
គ្រប់គ្នាដឹងយ៉ាងច្បាស់ ថាអ៊ីរ៉ង់និងអ៊ីស្រាអែល គឺជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា ជាយូរលង់មកហើយ។ ជាក់ស្តែង កាលពីនៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤នេះ មានការផ្ទុះដ៏ធំត្រូវបានគេឮនៅក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ដែលមិនធ្លាប់មានពីមុនទៅលើអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ជាការពិណាស់ អ៊ីរ៉ង់បានបញ្ជាដ្រូន និងបាញ់មីស៊ីលដោយផ្ទាល់ទៅអ៊ីស្រាអែល វាគឺជាលើកទី១ពិតមែនហើយ។ តែបើយើងត្រលប់ទៅមើល ប៉ុន្មានថ្ងៃកន្លងមកនេះ យើងឃើញថាធាតុពិតទៅ ការវាយប្រហាររបស់អ៊ីរ៉ង់នេះ មិនបានធ្វើឲ្យគេភ្ញាក់ផ្អើលប៉ុន្មានឡើយ។ កាលពីថ្ងៃទី៣មេសា អាយ៉ាតូឡា អាលីខាមឺណី មគុទេសន៍ដឹកនាំកំពូលនៃរបបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់ បានស្រែកប្រកាសគំរាមថាអ៊ីរ៉ង់នឹងសងសឹក ពិន័យអ៊ីស្រាអែល ចំពោះទង្វើឧក្រិដ្ឋដែលអ៊ីស្រាអែលបានបាញ់មីស៊ីលកំទេចស្ថានកុងស៊ុលអ៊ីរ៉ង់នៅក្នុងទីក្រុងដាម៉ាស បណ្តាលឲ្យស្លាប់មន្ត្រីទាហានកងឆ្មាំបដិវត្តអ៊ីរ៉ង់ចំនួន៧នាក់។
ជាមួយគ្នានោះ អ៊ីរ៉ង់ បានព្រមានអ៊ីស្រាអែល និងសហរដ្ឋអាមេរិកអំពី «ការវាយប្រហារកាន់តែសាហាវ» ប្រសិនបើពួកគេឆ្លើយតបចំពោះការវាយប្រហារ ដោយយន្តហោះដ្រូន និងមីស៊ីលរបស់ខ្លួន លើទឹកដីអ៊ីស្រាអែល ខណៈអ៊ីស្រាអែលនិយាយថា «យុទ្ធនាការយោធាមិនទាន់ចប់នៅឡើយទេ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។
ការគំរាមកំហែងនៃសង្រ្គាម ដោយបើកចំហររវាងគូសត្រូវទាំងពីរនៅមជ្ឈិមបូព៌ា បានធ្វើឱ្យតំបន់នេះធ្លាក់ចូលទៅក្នុងភាពតានតឹងបំផុតមួយ ខណៈដែលក្រុងវ៉ាស៊ីនតោនបាននិយាយថា អាមេរិកមិនស្វែងរកជម្លោះជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការចាត់វិធានការដើម្បីការពារកងទ័ពអាមេរិក និងអ៊ីស្រាអែលឡើយ។
នាយសេនាធិការកងទ័ពអ៊ីរ៉ង់ ឧត្តមសេនីយ Mohammad Bagheri បានព្រមានថា «ប្រសិនបើអ៊ីស្រាអែលឆ្លើយតបអ៊ីរ៉ង់វិញ នោះការឆ្លើយតបរបស់យើងនឹងសាហាវជាងសកម្មភាពយោធាកាលពីយប់មិញ» ហើយក៏បានព្រមានទីក្រុងវ៉ាស៊ីនតោនផងដែរថា ឱ្យស្ថិតនៅឱ្យឆ្ងាយពីជម្លោះរបស់ខ្លួនជាមួយអ៊ីស្រាអែល បើពុំដូច្នោះទេមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិក ក៏នឹងត្រូវរងការវាយប្រហារផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារសងសឹងរបស់អ៊ីរ៉ង់ បណ្តាលឱ្យមានការខូចខាតតិចតួចប៉ុណ្ណោះនៅក្នុងប្រទេសអ៊ីស្រាអែល ដោយដ្រូន និងមីស៊ីលភាគច្រើនរបស់អ៊ីរ៉ង់ត្រូវបានបាញ់ទម្លាក់ ដោយមានជំនួយពីសហរដ្ឋអាមេរិក អង់គ្លេស និងហ្ស៊កដានី។
ដោយឡែក មហាអំណាចពិភពលោក ដូចជារុស្ស៊ី ចិន និងបារាំង ក៏ដូចជាប្រទេសអារ៉ាប់ អេហ្ស៊ីប កាតា និងអេមីរ៉ាត់អារ៉ាប់រួម បានជំរុញឱ្យមានការអត់ធ្មត់ខ្ពស់ ដើម្បីកុំឱ្យជម្លោះរីករាលដាលពាសពេញតំបន់៕
មែនទែនទៅ ស្ថានការណ៍សន្តិសុខនៅមជ្ឈិមបូព៌ាបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមហាម៉ាស់លើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលាឆ្នាំមុន ដែលបង្កឱ្យមានការវាយលុករបស់អ៊ីស្រាអែល ជាបន្តបន្ទាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលមន្ត្រីសុខាភិបាលក្នុងតំបន់បានឲ្យដឹងថា បានធ្វើឱ្យមនុស្សជាង ៣៣,៦០០នាក់បានស្លាប់។
បើតាមក្រុមអ្នកជំនាញគេសង្កេតឃើញថា សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស និងការប្រឈមមុខដាក់គ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល បាន និងកំពុងលាតត្រដាងឱ្យឃើញពីព្រំដែននៃឥទ្ធិពលរបស់សហរដ្ឋអាមេរិក ខណៈក្រុមមន្ត្រីក្នុង តំបន់មជ្ឈិមបូព៌ា បានបង្ហាញការខកចិត្តជាបន្តបន្ទាប់ដែលសហរដ្ឋអាមេរិកបានបរាជ័យ ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជំរុញឱ្យអ៉ីស្រាអែលទទួលយកបទឈប់បាញ់បណ្ដោះអាសន្ន នានា ដើម្បីជាការបោះជំហានឆ្ពោះទៅរកបទឈប់បាញ់យូរអង្វែងមួយសម្រាប់តំបន់មួយនេះ។
ក្រុមមន្ត្រីទាំងនោះក៏បានរិះគន់សហរដ្ឋអាមេរិក សម្រាប់ការផ្ដល់ជំនួយអាវុធ និងហិរញ្ញវត្ថុដល់អ៉ីស្រាអែល រួមទាំងប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើប្រតិបត្តិការវាយប្រហាររួមគ្នាជាមួយអង់គ្លេស លើក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន។ ពួកគេបានស្ដាប់ឮគ្រប់ពាក្យពេចន៍ដែលលោក Biden បាននិយាយគ្រប់ម៉ាត់ តែ ការធ្វើសកម្មភាពជាក់ស្ដែង បែរជាផ្ទុយពីអ្វីដែលលោកបាននិយាយទៅវិញ ចំពោះសកម្មភាពរបស់អ៉ីស្រាអែល។
មើលតាមស្ថានការណ៍ដូចបានរៀបរាប់ ក្រុមអ្នកជំនាញបានធ្វើការព្យាករណ៍ថា បច្ចុប្បន្នគួរតែជាពេលដែលសហរដ្ឋអាមេរិកបញ្ចប់សង្រ្គាមហ្កាហ្សាឱ្យបានឆាប់។ ប៉ុន្តែ អាមេរិកហាក់មិនមានឥទ្ធិពលក្នុងការបញ្ឈប់សង្រ្គាមរបស់ អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សាបានសោះ ហើយមិនតែប៉ុណ្ណោះ កំពូលមហាអំណាចយោធាលេខ១មួយនេះ ក៏មិនអាចកំញើញ ឬបញ្ឈប់ក្រុមប្រដាប់អាវុធដូចជាក្រុមហ៊ូទី មានមូលដ្ឋាន នៅយេម៉ែនដែលជាប្រទេសក្រីក្រមួយបានទៅទៀត។ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់សុទ្ធតែមានឆន្ទៈបញ្ចៀសសង្រ្គាមដោយផ្ទាល់ក៏ពិតមែន តែដរាបណាសង្រ្គាមហ្កាហ្សានៅតែអូសបន្លាយ គ្រោះថ្នាក់ និងភាពតានតឹងនៅតែមាន ដែលក៏អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតំបន់មជ្ឈិមបូព៌ាផងដែរ ខណៈឥទ្ធិពលអាមេរិកក្នុងតំបន់កំពុងថយចុះ រីឯអ៊ីស្រាអែលកំពុងតាំងខ្លួនឯងជាមហាអំណាច ដោយសង្រ្គាមសងសឹកនឹងក្រុមហាម៉ាសនៅហ្កាហ្សា អ៊ីស្រាអែលបិទភ្នែក មើលមិនឃើញទុក្ខវេទនារបស់ប្រជាជនប៉ាឡេស្ទីន ដែលអង្គការសហប្រជាជាតិវាយតម្លៃថា កំពុងជួបគ្រោះអត់ឃ្លានធ្ងន់ធ្ងរ។ ដោយសារតែអ៊ីស្រាអែលបិទច្រកនាំជំនួយមនុស្សធម៌។ សម្រាប់មន្រ្តីអង្គការសហប្រជាជាតិ ជំនួយស្បៀងមនុស្សធម៌ធ្លាក់ពីលើមេឃមិនគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់របស់ប្រជាជនប៉ាឡេស្ទីន ដែលកំពុងដាច់ស្បៀង ដោយសារតែសង្រ្គាមវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល។
ជាការពិតណាស់ ស្លាប់ដោយសារគ្រោះអត់ឃ្លាន ដោយសារសង្រ្គាមវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលជារឿងដ៏សែនសោកសៅមួយ។ ប្រជាជនប៉ាឡេស្ទីន មនុស្សប្រុសស្រី និងកុមារនៅតែបន្តរងគ្រោះ មិនបានទទួលស្បៀង ។ សម្រាប់ប្រជាជនប៉ាឡេស្ទីនមួយភាគធំ ការទម្លាក់ស្បៀងពីលើយន្តហោះជាចេតនាបន្ទាបបន្ថោក ជនជាតិប៉ាឡេស្ទីនមួយជាន់ទៀត នៅពេលពួកគេត្រូវរត់ទៅប្រញាយដណ្តើមស្បៀងគ្នា ដើម្បីក្រពះ។
គូររំលឹកថានាពេលកន្លងទៅ អ្នករាយការណ៍របស់អង្គការសហប្រជាជាតិ បានបញ្ចេញយោបល់ផ្ទាល់ខ្លួន និយាយថា លោក Joe Biden (ចូ បៃដិន) គ្មានគោលដៅពិតប្រាកដដើម្បីជួយដោះស្រាយបញ្ហាគ្រោះអត់ឃ្លានរបស់ប្រជាជនប៉ាឡេស្ទីននោះទេ។ មន្រ្តីអង្គការសហប្រជាជាតិទាមទារឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើអ៊ីស្រាអែលដើម្បីបើកជាបន្ទាន់ សម្រាប់បញ្ជៀសសោកនាដកម្មស្លាប់មនុស្សដោយសារគ្រោះអត់ឃ្លាន។
ជាមួយគ្នានោះ ផ្ទុយពីបារាំង កាណាដា អ៊ីតាលី ដែលប្រកាសផ្អាកលក់អាវុធទៅឲ្យអ៊ីស្រាអែលក្នុងកាលៈទេសៈដែលអ៊ីស្រាអែលកំពុងធ្វើសង្រ្គាមនៅហ្កាហ្សា ប៉ុន្តែ មហាអំណាចអាមេរិក និងអាល្លឺម៉ង់ជាដើម នៅតែបន្តលក់អាវុធទៅឲ្យអ៊ីស្រាអែល។ អាមេរិក អាល្លឺម៉ង់បានបោះឆ្នោតប្រឆាំងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សដែលនិយាយពីការឈប់លក់នាំអាវុធទៅអ៊ីស្រាអែល នោះបើទោះជាឃើញ មានប្រជាជនស៊ីវិលប៉ាឡេស្ទីនស្លាប់សឹងជារៀងរាល់ថ្ងៃ ដោយសារសព្វាវុធដែល អ៊ីស្រាអែលបានទទួល ទិញពីបរទេស។ អាចនិយាយម្យ៉ាងថា នៅលើឆាក អាមេរិកជាដើមបានទាមទារឲ្យអ៊ីស្រាអែលជំរុញឲ្យមានបទឈប់បាញ់បន្ទាន់ដើម្បីទប់ស្កាត់ការបាត់បង់ជីវិតប្រជាជនស៊ីវិលប៉ាឡេស្ទីន។ ប៉ុន្តែ នៅពីក្រោយឆាក លោកខាងលិចនាំមុខដោយអាមេរិកនៅតែបន្តលក់អាវុធទំនើបៗ ដែលអ៊ីស្រាអែលប្រើក្នុងសង្រ្គាមហ្កាហ្សា ហើយអ្នកដែលរងគ្រោះស្លាប់ជីវិត គ្មានអ្នកណាក្រៅតែពីស្រ្តី និងកុមារប៉ាឡេស្ទីន។ ភាពមានះរបស់អ៊ីស្រាអែល និងមហាអំណាចអាមេរិក ដែលចង់គាស់រំលើងក្រុមហាម៉ាសនៅហ្កាហ្សា ដោយមិនខ្វល់ពីអាយុជីវិតរបស់ប្រជាជនស៊ីវិលប៉ាឡេស្ទីននោះ អាចកំពុងហុចផលអវិជ្ជមានបណ្តើរដល់រដ្ឋាភិបាលរបស់ពួកគេ។