កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៥ ប្រទេសថៃបានប្រកាសដោយឯកតោភាគីក្នុងការឈប់ចូលរួមអនុវត្តសេចក្ដីថ្លែងការណ៍រួមសន្តិភាពដែលមានម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ជាហត្ថលេខីផងនោះនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពោល គឺពីរសប្ដាហ៍បន្ទាប់ពីការចុះហត្ថលេខា។ មូលហេតុចម្បង និងជាមូលហេតុដែលមិនសមហេតុដែលភាគីថៃបានលើកឡើង គឺបន្ទាប់ពីទាហានរបស់ខ្លួនបានដើរជាន់មីន និងបន្តផ្សព្វផ្សាយថាភាគីកម្ពុជាបន្តដាក់មីនថ្មីបន្ថែម ទោះបីជាការលើកឡើងរបស់ខ្លួនពុំមានទឡ្ហីករណ៍មកជា
អំណះអំណាងក្ដី។ សម្រាប់ភាគីកម្ពុជា ការលើកឡើងរបស់ភាគីថៃ គឺជាព័ត៌មានមិនត្រឹមត្រូវ មិនសមហេតុផល និងមិនឆ្លើយតបនឹងការពិតជាក់ស្ដែងនោះឡើយ។ ម្ដងហើយ ម្ដងទៀត ភាគីកម្ពុជាតែងប្រកាសក្នុងការប្រកាន់ខ្ជាប់យ៉ាងពេញលេញពាក់ព័ន្ធនឹងការអនុវត្តបទឈប់បាញ់ គោលការណ៍មិនប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
ភាគីថៃបន្តចែកចាយព័ត៌មានដែលគ្មានការផ្ទៀតផ្ទាត់ត្រឹមត្រូវ (គ្មានការចូលរួមពីក្រុមអង្គេតការណ៍អាស៊ាន – AOT) ដែលជាការលើកឡើងដោយឯកតោភាគី រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ភាគីថៃបានបើកការវាយប្រហារដោយប្រើប្រាស់សព្វាវុធធន់ធ្ងន់មកលើកម្ពុជា រួមទាំងទីតាំងដែលប្រជាជនស៊ីវិលបាននិងកំពុងរស់នៅ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ ខណៈពេលដែលភាគីថៃបានបើកការវាយប្រហារយ៉ាងកំរោលមកលើភាគីកម្ពុជា យ៉ាងហោចណាស់រយៈពេលប្រមាណ ២៤ម៉ោង ទើបភាគីកម្ពុជាសម្រេចចិត្តឆ្លើយតបវិញដោយគ្មានជម្រើសអ្វីផ្សេងទៀតនោះឡើយ ក្រៅពីការការពារខ្លួនទប់ទល់នឹងការបំពានមកលើអធិបតេយ្យភាពរបស់ខ្លួន។
ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី និងក្នុងនាមជាប្រធានអាស៊ាន បានបន្តខិតខំប្រឹងប្រែងសម្របសម្រួល និងព្យាយាមទាញភាគីថៃឱ្យវិលត្រលប់មកគោរពបទឈប់បាញ់ និងការអនុវត្តសេចក្ដីថ្លែងការរួមទីក្រុងគូឡាឡាំពួរ ប៉ុន្តែទោះបីជាយ៉ាងណាក្ដី ពុំទទួលបានលទ្ធផលជាវិជ្ជមានណាមួយនោះឡើយ ដោយភាគីថៃបន្តមហិច្ឆតារបស់ខ្លួនក្នុងការរំលោភបំពានដោយប្រយោលមកលើកម្ពុជា ដែលជារដ្ឋឯកឯករាជ្យ។
លោក Donald Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដែលជាហត្ថលេខីនៃសេចក្ដីថ្លែងការរួមទីក្រុងគូឡាឡាំពួរ ផងនោះ ក៏បានពិភាក្សា និងតែងគ្រើនរំលឹកដល់ភាគីទាំងពីរក្នុងការវិលមករកការអនុវត្តសេចក្ដីថ្លែងការរួមវិញ។ យ៉ាងណាក្ដី ការអំពាវនាវដោយគ្មានវិធានការទប់ស្កាត់ណាមួយជាក់លាក់ មិនអាចបន្ថយការល្មោភសង្រ្កាមដែលបន្តបង្កសេចក្ដីទុក្ខដល់ប្រជានជនស្លូតត្រង់ និងបង្កផលលំបាកក្នុងរយៈពេលវែងសម្រាប់ប្រទេសទាំងពីរ។ កាលពីពេលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោក Marco Rubio រដ្ឋមន្រ្តីការបរទេសអាម៉េរិក បានថ្លែងថា អាម៉េរិកកំពុងធ្វើការយ៉ាងខ្លាំងក្លា ដើម្បីនាំកម្ពុជា និងថៃ ចូលតុចរចាឡើងវិញ ហើយសង្ឃឹមថាសម្រេចបានត្រឹមថ្ងៃទី២២ ឬថ្ងៃទី២៣ ខែធ្នូ ខាងមុខនេះ ដោយការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីលោក Rubio បានជជែកតាមទូរសព្ទជាមួយសមភាគីថៃ លោក Sihasak Phuangketkeow ដោយជំរុញឱ្យរដ្ឋាភិបាលក្រុងបាងកក កាត់បន្ថយភាពតានតឹង និងឱ្យថៃវិលត្រលប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឡើងវិញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ ស្របពេលជាមួយគ្នានោះ លោក Donald Trump ក៏បានបង្ហាញសុទិដ្ឋនិយមថាប្រទេសទាំងពីរនឹងវិលត្រលប់មកស្ថានភាពដើមវិញ ហើយលោកបានលើកឡើងថាការជាន់មីនរបស់ភាគីថៃ គឺជាការយល់ច្រលំ ដែលភាគីថៃឆ្លើយតបហាក់លើសពីអ្វីដែលគួរធ្វើ។
ដោយឡែកសម្រាប់ប្រទេសចិន ក៏បានចូលរួមយ៉ាងសកម្មតាមរយៈផ្លូវការទូតដ៏ទន់ភ្លន់របស់ខ្លួនដែលតែងតែអនុវត្តកន្លងមក ត្បិតមិនចង់បាត់ឈ្មោះពីការដោះស្រាយបញ្ហានេះ ណាមួយទៀតក៏ចង់បញ្ជាក់ឱ្យពិភពលោកឃើញថាខ្លួនក៏មានចំណែកក្នុងការដោះស្រាយ និងនៅតែជាប្រទេសដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងយ៉ាងហោចណាស់តំបន់អាស៊ី។ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោក WangYi រដ្ឋមន្រ្តីការបរទេសចិន បានបញ្ជាក់ប្រាប់ភាគីទាំងពីរថា ចិនប្រកាន់ជំហរយុត្តិធម៌ និងអព្យាក្រឹត ហើយគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន។ ដើម្បីជួយដល់ដំណើរការនេះ ក្រសួងការបរទេសចិនបានបញ្ជូនបេសកជនពិសេសទទួលបន្ទុកកិច្ចការអាស៊ី ឱ្យទៅបំពេញបេសកកម្មការទូតនៅកម្ពុជា និងថៃរួចហើយ ដោយបេសកជនពិសេសនោះបានចូលជួបជាមួយប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជារួចរាល់ហើយ។
ត្បិតមានការស្នើសុំពីអន្តរជាតិដូចជាសហភាពអឺរ៉ុប អង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចធំដូចជាសហរដ្ឋអាមេរិក និងចិន ឱ្យភាគីថៃ និងកម្ពុជា វិលមករកតុចរចារ និងឈប់បាញ់ជាបន្ទាន់ ប៉ុន្តែអស់រយៈពេលពីរសប្ដាហ៍មកនេះប្រទេសថៃហាក់ពុំមានការថមថយក្នុងការបំពានមកលើប្រទេសកម្ពុជានោះឡើយ។ ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការកម្ពុជាបានលើកឡើងថា «អ្វីដែលកម្ពុជាត្រូវការខ្លាំងបំផុតនោះ គឺសន្តិភាពពេញលេញតែប៉ុណ្ណោះ ប៉ុន្តែនៅយើងនៅតែរងការកំរាមកំហែងពីប្រទេសជិតខាង»។
តើក្នុងខណៈពេលដែលកម្ពុជាបានព្យាយាមគ្រប់បែបយ៉ាងតាមរយៈផ្លូវទូត និងកិច្ចសន្ទនា ប៉ុន្តែហាក់មិនទាន់អាចសម្រេចបានគោលដៅក្នុងការទទួលបានសន្តិភាព និងយុត្តិធម៌សម្រាប់ខ្លួនសោះ តើកម្ពុជាគួរបន្តជឿជាក់ទៅលើប្រព័ន្ធអន្តរជាតិទៀតឬទេ?
ប្រជាជាតិកម្ពុជាមូល កំពុងមានការអន់ចិត្ត និងមិនសប្បាយចិត្តនោះឡើយ ដែលប្រទេសខ្លួនបាននិងកំពុងទទួលបាននូវភាពអយុត្តិធម៌ តែទោះជាយ៉ាងណាក៏ដោយកម្ពុជាមិនអាចដើរចេញពីប្រព័ន្ធអន្តរជាតិនោះឡើយ។ ក្នុងខណៈពេលនេះ មិនទាន់មានការថ្កោលទោសណាមួយនៅឡើយ ប៉ុន្តែឯកសារ និងភស្តុតាងផ្សេងៗ ត្រូវបានចងគ្រងទុករួចរាល់ហើយ ប្រសិនបើយើងគិតដល់ឧទាហរណ៍ដែលងាយយល់មួយនោះថា គ្រោះថ្នាក់ចរចរណ៍ពុំអាចដឹងថានរណាម្នាក់ខុស ឬត្រូវឡើយ ប៉ុន្តែត្រូវសង្រ្គោះអ្នកដែលមានរបួសជាមុនសិន សឹមវាស់វែងដើម្បីរកខុស និងវិនិច្ឆ័យការខូចខាតដើម្បីដាក់ប្រាក់សំណង និងទោសតាមក្រោយ បើយើងពិនិត្យទៅលើវិវាទកម្ពុជា-ថៃ នាពេលនេះ ប្រទេសទាំងពីរមានហេតុផលរៀងខ្លួន តែហេតុផលណាមួយសមរម និងត្រឹមត្រូវ យើងនឹងពិភាក្សាគ្នាទៅតាមក្រោយ នៅចំពោះមុខ ការគោរពបទឈប់បាញ់ និងវិលទៅរកការអនុវត្តការអនុវត្តសេចក្ដីថ្លែងការរួមទីក្រុងគូឡាឡាំពួរ គឺជារឿងសំខាន់បំផុត ដើម្បីការពារជីវិតទាហាន ប្រជាជនស្លូតត្រង់ និងការខូចខាតនៅហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
កម្ពុជាស្វែងរកយុត្តិធម៌សម្រាប់ខ្លួនតាមរយៈភាគីទីបី ប៉ុន្តែកម្ពុជា មិនត្រូវឱនក្បាល និងធ្វើខ្លួនជាប្រទេសគួរឱ្យអាណិតនោះឡើយ ក្នុងន័យនេះកម្ពុជាត្រូវតែខ្លាំង សាមគ្គី បន្តរក្សាសន្តិភាពដើម្បីអភិវឌ្ឍប្រទេសឱ្យមានភាពរឹងមាំប្រកបទៅដោយភាពធន់ និងចីរភាព។
ដោយ៖ឈុន រស្មី អ្នកតាមដាន វិភាគបញ្ហាសង្គម នយោបាយ