កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៨ ខែតុលា ក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់ថា លោក ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ នឹងមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ ខាងមុខនេះ។
កិច្ចប្រជុំកំពូលនេះក៏នឹងមានការចូលរួមពីនាយករដ្ឋមន្ត្រីចិន លោក លី ឈាង ខណៈដែលប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់ក្នុងការធ្វើទស្សនកិច្ចដែរ។
គួររំលឹកថា អំឡុងឆ្នាំ ២០១២ មានកិច្ចប្រជុំកំពូល ២ នៅក្នុងទីក្រុងភ្នំពេញ ទី១) កិច្ចប្រជុំកំពូលលើកទី៤ ជាកិច្ចប្រជុំកំពូលទ្វេភាគី រវាង អាស៊ាន-អាមេរិក (ថ្ងៃទី១៩ ខែវិច្ឆិកា ២០១២) និង ទី២) កិច្ចប្រជុំកំពូលអាស៊ីខាងកើតលើកទី៧ ជាកិច្ចប្រជុំកំពូលពហុភាគី (ថ្ងៃទី២០ វិច្ឆិកា២០១២) ដែលមានវត្តមានលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូប៉ាម៉ា និង លោកនាយករដ្ឋមន្រ្តីចិន វេន ជេវប៉ាវ។ ចំណែកនៅក្នុង ឆ្នាំ ២០២២ នៅក្នុងទីក្រុងភ្នំពេញ ក៏មានកិច្ចប្រជុំកំពូល ២ គឺ កិច្ចប្រជុំកំពូលទ្វេភាគីលើកទី១០ អាស៊ាន – អាមេរិក និង កិច្ចប្រជុំកំពូលអាស៊ីខាងកើត ពហុភាគី លើកទី១៧ ដែលមានវត្តមាន លោកប្រធានាធតិបតីអាមេរិក ចូរ បាយឌិន និង នាយរកដ្ឋមន្រ្តីចិន លីគីជាំង ហើយក៏មានវត្តមាន រដ្ឋមន្រ្តីរុស្សី ស៊ើហ្គេ រ៉ារ៉ូវ មកចូលរួមផងដែរ។
ប្រសិនបើយើងក្រលេកមើលប្រវត្តិសាស្រ្តនៃកិច្ចប្រជុំកំពូលរបស់អាស៊ាន ទាំងទ្វេភាគី និង ពហុភាគី ជាមួយថ្នាក់ដឹកនាំ អាមេរិក និង ចិន គឺកម្រនិងជួបតទល់នៅមុខគ្នាណាស់។ ដូច្នេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅកូឡាឡំាពួរ ប្រទេសម៉ាឡេស៊ី ក្នុងខែតុលា ខាងមុខនេះ ដែលមានវត្តមាន ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីចិន លោក លី ឈាង ពិតជាប្រវត្តិសាស្រ្តនៃជំនួបកិច្ចប្រជុំកំពូលរបស់តំបន់អាស៊ី និង អាស៊ាន។
ជម្លោះព្រំដែនរវាង កម្ពុជានិងថៃ ក៏នឹងក្លាយជាប្រធានបទដ៏ក្តៅគគុក នៅក្នុងជំនួបកំពូលអាស៊ាននេះដែរ ហើយវត្តមានថ្នាក់ដឹកនាំមហាអំណាចទាំងពីរ គឺច្បាស់ជាមានផលប៉ះពាល់យ៉ាងខ្លាំង ទៅលើដំណោះស្រាយជម្លោះ រវាងប្រទេសកម្ពុជា និង ប្រទេសថៃ។
តំបន់អាស៊ី គឺជាតំបន់យុទ្ធសាស្រ្តរបស់មហាអំណាចទាំងពីរ ទាំងឥទ្ធិពល សេដ្ឋកិច្ច វប្បធម៌ និង យោធា។ សម្រាប់អាមេរិក អាស៊ានគឺជាស្នូលដ៏សំខាន់ នៅក្នុងយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក របស់អាមេរិក ដើម្បីទប់ទល់តុល្យភាពឥទ្ធិពលរបស់មហាអំណាចចិន។ អាស៊ានគឺជា ទីផ្សារដ៏ធំទីបួន របស់អាមេរិក។ បើយោងតាមក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ានអាមេរិក បង្ហាញថា ទំហំទឹកប្រាក់ធ្វើពាណិជ្ជកម្មរវាងអាមេរិក និង អាស៊ានមានរហូតដល់ជាង ៥៧០ ពាន់លានដុល្លារ នៅឆ្នាំ២០២៤។ សម្រាប់ប្រទេសចិនវិញ ទំហំពាណិជ្ជកម្មរវាងចិន និង អាស៊ាន ឆ្នាំ ២០២៤ មានរហូតដល់ ៩៨២ ពាន់លានដុល្លារ គឺស្ទើរតែធំជាង ២ ដង។ អាស៊ានគឺជាទីផ្សារដ៏ធំជាងគេរបស់ប្រទេសចិន ក្នុងរយៈពេល៥ ឆ្នាំចុងក្រោយនេះ។
វាមានរឿងភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច និង តំបន់យោធាយុទ្ធសាស្រ្ត ដែល អាស៊ានមានសម្រាប់ប្រយោជន៍ចិន និងអាមេរិក ដូចជា សមុទ្រចិនខាងត្បូង និង ច្រកផ្លូវសមុទ្រអន្តរជាតិ ឥទ្ធិពលឥណ្ឌូប៉ាស៊ីហ្វិក។ ដូច្នេះ ជំនួបក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលបានអញ្ជើញមហាអំណាចចិន-អាមេរិក ក្នុងភាពជាដៃគូរយុទ្ធសាស្រ្ត សេដ្ឋកិច្ចគឺពិតជាសំខាន់ខ្លាំងណាស់។
យើងបានមើលឃើញហើយ ប្រទេសថៃហាក់មានការបន្ទន់ឥរិយាបទនូវមហិច្ឆិតាឈ្លានពានរបស់ខ្លួន ពេលទទួលការព្រមានពីសហរដ្ឋអាមរិក អំពីលទ្ធភាពនៃទណ្ឌកម្មពន្ធបដិការ ប្រសិនបន្តនូវភាពគគ្លើនរបស់ខ្លួនឈ្លានពានកម្ពុជា។ បើក្រលេកមកមើលស្ថានភាពនយោបាយប្រទេសថៃវិញ យើងមើលឃើញថា ប្រជាជនថៃគឺមិនសូវជឿលើភាពដឹកនាំរបស់របបដឹកនាំយោធាទៅលើភាពចម្រុងចម្រើនសេដ្ឋកិច្ចនោះទេ។ មកទល់ពេលនេះ យើងឃើញថា ប្រជាជនចាប់ផ្តើមផ្តល់ការគាំទ្រគោលនយោបាយបន្តរបស់គណបក្សភឿថៃ ដែលផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ចជាតិជាធំ ទោះបីនយោបាយថៃកំពុងប្រែប្រួល។
ចំពោះមហាអំណាចចិនវិញ ប្រាកដណាស់ខ្លួនច្បាស់ជា ចូលរួមចំណែកយ៉ាងខ្លាំងក្នុងការត្រួសត្រាយស្វែងរកសន្តិភាពក្នុងតំបន់អាស៊ាន ព្រោះអាស៊ានគឺជាទីផ្សារដ៏ធំជាងគេរបស់ខ្លួន ខណៈពេលចិន កំពុងជាប់ផុងខ្លាំងជាមួយរឿងសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិកផង។
យើងក៏ឃើញមានសញ្ញាវិជ្ជមានជាច្រើន ពីប្រមុខដឹកនាំកម្ពុជា ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាបតីតេជោ ហ៊ុន សែន បានជំរុញឲ្យប្រជាជនកុំចូលក្នុងអន្ទាក់សៀម ដែលអាចរុញកម្ពុជាចាកចេញពីអាមេរិក តាមរយៈរឿងកុងត្រាក្រុមហ៊ុនកូកាកូឡា ជាមួយតារារ៉ែប វណ្ណដា។ កត្តាមួយទៀត គឺសហរដ្ឋអាមេរិក កំពុងដឹកនាំដោយគណបក្សសាធារណរដ្ឋ ដែលមានលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលគិតរឿងសេដ្ឋកិច្ចសំខាន់ និង គាំទ្ររដ្ឋនៅលើពិភពលោក ឲ្យធ្វើជំនួញត្រឹមត្រូវ និងយុត្តិធម៌ ជាមួយអាមេរិក។
សរុបរួមមក កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅក្នុងខែតុលាខាងមុខនេះ វាជារឿងកម្រដែលថ្នាក់ដឹកនាំមហាអំណាចទាំងពីរចូលរួម ជាដៃគូរយុទ្ធសាស្ត្រ។ ដូច្នេះ កម្ពុជា និង ថៃ ដែលជាសមាជិកអាស៊ានត្រូវចាប់យកយន្តការសេ្ថភាព សន្តិសុខតំបន់ និង តម្លៃស្នូល អាស៊ាន។ ឱកាសនេះក៏និងក្លាយជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្កើតសហប្រតិបត្តិការ ជំនួញពាណិជ្ជកម្មជាមួយអាមេរិក ដើម្បីជំរុញសន្ទុះសេដ្ឋកិច្ចរបស់ខ្លួនឲ្យកាន់តែខ្លាំង និង រឹងមាំ។
វឌ្ឍនៈ សិរីវង្ស គ្រូបង្រៀនភាសាអង់គ្លេស និងជាអ្នកសារព័ត៌មានឯករាជ្យនៃ IPN, CEN, និង the other truth។ ទស្សនៈ និងយោបល់ដែលបានបញ្ចេញគឺជាទស្សនៈរបស់លោកផ្ទាល់៕