Day: November 25, 2025
អត្ថបទវិភាគ : សេណារីយ៉ូរឿងគ្រាប់មីនគឺជាយុទ្ធសាស្ត្រ «តម្រិះជិះកឯង» របស់ភាគីថៃ
ម្តងហើយម្តងទៀត ភាគីថៃតែងតែយកប្រធានបទស្តីពីការដើរជាន់មីននៃទាហានរបស់ខ្លួនមកធ្វើជាលេស ក្នុងការចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មី។ គោលដៅសំខាន់បំផុតរបស់ភាគីថៃគឺបង្កើតលេស ដើម្បីបង្ខូចឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ក្នុងគោលបំណងបង្វែរការចាប់អារម្មណ៍ពីការឈ្លានពានរបស់ខ្លួនមកលើអធិបតេយ្យភាពកម្ពុជា ក៏ដូចជាការបំពានមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់។ ប៉ុន្តែ ល្បិចរបស់ថៃប្រៀបដូចជាការជីករណ្តៅកប់ខ្លួនឯង ឬបើនិយាយតាមសុភាសិតខ្មែរវិញគឺ «តម្រិះជិះកឯង»។ ហេតុអ្វី? ពីព្រោះសកម្មភាពដដែលៗរបស់ថៃបាននិងកំពុងបង្ហាញឱ្យពិភពលោកឃើញយ៉ាងច្បាស់អំពីគោលដៅទុច្ចរិតរបស់ខ្លួនទៅវិញទេ។ ទី១៖ នរណាក៏ដឹងដែរថា កម្ពុជាគឺជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ដោយក្នុងអំឡុងពេលនោះ គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបានកប់យ៉ាងច្រើននៅក្នុងដី ពិសេសក្នុងតំបន់ដែលមានសង្គ្រាមផ្ទុះខ្លាំង ដូចជាតំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជាថៃជាដើម ដែលជាទីតាំងធ្លាប់មានការប្រយុទ្ធគ្នាពីអតីតកាល។ ទី២៖ ក្រោយទទួលបានសុខសន្តិភាពតាមរយៈនយោបាយឈ្នះ-ឈ្នះនាចុងទសវត្សរ៍ទី ៩០ កម្ពុជាបានខិតខំយ៉ាងខ្លាំងក្នុងការដោះមីននិងគ្រាប់មិនទាន់ផ្ទុះដែលជាកាកសំណល់សង្គ្រាមចេញពីទឹកដីរបស់ខ្លួន...