មហាអំណាថសព្វាវុធលើលោកបរាជ័យក្នុងការការពារពលរដ្ឋរបស់ខ្លួនពីវីរុសចង្រៃ

នៅចុងឆ្នាំ២០១៩ មេរោគដែលគេមិនស្គាល់ឈ្មោះ និងអត្តសញ្ញាណច្បាស់លាស់នោះមានលក្ខណៈបង្កហានិភ័យខ្ពស់ និងអាចចម្លងពីមនុស្សទៅមនុស្សបាន ត្រូវបានរកឃើញឡើងនៅទីក្រុងមួយនៃប្រទេសចិនដែលមានរោគសញ្ញាដូចជាគ្រុនក្តៅ ក្អកស្ងួត និងអស់កម្លាំងជាដើម។ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ អង្គសុខភាពពិភាពលោក (WHO) បានហៅជំងឺនេះថាជាជំងឺរាតត្បាតសកលដែលតម្រូវឱ្យមានការចូលរួម និងសហការគ្នាដើម្បីគ្រប់គ្រងក៏ដូចជាប្រឆាំងនៃការរីករាលដាលនៃជំងឺនេះ ហើយបានហៅជំងឺនេះថា កូវីដ-១៩។ នៅខណៈពេលដែលប្រទេសចិនបានប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺឆ្លងជាសកលនេះ ដោយបានដាក់ចេញនូវគោលការណ៍រិតត្បិត និងដាក់កំហិតឱ្យប្រជាជនរបស់ខ្លួនធ្វើតាមដើម្បីកាត់ផ្ដាច់នូវចរាចរណ៍នៃជំងឺនេះ សហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនតែងព្យាយាមប្រាប់ប្រទេសចិនអ្វីគួរធ្វើ និងមិនគួរធ្វើព្រមទាំងបានរិះគន់ដល់គោលការណ៍ដែលបានដាក់ចេញដោយរដ្ឋបាលក្រុងប៉េកាំង ពិសេសទាក់ទងទៅនឹងការបិទទីក្រុងនានា។

រូបភាពអំពីការបិទទីក្រុងមួយនៅក្នុងប្រទេសចិន ដើម្បីសម្រេចគោលនយោបាយគ្មានកូវីដក្នុងសហគមន៍
ខណៈពេលដែរជំងឺកូវីដ-១៩ មិនទាន់បានបញ្ចប់នៅឡើយ ជំងឺថ្មីមួយទៀត​ គឺជំងឺអុតស្វា ក៏បានមានវត្តមានឡើងថ្មីមួយទៀតដែលជាកង្វល់របស់ពិភពលោកទាំងមូល។ ជំងឺអុតស្វាត្រូវបានប្រកាសជាជំងឺរាតត្បាត និងគ្រោះអាសន្នដែលជាក្ដីព្រួបារម្មណ៍ជាសកលនៅខែកក្កដា ឆ្នាំ២០២២ ដោយអង្គការសុខភាពពិភពលោកទោះបីជាការឆ្លងនៅមានកម្រិតទាបនៅទូទាំងសកលលោកក្ដី។ យោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រង​​ និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចជា​ គ្រុន​ក្ដៅ កន្ទួល​រមាស់​ និង​ពង​បែក​នៅ​លើ​ស្បែក​ ឈឺក្បាល ឈឺ​រាងកាយ​ ឬ​ឈឺ​សាច់​ដុំ​ ខ្វះ​ជាតិ​ទឹក​ អស់​កម្លាំង និងហើមកូនកណ្ដុល ។ ក្រៅ​ពី​រោគសញ្ញា​ដែល​បាន​រៀបរាប់​ខាង​លើ​ CDC ក៏​បាន​ឲ្យ​ដឹង​ថា​ អ្នក​ជំងឺ​មួយ​ចំនួន​​ដែល​កើត​ជំងឺ​អុត​ស្វា​បាន​ជួប​​ប្រទះ​នឹង​ការ​​រលាក​ភ្នាស​ពោះវៀន​ធំ​​ផង​ដែរ​។ រហូតមកទល់ពេលនេះនៅមានប្រទេសមួយចំនួននៅប្រងើយកន្ទើយនឹងជំងឺមួយនេះនៅឡើយ។

ប្រសិនបើមើលទៅកាន់ប្រទេសដែលពូកែផ្ដល់ដំបូន្មានដល់ប្រទេសដទៃវិញពោល គឺសហរដ្ឋអាមេរិក រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកមានឈ្មោះជាប្រទេសមួយក្នុងចំណោមប្រទេសដែលអសម្ថភាពបំផុតនៅលើពិភពលោកក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ដែលមិនត្រឹមតែបានឆក់យកជីវិតជនជាតិអាមេរិកជាងមួយលាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ក និងបន្តបង្កឱ្យមានការបំផ្លិចបំផ្លាញសង្គម និងសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសនេះ។ ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលបានកើតមានឡើងនៅក្នុងសហរដ្ឋអាមេរិកនេះត្រូវបានគេគត់សម្គាល់ឃើញមួលហេតុធំៗចំនួនបីគឺ ១-អសម្ថភាពរបស់រដ្ឋបាលរបស់សហរដ្ឋអាមេរិកផ្ទាល់ក្នុងការតាមដាន និងវិភាគស្ថានភាពផ្ទាល់ ជាក់ស្ដែងនៅពេលដែលពិភពលោកកំពុងដុតដៃដុតជើងព្យាយាមទប់ស្កាត់នៃការរីករាលដាលនេះអ្នកសារព័ត៌មាន និងអ្នកនយោបាយក្នុងស្រុកនាពេលនោះបានហៅជំងឺនេះថាគ្រាន់ជាការបំភ័នភ្នែកតែប៉ុណ្ណោះ រហូតដល់ពីរឆ្នាំក្រោយមកប្រជាពលរដ្ឋសហរដ្ឋអាមេរិកជាង ៨៤ លាននាក់បានឆ្លងជំងឺនេះ ហើយយ៉ាងហោចណាស់មនុស្សចំនួន ១ លាននាក់បានបាត់បង់ជីវិតស្របពេលដែលទិនន្ន័យនៃការឆ្លងនៅខ្ពស់នៅឡើយស្របពេលដែលប្រទេសមួយចំនួនបានទប់ស្កាត់បានស្ទើរតែទាំងស្រុងទៅហើយ។ ២- វិសមភាពសង្គម ត្រូវបានគេគត់សម្គាល់ឃើញថាបានដើរតួក្នុងការធ្វើឱ្យស្ថានការនៅប្រទេសអាមេរិកកាន់តែលំបាកលំបិន។ ទោះបីជាអ្នកទីប្រឹក្សារបស់លោក ត្រាំ (អតីតប្រធានាធិបតីសហរដ្ឋអាមេរិក) បានបង្ហាញជូនលោកនូវផលប៉ះពាល់យ៉ាងណាក៏ដោយ លោកនៅតែព្រងើយកន្តើយមិនបានត្រៀមទុកជាមុននូវការគ្រប់គ្រងស្ថានការណ៍នៅក្នុងប្រទេសរបស់ខ្លួន ការណ៍នេះត្រូវបានឱ្យគេសង្គត់ធ្ងន់ថាដោយសារតែវាមិនមានផលប៉ះពាល់ទៅលើក្រុមមនុស្សភាគតិចដែលមានទ្រព្យស្តុកស្ដម្ភនោះឡើយ ជាក់ស្ដែងពួកគេមិនត្រូវចេញមកធ្វើការ​ ឬមានអន្តរកម្មជាមួយអ្នកដទៃដូចមនុស្ស ឬបុគ្គលិកទូទៅនោះឡើយទើបធ្វើឱ្យពួកគេមិនមានការព្រួយបារម្មណ៍។ មូលហេតុទី៣ និងជាមូលហេតុចម្បងនោះគឺ ការប្រើប្រាស់គោលនយោបាយកូវីដមិនត្រឹមត្រូវ។ ស្របពេលនេះមធ្យោបាយ ឬគោលនយោបាយដើម្បីបង្កានៃការរីករាលដាលនៃជំងឺកូវីដមានជាច្រើន និងត្រូវបានប្រើប្រាស់ប្រកបដោយគុណផលតាមបណ្ដាលប្រទេសលើពិភពលោកដូចជាការបិទខ្ទប់ជាដើម សហរដ្ឋអាមេរិកបានហៅវាថាជាការរំលោភបំពានសិទ្ធិមនុស្ស និងប៉ះពាលធ្ងន់ធ្ងរដល់សិទ្ធិសេរីភាព ខណៈពេលដែលពលរដ្ឋជាច្រើនរបស់ខ្លួនត្រូវបានបាត់បង់ជីវិតដែលជាសិទ្ធិមិនអាចយកអ្វីមកប្ដូរបានពោលគឺសិទ្ធិរស់រានមានជីវិត។ សម្ដេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាក៏បានលើកឡើងផងដែរថា កម្ពុជាត្រូវផ្ដល់សិទ្ធិរស់រានមានជីវិតមុនអ្វីៗទាំងអស់ បើពុំដូច្នោះទេបុគ្គលគ្រប់រូបនឹងមិនអាចប្រើប្រាស់សិទ្ធិដទៃទៀតបាននោះឡើយ។

កាលពីពេលថ្មីៗនេះផងដែរ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់លោក ហ៊ុយ វណ្ណៈ បានឱ្យដឹងថា «ពូ ឆាំ សុង អតីតរដ្ឋមន្រ្តីសារព័ត៌មានខ្មែរបានទទួលមរណៈភាពតាំងពីថ្ងៃអាទិត្យ ប៉ុន្តែរហូតមកទល់ពេលនេះនៅមិនទាន់បានចាកចេញពីមន្ទីពេទ្យនៅឡើយទេ។ យើងអាចយល់ពីប្រព័ន្ធសុខាភិបាល និងរបៀបចាត់ចែងដ៏យូររបស់គេ ហើយនៅខ្មែរយើងប្រហែលជាមានមេត្តាធម៌ និងក្ដីករុណាជាលើចំណុចនេះ។

សំណេររបស់លោក ហ៊ុយ វណ្ណៈ ក្នុងបណ្ដាយសង្គម

ការណ៍នេះបានសរបញ្ជាក់ឱ្យឃើញអំពីការខ្វះការយកចិត្តទុកដាក់ និងខ្វះការទទួលខុសត្រូវរបស់វិស័យសុខាភិបាល និងរដ្ឋបាលរបស់សហរដ្ឋអាមេរិកក្នុងការការពារប្រជាពលរដ្ឋរបស់ខ្លួន។ ស្របពេលជាមួយគ្នានេះដែរ ក្មេងស្រីម្នាក់បានទូរស័ព្ទទៅកាន់មន្ទីពេទ្យមួយនៅក្នុងសហរដ្ឋអាមេរិកដើម្បីសាកសួរអំពីជំងឺ អ៊ុតស្វា ដែលជាជំងឺរាតត្បាតថ្មីមួយទៀតនោះ ហើយនាងមិនបានទទួលចម្លើយអ្វីទាំងអស់ដោយអ្នកលើកទូរស័ព្ទនោះមិនទាន់ដឹងថាកំពុងមានរឿងអ្វីកើតឡើងនោះឡើយ។ ទាំងនេះក៏ជាចម្លើយមួយស្ដីពីមូលហេតុដែលសហរដ្ឋអាមេរិកមិនអាចទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ បានទាល់ពេលដោយសារតែការយឺតយ៉ាវ និងខ្វះការយកចិត្តទុកដាក់ក្នុងវិស័យសុខាភិបាលរបស់ខ្លួន។

ជារួមសហរដ្ឋអាមេរិកជាប្រទេសដែលមានសព្វាវុធខ្លាំងក្លា និងជាមហាអំណាចលើពិភព ប៉ុន្តែមិនទាន់ជាប្រទេសដែលអាចការពារសុខុមាលភាពប្រជាពលរដ្ឋខ្លួនឯងបានពេញលេញនៅឡើយទេ។ ជាងនេះទៅទៀតសហរដ្ឋអាមេរិកតែងគិតពីប្រយោជន៍របស់បុគ្គលមួយចំនួនតូចជាធំ​ជាជាងប្រយោជន៍រួម ប៉ុន្តែបែរជាជិះទឹកដាក់ប្រទេសមួយចំនួនដែលកំពុងខិតខំការពារពលរដ្ឋរបស់ខ្លួនឥតស្រាកស្រានទៅវិញ។

អ្នកនិពន្ធ៖SK

Bun

Leave a Reply

Your email address will not be published.

1 + 2 =

This site uses Akismet to reduce spam. Learn how your comment data is processed.