
កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ សម្តេចតេជោ ហ៊ុន សែន បានទម្លាយសំឡេងដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេចនិងគ្រួសារ តាមរយៈការវាយតាមដ្រូនចូលភូមិគ្រឹះរបស់សម្តេច។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្សគាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។
សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ។
ការលើកឡើងរបស់ក្រុមប្រឆាំងក្រៅប្រទេសថា សម្តេចរៀបចំល្បែងនយោបាយមួលបង្កាច់ និងរៀបចំផែនការដើម្បីទម្លាក់កំហុសលើក្រុមប្រឆាំងនោះ គឺមិនអាចទៅរួចនោះទេ ដោយសារសម្តេច ជាអ្នកដឹកនាំនយោបាយចាស់វស្សា និងមានបទពិសោធច្រើន និងគ្រប់គ្រាន់ក្នុងការទទួលបានពត៍៌មាន និងក្តាប់ស្ថានការណ៍នយោបាយ និងសន្តិសុខជាតិ។ ហើយការលើកឡើងរបស់ក្រុមប្រឆាំង គឺជាទស្សនៈបំផុសបំផុល និងព្យាយាមធ្វើឱ្យសង្គមយល់ឃើញថាពួកគេត្រូវបានចោទប្រកាន់ ដោយការពិត គឺរឿងនេះស្ថិតនៅស្ថានការណ៍ស៊ើបអង្កេត។
គណបក្ស និងសកម្មជនប្រឆាំងទាំងក្នុង និងក្រៅប្រទេសកំពុងស្ថិតនៅស្ងៀមស្ងាត់នៅឡើយចំពោះអ្វីដែលលោក ហ៊ុន សែន បានលើកឡើងពេលនេះ។ ក៏ប៉ុន្តែ មេដឹកនាំកងទ័ព នគរបាល មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ចៅហ្វាយខេត្ត គណបក្សនយោបាយដែលមានសម្ព័ន្ធភាពជាមួយគណបក្សកាន់អំណាច បាននាំគ្នាចេញញត្តិដូចៗគ្នាព្រោងព្រាត ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះគម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់លោក ហ៊ុន សែន។ ខ្លឹមសារនៃញត្តិបញ្ជាក់ថា គម្រោងផែនការនេះជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជាឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គ្រាមសាជាថ្មី។
តើអាចទេដែលវាជាយុទ្ធសាស្រ្តរបស់ អាម៉េរិក ? ក្រោមស្លាក USAID និងជំនួយអភិវឌ្ឍន៍ដទៃទៀត ដែលអាម៉េរិកតែងតែផ្តល់ជាការបណ្តុះបណ្តាលក្រុមសកម្មជនប្រឆាំង ក្រោមស្លាកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
នៅក្នុងការបណ្តុះបណ្តាលនៅតាមអង្គការសង្គមស៊ីវិល ក្រុមសកម្មជនទាំងនោះតែងតែប្រើប្រាស់វិធីសាស្រ្តរិះគន់ និងការកៀគរប្រជាជនប្រឆាំងនឹងរដ្ឋាភិបាល រហូតដល់ការធ្វើបាតុកម្ម ឬបដិវត្តន៍ពណ៍។ ប្រសិនបើគ្មានជំនួយពីរបរទេសទេ នោះក្រុមប្រឆាំងជ្រុលនិយមទាំងនោះក៏មិនមានធនធានហិរញ្ញវត្ថុ និងអ្នកជំនាញការផ្តល់ការបណ្តុះបណ្តាលដល់សកម្មជនខ្លួនដែរ៕