Day: October 21, 2025
ហ្សេឡិនស្គីខកចិត្តបន្ទាប់ពីត្រាំជំរុញឱ្យកា.ត់ទឹកដីអ៊ុយក្រែនឱ្យរុស្ស៊ី និងមិនផ្ដល់មីស៊ីលថូម៉ាហក
ជាថ្មីម្ដងទៀត លោកត្រាំនៅតែចង់ឱ្យអ៊ុយក្រែនធ្វើសម្បទានទៅឱ្យរុស្ស៊ីដើម្បីបិទបញ្ចប់សង្គ្រាមឱ្យបានឆាប់។ ប្រភពដែលស្នើសុំមិនបញ្ចេញឈ្មោះ និងដែលបានដឹងកិច្ចការផ្ទៃក្នុងរវាងអាមេរិក និងអ៊ុយក្រែនបានទម្លាយអាថ៌កំបាំងប្រាប់អ្នកសារព័ត៌មានថានៅពេលជួបគ្នាកាលពីថ្ងៃសុក្រសប្ដាហ៍មុន លោកត្រាំស្នើឱ្យលោកហ្សេឡិនស្គីកាត់ទឹកដីអ៊ុយក្រែនមួយផ្នែកទៅឱ្យរុស្ស៊ីដើម្បីជាថ្នូរនឹងសន្តិភាព។ ប្រភពដដែលនោះប្រាប់ថាការជួបគ្នាកាលនោះប្រព្រឹត្តទៅនៅក្នុងបរិយាកាសដ៏តឹងតែងបំផុតដល់ថ្នាក់គណៈប្រតិភូអ៊ុយក្រែនខកចិត្តយ៉ាងខ្លាំង។ នេះបើតាមប្រភព២នាក់ដែលសូមមិនបញ្ចេញឈ្មោះ។ ចំពោះសំណូមពររបស់អ៊ុយក្រែនដែលចង់បានមីស៊ីលម៉ាកថូម៉ាហកនោះ លោកត្រាំមិនបានផ្ដល់ការសន្យាដោយប្រាកដប្រជាឡើយ។ ប៉ុន្តែប្រហែលជាអត់ច្រើនជាងបាន។ សូម្បីតែអនុប្រធានាធិបតីអាមេរិក លោកជេឌីវេន (JD Vance) ក៏បញ្ជាក់ត្រង់ចំណុចនេះផងដែរថាលោកត្រាំចង់ផ្ដោតសំខាន់ទៅលើការបន្ធូរបន្ថយភាពតានតឹង និងរំលត់ភ្លើងសង្គ្រាម។ លោកចង់មានន័យថាបើផ្ដល់មីស៊ីលនេះទៅឱ្យអ៊ុយក្រែនមិនមែនធ្វើឱ្យសង្គ្រាមឆាប់ចប់នោះទេ ប៉ុន្តែអាចធ្វើឱ្យឆាបឆេះកាន់តែខ្លាំង។ ប្រភពដដែលនេះប្រាប់ថានៅក្នុងពេលជួបគ្នានោះ លោកត្រាំមិនបានសន្យាដោយប្រាកដប្រជាថានឹងផ្ដល់ការធានាសន្តិសុខជាតិសម្រាប់អ៊ុយក្រែនទេ។ និយាយដល់ចំណុចនេះធ្វើឱ្យគណៈប្រតិភូអ៊ុយក្រែនចាប់ផ្ដើមងឿងឆ្ងល់ព្រោះមិនដឹងថាតើលោកត្រាំមានជំហរបែបណា។ គេនៅចាំបានថាក្រោយពេលជួបគ្នារួច លោកត្រាំអំពាវនាវឱ្យមានបទឈប់បាញ់។...