តើវិវាទការងាររវាងអតីតបុគ្គលិកជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ឈានដល់ដំណាក់កាលណាហើយ?

វិវាទការងារដែលបង្កឡើងដោយសារតែការបញ្ឈប់បុគ្គលិកពីក្រុមហ៊ុនណាហ្គាវើលដ៍ជាង១ពាន់នាក់ បានបង្កទៅជាការប្រមូលផ្ដុំធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនផ្ទាល់តែម្ដង។ ការប្រមូលផ្ដុំធ្វើកូដកម្មពីសំណាក់អតីតបុគ្គលិកជាង១ពាន់នាក់នេះ ក្នុងគោលបំណងទាមទាររកដំណោះស្រាយ ប៉ុន្ដែកូដកម្មដែលចាប់ផ្ដើមនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានផ្អាកទៅវិញទាំងគ្មានលទ្ធផលនៅត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២២ ក្រោយរកឃើញកូដករជាច្រើនរូបបានឆ្លងជំងឺកូវីដ-១៩។ អាជ្ញាធរបានឱ្យកូដករដែលឆ្លងទៅព្យាបាល ខណៈអ្នកពាក់ព័ន្ធតម្រូវឱ្យធ្វើចត្ដាឡីស័កតាមវិធានសុខាភិបាល។

ទោះបីជាត្រូវផ្អាកសកម្មភាពក៏ពិតមែន តែក្រុមកូដករបានប្រកាសថាពួកគេនឹងរៀបចំការតវ៉ាសាជាថ្មីនៅពេលចប់ការធ្វើចត្ដាឡីស័ក ព្រោះពួកគេមិនសុខចិត្ដនឹងអាជ្ញាធរដែលចាប់ខ្លួនមេដឹកនាំសហជីពនិងសកម្មជនតវ៉ា ក៏ដូចជាមិនទាន់មានដំណោះស្រាយសមរម្យ។ ប៉ុន្ដែថ្វីបើបានប្ដេជ្ញាបែបនេះក៏ដោយ ការតវ៉ាជាថ្មីទំនងនឹងមិនអាចធ្វើនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍បានតទៅទៀតទេ ដោយសាររដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងហើយថា ប្រសិនបើអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ចង់ត្រឡប់មកតវ៉ាឡើងវិញ ត្រូវធ្វើនៅកន្លែងមញ្ចេញមតិសាធារណៈ គឺនៅទីលានប្រជាធិបតេយ្យ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ ដោយមានការស្នើសុំត្រឹមត្រូវ។

យោងតាមសេចក្ដីជូនដំណឹងចេញផ្សាយថ្ងៃទី១៥ខែកុម្ភៈ សាលារាជធានីភ្នំពេញបានបញ្ជាក់ថា មូលហេតុដែលហាមឃាត់ដាច់ខាតមិនឱ្យមានការប្រមូលផ្ដុំធ្វើសកម្មភាពតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដបំប្លែងថ្មីចូលក្នុងសហគមន៍កាន់តែច្រើន ក៏ដូចជាដើម្បីធានាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ។

តើកូដកម្មដែលធ្វើឡើងជិតពីរខែកន្លងមកនេះមានស្ថានភាពបែបណាខ្លះ?

កាលពីអំឡុងពេលតវ៉ាដែលមានរយៈពេលជិតពីរខែកន្លងមក បើតាមតំណាងប្រធានសហជីបបុគ្គលិកណាហ្គាវើលដ៍ ដែលជាអ្នកដឹកនាំធ្វើកូដកម្មបានអះអាងថា ការធ្វើកូដកម្មគឺជាការសម្រេចចិត្ដរួមគ្នា ហើយដើមចមធំបំផុតគឺដើម្បីទាមទារដំណោះស្រាយចំនួន៩ចំណុច។ ក្នុងនោះមានដូចជា ការទាមទារឱ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព បុគ្គលិក និងកម្មករនិយោជិតជាង៣០០នាក់ ដែលមិនព្រមទទួលយកសំណងបញ្ចប់កិច្ចសន្យាការងារចូលបម្រើការងារឡើងវិញ ទាមទារឱ្យក្រុមហ៊ុនគិតប្រាក់ដំណាច់បញ្ចប់កិច្ចសន្យាការងារបង្គ្រប់បន្ថែមឱ្យបានត្រឹមត្រូវ សម្រាប់កម្មករនិយោជិតដែលត្រូវបានកាត់ចេញតាមគម្រោងកាត់បន្ថយបុគ្គលិក និងទាមទារឱ្យក្រុមហ៊ុនអនុវត្តសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចទី៣ ដោយគិតប្រាក់បញ្ចប់កិច្ចសន្យាការងារបង្គ្រប់បន្ថែមឱ្យបានត្រឹមត្រូវជាដើម។

តែកូដកម្មដែលរៀបចំឡើងនេះ ទាំងក្រសួងការងារ និងអាជ្ញាធររាជធានីភ្នំពេញ បានទទូចសុំឱ្យកូដករបញ្ឈប់ការប្រមូលផ្ដុំតវ៉ាដោយខុសច្បាប់ ហើយងាកទៅចរចារកដំណោះស្រាយទើបជារឿងប្រសើរ។ ដោយអស់ជំនឿលើការចរចា ក្រុមកូដករមិនបានធ្វើតាមការអំពាវនាវរបស់អាជ្ញាធរឡើយ។ ទីបំផុត ពួកគេមួយចំនួនក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនក្រោមបទចោទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ និងបទ “រារាំងដល់ការអនុវត្ដវិធានការទប់ស្កាត់កូវីដ” បន្ទាប់ពីការព្រមានរបស់អាជ្ញាធរថាបើមិនបញ្ឈប់នឹងអនុវត្ដតាមច្បាប់។ គិតត្រឹមពេលនេះ ថ្នាក់ដឹកនាំនិងសកម្មជនសហជីពណាហ្គាវើលដ៍ដែលត្រូវបានចាប់ខ្លួនមានជាងនាក់ហើយ។ សមាជិកសហជីពចំនួន៤រូបទៀត ក៏ត្រូវបានតុលាការចេញដីកាឱ្យចូលខ្លួនបំភ្លឺទាក់ទងនឹងសំណុំរឿងបំពានវិធានការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ផងដែរ។

តើការធ្វើកូដកម្មនេះហួសព្រំដែនឬទើបឈានដល់ការចាប់ខ្លួន?

ទាក់ទងទៅនឹងបញ្ហានេះ បណ្ដាមេដឹកនាំសហជីពនានា ក៏ដូចជាអង្គការសង្គមស៊ីវិលមួយចំនួន ដែលជាអ្នកតាមដានការតវ៉ារបស់ក្រុមកូដករអតីតបុគ្គលិកណាហ្គាវើលដ៍យ៉ាងយកចិត្ដទុកដាក់ បានបង្ហាញទស្សនៈប្រហាក់ប្រហែលគ្នា ខណៈអាជ្ញាធរមានសមត្ថកិច្ចយល់ឃើញផ្សេង។

លោកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) បានថ្លែងប្រាប់អ្នកសារព័ត៌មានថា បញ្ហានៅណាហ្កាវើលដ៍នេះ គឺជាវិវាទការងាររវាងបុគ្គលិកនិងក្រុមហ៊ុន។ ប៉ុន្តែអាជ្ញាធរបានលាបពណ៌ដល់សហជីព និងក្រុមអ្នកតវ៉ា ថាពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ និងមានគោលបំណងមិនល្អគ្រប់ទម្រង់។ ដូច្នេះលោកស្រីថា រឿងនេះគួរតែកែប្រែស្ថានការណ៍ទៅជារឿងតូច ដោះស្រាយជាវិវាទការងារជាជាងការពង្រីកបញ្ហា។

និយាយពីរឿងបដិវត្ដពណ៌ លោកហេង សួរអ្នកនាំពាក្យក្រសួងការងារធ្លាប់បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ថា ការប្រើប្រាស់អនីតិជន ឬស្ដ្រី ជាពិសេសស្ដ្រីមានកូនខ្ចី ឬស្ដ្រីមានផ្ទៃពោះ ដើម្បីចូលរួមតវ៉ាអ្វីមួយ គឺជាតាក់ទិកមួយដែលមានសរសេរក្នុងក្បួនរបស់អ្នករៀបចំបដិវត្ដន៍ពណ៌នៅប្រទេសណាមួយ។ លោកលើកឡើងដូច្នេះត្បិតថាមិនបញ្ជាក់ចំឈ្មោះក្រុមកូដករនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ប៉ុន្ដែត្រូវបានគេចាត់ទុកថាលោកចង់សំដៅលើក្រុមតវ៉ានេះឯង។ ម្យ៉ាងសាររបស់លោកក៏ចេញគាប់ជួនកំពុងមានការតវ៉ាផងដែរ ពោលគឺក្រោយមួយថ្ងៃប៉ុណ្ណោះនៃការចាប់ផ្ដើមធ្វើកូដកម្ម។

សម្រាប់លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់ ក៏បានប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះការចាប់ខ្លួនមេដឹកនាំសហជីព និងសកម្មជនរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដោយគ្រាន់តែពួកគេអនុវត្តសិទ្ធិស្របច្បាប់។ លោកសង្កត់ធ្ងន់ថា បញ្ហានេះគឺជារឿងអយុត្ដិធម៌បំផុតសម្រាប់កូដករ ដូច្នេះលោកសូមអំពាវនាវឱ្យរដ្ឋាភិបាលមានវិធានការជាបន្ទាន់។

ចំណែកលោកប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជាយល់ថា ដំណើររឿងនៃក្រុមហ៊ុនណាហ្គាវៀលដ៍មិនគួរណាឈានដល់ការចាប់ខ្លួនឡើយ។ លោកថាការបញ្ឈប់មេដឹកនាំសហជីពឬបុគ្គលិកគឺជារឿងខុសច្បាប់ ព្រោះដើម្បីបញ្ឈប់មេដឹកនាំសហជីពឬតំណាងកម្មករបានក្នុងស្ថានភាពវិបត្ដិណាមួយ គឺត្រូវបញ្ឈប់កម្មករធម្មតាជាមុនសិនទើបរំសាយតំណាងសហជីពជាក្រោយ។ ដូច្នេះលោកយល់ថា ទង្វើរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ជាទង្វើខុសច្បាប់ និងជាចេតនារើសអើងធ្ងន់ធ្ងរបំផុតទៅលើសហជីព។ លោកសង្កត់ធ្ងន់ថា នេះមិនមែនជាលើកទីមួយទេដែលក្រុមហ៊ុនបានព្យាយាមបណ្ដេញមេដឹកនាំសហជីព ហើយទាក់ទងនឹងការតវ៉ាគឺជាការតវ៉ាដោយសន្ដិវិធី ដូច្នេះការចាប់ខ្លួនមេដឹកនាំសហជីព ឬបុគ្គលិក គឺជាការគំរាមកំហែងដល់សិទ្ធិសេរីភាពរបស់ពួកគេក្នុងការតវ៉ាដោយសន្ដិវិធី ខណៈការប្រព្រឹត្ដកំហុសបង្កឡើងដោយភាគីនិយោជក ហេតុនេះអាជ្ញាធរត្រូវតែដោះលែងពួកគេវិញ។

រីឯលោកហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើងថាការចាប់ខ្លួនតំណាងកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ គឺជារឿងបំភិតបំភ័យ ធ្វើឱ្យពួកគេខ្លាចរអាលែងហ៊ានធ្វើកូដកម្ម។ ជាងនេះទៅទៀត វាគឺជារឿងបំបិទសិទ្ធិសេរីភាពពួកគេ ហើយទោះបីជាសមត្ថកិច្ចបានជូនដំណឹងមិនឱ្យធ្វើកូដកម្ម ប៉ុន្ដែក៏មិនដល់ថ្នាក់ចាប់ខ្លួនបែបនេះដែរ គួរណាស់តែព្យាយាមរកដំណោះស្រាយផ្សេង។ លោកក៏សូមអំពាវនាវដល់កម្លាំងសមត្ថកិច្ចដោះលែងអ្នកត្រូវបានចាប់ខ្លួនជាបន្ទាន់ ចៀសវាងការរិះគន់ពីមជ្ឈដ្ឋាននានា។ សម្រាប់ម្ចាស់ក្រុមហ៊ុនណាហ្គាវើលដ៍ ក៏ត្រូវយកចិត្ដទុកដាក់លើបញ្ហានេះដែរ កុំអាងខ្លួនជាអ្នកមានលុយមានអំណាចហើយព្រងើយកន្ដើយ។

យ៉ាងណាក៏ដោយ ជុំវិញការចាប់ខ្លួនតំណាងកម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍ អាជ្ញាធរមានសមត្ថកិច្ចបានបកស្រាយតាមនីតិវិធីផ្សេង។ បើតាមលោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានពន្យល់ថា សមត្ថកិច្ចមានហេតុផលច្បាស់លាស់ត្រឹមត្រូវ។ បើគិតពីកត្ដាច្បាប់ លោកថាពួកគេតវ៉ាដោយខុសច្បាប់ ព្រោះមានការជូនដំណឹងជាច្រើនលើកច្រើនសារហើយប៉ុន្ដែពួកគេមិនស្ដាប់។ ម្យ៉ាងវិញទៀត ក៏មានលក្ខណៈមួយចំនួនទាក់ទងនឹងការញុះញង់បង្កឱ្យមានភាពវឹកវរក្នុងសង្គម ការញុះញង់បង្កឱ្យមានការបិទផ្លូវសាធារណៈ ឬការបង្កឱ្យមានការរាំងស្ទះដល់ការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនជាដើម។

អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀត ស្នងការនគរបាលរាជធានីភ្នំពេញរកឃើញថា សហជីពបុគ្គលិកដែលធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ទទួលបានការឧបត្ថម្ភទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារជាបន្តបន្ទាប់ពីអង្គការក្នុងស្រុកចំនួន២ និងអង្គការនៅក្រៅប្រទេសចំនួន១ តែមិនបានបញ្ជាក់ឈ្មោះទេ។

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ លោកប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ និងជាអ្នកទទួលបន្ទុកផ្នែកបង្ក្រាបក្រុមកូដករ បានបញ្ជាក់ថាតាមរយៈការស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញភស្តុតាងដាក់បន្ទុកមួយចំនួនធំពីវីដេអូបែកធ្លាយក្នុងកិច្ចប្រជុំ។ ស្នងការរងនគរបាលរាជធានីភ្នំពេញរូបនេះបានឱ្យដឹងបន្ថែមថា លទ្ធផលនៃការពិនិត្យភស្តុតាងដែលដកហូតបាន សមត្ថកិច្ចបានរកឃើញថា ក្រុមមេដឹកនាំធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ បានទទួលការឧបត្ថម្ភពីអង្គការនៅក្រៅ និងក្នុងប្រទេសជាទឹកប្រាក់ជាដំណាក់កាលៗ ដោយមួយលើកបាន៥ពាន់ដុល្លារ និងមានដាក់ជាផែនការសម្រាប់ការធ្វើកូដកម្ម។

តើគួរមានយន្ដការអ្វីបន្ថែមដើម្បីបញ្ចប់វិវាទការងារនេះ?

វិវាទការងាររវាងអតីតបុគ្គលិកជាមួយនឹងក្រុមហ៊ុនណាហ្គាវើលដ៍ បច្ចុប្បន្នហាក់ស្ថិតក្នុងសភាពកាន់តែស្មុគស្មាញ។ ក្រុមអង្គការសង្គមស៊ីវិលបានស្នើឡើងនូវចំណុចមួយចំនួន ទីមួយត្រូវតែដោះលែងអ្នកដែលបានចាប់ខ្លួនជាមុនសិន ហើយតុលាការត្រូវទម្លាក់បទចោទប្រកាន់លើពួកគេទាំងអស់។ ទីពីរ ប្រធានក្រុមហ៊ុនណាហ្គាវើលដ៍ គួរធ្វើការចរចាជាមួយតំណាងសហជីព ដើម្បីស្វែងរកដំណោះស្រាយសមស្របមួយអាចទទួលយកបានទាំងពីរភាគី ហើយមានការចូលរួមសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធ និងត្រូវបញ្ឈប់រាល់ការរើសអើង ធ្វើទុក្ខបុកម្នេញទៅលើសហជីពតទៅទៀត។

គួរបញ្ជាក់ផងដែរថា ទាក់ទងនឹងការការដោះស្រាយវិវាទនេះ អ្នកនាំពាក្យក្រសួងការងារលោកហេង សួរធ្លាប់បានបញ្ជាក់ថា ក្រសួងបានព្យាយាមសម្របសម្រួលជាច្រើនលើកច្រើនសារទៅតាមអ្វីដែលមាននៅក្នុងច្បាប់ ប៉ុន្ដែភាគីទាំងពីរមិនឯកភាពគ្នា។ លោកថា យោងតាមនីតិវិធីមានជម្រើសពីរ ទីមួយ ភាគីនីមួយៗអាចជ្រើសរើសវិធានវិវាទការងារ មានន័យថាអាចធ្វើកូដកម្មដោយស្របច្បាប់។ ទីពីរ ប្រសិនបើវិធានវិវាទការងារដោយស្របច្បាប់មិនអាចដោះស្រាយបាន ត្រូវជ្រើសរើសយកនីតិវិធីតុលាការដើម្បីបញ្ចប់វិវាទនេះ។

លោកហេង សួរបន្ថែមថា ទោះបីបច្ចុប្បន្នការតវ៉ាត្រូវបានចាត់ទុកជាការតវ៉ាដោយខុសច្បាប់ក៏ដោយ ប៉ុន្ដែក្រសួងការងារនៅតែអំពាវនាវឱ្យអតីតបុគ្គលិកណាហ្គាទាំងអស់ ដែលកន្លងមកតវ៉ាដោយសារការទូទាត់សំណងមិនគ្រប់ឬយ៉ាងណានោះ សូមផ្ដល់នូវព័ត៌មាននិងភស្ដុតាងដើម្បីបញ្ជាក់ថាការទូទាត់មិនត្រឹមត្រូវ ក្រសួងនឹងជួយសម្របសម្រួលបន្ថែម។ ប៉ុន្ដែទន្ទឹមគ្នា ក៏ត្រូវតែមានកិច្ចសហការផ្ដល់ព័ត៌មានពីគ្រប់ភាគីទាំងអស់ ព្រោះបើគ្មានកិច្ចសហការក្រសួងក៏មានការលំបាកដែរ។ អ្វីដែលសំខាន់គឺអាស្រ័យទៅលើព័ត៌មានដែលទទួលបានគ្រប់ជ្រុងជ្រោយសិន នោះទើបក្រសួងអាចវាយតម្លៃបាន។

ជារួម បើចង់រកបានដំណោះស្រាយពិតប្រាកដ ចង់ឬមិនចង់គ្មានអ្វីក្រៅពីការបន្ទន់ជំហររឹងត្អឹងម្នាក់បន្ដិចនោះទេ។ ប្រសិនបើទាំងកូដករនិងខាងក្រុមហ៊ុនបន្ដឥរិយាបទរឹងរូស ការខាតបង់នឹងមានទាំងសងខាង ហើយកាន់តែធំជាងមុន។ ដូច្នេះ ជម្រើសល្អបំផុតគួរនាំគ្នាដកថយម្នាក់មួយជំហាន ឬនិយាយឱ្យស្រួលយល់ត្រូវបន្ធូរបន្ថយលក្ខខណ្ឌរៀងៗខ្លួន ហើយអ្នកដែលពាក់ព័ន្ធក្នុងការដោះស្រាយជាអាទិ៍មានក្រសួងការងារ សាលារាជធានីភ្នំពេញ និងក្រុមប្រឹក្សាអាជ្ញាកណ្តាលជាដើម ត្រូវប្រកាន់ភាពអព្យាក្រឹត្យ ដើម្បីឱ្យភាគីកូដករនិងភាគីក្រុមហ៊ុនទទួលយកបានទាំងអស់គ្នា។

សូមរម្លឹកឡើងវិញថា រឿងរ៉ាវនៃវិវាទការងាររវាងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយក្រុមហ៊ុននេះ បានអូសបន្លាយពេលប្រមាណ៨ខែមុនចាប់ផ្ដើមកូដកម្ម ក្រោយពីក្រុមហ៊ុនប្រកាសបញ្ឈប់បុគ្គលិក១,៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨,០០០នាក់។ ការបញ្ឈប់នេះក្រុមហ៊ុនណាហ្គាវើលដ៍លើកហេតុផលថា ដោយសារជួបវិបត្តិហិរញ្ញវត្ថុបណ្ដាលមកពីជំងឺកូវីដ-១៩។ តាមរយៈសេចក្ដីថ្លែងការណ៍ចេញនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនណាហ្គាវើលដ៍អះអាងថា បានខាតបង់ប្រាក់ចំណូលចំនួនជាង៧៧លានដុល្លារក្នុងរយៈពេល៦ខែឆ្នាំ២០២១។ ចំពោះការកាត់បន្ថយបុគ្គលិកក្រុមហ៊ុនថា មិនមែនកាត់បន្ថយតែបុគ្គលិកជាសមាជិករបស់សហជីពប៉ុណ្ណោះទេ ពោលគឺធ្វើឡើងលើផ្នែកណាដែលមានចំនួនបុគ្គលិកច្រើនលើសតម្រូវការ និងកម្លាំងបុគ្គលិកដែលគ្មានផលិតភាពប៉ុណ្ណោះ។ តែក្រុមកូដករចាត់ទុកនេះជាហេតុផលប្រតិដ្ឋឡើងរបស់ក្រុមហ៊ុន មិនឆ្លុះបញ្ចាំងពីការពិត។ ពួកគេអះអាងថា ក្រុមហ៊ុនបានចំណេញប្រាក់យ៉ាងលើសលុប រហូតដល់មានការសង់អគារណាហ្គាវើលដ៍ទី៣បន្ថែមទៀតផង។

ជារួម បើចង់រកបានដំណោះស្រាយពិតប្រាកដ ចង់ឬមិនចង់គ្មានអ្វីក្រៅពីការបន្ទន់ជំហររឹងត្អឹងម្នាក់បន្ដិចនោះទេ។ ប្រសិនបើទាំងកូដករនិងខាងក្រុមហ៊ុនបន្ដឥរិយាបទរឹងរូស ការខាតបង់នឹងមានទាំងសងខាង ហើយកាន់តែធំជាងមុន។ ដូច្នេះ ជម្រើសល្អបំផុតគួរនាំគ្នាដកថយម្នាក់មួយជំហាន ឬនិយាយឱ្យស្រួលយល់ត្រូវបន្ធូរបន្ថយលក្ខខណ្ឌរៀងៗខ្លួន ហើយអ្នកដែលពាក់ព័ន្ធក្នុងការដោះស្រាយជាអាទិ៍មានក្រសួងការងារ សាលារាជធានីភ្នំពេញ និងក្រុមប្រឹក្សាអាជ្ញាកណ្តាលជាដើម ត្រូវប្រកាន់ភាពអព្យាក្រឹត្យ ដើម្បីឱ្យភាគីកូដករនិងភាគីក្រុមហ៊ុនទទួលយកបានទាំងអស់គ្នា។

គួរកត់សម្គាល់ដែរថា ការធ្វើកូដកម្មឬការតវ៉ានានា ពេលខ្លះពុំមែនជាដំណោះស្រាយដែលផ្ដល់អត្ថប្រយោជន៍នោះទេ ដូច្នេះត្រូវធានាកុំឱ្យមានឧបទ្ទវហេតុខុសប្រក្រតីកើតឡើង និងត្រូវទប់ស្កាត់ឱ្យបាននូវបដិវត្ដន៍ពណ៌ ដើម្បីឈានទៅការពារសន្ដិភាពក្នុងប្រទេស៕

អ្នកនិពន្ធ៖Penh pheng

Bun

Leave a Reply

Your email address will not be published. Required fields are marked *

9 + 3 =

This site uses Akismet to reduce spam. Learn how your comment data is processed.