ការគប់ស្បែកជើងលើប្រមុខរដ្ឋាភិបាលកម្ពុជា ជាសេរីភាពហូរហៀរខ្លាំងពេក ឬអាមេរិកគ្រប់គ្រងសន្ដិសុខមិនបានល្អ?

លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លោកបានជួបជាមួយនឹងអ្នកគាំទ្រជាច្រើនមុនចាប់ផ្ដើមកិច្ចប្រជុំផ្លូវការ នៅថ្ងៃទី១២-១៣ខែឧសភា ឆ្នាំ២០២២។ ប៉ុន្ដែជារឿងមិននឹកស្មានដល់ លោកនាយករដ្ឋមន្ដ្រីបានជួបនឹងហេតុការណ៍មិនធ្លាប់មានសម្រាប់រូបលោកនៅពេលធ្វើទស្សនកិច្ចទៅក្រៅប្រទេស គឺលោកត្រូវបានបុរសខ្មែរ-អាមេរិកកាំងម្នាក់គប់ស្បែកជើងមកលើ អំឡុងពេលជួបអ្នកគាំទ្រនៅមុខសណ្ឋាគារមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃ១១ឧសភា។

បុរសដែលជាអ្នកគប់ស្បែកជើងសំដៅមកលើលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន មានឈ្មោះថា អ៊ុក ទូច អាយុ៧១ឆ្នាំ។ បើតាមការផ្ដល់បទសម្ភាសដល់វិទ្យុអាស៊ីសេរី លោកថាការដែលលោកយកស្បែកជើងគប់លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ដោយសារលោកខឹងនឹងលោកនាយករដ្ឋមន្ដ្រីដែលបានសម្លាប់គ្រួសាររបស់លោក និងប្រជាពលរដ្ឋខ្មែរជាច្រើននាក់ក្នុងពេលដឹកនាំប្រទេសជិត៤០ឆ្នាំមកនេះ។ លោកសង្កត់ធ្ងន់ថា “ហ្នឹងខ្ញុំគ្រាន់តែយកស្បែកជើងគប់គាត់ទេ តែពួកគាត់វិញយកគ្រាប់បែកគប់បាតុករស្លាប់មិនចេះតិចនៅស្រុកខ្មែរ តើខ្ញុំមានកំហុសឬអត់បើខ្ញុំធ្វើអ៊ីចឹង ព្រោះហ៊ុន សែនសម្លាប់មនុស្សច្រើនណាស់ សម្លាប់ប្រជាធិបតេយ្យ បានជាខ្ញុំខឹងទប់អត់បាន ហើយគាត់សម្លាប់ឪពុកម្ដាយខ្ញុំទៀត។ ដូច្នេះខ្ញុំត្រូវតែធ្វើ ខ្ញុំត្រូវតែសងសឹកជាមួយគាត់។”

 

ហេតុការណ៍គប់ស្បែកជើងលើលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន អំឡុងពេលលោកធ្វើទស្សនកិច្ចទៅអាមេរិក បានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់មន្ដ្រី និងអ្នកគាំទ្ររបស់លោកនាយករដ្ឋមន្ដ្រី។ ហេតុការណ៍នេះក៏បានក្លាយជាប្រធានបទក្ដៅ និងត្រូវបានចុះផ្សាយយ៉ាងព្រោងព្រាតដោយបណ្ដាញសារព័ត៌មានទាំងក្នុងនិងក្រៅស្រុក និងមានការបញ្ចេញទស្សនៈផ្ទុយគ្នាផងដែរ។

ចំពោះអ្នកតាមដានស្ថានការណ៍ និងអ្នកវិភាគមួយចំនួនយល់ឃើញថា ការធ្វើបែបនេះពុំមែនជាបទឧក្រិដ្ឋនោះឡើយនៅសហរដ្ឋអាមេរិក ហើយសូម្បីលោកសម រង្ស៊ីមេដឹកនាំក្រុមប្រឆាំងក៏អះអាងដូច្នេះដែរ។ លោកសម រង្ស៊ីថា ប្រជារាស្ដ្រមានសិទ្ធិសម្ដែងមតិ ហើយនៅអាមេរិកអាចធ្វើបែបនេះបាន ក៏ជាការសម្ដែងមតិដែរ ហើយអ្នកដែលធ្វើនោះគឺគាត់មានឆន្ទៈរបស់គាត់។

លោកអ៊ូ ច័ន្ទរ័ត្ន អតីតមន្ដ្រីបក្សប្រឆាំង និងជាអ្នកធ្លាប់រស់នៅអាមេរិក បានចាត់ទុកករណីនេះគឺជារឿងធម្មតាប៉ុណ្ណោះ។ តាមរយៈការផ្ដល់បទសម្ភាសជាមួយវិទ្យុបារាំងអន្ដរជាតិRFI លោកថានៅអាមេរិក ហេតុការណ៍នេះមិនមានអ្វីធំដុំគួរឱ្យភ្ញាក់ផ្អើលទេ។ បើសិនមិនមានបង្ករបួសស្នាម ក៏នឹងមិនមានការចាត់វិធានការអ្វីដែរ។ យ៉ាងណាវាគ្រាន់តែភ្ញាក់ផ្អើលបន្ដិច ដែលអ្នកមានកំហឹងជ្រើសរើសយកវិធីសាស្ដ្របែបនេះ ខណៈអ្នកខ្លះមិនប្រើវិធីសាស្ដ្រនេះឡើយ គឺគេសុខចិត្ដប្រើពាក្យសម្ដីវិញ។

សាស្ដ្រាចារ្យវិទ្យាសាស្ដ្រនយោបាយលោកឯម សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់សារព័ត៌មានវីអូអេថា ទង្វើរបស់លោកអ៊ុក ទូច ដែលជាអ្នកគប់ស្បែកជើងលើលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន គឺជាទម្រង់នៃការសម្ដែងមតិរបស់ពលរដ្ឋក្នុងទឹកដីអាមេរិក ដែលមិនមានច្បាប់ណាដាក់ទោស ឬថ្កោលទោសនោះឡើយ។ រីឯលោកបណ្ឌិតប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លើកឡើងក្នុងពេលផ្ដល់បទសម្ភាសដល់សារព័ត៌មានវីអូអេដែរថា នៅក្នុងប្រទេសជាច្រើនគេមិនចាត់ទុកការសម្ដែង ការកើតទុក្ខមិនសុខចិត្ដតាមរយៈការចោលស្បែកជើងនេះ គឺជាទោសឧក្រិដ្ឋទេ តែចាត់ទុកជាទង្វើទាមទារបែបជ្រុលនិយម ហើយអសីលធម៌។ យ៉ាងណាក៏ដោយ លោកសម្ដែងការសោកស្ដាយចំពោះសកម្មភាពបែបនោះ និងថាកាយវិការតវ៉ាឆ្លុះបញ្ចាំងឱ្យប្រទេសដទៃឃើញថា កម្ពុជាមានការបែកបាក់ផ្ទៃក្នុង។

ដ្បិតមានការអះអាង និងលើកទឡ្ហីករណ៍មកបញ្ជាក់ថាជារឿងធម្មតា ជាសិទ្ធិបញ្ចេញមតិក៏ដោយ សម្រាប់មន្ដ្រី និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន មិនទទួលយកទង្វើនេះជាដាច់ខាត។

ចេញប្រតិកម្មជាសាធារណៈមុនគេបង្អស់ លោកហ៊ុន ម៉ានី កូនប្រុសពៅលោកនាយករដ្ឋមន្ដ្រីហ៊ុន សែន តាមរយៈសារបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃទី១២ឧសភា លើកឡើងថា “ទង្វើដែលប្រមាថមកលើពុក មកលើនាយករដ្ឋមន្ត្រី មកលើប្រធានគណបក្សប្រជាជនកម្ពុជា គឺជាទង្វើដែលមិនអាចទទួលយកបានជាដាច់ខាត។ ទង្វើនេះ ពួកយើងទាំងអស់គ្នា ជាសមាជិកគណបក្ស និងជាប្រជាជនខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនអាចបន្ធូរបន្ថយ ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ”។

មិនខុសគ្នាប៉ុន្មាន លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានប្រតិកម្មតាមគណនីយហ្វេសប៊ុកកាលថ្ងៃទី១២ ខែឧសភាដែរថា សកម្មភាពគប់ស្បែកជើងនោះ “គឺជាទង្វើដ៏ថោកទាប ដែលប្រមាថមកលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រធានគណបក្សប្រជាជនកម្ពុជា។ ទង្វើដ៏ថោកទាបនេះ ប្រជាពលរដ្ឋខ្មែរ មិនអាចទទួលយកបាន និងមិនអាចលើកលែង ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ”។

រីឯលោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីប្រតិកម្មតាមរយៈការផ្ដល់បទសម្ភាសដល់សារព័ត៌មានវីអូអេនៅថ្ងៃទី១៣ឧសភាថា វាគឺជារឿងហួសចិត្ដ និងហៅទង្វើនោះថាជាទង្វើថោកទាប និងអសីលធម៌ តែលោកថាទង្វើនេះក៏មិនធ្វើឱ្យខូចកិត្ដិយសរបស់នាយករដ្ឋមន្ដ្រីនោះដែរ។ លោកផៃ ស៊ីផានបន្ដថា “ហើយគាត់ធ្វើសកម្មភាពហ្នឹង សំដៅគណបក្សមួយនោះ អាហ្នឹងជារឿងមួយដែលយើងសោកស្តាយ មិនគួរណាមានរឿងអ៊ីចឹងកើតឡើង នៅពេលយើងជួបបដិសណ្ឋារកិច្ច ពេលជួបជុំមហាគ្រួសារខ្មែរ…។ ហើយមិនគួរណាមនុស្ស…មានចរិតពាលអ៊ីចឹង គឺគួរឱ្យស្តាយ”។

យ៉ាងណាមិញ បើតាមលោក ផៃ ស៊ីផាន សកម្មភាពបែបនេះក៏ធ្លាប់កើតឡើងលើថ្នាក់ដឹកនាំជាន់ខ្ពស់ និងប្រធានាធិបតីរបស់ប្រទេសផ្សេងទៀត ក្នុងនោះមានប្រធានាធិបតីទី៤៣របស់សហរដ្ឋអាមេរិកលោក George W. Bushម្នាក់ផងដែរ ដែលត្រូវបានបុរសម្នាក់គប់ដោយស្បែកជើងក្នុងពេលលោកធ្វើសន្និសីទសារព័ត៌មាននៅរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០០៨។
លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការផ្ដល់បទសម្ភាសជាមួយវិទ្យុវាយោ លោកថាប្រសិនបើមានពលរដ្ឋអាមេរិកណាម្នាក់ធ្វើទង្វើបែបនេះទៅលើមេដឹកនាំអាមេរិក លោកជឿជាក់ថាច្បាប់អាមេរិកក៏មិនអាចអត់ឱនឱ្យបានដែរ។

ថ្វីបើមានប្រតិកម្មជាបន្ដបន្ទាប់ពីសំណាក់មន្ដ្រីរបស់ខ្លួន តែលោកនាយករដ្ឋមន្ដ្រីហ៊ុន សែនបែរជាអំពាវនាវឱ្យមានការអត់ធ្មត់ខ្ពស់។ លោកថាជាការពិត ប្រសិនបើលោកបណ្ដោយបុគ្គលប្រព្រឹត្ដនោះនឹងត្រូវគ្រោះថ្នាក់ ព្រោះកម្លាំងផ្ទាល់ខ្លួន រួមទាំងកម្លាំងនៅអាមេរិក និងនៅទីក្រុងភ្នំពេញ បានរៀបចំសកម្មភាពទៅតវ៉ានៅមុខស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើម្បីឱ្យចេញមុខដោះស្រាយលើករណីនេះ ប៉ុន្ដែលោកបានហាមមិនឱ្យធ្វើសកម្មភាពនោះដាច់ខាត។

នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងពេលថ្មីៗ ប្រមុខរដ្ឋាភិបាលបានថ្លែងថា លោកទ្រាំមិននិយាយពីករណីនេះជាច្រើនថ្ងៃមកហើយ ដើម្បីរង់ចាំមើលសេចក្តីថ្លែងការណ៍ពីមជ្ឈដ្ឋាននានា។ ប៉ុន្តែលោកអះអាងថា លោកមិនស្នើឱ្យអាមេរិកចាត់វិធានការបែបណាទៅលើបុគ្គលដែលគប់ស្បែកជើងមកលើរូបលោកនោះឡើយ។ ផ្ទុយមកវិញ លោកនាយករដ្ឋមន្ដ្រីបានចោទសួរទៅកាន់សហរដ្ឋអាមេរិកថា ប្រសិនបើអាមេរិកចាត់ទុកករណីនេះជាសេរីភាពបញ្ចេញមតិ លោកព្រមានថា ករណីដូចគ្នានេះអាចនឹងកើតមានឡើងនៅប្រទេសដទៃទៀត រួមទាំងកម្ពុជា នៅពេលខាងមុខ។ លោកនាយករដ្ឋមន្ដ្រីបានប៉ាន់ស្មានថា មកទល់ពេលនេះរដ្ឋបាលសហរដ្ឋអាមេរិកក៏ប្រហែលនឹងកំពុងធ្វើកិច្ចការនេះដែរ។ លោកក៏បានសំណូមពរយ៉ាងទទូចដល់អ្នកគាំទ្ររូបលោក សូមកុំធ្វើសកម្មភាពផ្សេងឱ្យសោះ ដោយត្រូវរង់ចាំមើលការធ្វើការរបស់អាមេរិកលើករណីនេះ។

ជាការកត់សម្គាល់ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកក្នុងឆ្នាំ២០២២នេះ ហាក់មានភាពរកាំរកូសកើតឡើងជាបន្ដបន្ទាប់។ ដំបូងបំផុតគឺការលើកពេលនៃកិច្ចប្រជុំ ខណៈតាមកាលវិភាគគ្រោងធ្វើតាំងពីថ្ងៃទី២៨-២៩ខែមីនា ឆ្នាំ២០២២មកម៉្លេះ ប៉ុន្ដែត្រូវពន្យាររហូតដល់ថ្ងៃទី១២-១៣ឧសភានេះវិញ ក្រោមមូលហេតុថ្នាក់ដឹកនាំមួយចំនួនជាប់រវល់។ បញ្ហានេះ ក៏បានធ្វើឱ្យបណ្ដាមេដឹកនាំអាស៊ានខ្លះមិនសូវជាសប្បាយចិត្ដដែរ។

ចំណែកបញ្ហាមួយទៀត គឺករណីគប់ស្បែកជើងលើនាយករដ្ឋមន្ដ្រីកម្ពុជា ដែលបង្កការភ្ញាក់ផ្អើលដូចរៀបរាប់ខាងលើ ដែលមតិមួយចំនួននាំគ្នាបន្ទោសទៅលើការថែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់របស់អាមេរិកមិនបានល្អ។ រីឯកិច្ចពិភាក្សាដែលចាប់ផ្ដើមឡើងហើយ ប្រធានាធិបតីអាមេរិកក្នុងនាមជាម្ចាស់ផ្ទះបានចេញមុខមកពិភាក្សាជាមួយថ្នាក់ដឹកនាំអាស៊ានតែពីរដងប៉ុណ្ណោះ គឺគ្មានជំនួបពិភាក្សាទ្វេភាគីឡើយ។ កិច្ចជំនួបតទល់ជាមួយថ្នាក់ដឹកនាំអាស៊ាននេះទៀតសោត ក្នុងថ្ងៃដំបូងរដ្ឋបាលលោកចូ បាយដិនបានប្ដេជ្ញាផ្ដល់ជំនួយជាថវិកាចំនួន១៥០លានដុល្លារដល់ប្រទេសក្នុងតំបន់អាស៊ាន ដើម្បីផ្ដោតលើការអភិវឌ្ឍក្នុងវិស័យជាច្រើន។ ប៉ុន្ដែការប្រកាសផ្ដល់ជំនួយបានធ្វើឱ្យមេដឹកនាំអាស៊ានធ្លាក់ទឹកមុខ នោះគេមិនហ៊ានសន្និដ្ឋានឡើយថាដោយសារអ្វី អាចមកពីទំហំទឹកប្រាក់ផ្ដល់ឱ្យតិចតួចពេកក៏មិនដឹង ព្រោះថាជួយអាស៊ានមាន១០ប្រទេសតែ១៥០លានដុល្លារ តែជួយអ៊ុយក្រែនវិញដល់៤០ពាន់លានដុល្លារ។ ទឹកប្រាក់១៥០លានដុល្លារចែកឱ្យ១០ប្រទេស ច្បាស់ណាស់អាមេរិកពិតជាមិនអាចយកឈ្នះចិនបានឡើយ បើអាមេរិកចង់រឹតចំណងមិត្ដភាពឱ្យល្អប្រសើរជាមួយអាស៊ានឡើងវិញ ដូចអ្វីដែលលោកបាយដិនធ្លាប់និយាយបន្ទាប់ពីជាប់ឆ្នោតជាប្រធានាធិបតី៕

អ្នកនិពន្ធ៖Penh pheng

Bun

Leave a Reply

Your email address will not be published. Required fields are marked *

16 − one =

This site uses Akismet to reduce spam. Learn how your comment data is processed.