សហគមន៍​វៀតណាម​នៅ​អាមេរិក​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម លោក To Lam អគ្គលេខាធិការបក្សកុម្មុយនិស្ត បំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋាភិបាលវៀតណាមបានប្រកាសថា លោក To Lam ដែលជាប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនិស្ត នឹងបំពេញទស្សនកិច្ចការងារ ទៅកាន់សហរដ្ឋអាមេរិក នាសប្តាហ៍ក្រោយ ហើយចូលរួម​សម័យប្រជុំទី៧៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។ បន្ទាប់ពីនោះ លោក Lam នឹងបន្តបំពេញទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសគុយបា ដែលដៃគូកុម្មុយនិស្តយូរអង្វែងមកហើយរបស់វៀតណាម។

បើតាមអ្នកនាំពាក្យ នៃក្រសួងការបរទេសវៀតណាម ដំណើរបំពេញទស្សនកិច្ចរបស់លោក Lam នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញា ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់ អំពីរយៈពេលជាក់លាក់ សម្រាប់ការធ្វើទស្សនកិច្ច នៅប្រទេសនីមួយៗឡើយ។

មែនទែនទៅ ព័ត៌មាន​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក To Lam ទៅ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​បណ្តាញ​សង្គម និង​សារព័ត៌មាន​បរទេស​ចុះផ្សាយជាច្រើន​ថ្ងៃ​កន្លង​មកហើយ ដោយកាលពីថ្ងៃទី១៨ ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មាន Reuters ​ បានចុះផ្សាយថា អំឡុងទស្សនកិច្ចនៅអាមេរិក លោក Lam នឹងត្រូវ​ថ្លែងសារនៅមហាសន្និបាត UN ហើយជួបតំណាងមកពី ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយចំនួន ដូចជា Google និង Metaជាដើម។ ប៉ុន្តែវាមិនច្បាស់ទេថាតើលោក Lam នឹងជួបជាមួយប្រធានាធិបតី Joe Biden ឬបេក្ខជនពីររូបដែលកំពុងឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ 2024 អនុប្រធានាធិបតី Kamala Harris និងអតីតប្រធានាធិបតី Donald Trump ។

ជាការពិតណាស់ យោងតាមសេចក្តីប្រកាសថ្មីរបស់ក្រសួងការបរទេសវៀតណាម លោក To Lam និងភរិយាបានទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបា បន្ទាប់ពីដំណើរទស្សនកិច្ច និងធ្វើការនៅសហរដ្ឋអាមេរិក តបតាមការអញ្ជើញរបស់លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា។

អ្នកនាំពាក្យសេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីនោះទេ ប៉ុន្តែបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកនឹងជួបជាមួយមេដឹកនាំនៃប្រទេសជាច្រើនដែលចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ។ ចំណែកស្ថានទូតវៀតណាមប្រចាំនៅអាមេរិកក៏មិនបានធ្វើអត្ថាធិប្បាយដែរ។
ទន្ទឹម​នឹង​នេះ សហគមន៍​វៀតណាម​នៅ​សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ឲ្យ​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​លោក To Lam នៅ​ទីក្រុង​ញូវយ៉ក នៅ​ថ្ងៃ​ទី ២២ និង ២៣ ខែ​កញ្ញា។

នៅផ្ទាំងរូបភាពអំពាវនាវឱ្យមានការតវ៉ាបានសរសេរថា “ប្រជាជនវៀតណាមដែលស្រឡាញ់សេរីភាព និងលទ្ធិប្រជាធិបតេយ្យគួរតែនិយាយយ៉ាងមុតមាំដើម្បីលាតត្រដាងពិភពលោកអំពីចរិតផ្តាច់ការ និងឃោរឃៅរបស់ To Lam នៅពេលគាត់មានវត្តមាននៅមហាសន្និបាតអង្គការសហប្រជាជាតិ”។

 

ក្រុមអ្នកតវ៉ាប្រឆាំងវៀតណាមនិងហែក្បួនរបស់ពួកគេ និងអង្គការគាំទ្រ ដូចជា អង្គការ Boat People SOS (BPSOS) និងអង្គការ Brotherhood of Democracy ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីអាមេរិក។
បើតាមក្រុមអ្នកជំនាញបានលើកឡើងថា ការតវ៉ារបស់គណបក្សប្រឆាំងវៀតណាម គឺមានការគាំទ្រពីសំណាក់សហរដ្ឋអាមេរិកនៅពីក្រោយ និងបង្ហាញអំពីវិធីសាស្ត្រក្នុងការប្រឆាំងតវ៉ា ដែលស្រដៀងគ្នាទៅនឹងការតវ៉ាប្រឆាំងគម្រោងតំបន់ត្រីកោណ CLV ដោយអ្នកប្រឆាំងរដ្ឋាភិបាលកម្ពុជានៅក្រៅប្រទេស។

​បើនិយាយពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំកំពូលៗផ្សេងទៀត នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រកាសពីការសម្រេចរបស់កម្ពុជា ក្នុងការបញ្ចប់ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះតទៅ។

ការបញ្ចប់នេះសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត។
ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ។

ត្រឡប់មកវិញ បើនិយាយពីវៀតណាម អស់រយៈពេលរាប់ទសវត្សរ៍មកហើយ យុទ្ធសាស្រ្តការទូតរបស់វៀតណាមក្នុងការរក្សាតុលភាពជាមួយសហរដ្ឋអាមេរិក ហាក់មានប្រសិទ្ធភាព ក៏ប៉ុន្តែវាហាក់លឿនពេកក្នុងការវាយតម្លៃ ថាតើវិធីសាស្រ្តណាំត្រឹមត្រូវ ហើយបន្ដឋិតថេរទៅមុខតទៀតដែរឬទេ? ព្រោះថា​វាក៏​អាស្រ័យ​លើ ​គោលនយោបាយរបស់​អាមេរិក និង វៀតណាម ​ស្រប់គ្នាដល់​កម្រិត​ណា។
ងៀកមកវិញ បើចាប់អារម្មណ៍ពីសមាសភាពនៃក្រុមដែលប្រឆាំងវៀតណាមនិងអង្គការគាំទ្រ ដូចជា អង្គការ Boat People SOS (BPSOS) ជាក្រុមប្រឆាំងដែលមានមនុស្សភាគច្រើនជាអ្នកធ្លាប់ជាប់ពន្ធនាគារ ដោយសារតែការសម្របសម្រួលការប្រមូលផ្ដុំនៅក្នុងប្រទេសវៀតណាមកន្លងមក។ អង្គការនេះមានស្នាក់ការនៅរដ្ឋ Virginia សហរដ្ឋអាមេរិក។ បេសកកម្មរបស់ BPSOS គឺដើម្បីផ្ដល់អំណាច និងរៀបចំចាត់ចែងឱ្យបុគ្គល ក៏ដូចជាសហគមន៍វៀតណាមស្វែងរកសេរីភាព និងសេចក្ដីថ្លៃថ្នូរបស់ពួកគេ។

ចំពោះក្រុមជនជាតិដើមភាគតិចម៉ុងតាញ៉ា គឺជាក្រុមដែលធ្លាប់បានប្រឆាំងរដ្ឋាភិបាលវៀតណាមដើម្បីទាមទារសិទ្ធិសេរីភាព និងទទូចឱ្យបញ្ឈប់ការអំពើហិង្សា ក៏ដូចជាការរំលោភបំពានរយៈពេលជិត៥ទសវត្សមកលើពួកគេ។ កាលពីអំឡុងឆ្នាំ២០២៣ ក្រុមនេះក៏ធ្លាប់បានធ្វើបាតុកម្មនៅអាមេរិក ដើម្បីទាមទារសិទ្ធិសេរីភាពសម្រាប់ជនជាតិដើមភាគតិចនៅវៀតណាមផងដែរ។
រីឯអង្គការ បងប្អូនដើម្បីប្រជាធិបតេយ្យ គឺជាអង្គការត្រូវបានបង្កើតឡើងដោយលោក Nguyen Van Dai ក្នុងឆ្នាំ២០១៣។ លោក Dai ក៏ជាសកម្មជនបានបង្កើតគណៈកម្មការសិទ្ធិមនុស្សនៅវៀតណាម និងត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៥ពីបទឃោសនាប្រឆាំងរដ្ឋ។ ក្រោយត្រូវបានដោះលែងលោកបានស្វែងរកសិទ្ធិជ្រកកោននៅបរទេស ដើម្បីបន្ដសកម្មភាពរិះគន់ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងវៀតណាម។

នៅសហរដ្ឋអាមេរិកអង្គការមួយនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ដ្រីអាមេរិកជាច្រើនរូប ហើយទូតអាមេរិកនីមួយៗមុននឹងបំពេញបេសកកម្មទៅវៀតណាម ពួកគេតែងជួបជាមួយក្រុមប្រឆាំងវៀតណាមនៅក្រៅប្រទេសទាំងនេះសិន។ ឧទាហរណ៍ដូចជា លោក Ted Osius អតីតអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមពីឆ្នាំ២០១៤-២០១៧។
គេកត់សម្គាល់ថា សម្រាប់មេដឹកនាំជាន់ខ្ពស់វៀតណាមជាច្រើន ពួកគេតែងតែចង់មើលឃើញថា សហរដ្ឋអាមេរិក នឹងមាននយោបាយល្អមួយ​ មកលើប្រទេសអំណាចមធ្យមដូចជាវៀតណាមដែលចង់មានផ្លូវឯករាជ្យរបស់ខ្លួន៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

one × four =

This site uses Akismet to reduce spam. Learn how your comment data is processed.