សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារមួយទៅកាន់លោក អ៊ុំ សំអាន ដោយផ្តល់ឱកាសមាសមួយដល់រូបលោក និងក្រុមការងារ ដើម្បីបង្ហាញសមត្ថភាពពិតប្រាកដជាអ្នកជំនាញព្រំដែនដែលមានការទទួលខុសត្រូវ។ ការអញ្ជើញនេះធ្វើឡើងបន្ទាប់ពីលោក អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់ពន្ធនាគារ បានបន្តផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់ ជាពិសេសករណីព្រំដែនចន្លោះបង្គោលសីមាលេខ ៥២ និង៥៩។
លោក អ៊ុំ សំអាន បានចោទប្រកាន់ថា ការបោះបង្គោលបណ្តោះអាសន្នដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនបានចូលក្នុងដីខ្មែរ ដែលធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី និងថា រាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាព និងអំណាច។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការចោទប្រកាន់នេះថា ជារឿងធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន ដែលមិនត្រឹមតែចោទប្រកាន់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចោទប្រកាន់មន្ត្រីជំនាញព្រំដែនកម្ពុជា ដែលបានខិតខំបំពេញភារកិច្ចការពារអធិបតេយ្យភាព និងទឹកដីស្របច្បាប់អស់ជាច្រើនទសវត្សរ៍។
ដើម្បីបង្ហាញនូវតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ឱកាសចំនួន៥ ដល់លោក អ៊ុំ សំអាន និងក្រុមរបស់លោក។ ឱកាសទាំង៥នោះរួមមាន៖
ទី១៖ អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែន នាំយកឯកសារ និងភស្តុតាងទាំងអស់មកជជែកគ្នាត្រង់ទៅត្រង់មកជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
ទី២៖ ក្នុងពេលជជែកវែកញែកនោះ នឹងបើកឱកាសឱ្យអ្នកសារព័ត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត និងមហាជនខ្មែរ ចូលរួមស្តាប់ក្នុងកម្រិតណាមួយ ដើម្បីធ្វើជាសាក្សី និងបានដឹងព័ត៌មានពិត។
ទី៣៖ សម្តេចធានាសុវត្ថិភាពជូនលោក អ៊ុំ សំអាន និងក្រុមរបស់លោក អំឡុងពេលមានវត្តមាននៅកម្ពុជា រហូតដល់ចាកចេញផុតពីកម្ពុជាវិញ។
ទី៤៖ បើខ្វះលុយទិញសំបុត្រយន្តហោះ សម្តេចនឹងចេញថ្លៃសំបុត្រយន្តហោះឱ្យ។
ទី៥៖ បើខ្វះមធ្យោបាយធ្វើដំណើរ និងកន្លែងស្នាក់នៅ សម្តេចនឹងរៀបចំឱ្យដោយឥតគិតថ្លៃ។
សម្តេចមហាបវរធិបតី បានបញ្ជាក់ថា នេះមិនមែនជាការចង់ផ្ចាញ់ផ្ចាលនោះទេ ប៉ុន្តែគឺដើម្បីបង្ហាញតម្លាភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ។
សម្តេចនាយករស្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា លោក អ៊ុំ សំអាន និងក្រុមរបស់លោក នឹងមិនខ្លាចទទួលយកការអញ្ជើញនេះ ដើម្បីមកជជែកគ្នាជាមួយក្រុមការងារបច្ចេកទេសជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល នៅចំពោះមុខសាធារណជន។
សម្រាប់សម្តេចមហាបវរធិបតី នេះគឺជាឱកាសមាសសម្រាប់លោក អ៊ុំ សំអាន ក្នុងការបង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនដែលមានមូលដ្ឋានត្រឹមត្រូវ និងការទទួលខុសត្រូវច្បាស់លាស់ មិនមែនជា អ៊ុំ សំអាន ដែលធ្លាប់ផ្សព្វផ្សាយរឿងព្រំដែនដោយគ្មានមូលដ្ឋានច្បាស់លាស់កាលពីពេលមុននោះទេ៕
ប្រភព៖Fresh News