ពីថ្ងៃទី១៣ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានរយៈពេល៥ថ្ងៃ ព្រះមហាក្សត្រថៃ មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) បានបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន។ ដំណើរទស្សនកិច្ចនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទី១. ដោយសារវាជាដំណើរទស្សនកិច្ចដំបូងដោយមហាក្សត្រថៃក្នុងរយៈពេល៧៦ឆ្នាំ ចាប់តាំងពីបក្សកុម្មុយនីស្តចិន ឡើងកាន់អំណាចក្នុងឆ្នាំ១៩៤៩ ហើយអ្នកវិភាគជាច្រើនចាត់ទុកថា ជាសញ្ញាកើនឡើងនៃឥទ្ធិពលរបស់មហាយក្សចិនមកលើរាជាណាចក្រថៃ ខណៈថៃធ្លាប់តែជាមិត្ដស្និទ្ធស្នាលរបស់អាមេរិក។ ចំណុចចាប់អារម្មណ៍ទី២. ទស្សនកិច្ចនេះគឺធ្វើឡើងចន្លោះពេលថៃកំពុងមានជម្លោះព្រំដែនជាមួយកម្ពុជា ដែលគេក៏បានដឹងគ្រប់គ្នាថា កម្ពុជា-ចិនគឺជាមិត្ដដែកថែប។ ដូច្នេះ វាបានធ្វើឱ្យមានសំណួរចោទឡើងពីគោលបំណងនៅពីក្រោយព្រះរាជទស្សនកិច្ចនេះ។
រឿងភ្ញាក់ផ្អើលក៏បានកើតឡើងមែន គឺក្នុងកិច្ចជំនួបរវាងមហាក្សត្រថៃជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង(Xi Jinping) ក្នុងទីក្រុងប៉េកាំង លោកប្រធានាធិបតីបានចាត់ទុកទំនាក់ទំនងមិត្តភាពរវាងចិននិងថៃ ជាទំនាក់ទំនងជិតស្និទ្ធប្រៀបបានគ្រួសារតែមួយ។ ដោយសារតែភាពល្អូកល្អឺនត្រូវបានបង្ហាញចេញក្នុងទស្សនកិច្ចនេះ ទើបមានមតិចម្រុះលើកឡើងពីទំនាក់ទំនងរវាងកម្ពុជា-ចិន និងរំលេចពីទំនាក់ទំនងរវាងកម្ពុជា-អាមេរិក។
ពលរដ្ឋខ្មែរដែលមានទំនោរទៅរកអាមេរិកបានចោទសួរថា តើទីតាំងនៃទំនាក់ទំនងរវាងកម្ពុជានិងចិនស្ថិតនៅត្រង់ចំណុចណា បើចិនចាត់ទុកថៃដូចជាគ្រួសារតែមួយទៅហើយនោះ ឬថៃចង់ជំនួសកន្លែងកម្ពុជា? ពលរដ្ឋខ្លះទៀតបញ្ចេញមតិថា ចិនមិនបានផ្ដោតសំខាន់តែទៅលើទំនាក់ទំនងជាមួយកម្ពុជាទេ តែចិនមានផលប្រយោជន៍ជាមួយថៃធំជាងកម្ពុជា។ បើបែបនេះ កម្ពុជាគួរងាកទៅរកអាមេរិកវិញប្រសើរជាង ចន្លោះពេលបច្ចុប្បន្នកំពុងមានទំនាក់ទំនងល្អ និងស្របពេលថៃហាក់រលាស់ដៃអាមេរិកចេញហើយទៅចាប់ចិនមួយទំហឹង?
ពលរដ្ឋខ្មែរដែលនិយមអាមេរិកបានបង្ហាញអារម្មណ៍របស់ខ្លួនទៀតថា ចិនមិនអាចជួយបញ្ចប់ជម្លោះព្រំដែនដែលកម្ពុជាកំពុងមានជាមួយថៃបានឡើយ គឺមានតែអាមេរិកប៉ុណ្ណោះទឹកមាត់ប្រៃ អាចសង្កត់ថៃឱ្យយល់ព្រមដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី។ នៅក្នុងនោះមានការលើកឧទាហរណ៍ពីការផ្ដួចផ្ដើមឱ្យមានបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមទាំងសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពរវាងកម្ពុជានិងថៃ ទើបចុះហត្ថលេខានៅម៉ាឡេស៊ីកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ សុទ្ធតែកើតចេញពីការប្រឹងប្រែងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ ក្រៅពីនេះ អាមេរិកជាទីផ្សារដ៏ធំរបស់កម្ពុជា ពិសេសគឺទៅលើផលិតផលវាយនភណ្ឌរួមមាន សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរជាដើម។ ចំណុចសំខាន់មួយទៀត គឺពាក់ព័ន្ធនឹងវិស័យការពារជាតិ។ ហេតុនេះហើយ អ្នកមានទំនោរទៅអាមេរិកនិយាយថា ការស្រវារកអាមេរិកគឺជារឿងត្រឹមត្រូវបំផុត។
ចំណែកពលរដ្ឋដែលមានទំនោរទៅរកចិនវិញ បានបញ្ចេញទស្សនៈរបស់ខ្លួនដែរថា ចិនសំខាន់សម្រាប់កម្ពុជា។ និយាយពីជម្លោះព្រំដែនកើតឡើងថ្មីៗនេះ ទោះបីចិនមិនលេចមុខមាត់ដូចអាមេរិក ប៉ុន្ដែចិនបានបង្ហាញជំហរកណ្ដាល និងចេញការអំពាវនាវឱ្យគូវិវាទទាំងពីរដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី, គោរពបទឈប់បាញ់ ក៏ដូចជាស្មារតីនៃកិច្ចប្រជុំនាពេលកន្លងមកឱ្យបានខ្ជាប់ខ្ជួនដើម្បីបញ្ចៀសសង្គ្រាម។ ម្យ៉ាងវិញទៀត ចិនក៏ធ្លាប់បានចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍នៅក្នុងកិច្ចប្រជុំរវាងកម្ពុជា-ថៃដូចគ្នានឹងអាមេរិក។ តួយ៉ាងមានការចូលរួមក្នុងការការចរចាដែលសម្រេចបានបទឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ជាអាទិ៍។ ទាក់ទងនឹងវិស័យការពារជាតិ កម្ពុជាក៏មានទំនាក់ទំនងយោធាជាមួយចិនជិតស្និទ្ធ និងថែមទាំងមានការធ្វើសមយុទ្ធរួមគ្នាផងដែរ។
ចំណែកឯទំនាក់ទំនងពាណិជ្ជកម្ម ចិនគឺជាអ្នកវិនិយោគធំបំផុតរបស់កម្ពុជា។ តាមអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៅកម្ពុជាបានបញ្ជាក់កន្លងមកថា ជាង៦០ភាគរយនៃទុនវិនិយោគសរុបនៅកម្ពុជាគឺមកពីចិន។ ចំណុចនេះអាចមើលឃើញជាក់ស្ដែងតាមរយៈវិនិយោគិនចិននៅកម្ពុជាគឺមានច្រើន ដែលពួកគេមកវិនិយោគបង្កើតរោងចក្ររាប់សិបនៅលើទឹកដីកម្ពុជា។ សម្រាប់ទំហំពាណិជ្ជកម្មទ្វេភាគីវិញក្នុងរយៈពេល៥ឆ្នាំចុងក្រោយ មានកំណើនកាន់តែល្អប្រសើរ។ បន្ថែមលើនេះ ចិនបានជួយទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជា។ ហេតុនេះពលរដ្ឋខ្មែរនិយមចិនសង្កត់ធ្ងន់ថា មិនអាចមើលរំលងទំនាក់ទំនងជាមួយចិនបានឡើយ។
បើមានទស្សនៈចង្អុលបង្ហាញពីចំណុចវិជ្ជមានរៀងៗខ្លួននៃទំនាក់ទំនងរវាងកម្ពុជាជាមួយអាមេរិក និងទំនាក់ទំនងរវាងកម្ពុជាជាមួយចិន តើកម្ពុជាចាំបាច់ត្រូវតែមានជម្រើសរវាងមហាអំណាចទាំងពីរ?
អ្នកនយោបាយនៃគណបក្សក្រៅរដ្ឋាភិបាល លោក អ៊ូ ច័ន្ទរ័ត្ន បង្ហាញការកត់សម្គាល់ថា ចិនបង្កើនទំនាក់ទំនងជាមួយកម្ពុជា គឺសុទ្ធតែមានផលប្រយោជន៍នៅពីក្រោយ។ ថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកនាពេលថ្មីៗ អនុប្រធានគណបក្សកែទម្រង់កម្ពុជារូបនេះ សង្កត់ធ្ងន់ថា បើគ្មានផលចំណេញ នោះចិនក៏មិនយកចិត្ដទុកដាក់ធំដុំមកលើកម្ពុជាដែរ កម្ពុជាបានត្រឹមមានឈ្មោះជាមិត្ដដែកថែបប៉ុណ្ណោះ។ ដូច្នេះអ្វីដែលកម្ពុជាអាចធ្វើបាននៅពេលបច្ចុប្បន្ន គឺត្រូវតែរក្សាជំហរអព្យាក្រឹតឱ្យបានច្បាស់លាស់ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយរក្សាទំនាក់ទំនង មិត្ដភាពល្អ ភាតរភាព ជាមួយប្រទេសនានានៅក្នុងពិភពលោក មិនអាចអង្គុយរង់ចាំតែចិននោះទេ។ ទន្ទឹមគ្នា លោកក៏មិនភ្លេចឆ្លៀតរំលេចថា កម្ពុជាចាំបាច់ត្រូវពង្រឹងខ្លួនឯងឱ្យបានរឹងមាំ។
ចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក ហេនរី ឃីសសីងហ្គ័រ (Henry Kissinger) ធ្លាប់បាននិយាយថា «ធ្វើជាសត្រូវរបស់អាមេរិកគឺគ្រោះថ្នាក់ ខណៈការធ្វើជាមិត្តរបស់អាមេរិកគឺដូចជាស្វែងរកសេចក្ដីស្លាប់»។ ក្នុងន័យនេះយើងអាចយល់បានថា គ្រប់រដ្ឋបរទេសទាំងអស់និយាយជារួម និងសម្រាប់កម្ពុជានិយាយដោយឡែក មិនអាចបោះចោលអាមេរិក ហើយក៏មិនអាចពឹងលើអាមេរិកទាំងស្រុងបានដែរ។ បើមើលពីគោលនយោបាយការបរទេសរបស់អាមេរិក គឺមានការប្រែប្រួល បត់បែន ទៅតាមរដ្ឋាភិបាលនៃគណបក្សនយោបាយដែលកាន់អំណាច។ ជាក់ស្ដែងនៅក្នុងពេលបច្ចុប្បន្នលោក ដូណាល់ ត្រាំ បានបង្ហាញឱ្យឃើញពីទំនាក់ទំនងល្អប្រសើរជាមួយកម្ពុជា ប៉ុន្ដែមិនប្រាកដថានៅពេលអាមេរិកមានប្រធានាធិបតីថ្មីនាពេលអនាគត គោលនយោបាយការបរទេសល្អប្រសើរជាមួយកម្ពុជានឹងបន្ដរក្សាបានដូចដើមឡើយ។
សរុបមក កម្ពុជាក្នុងនាមជារដ្ឋឯករាជ្យ មិនអាចពឹងផ្អែកទៅលើបណ្ដាប្រទេសមហាអំណាចណាមួយផ្ដាច់មុខជាដាច់ខាត មិនថាជាចិនឬជាសហរដ្ឋអាមេរិក។ ល្គឹកណាកម្ពុជាខ្លួនឯងមិនខ្លាំងឬរឹងមាំទេ កម្ពុជានៅតែអាចក្លាយជាកូនជឹងរបស់មហាអំណាច ដើម្បីបម្រើឱ្យភូមិសាស្ដ្រនយោបាយរបស់គេ។ យើងក៏មិនត្រូវភ្លេចដែរនូវទ្រឹស្ដីនៃទំនាក់ទំនងអន្ដរជាតិដែលចែងថា «គ្មានទេមិត្ដ គ្មានទេសត្រូវ មានតែផលប្រយោជន៍» ដែលទ្រឹស្ដីនេះត្រូវបានមហាអំណាចយកប្រើជាមួយបណ្ដាប្រទេសតូចៗរួចទៅហើយ។ រឿងសំខាន់បំផុត កម្ពុជាត្រូវពង្រឹងខ្លួនទាំងវិស័យសេដ្ឋកិច្ច សង្គម នយោបាយ ពិសេសគឺវិស័យការពារជាតិ។ ការពឹងពាក់ទៅលើមហាអំណាចណាមួយ គឺអាចធ្វើឡើងតែនៅក្នុងពេលបណ្ដោះអាសន្នប៉ុណ្ណោះ មិនអាចយកធ្វើជាខ្នងបង្អែកអចិន្ដ្រៃយ៍បានទេ ព្រោះគ្មានប្រទេសណាមួយតាមជួយកម្ពុជារហូតឡើយ។ កម្ពុជាត្រូវថ្លឹងថ្លែងប្រកបដោយការប្រុងប្រយ័ត្នបំផុតនៃទំនាក់ទំនងជាមួយមហាអំណាច ដើម្បីធានាថាអធិបតេយ្យភាពជាតិ និងផលប្រយោជន៍រយៈពេលវែងរបស់ខ្លួនមិនត្រូវបានបោះបង់ឬលះបង់ចោល។
ជារួម ចំណុចដែលគួរប្រកាន់យក គឺកម្ពុជាត្រូវប្រើប្រាស់គោលនយោបាយការបរទេសផ្កាចម្រុះពណ៌ ដូចដែលសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាធ្លាប់មានប្រសាសន៍ កាលសម្ដេចនៅជានាយករដ្ឋមន្ដ្រី។ កាលនោះសម្ដេចបានអនុវត្ដគោលនយោបាយនេះ ដោយមិនផ្ដេកផ្ដួលជាមួយមហាអំណាចណាមួយដាច់ខាត ប៉ុន្ដែត្រូវបន្ដរក្សាទំនាក់ទំនងល្អ ភាពជាដៃគូអភិវឌ្ឍន៍ដែលមានស្ថិរភាព និងស្វ័យភាពពិតប្រាកដជាមួយពួកគេ។
មកដល់រាជរដ្ឋាភិបាលអាណត្ដិទី៧ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី សម្ដេចក៏ប្រកាសចាប់យកទាំងសាច់គោដែលសំដៅលើអាមេរិក និងយកទាំងស្ពៃសំដៅលើចិន ដើម្បីឱ្យកម្ពុជាមានលំនឹងរឹងមាំ ដែលនេះជាការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យរក្សាភាពអព្យាក្រឹតមិនចូលបក្សសម្ព័ន្ធ និងមិនចូលដៃជាមួយប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយផ្សេងទៀត។ ជំនួសឱ្យការជ្រើសរើសរវាងប្រទេសណាមួយ កម្ពុជាគប្បីបើកទ្វារស្វាគមន៍គ្រប់បណ្ដាលរដ្ឋដែលផ្ដល់តម្លៃ ចង់បង្កើតទំនាក់ទំនងល្អជាមួយខ្លួន និងគោរពអធិបតេយ្យភាពរបស់ខ្លួន៕
លោក ឆាយ វណ្ណៈ គឺជាអ្នកសារព័ត៌មានឯករាជ្យផ្នែកសង្គម នយោបាយ។ ទស្សនៈដែលបានលើកឡើងគឺជាទស្សនៈរបស់លោកផ្ទាល់