អត្រាពន្ធអាមេរិកជាបញ្ហាប្រឈមរបស់ថៅកែរោងចក្រ ដែលជះឥទ្ធិពលដល់ការចរចាប្រាក់ឈ្នួលឆ្នាំ២០២៦

អត្រាពន្ធបដិការរបស់អាមេរិកបានជះឥទ្ធិពលដល់កិច្ចចរចាប្រាក់ឈ្នួលកម្មករនិយោជិត សម្រាប់ឆ្នាំ២០២៦ បើទោះជាការយកពន្ធរបស់អាមេរិកលើទំនិញកម្ពុជាបានទម្លាក់ក្នុង​អត្រា១៩ភាគរយក៏ដោយ។ នេះគឺជាចំណុចប្រឈមមួយដែលលើកឡើងដោយភាគីនិយោជក ហើយថ្លែងឱ្យដឹងដោយរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ។ លោករដ្ឋមន្ត្រី ហេង សួរ គូសបញ្ជាក់ថា ក្រោយការចរចាជាមួយរដ្ឋបាលសហរដ្ឋអាមេរិក បណ្ដាប្រទេសជាច្រើនរាប់ទាំងប្រទេសកម្ពុជា គឺទទួលបាននូវអត្រាពន្ធបដិការទាបជាងមុនក៏ពិតមែន ប៉ុន្តែវានៅតែលើសពីមុនដដែល ហើយបញ្ហានេះក៏បានក្លាយជាចំណុចប្រឈមរបស់ភាគីនិយោជកដែលការអល់អែកដំឡើងប្រាក់ឈ្នួលក្នុងកម្រិតណាមួយនោះឱ្យកម្មករនិយោជិតក្នុងឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរឆ្នាំ២០២៦។ លោករដ្ឋមន្ត្រី លើកឡើងដូច្នេះថា «នៅពេលដែលពន្ធបដិការរបស់អាមេរិកដាក់គ្រប់ប្រទេសទាំងអស់ វាអាចធ្វើឱ្យទំនិញដែលលក់ចុងក្រោយនៅសហរដ្ឋអាមេរិកមានការកើនឡើងជាងមុន។ ចឹងកាលណាកើនឡើងជាងមុន វាអាចធ្វើឱ្យមានការថយចុះនូវតម្រូវការជាសកល ចឹងវាជាចំណុចប្រឈមមួយ»។...