តើសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងបង្កចលាចលនៅមជ្ឈិមបូព៌ា និងពិភពលោកមែនដែរឬយ៉ាងណា

គ្រប់គ្នាដឹងយ៉ាងច្បាស់ ថា​អ៊ីរ៉ង់និងអ៊ីស្រាអែល គឺជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា ជាយូរលង់មក​ហើយ​។ ជាក់ស្តែង កាលពីនៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមេសា ឆ្នាំ២០២៤នេះ មានការផ្ទុះដ៏ធំត្រូវបានគេឮនៅក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ ដែលមិនធ្លាប់មានពីមុនទៅលើអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ជាការពិណាស់ អ៊ីរ៉ង់បានបញ្ជាដ្រូន និងបាញ់មីស៊ីលដោយ​ផ្ទាល់​ទៅអ៊ីស្រាអែល វាគឺជាលើកទី១ពិតមែន​ហើយ។ តែ​​បើយើងត្រលប់​ទៅ​មើល​ ប៉ុន្មានថ្ងៃកន្លងមកនេះ យើងឃើញថាធាតុពិតទៅ ការវាយ​ប្រហាររបស់អ៊ីរ៉ង់នេះ មិនបានធ្វើ​ឲ្យគេភ្ញាក់​ផ្អើល​ប៉ុន្មានឡើយ។ កាលពីថ្ងៃទី​៣មេសា អាយ៉ាតូឡា អាលីខាមឺណី មគុទេសន៍​ដឹកនាំកំពូលនៃរបបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់ បានស្រែកប្រកាសគំរាមថាអ៊ីរ៉ង់នឹងសងសឹក​ ពិន័យអ៊ីស្រាអែល​ ចំពោះទង្វើឧក្រិដ្ឋដែលអ៊ីស្រាអែលបានបាញ់មីស៊ីល​​កំទេចស្ថានកុងស៊ុល​អ៊ីរ៉ង់នៅក្នុងទីក្រុងដាម៉ាស បណ្តាល​​ឲ្យ​ស្លាប់​មន្ត្រីទាហានកងឆ្មាំបដិវត្តអ៊ីរ៉ង់ចំនួន​៧នាក់​។
ជាមួយគ្នានោះ អ៊ីរ៉ង់ បានព្រមានអ៊ីស្រាអែល និងសហរដ្ឋអាមេរិកអំពី «ការវាយប្រហារកាន់តែសាហាវ» ប្រសិនបើពួកគេឆ្លើយតបចំពោះការវាយប្រហារ ដោយយន្តហោះដ្រូន និងមីស៊ីលរបស់ខ្លួន លើទឹកដីអ៊ីស្រាអែល ខណៈអ៊ីស្រាអែលនិយាយថា «យុទ្ធនាការយោធាមិនទាន់ចប់នៅឡើយទេ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤។
ការគំរាមកំហែងនៃសង្រ្គាម ដោយបើកចំហររវាងគូសត្រូវទាំងពីរនៅមជ្ឈិមបូព៌ា បានធ្វើឱ្យតំបន់នេះធ្លាក់ចូលទៅក្នុងភាពតានតឹងបំផុតមួយ ខណៈដែលក្រុងវ៉ាស៊ីនតោនបាននិយាយថា អាមេរិកមិនស្វែងរកជម្លោះជាមួយអ៊ីរ៉ង់ទេ ប៉ុន្តែនឹងមិនស្ទាក់ស្ទើរឡើយ ក្នុងការចាត់វិធានការដើម្បីការពារកងទ័ពអាមេរិក និងអ៊ីស្រាអែលឡើយ។
នាយសេនាធិការកងទ័ពអ៊ីរ៉ង់ ឧត្តមសេនីយ Mohammad Bagheri បានព្រមានថា «ប្រសិនបើអ៊ីស្រាអែលឆ្លើយតបអ៊ីរ៉ង់វិញ នោះការឆ្លើយតបរបស់យើងនឹងសាហាវជាងសកម្មភាពយោធាកាលពីយប់មិញ» ហើយក៏បានព្រមានទីក្រុងវ៉ាស៊ីនតោនផងដែរថា ឱ្យស្ថិតនៅឱ្យឆ្ងាយពីជម្លោះរបស់ខ្លួនជាមួយអ៊ីស្រាអែល បើពុំដូច្នោះទេមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិក ក៏នឹងត្រូវរងការវាយប្រហារផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារសងសឹងរបស់អ៊ីរ៉ង់ បណ្តាលឱ្យមានការខូចខាតតិចតួចប៉ុណ្ណោះនៅក្នុងប្រទេសអ៊ីស្រាអែល ដោយដ្រូន និងមីស៊ីលភាគច្រើនរបស់អ៊ីរ៉ង់ត្រូវបានបាញ់ទម្លាក់ ដោយមានជំនួយពីសហរដ្ឋអាមេរិក អង់គ្លេស និងហ្ស៊កដានី។
ដោយឡែក មហាអំណាចពិភពលោក ដូចជារុស្ស៊ី ចិន និងបារាំង ក៏ដូចជាប្រទេសអារ៉ាប់ អេហ្ស៊ីប កាតា និងអេមីរ៉ាត់អារ៉ាប់រួម បានជំរុញឱ្យមានការអត់ធ្មត់ខ្ពស់ ដើម្បីកុំឱ្យជម្លោះរីករាលដាលពាសពេញតំបន់៕
មែនទែនទៅ ស្ថានការណ៍សន្តិសុខនៅមជ្ឈិមបូព៌ាបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមហាម៉ាស់លើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលាឆ្នាំមុន ដែលបង្កឱ្យមានការវាយលុករបស់អ៊ីស្រាអែល ជាបន្តបន្ទាប់នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលមន្ត្រីសុខាភិបាលក្នុងតំបន់បានឲ្យដឹងថា បានធ្វើឱ្យមនុស្សជាង ៣៣,៦០០នាក់បានស្លាប់។
បើតាមក្រុមអ្នកជំនាញគេសង្កេតឃើញថា សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស និងការប្រឈមមុខដាក់គ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល បាន និងកំពុងលាតត្រដាងឱ្យឃើញពីព្រំដែននៃឥទ្ធិពលរបស់សហរដ្ឋអាមេរិក ខណៈក្រុមមន្ត្រីក្នុង តំបន់មជ្ឈិមបូព៌ា បានបង្ហាញការខកចិត្តជាបន្តបន្ទាប់ដែលសហរដ្ឋអាមេរិកបានបរាជ័យ ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជំរុញឱ្យអ៉ីស្រាអែលទទួលយកបទឈប់បាញ់បណ្ដោះអាសន្ន នានា ​ដើម្បីជាការបោះជំហានឆ្ពោះទៅរកបទឈប់បាញ់យូរអង្វែងមួយសម្រាប់តំបន់មួយនេះ។
ក្រុមមន្ត្រីទាំងនោះក៏បានរិះគន់សហរដ្ឋអាមេរិក សម្រាប់ការផ្ដល់ជំនួយអាវុធ និងហិរញ្ញវត្ថុដល់អ៉ីស្រាអែល រួមទាំងប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើប្រតិបត្តិការវាយប្រហាររួមគ្នាជាមួយអង់គ្លេស លើក្រុមហ៊ូទី នៅក្នុងប្រទេសយេម៉ែន។ ពួកគេបានស្ដាប់ឮគ្រប់ពាក្យពេចន៍ដែលលោក Biden បាននិយាយគ្រប់ម៉ាត់ តែ ការធ្វើសកម្មភាពជាក់ស្ដែង បែរជាផ្ទុយពីអ្វីដែលលោកបាននិយាយទៅវិញ ចំពោះសកម្មភាពរបស់អ៉ីស្រាអែល។
មើលតាមស្ថានការណ៍ដូចបានរៀបរាប់ ក្រុមអ្នកជំនាញបានធ្វើការព្យាករណ៍ថា បច្ចុប្បន្នគួរតែជាពេលដែលសហរដ្ឋអាមេរិកបញ្ចប់សង្រ្គាមហ្កាហ្សាឱ្យបានឆាប់។ ប៉ុន្តែ អាមេរិកហាក់មិនមានឥទ្ធិពលក្នុងការបញ្ឈប់សង្រ្គាមរបស់ អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សាបានសោះ ហើយមិនតែប៉ុណ្ណោះ កំពូលមហាអំណាចយោធាលេខ១មួយនេះ ក៏មិនអាចកំញើញ ឬបញ្ឈប់ក្រុមប្រដាប់អាវុធដូចជាក្រុមហ៊ូទី មានមូលដ្ឋាន នៅយេម៉ែនដែលជាប្រទេសក្រីក្រមួយបានទៅទៀត។ សហរដ្ឋអាមេរិក និងអ៉ីរ៉ង់សុទ្ធតែមានឆន្ទៈបញ្ចៀសសង្រ្គាមដោយផ្ទាល់ក៏ពិតមែន តែដរាបណាសង្រ្គាមហ្កាហ្សានៅតែអូសបន្លាយ គ្រោះថ្នាក់ និងភាពតានតឹងនៅតែមាន ដែលក៏អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតំបន់មជ្ឈិមបូព៌ាផងដែរ ខណៈឥទ្ធិពលអាមេរិកក្នុងតំបន់កំពុងថយចុះ រីឯអ៊ីស្រាអែលកំពុងតាំងខ្លួនឯងជាមហាអំណាច ដោយសង្រ្គាមសងសឹក​នឹង​ក្រុមហាម៉ាស​នៅហ្កាហ្សា អ៊ីស្រាអែល​បិទភ្នែក មើលមិនឃើញ​ទុក្ខវេទនា​របស់​ប្រជាជន​ប៉ាឡេស្ទីន ដែលអង្គការ​សហប្រជាជាតិ​វាយតម្លៃ​ថា កំពុង​ជួបគ្រោះអត់ឃ្លាន​ធ្ងន់ធ្ងរ។ ដោយសារ​តែ​អ៊ីស្រាអែល​បិទច្រកនាំជំនួយមនុស្សធម៌​។ សម្រាប់​មន្រ្តី​អង្គការ​សហប្រជាជាតិ ជំនួយស្បៀង​មនុស្សធម៌​ធ្លាក់​ពី​លើ​មេឃ​មិនគ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​បន្ទាន់​របស់​ប្រជាជន​ប៉ាឡេស្ទីន ដែលកំពុង​ដាច់ស្បៀង ដោយសារ​តែ​សង្រ្គាមវាយប្រហារ​របស់​កងទ័ពអ៊ីស្រាអែល។
ជាការពិតណាស់ ស្លាប់​ដោយសារ​គ្រោះអត់ឃ្លាន ដោយសារ​សង្រ្គាម​វាយប្រហារ​របស់​កងទ័ពអ៊ីស្រាអែល​ជារឿងដ៏សែនសោកសៅមួយ។ ប្រជាជន​ប៉ាឡេស្ទីន មនុស្សប្រុសស្រី និងកុមារ​នៅតែ​បន្ត​រងគ្រោះ មិន​បាន​ទទួលស្បៀង ។ សម្រាប់​​ប្រជាជន​ប៉ាឡេស្ទីន​មួយភាគធំ ការទម្លាក់ស្បៀងពីលើ​យន្តហោះ​ជា​ចេតនា​បន្ទាបបន្ថោក ជនជាតិ​ប៉ាឡេស្ទីន​មួយជាន់ទៀត នៅពេល​ពួកគេ​ត្រូវ​រត់​ទៅ​ប្រញាយដណ្តើម​ស្បៀងគ្នា ដើម្បី​ក្រពះ។
គូររំលឹកថានាពេលកន្លងទៅ អ្នករាយការណ៍​របស់អង្គការ​សហប្រជាជាតិ បាន​បញ្ចេញយោបល់​ផ្ទាល់ខ្លួន និយាយ​ថា លោក Joe Biden (ចូ បៃដិន) គ្មាន​គោលដៅ​ពិតប្រាកដ​ដើម្បីជួយដោះស្រាយ​បញ្ហា​គ្រោះអត់ឃ្លាន​របស់​ប្រជាជន​ប៉ាឡេស្ទីននោះទេ។ មន្រ្តីអង្គការសហប្រជាជាតិ​ទាមទារ​ឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធ​លើ​​អ៊ីស្រាអែល​ដើម្បី​បើកជាបន្ទាន់ សម្រាប់​បញ្ជៀស​សោកនាដកម្មស្លាប់មនុស្សដោយសារ​គ្រោះអត់ឃ្លាន។
ជាមួយគ្នានោះ ផ្ទុយពីបារាំង កាណាដា អ៊ីតាលី ដែល​ប្រកាស​ផ្អាកលក់អាវុធ​ទៅ​ឲ្យអ៊ីស្រាអែល​ក្នុងកាលៈទេសៈដែល​អ៊ីស្រាអែលកំពុង​ធ្វើសង្រ្គាមនៅហ្កាហ្សា ប៉ុន្តែ មហាអំណាចអាមេរិក និង​អាល្លឺម៉ង់ជាដើម​ នៅតែបន្តលក់​អាវុធទៅ​ឲ្យអ៊ីស្រាអែល។ អាមេរិក អាល្លឺម៉ង់​បានបោះឆ្នោតប្រឆាំង​សេចក្តីសម្រេច​របស់ក្រុមប្រឹក្សា​សិទ្ធិម​នុស្ស​ដែលនិយាយ​ពីការឈប់លក់នាំអាវុធទៅអ៊ីស្រាអែល នោះបើទោះជាឃើញ មានប្រជាជនស៊ីវិល​ប៉ាឡេស្ទីន​ស្លាប់សឹងជារៀងរាល់ថ្ងៃ ដោយសារសព្វាវុធដែល​ ​អ៊ីស្រាអែលបានទទួល ទិញពីបរទេស​។ អាច​និយាយ​ម្យ៉ាងថា នៅលើ​ឆាក ​អាមេរិកជាដើម​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ជំរុញឲ្យមានបទឈប់បាញ់បន្ទាន់ដើម្បីទប់ស្កាត់ការបាត់បង់ជីវិតប្រជាជនស៊ីវិល​ប៉ាឡេស្ទីន។ ប៉ុន្តែ នៅពីក្រោយឆាក លោកខាងលិច​នាំមុខដោយអាមេរិក​នៅតែបន្តលក់អាវុធទំនើបៗ ដែល​អ៊ីស្រាអែលប្រើក្នុងសង្រ្គាមហ្កាហ្សា ហើយអ្នកដែលរងគ្រោះស្លាប់ជីវិត គ្មានអ្នកណាក្រៅតែពីស្រ្តី និងកុមារប៉ាឡេស្ទីន។ ភាពមានះ​​របស់អ៊ីស្រាអែល និងមហាអំណាចអាមេរិក ដែលចង់​​គាស់រំលើង​ក្រុមហាម៉ាសនៅហ្កាហ្សា ដោយ​មិនខ្វល់​ពីអាយុជីវិត​របស់​ប្រជាជន​ស៊ីវិលប៉ាឡេស្ទីននោះ អាច​កំពុង​ហុចផល​អវិជ្ជមាន​បណ្តើរដល់​រដ្ឋាភិបាលរបស់ពួកគេ។

Bun

Leave a Reply

Your email address will not be published. Required fields are marked *

nineteen + 20 =

This site uses Akismet to reduce spam. Learn how your comment data is processed.