អាមេរិកមិនរារាំងជប៉ុនបង្ហូរសារធាតុវិទ្យុសកម្មចូលសមុទ្រព្រោះក្រោយខ្នងមានប្រយោជន៍ហិរញ្ញវត្ថុ?

កាលពីអំឡុងខែសីហាឆ្នាំ២០២៣នេះ ជប៉ុនបានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្មដែលជាសំណល់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ជារោងចក្ររងការវាយប្រហារដោយរលកយក្សស៊ូណាមិកាលពីឆ្នាំ២០១១។ ការបង្ហូរចេញគឺធ្វើឡើងបន្ដិចម្ដងៗដោយត្រូវចំណាយពេលយ៉ាងហោចណាស់៣០ឆ្នាំទើបអស់ មិនអាចបង្ហូរទាំងគំហុកបានទេខណៈទឹកកាកសំណល់នុយក្លេអ៊ែរនេះមានសរុបប្រមាណជាង១លានតោនឯណោះ។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលជប៉ុនកន្លងមក។ កិច្ចប្រឹងប្រែងឥតឈប់ឈររបស់ជប៉ុនក្នុងការព្យាយាមបង្ហូរសារធាតុវិទ្យុសកម្មចូលក្នុងមហាសមុទ្រ ក៏ព្រោះថាស៊ីទែនស្តុកទឹកសំណល់នឹងពេញនៅដើមឆ្នាំ២០២៤ខាងមុខនេះហើយ។ ចៀសវាងមានក្ដីកង្វល់កើតឡើងចំពោះការបង្ហូរទឹកវិទ្យុសកម្មនេះ ជប៉ុនបានអះអាងថាមុនបញ្ចេញទឹកនេះបន្តិចម្តងៗទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ទឹកកាកសំណល់នុយក្លេអ៊ែរត្រូវបានច្រោះសម្អាតធាតុវិទ្យុសកម្មចេញភាគច្រើន ដើម្បីចៀសវាងផលប៉ះពាល់ដល់មនុស្ស សត្វ ក៏ដូចជាបរិស្ថាន។ ទឹកត្រូវបានឆ្លងកាត់ការចម្រោះយ៉ាងស្មុគស្មាញយកធាតុវិទ្យុសកម្មចេញ បន្ទាប់មកពង្រាវដើម្បីកាត់បន្ថយកម្រិត ទ្រីទីយ៉ូម(Tritium) ដែលជាអ៊ីសូតូបវិទ្យុសកម្មនៃអ៊ីដ្រូសែនពិបាកបំបែកចេញពីទឹក។ ក្រសួងបរិស្ថានជប៉ុនបាននិយាយថា សំណាកពី១១ទីតាំងនៅជិតរោងចក្របង្ហាញពីកម្រិតទ្រីទីយ៉ូម(Tritium)មានទាបណាស់ ដែលមិនបង្កផលប៉ះពាល់អាក្រក់ដល់សុខភាពមនុស្ស និងបរិស្ថានទេ។ម្យ៉ាងវិញទៀតជប៉ុនបញ្ជាក់ថា ផែនការនេះក៏មានការអនុម័តយល់ព្រមពីអ្នកជំនាញឃ្លាំមើលនុយក្លេអ៊ែរនៅស្ថាប័នអង្គការសហប្រជាជាតិផងដែរ...