ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកាណាដា ដែលធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយនៅលើពិភពលោក កំពុងឈានចូលដំណាក់កាលដ៏តានតឹងជាប្រវត្តិសាស្ត្រ។ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានប្រកាសដោយត្រង់ថា “ទំនាក់ទំនងចាស់រវាងកាណាដា និងអាមេរិកត្រូវបានបញ្ចប់” ហើយប្រទេសទាំងពីរនឹងមិនអាចត្រឡប់ទៅរកទំនាក់ទំនងដូចមុនវិញឡើយ។
ការដួលរលំនៃកិច្ចចរចា និងការឡើងពន្ធជាប្រវត្តិសាស្ត្រ
ចំណុចផ្ទុះចុងក្រោយនេះ កើតឡើងនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៦ នៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមអនុវត្តពន្ធគយ ៥០% លើទំនិញនាំចូលពីកាណាដាដែលមានទំហំប្រមាណ ២០ ពាន់លានដុល្លារ ។ រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រើប្រាស់មាត្រា ៣៣៨ នៃច្បាប់ពន្ធគយឆ្នាំ ១៩៣០ ដែលមិនធ្លាប់បានប្រើពីមុន ដើម្បីដាក់ទណ្ឌកម្មពាណិជ្ជកម្មនេះ ។ ទង្វើនេះគឺជាការបញ្ចប់កិច្ចចរចានាទីចុងក្រោយ ដែលបានធ្វើឡើងនៅយប់ថ្ងៃសុក្រ ទី ២១ ខែសីហា ហើយត្រូវបានដួលរលំទាំងស្រុង ទោះបីជាកាលពីថ្ងៃទី ១៩ ខែសីហា ភាគីទាំងពីរធ្លាប់បានឯកភាពពន្យារពេលការដំឡើងពន្ធនេះរយៈពេល ៣ ថ្ងៃក៏ដោយ។
ជាការឆ្លើយតប រដ្ឋាភិបាលកាណាដាបានប្រកាសដាក់ពន្ធសងសឹក “ពន្ធមួយដុល្លារតបនឹងពន្ធមួយដុល្លារ” ដោយនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៦។ វិធានការតបតនេះគ្របដណ្តប់លើមុខទំនិញជាង ៧០០ មុខ ក្នុងនោះរួមមាន ដែកថែប ផលិតផលទឹកដោះគោ គ្រឿងប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍កសិកម្ម និងគ្រឿងអេឡិចត្រូនិក ។
ពីសម្ព័ន្ធមិត្តជិតស្និទ្ធ ទៅជាសង្គ្រាមពាណិជ្ជកម្ម
វិបត្តិនេះមិនមែនកើតឡើងតែពីរឿងពន្ធគយនោះទេ។ លោកប្រធានាធិបតី ត្រាំ បានចោទប្រកាន់កាណាដាម្តងហើយម្តងទៀតថាជាអ្នកកេងចំណេញលើសេដ្ឋកិច្ចអាមេរិក ហើយថែមទាំងបានពោលពាក្យចង់ប្រែក្លាយកាណាដាឲ្យទៅជា “រដ្ឋទី ៥១” របស់អាមេរិកទៀតផង ។ ការប្រើប្រាស់វិធានការពាណិជ្ជកម្មជាឧបករណ៍ មានគោលដៅទាក់ទាញផលិតកម្មពីកាណាដាឲ្យមកសហរដ្ឋអាមេរិក ជាពិសេសលើវិស័យរថយន្ត ដែកថែប និងអាលុយមីញ៉ូម ដែលបង្កកំហឹងយ៉ាងខ្លាំងដល់ប្រជាជនកាណាដា ។
ភាពតានតឹងក៏បានកើនឡើងដល់កម្រិតនយោបាយខ្ពស់បំផុត។ លោក ត្រាំ ថែមទាំងបានគំរាមប្តូរឈ្មោះបឹង Ontario ដែលលាតសន្ធឹងតាមព្រំដែន ឲ្យទៅជា “បឹងអាមេរិក” វិញ ខណៈលោក Doug Ford ប្រមុខដឹកនាំខេត្ត Ontario ដែលជាខេត្តមានប្រជាជនរស់ច្រើនជាងគេរបស់កាណាដារហូតដល់ ១៤លាននាក់ ក៏បោះពាក្យសម្ដីព្រមានខ្លាំងៗទៅកាន់ទីក្រុងវ៉ាស៊ីនតោនដែរថា ប្រសិនបើសង្គ្រាមពាណិជ្ជកម្មនៅតែបន្ដ កាណាដា ក៏អាចកំដរអាម៉េរិកលេងល្បែងសង្គ្រាមនេះដែរ ហើយអ្វីៗគឺបានដាក់នៅលើតុរួចរាល់អស់ហើយ រួមទាំង អគ្គិសនី រ៉ែកម្រ និងប្រេងឥន្ធនៈជាដើម។ លោក Ford ទទូចឱ្យថ្នាក់ដឹកនាំខេត្តទាំង១០របស់កាណដា ត្រូវតែធ្វើការរួបរួមគ្នា ដើម្បីដាក់សម្ពាធលើអាម៉េរិក។
ផលប៉ះពាល់ និងអនាគតដែលមិនអាចត្រឡប់ថយក្រោយបាន
ផលវិបាកនៃសង្គ្រាមពាណិជ្ជកម្មនេះគឺធ្ងន់ធ្ងរ និងយូរអង្វែង។ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ McGill លោក Daniel Béland បានព្រមានថា ការដួលរលំនៃកិច្ចចរចានេះបញ្ជាក់ថា “ទំនាក់ទំនងកាណាដា-អាមេរិកបែបចាស់ត្រូវបានបញ្ចប់” ហើយប្រជាជនកាណាដាជាច្រើនមិនអាចទុកចិត្តរដ្ឋបាលត្រាំបានឡើយ។ ការស្ទង់មតិថ្មីៗបង្ហាញថា មានប្រជាជនកាណាដាតែ ៩% ប៉ុណ្ណោះដែលចាត់ទុកសហរដ្ឋអាមេរិកជា “សម្ព័ន្ធមិត្តដែលអាចទុកចិត្តបាន” ។
សម្រាប់សេដ្ឋកិច្ចកាណាដា ដែលពឹងផ្អែកស្ទើរតែ ៧៥% នៃការនាំចេញទៅកាន់ទីផ្សារអាមេរិក ការប៉ះទង្គិចគ្នានេះគឺជាការគំរាមកំហែងយ៉ាងចំហ។ ប្រទេសកាណាដាផ្គត់ផ្គង់ ៩៩% នៃការនាំចូលហ្គាសធម្មជាតិរបស់អាមេរិក ៨៥% នៃការនាំចូលអគ្គិសនី និង ៦០% នៃការនាំចូលប្រេងឆៅ ប៉ុន្តែអត្រាពឹងផ្អែកខ្លាំងរបស់ខ្លួនទៅលើទីផ្សារតែមួយធ្វើឱ្យកាណាដាងាយរងគ្រោះជាងគេ។ លោកនាយករដ្ឋមន្ត្រី ខានី បានសារភាពថា វិធានការសងសឹកនេះនឹង “ធ្វើឱ្យថ្លៃទំនិញកើនឡើង និងកាត់បន្ថយជម្រើសសម្រាប់ប្រជាជនកាណាដា” ហើយអាចធ្វើឱ្យប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ដ៏ស្មុគស្មាញរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ ក្តីបារម្ភក៏កំពុងកើនឡើងចំពោះអនាគតនៃកិច្ចព្រមព្រៀងអាមេរិក-ម៉ិចស៊ិក-កាណាដា (USMCA) ដែលគ្រប់គ្រងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដោយមានទំហំទំនិញ និងសេវាកម្មរហូតដល់ ២ ទ្រីលានដុល្លារក្នុងមួយឆ្នាំ ។ ស្ថានភាពតានតឹងរហូតដល់ថ្នាក់ប្រជាជនកាណាដាធ្វើដំណើរទៅអាមេរិកថយចុះយ៉ាងខ្លាំង ដោយការធ្វើដំណើរតាមរថយន្តធ្លាក់ចុះ ២៩% និងតាមផ្លូវអាកាស ២៧% បើធៀបនឹងខែកក្កដា ឆ្នាំ ២០២៤ ។
នៅក្នុងបរិបទដែលសម្ព័ន្ធភាពសេដ្ឋកិច្ចកំពុងប្រែក្លាយទៅជាសមរភូមិពាណិជ្ជកម្ម ហើយការទុកចិត្តគ្នាបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្ត្រ ការពិនិត្យឡើងវិញនូវទំនាក់ទំនងជាមូលដ្ឋានគឺជៀសមិនរួច។ ទំនាក់ទំនងដ៏យូរលង់រវាងប្រទេសជិតខាងទាំងពីរ ពិតជាកំពុងឈានដល់ផ្លូវបំបែកដ៏សំខាន់មួយ ដោយគ្មានលទ្ធភាពអាចត្រឡប់ទៅរកភាពជាសម្ព័ន្ធមិត្តដែលមិនអាចរង្គោះរង្គើដូចសម័យមុនបានឡើយ។
ដោយ៖ឆាយ វណ្ណៈ អ្នកតាមដាន វិភាគបញ្ហាសង្គម នយោបាយ