ការគប់ស្បែកជើងលើប្រមុខរដ្ឋាភិបាលកម្ពុជា ជាសេរីភាពហូរហៀរខ្លាំងពេក ឬអាមេរិកគ្រប់គ្រងសន្ដិសុខមិនបានល្អ?

លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លោកបានជួបជាមួយនឹងអ្នកគាំទ្រជាច្រើនមុនចាប់ផ្ដើមកិច្ចប្រជុំផ្លូវការ នៅថ្ងៃទី១២-១៣ខែឧសភា ឆ្នាំ២០២២។ ប៉ុន្ដែជារឿងមិននឹកស្មានដល់ លោកនាយករដ្ឋមន្ដ្រីបានជួបនឹងហេតុការណ៍មិនធ្លាប់មានសម្រាប់រូបលោកនៅពេលធ្វើទស្សនកិច្ចទៅក្រៅប្រទេស គឺលោកត្រូវបានបុរសខ្មែរ-អាមេរិកកាំងម្នាក់គប់ស្បែកជើងមកលើ អំឡុងពេលជួបអ្នកគាំទ្រនៅមុខសណ្ឋាគារមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃ១១ឧសភា។ បុរសដែលជាអ្នកគប់ស្បែកជើងសំដៅមកលើលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន មានឈ្មោះថា អ៊ុក ទូច អាយុ៧១ឆ្នាំ។ បើតាមការផ្ដល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី លោកថាការដែលលោកយកស្បែកជើងគប់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ដោយសារលោកខឹងនឹងលោកនាយករដ្ឋមន្ដ្រីដែលបានសម្លាប់គ្រួសាររបស់លោក និងប្រជាពលរដ្ឋខ្មែរជាច្រើននាក់ក្នុងពេលដឹកនាំប្រទេសជិត៤០ឆ្នាំមកនេះ។ លោកសង្កត់ធ្ងន់ថា “ហ្នឹងខ្ញុំគ្រាន់តែយកស្បែកជើងគប់គាត់ទេ តែពួកគាត់វិញយកគ្រាប់បែកគប់បាតុករស្លាប់មិនចេះតិចនៅស្រុកខ្មែរ...