
Freshnews: អតីតបុគ្គលិកទម្លាយ៖ តើ CCIM និង VOD ជាប់ពាក់ព័ន្ធអ្វីខ្លះ ក្នុងផែនការបដិវត្តន៍ពណ៌ នៅកម្ពុជា ?
អតីតបុគ្គលិកវិទ្យុវីអូឌីម្នាក់បានទម្លាយព័ត៌មានតាមរយៈបណ្តាញសង្គមឱ្យដឹងថា វិទ្យុវីអូឌីដែលទទួលជំនួយបរទេស គឺជាឧបករណ៍បំពងសំឡេងប្រឆាំង ដែលស្វែងរកតែចំណុចអវិជ្ជមានក្នុងសង្គម ដើម្បីផ្សាយទាញទម្លាក់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះការដឹកនាំរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងទិសដៅដើម្បីផ្តល់ឱកាសឱ្យបក្សប្រឆាំងវាយប្រហារ រិះគន់ ញុះញង់និងផ្តួលរំលំរដ្ឋាភិបាល។
នេះបើយោងតាម Facebook មួយឈ្មោះ «ខ្ញុំជា សម រង្ស៉ី» បង្ហោះទម្លាយនៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

Facebook ឈ្មោះដដែលនោះបានរៀបរាប់ថា៖ ក្នុងទិសដៅប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីគាំទ្រលើការផ្លាស់ប្តូររដ្ឋាភិបាលនៅកម្ពុជានេះហើយ បានជារយៈពេល២០ឆ្នាំមកនេះ វិទ្យុវីអូឌីដែលបង្កើតឡើងតាំងពីអំឡុងឆ្នាំ២០០៣ ដោយជ្រកក្រោមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយ កឹម សុខា រហូតមកដល់មុនពេលបិទនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣របស់ ប៉ា ងួន ទៀង បានទទួលជំនួយថវិកាជាច្រើនលានដុល្លារដើម្បីបំពេញបេសកកម្មរបស់ខ្លួន។

លោក កឹម សុខា បាននិយាយហើយថា ដើម្បីផ្តួលរំលំរដ្ឋាភិបាលដូចនៅប្រទេសយូហ្គោស្លាវី គឺត្រូវជីកគាស់ពីក្រោម។ ដូច្នេះវិទ្យុវីអូឌីនេះគឺជាមធ្យោបាយការងារ សតិអារម្មណ៍មួយដើម្បីបរទេសបានរៀបចំឡើង និងបានផ្តល់ការគាំទ្រថវិកា។
ប្រភពថវិកាសំខាន់ដែលវិទ្យុនេះទទួលបានរួមមាន មូលនិធិរបស់ George Soros ដែលផ្តល់ជំនួយដល់ក្រុមបដិវត្តន៍ពណ៌ផ្សេងៗនៅលើសកលលោក, ជំនួយពីសហរដ្ឋអាម៉េរិករួមមានពីវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងជំនួយពីសហភាពអឺរ៉ុប ប្រទេសដាណឺម៉ាក់ ប្រទេសន័រវេស ប្រទេសស៊ុយអែតជាដើម។ ករណីនេះគួរក្រសួងមហាផ្ទៃពិនិត្យលើប្រភពថវិកា និងសកម្មភាពរបស់មជ្ឈមណ្ឌល ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឯករាជ្យនេះ ដើម្បីកុំឱ្យក្រុមជនបំផ្លាញជាតិនិងបដិវត្តន៍ពណ៌នៅជ្រកក្រោមអង្គការនេះទៀត!

Rasmeinews: អតីតបុគ្គលិកវិទ្យុ វីអូឌី លាតត្រដាងការពិតរបស់ វីអូឌី ក្នុងការបំប៉ោង ព័ត៌មានរិះគន់រដ្ឋាភិបាល
អតីតបុគ្គលិកវិទ្យុ វីអូឌី (VOD) លោកឡាយ សាមាន បានចេញមកលាតត្រដាងការ ពិតអំពីទង្វើ ដ៏ខ្មៅងងឹងរបស់ ក្រុមមេដឹកនាំ VOD ដែលគាំទ្រគណបក្សប្រឆាំង និងវាយប្រហារលើរដ្ឋាភិបាល បើទោះបី ជា រដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាង និង អភិវឌ្ឍន៍ ប្រទេសជាតិឱ្យមាន ការរីកចម្រើនយ៉ាងណាក៏ដោយ។ លោកថា អ្នកមិនដឹង មើលពីក្រៅឃើញថា VOD មានជំហរអព្យាក្រឹត្យ ឬឯករាជ្យ។ ប៉ុន្តែតាមការពិត គឺបណ្តុះគំនិត មើលឃើញតែពីភាពអវិជ្ជមាន របស់រដ្ឋាភិបាល។

លោកឡាយ សាមាន បាននិយាយក្នុងបទសម្ភាសមួយកាលពីថ្ងៃ ២១ ខែកុម្ភៈថា អំឡុងពេលដែលលោក បម្រើការនៅវិទ្យុ វីអូឌី ចក្ខុវិស័យរបស់គេ ផ្តល់ការគាំទ្រទៅគណបក្សប្រឆាំងនិងរិះគន់រដ្ឋាភិបាលបើទោះបីជា រដ្ឋាភិបាល ខិតខំអភិវឌ្ឍន៍ កសាងប្រទេសយ៉ាងណាក៏ដោយ ក៏គេមើលមិន ឃើញ ហើយរកតែចំណុចអវិជ្ជមានក្នុង ការសរសេរ បំប៉ោង រិះគន់រដ្ឋាភិបាល តែម្តង។ ប៉ុន្តែដោយឡែក សម្រាប់បក្សប្រឆាំងគឺគេផ្តល់សំឡេងឱ្យបក្ស ប្រឆាំងច្រើន ដើម្បីយកមក ធ្វើ ជាអត្ថបទ ព័ត៌មានដើម្បីឱ្យសាធារណជន បានដឹងដែរ។
លោកបានបញ្ជាក់ថា “គាត់ថាឯករាជ្យ អ្នកនៅក្នុងនឹងបានដឹង គឺមើលឃើញ រដ្ឋាភិបាលខ្មៅងងឹតតែម្តង ពីព្រោះខ្ញុំធ្លាប់ ធ្វើនៅ វីអូឌី ខ្ញុំដឹង។ ពេលខ្ញុំយើង មើលឃើញគោលនយោបាយរដ្ឋាភិបាលល្អ អត់សរសេរពីល្អទៅចេញជាបែប អវិជ្ជមាន ទៅវិញ ហើយភាគច្រើនគឺប្រឆាំង។ ខ្ញុំមើលឃើញការលះបង់ របស់ សម្តេចតេជោ គឺមិនថានៅក្នុងស្រុកមិនបានសម្រាកទេ ខិតខំស្វះស្វែង វិនិយោគ ទាំងក្រៅស្រុកនិងក្នុងស្រុក ប៉ុន្តែយើងអត់លើកយកប្រធាន បទនឹងមកសរសេរទេ ដោយយកប្រធានបទបែបអវិជ្ជមានមកវាយវិញ”។
លោកឡាយ សាមាន បានលើកឡើងថា ពេលខ្លះយើងមើលពីក្រៅឃើញថា VOD មានជំហរអព្យាក្រឹត្យ ឬឯករាជ្យ ប៉ុន្តែតាមការពិត គឺគេបានបណ្តុះ គំនិត មើលឃើញតែពីភាពអវិជ្ជមានរបស់រដ្ឋាភិបាល មើលឃើញរដ្ឋាភិបាល ខ្មៅ ងងឹត តែម្តង។ សូមឱ្យសាធារណជនពិចារណា។
លោក ឡាយ សាមាន ក៏សូមការអនុគ្រោះ និងសូមទោសពីសម្តេចតេជោ ហ៊ុន សែន ដែលកន្លងមកលោកបាន សរសេរ ព័ត៌មាន ប៉ះពាល់ដល់កេរ្តិ៍ និងកិត្តិយសសម្តេច ពីព្រោះលោកធ្វើតាមតែបញ្ជារបស់ថ្នាក់ដឹកនាំ វីអូឌី ។ ហេតុនេះ សូមសម្តេច មេត្តាអនុគ្រោះ និងអភ័យទោសដល់លោកផង៕