ការដករដ្ឋាភិបាលចេញពី CLV-DTA ហើយនេះគឺជាយុទ្ធសាស្ត្រមួយដើម្បី ‘ដកអាវុធ’ ពីគណបក្សប្រឆាំង

ការដករដ្ឋាភិបាលចេញពី CLV-DTA ហើយនេះគឺជាយុទ្ធសាស្ត្រមួយដើម្បី ‘ដកអាវុធ’ ពីគណបក្សប្រឆាំង
ជាការពិតណាស់ ថ្វីដ្បិតតែគេមិនអាចហាមឃាត់ការយល់ឃើញខុសគ្នារបស់អ្នកនយោបាយ និងប្រជាពលរដ្ឋទៅលើទស្សនៈនៃការដឹកនាំនិងអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលក្ដី ក៏ប៉ុន្តែការប្រកាសដកខ្លួនរបស់កម្ពុជាចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) បានបិទបញ្ចប់ភាពតានតឹងខ្លាំងនៅលើទស្សនៈនយោបាយ ដែលក្រុមប្រឆាំងបានព្យាយាមយករឿង CLV-DTA បំភ័ន្តមតិមហាជន និងធ្វើជារបៀបវារៈនយោបាយវាយប្រហាររាជរដ្ឋាភិបាល។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងក៏ជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាដែលជាអ្នកផ្ចុចផ្ដើមនូវកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) ធ្វើឡើងដោយមានការប្រៀបធៀបនូវទិដ្ឋភាពនយោបាយមុននិងក្រោយការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចព្រមព្រៀងអន្តររដ្ឋនេះ ហើយគេអាចសម្លឹងឃើញអំពីភាពចាំបាច់នៃកិច្ចព្រមព្រៀងនេះ ថាតើត្រូវបន្តរក្សាទុក ឬដកខ្លួនចេញនៅក្នុងដំណាក់កាលក្រោយការអនុវត្តរួច។ ត្រង់ចំណុចនេះហើយ ដែលនៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិ តែងតែមានកំណត់នៅក្នុងខចែងអំពីការដកខ្លួននៃរដ្ឋជាភាគីហត្ថលេខី។
នៅពេលដែលអ្នកនយោបាយសម្លឹងឃើញថា កិច្ចព្រមព្រៀងណាមួយបង្កផលរំខានដល់ការដឹកនាំ ឬនយោបាយដឹកនាំប្រទេសឬរដ្ឋរបស់ខ្លួន អ្នកដឹកនាំពិតជាមានសិទ្ធិនិងលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការផ្លាស់ប្ដូរស្ថានភាពនៃការអនុវត្តកិច្ចព្រមព្រៀង ឬដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្តររដ្ឋណាមួយបាន។ គួរបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) ត្រូវបានអ្នកនយោបាយប្រឆាំងយកមកធ្វើជាលេស និងជាដាវនយោបាយ ដើម្បីវាយប្រហារ និងដុតរោលស្ថានការណ៍វិវត្តនយោបយានៅក្នុងប្រទេស ដែលបង្កជាការរំខានដល់ដំណើរការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការបំភ័ន្ត ការពិតនិងបំភ្លៃសាធារណៈមតិ ឱ្យមានប្រតិកម្មជាបន្តបន្ទាប់ ខណៈពេលដែលប្រជាពលរដ្ឋខ្មែរ កន្លងទៅពុំសូវទទួលបានព័ត៌មានអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) ដែលអាចលង់ជឿតាមការញុះញង់របស់ក្រុមប្រឆាំង ដោយមិនដឹងខ្លួន។ ត្រង់នេះហើយ ដែលក្រុមប្រឆាំងបានយកករណី CLV-DTA ធ្វើជាអាវុធមុខស្រួច ដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។
ហេតុនេះហើយ រាជរដ្ឋាភិបាល មានសិទ្ធិគ្រប់គ្រាន់និងពេញលេញនៅក្នុងការសម្រេចចិត្តដកខ្លួនចេញពី កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) ដើម្បីដកអាវុធនយោបាយចេញពីក្រុមប្រឆាំង ដែលជានិច្ចកាលតែងតែប្រើប្រាស់បញ្ហាផ្សេងៗ ដើម្បីបំផុសបំផុលប្រជាជនឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាល ដើម្បីតែមហិច្ឆតានយោបាយនិងផលប្រយោជន៍សួនតួរបស់ខ្លួននិងក្រុមខ្លួន។
ចង់ដឹងថា​តើ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) បានបិទបញ្ចប់ភាពតានតឹងខ្លាំងនៅលើទស្សនៈនយោបាយ ​​ក៏ដូចជាដំណោះស្រាយ​​បែបណា​? លោក ថុង ម៉េងដាវីដ អ្នកសិក្សាស្រាវជ្រាវនៃមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី​ និង លោកបណ្ឌិត យង់ ពៅ​ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បាន​ចែករំលែក​ទស្សនៈ​របស់​លោក​ជុំវិញ​បញ្ហា​ទាំងនេះ តាមរយៈ​បទសម្ភាស​ជាមួយ​ក្រុមការងារ The Other Truth​ ដែល​មាន​ខ្លឹមសារ​ដូចតទៅ​៖
. លោក ថុង ម៉េងដាវីដ


តើអ្វីជាចំណុចសំខាន់នៅពីក្រោយការសម្រេចចិត្តរបស់កម្ពុជាចំពោះការដកខ្លួនចេញពី CLV-DTA?
សម្រាប់ខ្ញុំ ខ្ញុំជឿជាក់ និងគាំទ្រការដករដ្ឋាភិបាលចេញពី CLV-DTA ហើយនេះគឺជាយុទ្ធសាស្ត្រមួយដើម្បី ‘ដកអាវុធ’ ពីគណបក្សប្រឆាំង ចាប់តាំងពីពួកគេតែងតែធ្វើនយោបាយព្រំដែន និងមនោសញ្ចេតនាប្រឆាំងវៀតណាម ដើម្បីប្រមូលការគាំទ្រ និងធ្វើបាតុកម្មក្នុង និងក្រៅប្រទេស។ . មូលហេតុនាវ​ឲ្យកម្ពុជា ​ដក​ចេញ​ពី CLV-DTA ​អាច​បណ្ដាល​មក​ពី​មូលហេតុ​មួយ​ចំនួន៖
– ទីមួយ CLV-DTA មានលក្ខណៈស្រដៀងគ្នា ឬមានគំនិតផ្តួចផ្តើម និងគម្រោងត្រួតស៊ីគ្នាមួយចំនួនជាមួយយន្តការក្នុងតំបន់ក្នុងអាស៊ាន ដូចជា CLMVT និងគំនិតផ្តួចផ្តើមខ្នាតតូចភាគីផ្សេងទៀត ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍន៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតាមព្រំដែននៃប្រទេសទាំងនេះ។
– នយោបាយ វាជាចលនាអំពាវនាវឱ្យមានការរួបរួមជាតិ ពីព្រោះមានមនុស្សមួយចំនួនដែលមិនគាំទ្រគំនិតផ្តួចផ្តើម CLV របស់រដ្ឋាភិបាល ហើយគ្រាន់តែចង់តវ៉ាប្រឆាំងនឹង CLV ដោយសារតែមនោសញ្ចេតនាប្រឆាំងវៀតណាម។ ដូច្នេះ ការអំពាវនាវនេះឱ្យដកខ្លួនចេញពី CLV នឹងពង្រឹងបន្ថែមទៀតនូវភាពស្របច្បាប់របស់រដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ការរួបរួមជាតិសម្រាប់កម្ពុជា ដោយមិនគិតពីហេតុផលនយោបាយរបស់ពួកគេ។
តើ​ការ​ដក​ខ្លួន​នឹង​ធ្វើ​ឲ្យ​ការ​តវ៉ា​ស្ងប់​ស្ងាត់ ​ឬ​ក៏​បញ្ឆេះ​ការ​ប្រឆាំង​បន្ថែម​ទៀត?
ក្រុមប្រឆាំង នឹងមិនបញ្ឈប់សកម្មភាពរបស់ពួកគេ ដែលប្រឆាំងនឹងរដ្ឋាភិបាលឡើយ ពួកគេស្វែងរក ការកេងប្រវ័ញ្ចលើបញ្ហាសង្គម និងសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល និងប្រមូលមនុស្សគាំទ្រប្រឆាំងនឹងរដ្ឋាភិបាលបន្ថែមទៀត។
ត្រង់ចំនុចនេះ តើសហរដ្ឋអាមេរិក និង ចិន មានប្រតិកម្មយ៉ាងដែរឬទេ ចំពោះការដកខ្លួនរបស់កម្ពុជាពី CLV-DTA ?
ពាក់ព័ន្ធនឹងការដកខ្លួនរបស់កម្ពុជាចេញពី CLV-DTA គឺជាកិច្ចការផ្ទៃក្នុង និងការសម្រេចចិត្តរបស់កម្ពុជា មិនពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ឬចិន ហើយនឹងមិនមានការដាក់ទណ្ឌកម្ម ឬសម្ពាធពីសហរដ្ឋអាមេរិកទេ លុះត្រាតែសហរដ្ឋអាមេរិកចង់ធ្វើនយោបាយចាប់ខ្លួនម្រុមតវ៉ាប្រឆាំងមួយចំនួន ដែលអំពាវនាវជាសាធារណៈឱ្យធ្វើបាតុកម្មប្រឆាំង នៃការដាក់បញ្ចូលរបស់រដ្ឋាភិបាលនៃ CLV-DTA ។ ទោះជាយ៉ាងនេះក្តី នៅក្នុងប្រទេសកម្ពុជា ការចាប់ខ្លួនមនុស្សទាំងនោះ ធ្វើឡើងតាមច្បាប់កម្ពុជា ដោយសារសកម្មភាពរបស់ពួកគេ ប្រឆាំងនឹងសន្តិសុខជាតិ និងគំរាមកំហែងដល់ស្ថិរភាពជាតិ ហើយត្រូវបានចាត់ទុកថា ជាជំហានដំបូងនៃបដិវត្តន៍ពណ៌។
. លោកបណ្ឌិត យង់ ពៅ


ការដកខ្លួនរបស់កម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) នឹងមិនមានផលរំខានជាបញ្ហាចោទនោះឡើយ នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ព្រោះរយៈពេល២៥ឆ្នាំកន្លងមកនេះ នៅក្រោយការចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការនេះ និងនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ​បាលដើម្បីជំរុញការអភិវឌ្ឍប្រទេស ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធ បានផ្ដល់លទ្ធភាពដល់កម្ពុជានៅក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព និងអធិបតេយ្យ។​ បន្ថែមពីនេះ ការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការនេះ ក៏នឹងមិនជះផលរំខានដល់កិច្ចសហប្រតិបត្តិការផ្សេងៗទៀតរបស់កម្ពុជាជាមួយនឹងប្រទេសវៀតណាម ដែលជាប្រទេសជិតខាងនោះដែរ ព្រោះនៅក្នុងទំនាក់ទំនងជាមួយនឹងវៀតណាម នៅមានកិច្ចសហប្រតិបត្តិជាច្រើនទៀត ដែលមានស្ទើតែគ្រប់ទិដ្ឋភាព ទាំងទ្វេភាគី និងពហុភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌក្នុងតំបន់ផងដែរ។ ហេតុនេះហើយ ផលប្រយោជន៍នៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ (CLV-DTA) របស់កម្ពុជា គឺការរក្សាបាននូវស្ថិរភាពនយោបាយនៅក្នុងសង្គម តាមរយៈការបញ្ចប់ការព្រួយបារម្ភរបស់ពលរដ្ឋមួយចំនួនដែលកើតឡើងដោយសារតែការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសំណាក់ក្រុមប្រឆាំង ក៏ដូចជាបញ្ចៀសឱ្យបាននូវការកើតឡើងនូវចរន្តជាតិនិយមជ្រុល។
បន្ថែមពីនេះ ដើម្បីអោយជ្រាបកាន់តែច្បាស់ក្រុមការងាររបស់ The Other Truth បានធ្វើបទសម្ភាសន៍​តាមរយៈ Telegram ជាមួយ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ដែល​មាន​ខ្លឹមសារ​ដូចតទៅ​>>>៕

 

 

Bun

Leave a Reply

Your email address will not be published. Required fields are marked *

1 × 5 =

This site uses Akismet to reduce spam. Learn how your comment data is processed.