំងពីរនាក់ជាអ្នកផ្ដួចផ្ដើមឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ចាប់ពីថ្ងៃនៃការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។ គិតត្រឹមពេលនេះចៅក្រមរបស់ ICC កំពុងពិនិត្យ និងសម្រេចថាតើមានភស្តុតាងគ្រប់គ្រាន់ក្នុងការចេញដីកាចាប់ខ្លួន ឬយ៉ាងណា ដែលអាចចំណាយពេលជាច្រើនសប្តាហ៍ ឬខែ ដើម្បីធ្វើការសម្រេចចិត្តនេះ។
ប្រធានរដ្ឋអាជ្ញា ICC
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានពណ៌នាចំណាត់ការរបស់រដ្ឋអាជ្ញា ICC ថា«ជារឿងគួរឲ្យសង្វេគ»។ នាយករដ្ឋមន្រ្តីអីស្រាអែលក៏បានច្រានចោលនៅចំណាត់ការនេះផងដែរ ដោយបានលើកឡើងផងដែរថា «លោកច្រានចោលដោយការស្អប់ខ្ពើមចំពោះការប្រៀបធៀបរបស់រដ្ឋអាជ្ញាក្រុងឡាអេ រវាងអ៊ីស្រាអែលប្រជាធិបតេយ្យ និងឃាតកសម្លាប់រង្គាលនៃក្រុមហាម៉ាស»។
ជំហររបស់សហរដ្ឋអាមេរិកក្នុងការការពារមេដឹកនាំអ៊ីស្រាអែល
សមាជិកសភាសហរដ្ឋអាមេរិកបានអនុម័តច្បាប់ដែលមានគោលបំណងដាក់ទណ្ឌកម្មដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដោយសារតែការខិតខំប្រឹងប្រែងដោយរដ្ឋអាជ្ញារបស់ខ្លួនដើម្បីស្វែងរកដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់របស់អ៊ីស្រាអែលពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សា។ សភាតំណាងរាស្រ្តដែលគ្រប់គ្រងដោយសាធារណរដ្ឋបានបោះឆ្នោតគាំទ្រ 247-155 ដើម្បីគាំទ្រច្បាប់នេះ ដោយមានបំណងទប់ស្កាត់ការចូលមកកាន់សហរដ្ឋអាមេរិក និងដាក់កម្រិតរាល់ប្រតិបត្តិការអចលនទ្រព្យដែលមានមូលដ្ឋាននៅអាមេរិកសម្រាប់មន្ត្រី ICC ដែលពាក់ព័ន្ធនឹងសំណើរបស់រដ្ឋអាជ្ញា Karim Khan ពាក់ព័ន្ធនឹងដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត។ ការណ៍នេះបានបញ្ជាក់ថា ការគាំទ្រដោយគ្មានលក្ខខណ្ឌដែលនៅតែបន្តកើតមានក្នុងចំណោមសមាជិកសភាភាគច្រើននៅក្នុងគណបក្សសំខាន់ៗនៅក្នុងសហរដ្ឋអាមេរិកចំពោះប្រទេសអ៊ីស្រាអែល។
បន្ថែមពីនេះ ប្រធានសភាមកពីគណបក្សសាធារណរដ្ឋ លោក Mike Johnson បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «សហរដ្ឋអាមេរិកនឹងឈរយ៉ាងរឹងមាំជាមួយអ៊ីស្រាអែល ហើយបដិសេធក្នុងការចេញដីកាចាប់ខ្លួនដោយគ្មានមូលដ្ឋាន លើការដឹកនាំរបស់អ៊ីស្រាអែលសម្រាប់ឧក្រិដ្ឋកម្មក្លែងក្លាយ»។
លើសពីនេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានទទូចថា «ប្រទេសរបស់លោកនឹងបន្តសង្រ្គាមរហូតដល់សម្រេចគោលដៅរបស់ខ្លួនទាំងអស់។ តើគោលដៅរបស់លោក សម្ដៅដល់សម្លាប់គ្រប់គ្នា និងកំទេចតំបន់ហ្គាហ្សា ឬយ៉ាងណា?