តើវិវាទការងាររវាងអតីតបុគ្គលិកជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ឈានដល់ដំណាក់កាលណាហើយ?

វិវាទការងារដែលបង្កឡើងដោយសារតែការបញ្ឈប់បុគ្គលិកពីក្រុមហ៊ុនណាហ្គាវើលដ៍ជាង១ពាន់នាក់ បានបង្កទៅជាការប្រមូលផ្ដុំធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនផ្ទាល់តែម្ដង។ ការប្រមូលផ្ដុំធ្វើកូដកម្មពីសំណាក់អតីតបុគ្គលិកជាង១ពាន់នាក់នេះ ក្នុងគោលបំណងទាមទាររកដំណោះស្រាយ ប៉ុន្ដែកូដកម្មដែលចាប់ផ្ដើមនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានផ្អាកទៅវិញទាំងគ្មានលទ្ធផលនៅត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២២ ក្រោយរកឃើញកូដករជាច្រើនរូបបានឆ្លងជំងឺកូវីដ-១៩។ អាជ្ញាធរបានឱ្យកូដករដែលឆ្លងទៅព្យាបាល ខណៈអ្នកពាក់ព័ន្ធតម្រូវឱ្យធ្វើចត្ដាឡីស័កតាមវិធានសុខាភិបាល។ ទោះបីជាត្រូវផ្អាកសកម្មភាពក៏ពិតមែន តែក្រុមកូដករបានប្រកាសថាពួកគេនឹងរៀបចំការតវ៉ាសាជាថ្មីនៅពេលចប់ការធ្វើចត្ដាឡីស័ក ព្រោះពួកគេមិនសុខចិត្ដនឹងអាជ្ញាធរដែលចាប់ខ្លួនមេដឹកនាំសហជីពនិងសកម្មជនតវ៉ា ក៏ដូចជាមិនទាន់មានដំណោះស្រាយសមរម្យ។ ប៉ុន្ដែថ្វីបើបានប្ដេជ្ញាបែបនេះក៏ដោយ ការតវ៉ាជាថ្មីទំនងនឹងមិនអាចធ្វើនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍បានតទៅទៀតទេ ដោយសាររដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងហើយថា ប្រសិនបើអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចង់ត្រឡប់មកតវ៉ាឡើងវិញ ត្រូវធ្វើនៅកន្លែងមញ្ចេញមតិសាធារណៈ គឺនៅទីលានប្រជាធិបតេយ្យ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥...