ឧកញ្ញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ​៖ គួរផ្តល់តម្លៃ ភាពថ្លៃថ្នូរដល់និសិ្សតខ្មែរកំពុងធ្វើការ

ថ្មីៗនេះខ្មែរបុត្ថាណាការ ទទួលបានសំណេរមួយ ដែលជាសម្រង់ប្រសាសន៍របស់លោកឧកញ្ញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី។ លោកបានលើកឡើងពីស្ថានភាព សិស្សនិស្សិតដែលកំពុងស្ថិតក្នុងឆ្នាំមូលដ្ឋានជាពិសេសដែលកំពុងធ្វើការងារដើម្បីសន្សំប្រាក់សម្រាប់ឆ្នាំសិក្សារបស់ខ្លួន។

និស្សិតខ្លះដែលកំពុងធ្វើការងារក្នុងភោជនីយដ្ឋាន ម្ហូបអាហារ ភេសជ្ជៈ នានា ត្រូវបានគេមើលឃើញថាទទួលបានប្រាក់បៀវត្សទាបជាងអតិផរណា។ នេះបើតាមអ្វីដែលលោកបណ្ឌិតបានមានប្រសាសន៍។

លោកបណ្ឌិតក៏បានសំណូមពរ ឲ្យយើងគ្រប់គ្នាផ្លាស់ប្តូរផ្នត់គំនិតចង្អៀតចង្អល់ ហើយឯកមកឲ្យតម្លៃនិង កម្លាំងចិត្តដល់យុវជននិងយុវនារីដែលជាសិស្សនិស្សិតកំពុងខិតខំធ្វើការងាររកប្រាក់សន្សំសម្រាប់បង់ថ្លៃសាកលវិទ្យាល័យរបស់ពួកគេ។

សូមអានសំណេរផ្ទាល់របស់ឧកញ្ញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ខាងក្រោមនេះ៖

និស្សិតខ្មែរយើងខ្លះហាក់អភ័ព្ទ ព្រោះដើម្បីបន្តរៀនសូត្រឱ្យដល់កម្រិតឧត្តមសិក្សា គេត្រូវបង្ខំចិត្តធ្វើការគ្រប់បែបយ៉ាង បំណងរកលុយបង់ថ្លៃសាលា។ ដូចយើងឃើញនឹងភ្នែកស្រាប់ហើយ បុគ្គលិកបម្រើសេវាម្ហូបអាហារ ភេសជ្ជៈតាមភោជនីយដ្ឋាន និងអាហារដ្ឋាននានា សុទ្ធសឹងតែជាកូនខ្មែរ ដែលជានិស្សិតរៀននៅមហាវិទ្យាល័យក្នុងឆ្នាំសិក្សាមូលដ្ឋាន។ អ៊ីចឹងពួកគេភាគច្រើនដែលមកពីជនបទ ត្រូវខិតខំសន្សំលុយជាប្រចាំ ដើម្បីត្រៀមបង់ថ្លៃសាលាតាមឆមាសនៃឆ្នាំសិក្សានីមួយៗ។

ប៉ុន្តែ នៅកាលៈទេសៈខ្លះ តើឱ្យគេសន្សំយ៉ាងម៉េចនឹងកើត បើថៅកែខ្លះផ្តល់បៀវត្សទាបជាងអតិផរណាទៅទៀតនោះ? ចំណែកភ្ញៀវមកញ៉ាំភាគច្រើន ក៏ពុំទាន់ទូលាយដៃនោះដែរ។ មែនទែនទៅ បើមិនឱ្យធីបលើកទឹកចិត្តពួកគេក៏ហីចុះ ស្រួលមិនស្រួល ខុសឆ្គងតិចតួចអត់លើកលែង ហើយប្រើសម្តីគំរោះគំរើយដាក់ពួកគេ រហូតថៅកែ បណ្តេញគេដេញចេញពីការងារក៏ថាបាន។ ត្រង់នេះ បើនៅស្រុកទេសអភិវឌ្ឍវិញ គេឱ្យតម្លៃនិស្សិតណាស់ ពិសេសបេក្ខជននិស្សិតដែលកំពុងធ្វើការដើម្បីរកលុយមករៀន។ អ្វីដែលគួរឱ្យស្រណោះទៅទៀតនោះ ដោយសារកង្វះមេត្តាធម៌នេះហើយ បានធ្វើឱ្យកូនខ្មែរមួយចំនួនធំបាក់ទឹកចិត្ត។

ម៉្លោះហើយ ដើម្បីជួយគ្នា ខ្ញុំយល់ថាផ្នត់គំនិតចង្អៀតចង្អល់ គួរតែត្រូវកែប្រែ។ អ្វីដែលសំខាន់បំផុតនោះ ត្រូវជួយគាំទ្រ ជួយរុញច្រាន និងបន្តផ្តល់កម្លាំងចិត្តដល់គ្នានឹងគ្នា។ បើយើងជាពលរដ្ឋដែលមានជីវភាពធូរធាមែនទែន ឬថាជាអ្នកមាន យើងអាចរកវិធីជួយ តាមវិធីផ្សេងៗដូចជា ចូលទទួលទានអាហារនៅហាងណា ដែលមានកូនសិស្សខ្មែរកំពុងធ្វើការ។ ជួយផ្តល់អាហាររូបករណ៍សប្បុរសធម៌ ជួយបង្កើតការងារឱ្យពួកគេ ឬបើមិនបានជួយអ្វីច្រើន កុំតែមើលងាយមើលថោក ឬបង្កើតឱ្យមានរូបភាពមួយដែលថា អ្នកមានមើលងាយអ្នកក្រ។ ជួសឱ្យមើលងាយជនជាតិដូចគ្នា យើងអាចហុចដៃឱ្យគេតោងឡើង ដើម្បីគេអាចបន្តហុចដៃជួយអ្នកក្រោយៗទៀត ដូចអ្វីដែលយើងបានធ្វើដាក់ពួកគេ។

ប្រភពពី៖KHMERBOTANAKA

Bun

Leave a Reply

Your email address will not be published. Required fields are marked *

two + 13 =

This site uses Akismet to reduce spam. Learn how your comment data is processed.