
បន្ទាប់ពីការកាត់បន្ថយជំនួយចំណាយសាធារណៈ ដោយប្រកាសកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅដោយបង្កកជំនួយហិរញ្ញវត្ថុរបស់ទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រមាណ៩២% រយៈពេលប្រមាណ ៩០ថ្ងៃ ដើម្បីពិនិត្យ និងសិក្សាឡើងវិញ ក្នុងករណីនេះអាចអនុញ្ញាតឱ្យរដ្ឋបាលលោកដូណាល់ ត្រាំ សន្សំថវិកាបានប្រមាណ ៦០ពាន់លានដុល្លារអាមេរិក ប៉ុន្តែបានជិះឥទ្ធិពលអវិជ្ជមានទៅលើបណ្ដាប្រទេសជាច្រើនជាពិសេសប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជាជាដើម។
កាលពីខែកុម្ភៈកន្លងទៅ លោក ម៉ារកូ រូប៊ីយ៉ូ រដ្ឋមន្ត្រីការបរទេសអាមេរិក បានសម្រេចប្រកាសលុបចោលជាស្ថាពរ កម្មវិធីជំនួយអភិវឌ្ឍន៍ចំនួន ៥៨០០គម្រោង នៅជុំវិញសកលលោក ក្រោមក្របខ័ណ្ឌជំនួយរបស់ទីភ្នាក់ងារ USAID អាមេរិក ដោយរក្សាទុកតែប្រមាណ៥០០កម្មវិធីដែលត្រូវចំណាយអស់៥៤ពាន់លានដុល្លារ ក្នុងគោលបំណងកាត់បន្ថយចំណាយសាធារណៈរបស់សហរដ្ឋអាមេរិក និងបានថ្លែងក្នុងទូរទស្សន៍ FOX News ថា «សហរដ្ឋអាមេរិកមិនមែនជាអង្គការសប្បុរសធម៌សម្រាប់ពិភពលោកនោះទេ»។ ទោះជាយ៉ាងណាក្ដី ក្រសួងការបរទេសអាមេរិកបានបញ្ជាក់បន្ថែមថា USAID នឹងបន្តធានារ៉ាប់រងផ្តល់ជំនួយចាំបាច់ខ្លាំង ពាក់ព័ន្ធទៅនឹងជំនួយស្បៀងអាហារ និងការព្យាបាលអ្នកជំងឺស៊ីដា របេង និងគ្រុនចាញ់។ ការណ៍នេះមិនត្រឹមតែប្រទេសដែលកំពុងទទួលជំនួយបានសម្ដែងការសោកស្ដាយនោះឡើយ ប៉ុន្តែសូម្បីតែសម្ព័ន្ធអង្គការក្រៅរដ្ឋាភិបាលប្រមាណចំនួន១៦០អង្គការ បានបញ្ចេញប្រតិកម្មសោកស្តាយចំពោះសេចក្តីសម្រេចរបស់ក្រសួងការបរទេសលុបចោលជំនួយអភិវឌ្ឍអន្តរជាតិ ដែលចូលជាធរមានភ្លាម ថានឹងបង្កឱ្យមានសោកនាដកម្មថ្មី សម្រាប់ស្ត្រី និងក្មេងៗនៅលើពិភពលោក និងបានស្នើឱ្យក្រសួងការបរទេសអាមេរិកត្រួតពិនិត្យ និងវាយតម្លៃជាថ្មីម្ដងទៀតលើការសម្រេចមួយនេះ។ លោកត្រាំ បានបញ្ជាក់ជំហររបស់ខ្លួនយ៉ាងច្បាស់ថា ប្រជាជនអាមេរិក គឺជាជម្រើសទី១ របស់លោក (American First) ដូច្នេះហើយរាល់ការចំណាយនៅក្រៅប្រទេសដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកត្រាំ គឺបាននិងកំពុងស្ថិតក្រោមការគម្រាមកំហែងទាំងអស់ ទោះជាយ៉ាងណាក្ដីសកម្មភាពនេះ ក៏នឹងធ្វើឱ្យវិសាលភាពរបស់អាមេរិកផ្ទាល់ធ្លាក់ចុះផងដែរ។
ទោះបីជាមានការលើកឡើងអំពីការកាត់បន្ថយការចំណាយសាធារណៈក្ដី ជាធម្មជាតិនៃសហរដ្ឋអាមេរិក គឺគេតែងតែបើកការចរចារ ហើយសម្រាប់លោកត្រាំ ប្រសិនបើការចរចារនោះមានផលប្រយោជន៍សម្រាប់លោក នោះច្បាស់ណាស់លោកនឹងមានការពិចារណាឡើងវិញជាក់ជាមិនខាន។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ពោលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានបង្ហាញអំពីការព្រួយបារម្ភ និងបានលើកឡើងថា «បញ្ហាដែលបានកើតឡើងថ្មីៗនេះ គឺជាឱកាសសម្រាប់ប្រទេសទាំងពីរដើម្បីសិក្សាពីគ្នា ស្វែងយល់ពីគ្នា និងបង្កើនទំនុកចិត្តរវាងគ្នាបន្ថែមទៀត ហើយគម្រោងសហប្រតិបត្តិការជាច្រើនរវាងវៀតណាម និងអាមេរិក កំពុងបន្តអនុវត្ត ឬចាប់ផ្តើមឡើងវិញ ដោយរួមបញ្ចូលនូវគម្រោងបោសសម្អាតមីន និងគ្រឿងផ្ទុះដែលបន្សល់ពីសង្គ្រាម និងការបន្សាបជាតិពុលឌីអុកស៊ីតនៅអាកាសយានដ្ឋាន Bien Hoa ផងដែរ»។ ប្រទេសវៀតណាម តែងតែត្រូវបានមើលឃើញជាដៃគូយុទ្ធសាស្រ្តដ៏មានសារៈសំខាន់សម្រាប់សហរដ្ឋអាមេរិកដោយហេតុផលមួយចំនួនដូចជា (១)វៀតណាមមានទីតាំងភូមិសាស្រ្តយ៉ាងសំខាន់ ពិសេសនៅក្នុងសមុទ្រចិនខាងត្បូងផ្ទាល់ ដែលដើរតួយ៉ាងសំខាន់សម្រាប់សហរដ្ឋអាមេរិកក្នុងការទប់ទល់នឹងឥទ្ធិពលចិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និង(២) ការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការអំណោយផលលើកម្លាំងពលកម្មជាមួយចំនួនប្រជាជនដ៏ល្អប្រសើរ ធ្វើឱ្យវៀតណាមជាដៃគូសេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់សហរដ្ឋអាមេរិក និងជាគោលដៅវិនិយោគរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសខាងលិចផ្សេងទៀតផងដែរ។ ការណ៍នេះបានធ្វើឱ្យវៀតណាមមានសន្លឹកបៀចចាជាមួយសហរដ្ឋអាមេរិក។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា គឺមានផលវិបាកមួយចំនួនក្នុងការចចារដោយសារតែទំនាក់ទំនងកន្លងមករវាងប្រទេសទាំងពីរមិនសូវស៊ីចង្វាក់គ្នាប៉ុន្មានឡើយជាពិសេសពាក់ព័ន្ធនឹងបញ្ហាប្រជាធិបតេយ្យ និងសិទ្ធមនុស្ស ទោះបីជារដ្ឋាភិបាលកម្ពុជាព្យាយាមពន្យល់ម្ដងហើយម្ដងទៀតក្ដី ប៉ុន្តែវាក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការពន្យល់ និងស្វែងរកនូវចំណុចរួមណាមួយជាមួយសហរដ្ឋាអាមេរិកបន្ថែមទៀត។ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) បានលើកឡើងថា «ប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តលើកកម្ពស់លើប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ការអភិវឌ្ឍនៃប្រទេសកម្ពុជា សហរដ្ឋអាមេរិកគូរពិចារណាក្នុងកាបន្តផ្តល់ជំនួយសម្រាប់គម្រោង USAID ជាច្រើននៅកម្ពុជាទាំងសង្គមស៊ីវិល និងរាជរដ្ឋាភិបាល ជាពិសេសលើវិស័យសង្គមស៊ីវិលនៅកម្ពុជា ព្រោះសង្គមស៊ីវិលក៏ដើរតួនាទីសំខាន់សម្រាប់ពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងអភិបាលកិច្ចល្អផងដែរ ចំពោះវៀតណាម និងសហរដ្ឋអាមេរិក ខ្ញុំមិនបានដឹងច្បាស់ពីទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការទូត រវាងប្រទេសទាំងពីរកម្រិតណាទេ ដូចជាអាមេរិកជួយវៀតណាមរឿង ស៊ីម៉ាក់ ( ដោះម៉ីន) ដូចអាមេរិកជួយកម្ពុជាដែរ»។ គួរបញ្ជាក់ដែរថា កម្ពុជាតែងតែទទួលជំនួយពី USAID ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ ដែលបានជួយអភិវឌ្ឍដល់កម្ពុជាលើវិស័យមួយចំនួន ដូចជា វិស័យកសិកម្ម បរិស្ថាន សេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ សុខាភិបាល និងវិស័យអប់រំផងដែរ ដែលទំហំទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ការកាត់បន្ថយថវិការបស់ USAID បានរីករាលដាលពាសពេញសកលលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលពឹងផ្អែកលើជំនួយបរទេស ដើម្បីដោះស្រាយបញ្ហាដែលអូសបន្លាយយូរមកហើយ ដូចជា ការកាត់បន្ថយភាពក្រីក្រ វិបត្តិសុខភាព ការប្រែប្រួលអាកាសធាតុ និងអស្ថិរភាពនយោបាយ ជាដើម។
បើយើងក្រលេកមកមើលស្ថានភាពរបស់កម្ពុជានាពេលបច្ចុប្បន្នវិញ ក្រោយពីមានការកាត់បន្ថយជំនួយសហប្រតិបត្តិការពីអង្គភាពអភិវឌ្ឍន៍អាមេរិក (USAID) ស្ថានភាពរបស់កម្ពុជាហាក់ទទួលផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការបាត់បង់ជំនួយគាំទ្រសម្រាប់គម្រោងអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។ ការកាត់បន្ថយនេះបានធ្វើឱ្យគម្រោងជាច្រើនត្រូវផ្អាក ឬបញ្ចប់ទៅទាំងស្រុង ជាពិសេសនៅក្នុងវិស័យសុខភាព វិស័យការអប់រំ និងការអភិវឌ្ឍន៍ជនបទ។ ទោះបីជាកម្ពុជា និងវៀតណាមមានការទទួលបានជំនួយគម្រោងពី USAID ដូចគ្នា ប៉ុន្តែវាមានភាពខុសគ្នាក្នុងការបែងចែកគម្រោង និងទិសដៅ។ ជាក់ស្តែង នៅកម្ពុជា USAID ផ្តោតទៅលើការទប់ស្កាត់ជំងឺឆ្លង និងការអប់រំវិជ្ជាជីវៈសម្រាប់ប្រជាជននៅតំបន់ជនបទ ដោយគម្រោងទាំងនោះមានគោលបំណងបង្កើតឱកាសសិក្សាភាសាអង់គ្លេស និងជួយកាត់បន្ថយពីជំងឺឆ្លងនៅក្នុងសហគមន៍។ ដោយឡែកនៅប្រទេសវៀតណាមវិញ ទន្ទឹមនឹងការអប់រំ និងបច្ចេកទេស វិទ្យាសាស្ត្រជាជម្រើសសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សផងដែរ។ បន្ថែមពីនេះ វៀតណាមទទួលបានជំនួយយ៉ាងសន្ធឹកសន្ធាប់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងវិស័យសំខាន់ៗ ដូចជាការលើកកម្ពស់សេដ្ឋកិច្ចតំបន់ ព្រមទាំងគម្រោងសម្អាតសារធាតុឌីអុកស៊ីនដែលមានអត្ថប្រយោជន៍សម្រាប់សន្តិសុខជាតិ។
វៀតណាមត្រូវបានអាមេរិកផ្តល់អាទិភាពដោយសារតែទីតាំងភូមិសាស្រ្ត និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំ។ ជារួម ការបាត់បង់ជំនួយគាំទ្ររបស់ USAID បានធ្វើឱ្យកម្ពុជាត្រូវពឹងផ្អែកយ៉ាងខ្លាំងលើជំនួយគាំទ្រពីប្រទេសចិន និងប្រទេសដៃគូអភិវឌ្ឍន៍ផ្សេងទៀតដូចជាជប៉ុន អូស្រ្តាលី និងកូរ៉េជាដើម។ ការកាត់ផ្តាច់ជំនួយរបស់ USAID មិនត្រឹមតែប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់យ៉ាងខ្លាំងទៅលើទំនាក់ទំនងយុទ្ធសាស្រ្តរវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ៕
ដោយ៖ SK,A freelance journalist interested in diplomacy and security