
សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជានឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនៅកំឡុងខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ពោលគឺថ្ងៃទី១២-១៣ខែឧសភាដែលគ្រោងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន។ ជាក់ស្ដែងកាលបរិច្ឆេទនេះ គឺជាការផ្លាស់ប្ដូរតាមសំណើររបស់រដ្ឋមន្រ្តីការបរទេសនៃប្រទេសកម្ពុជាដោយប្ដូរពីខែមីនា មកខែឧសភាវិញដោយហេតុថាក្នុងកំឡុងខែមីនា គឺជាពេលវេលាមិនសមស្រប ហើយថ្នាក់ដឹកនាំនៃសមាជិកអាស៊ានមានភាពមមាញឹកខ្លាំងក្នុងកំឡុងពេលនោះ។ កិច្ចប្រជុំពិសេសដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះត្រូវបានគេសម្លឹងឃើញថាជាការអបអរសាទរដល់ទំនាក់ទំនងអាស៊ាន-អាមេរិករយៈ ៤៥ ឆ្នាំផងដែរ។
យោងតាមសេចក្ដីថ្លៃងការណ៍មេដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កិច្ចប្រជុំមួយនេះនឹងពិភាក្សាទៅលើបញ្ហាមួយចំនួនដូចជាកិច្ចសហប្រតិបត្តិការការស្ដារឡើងវិញនូវកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ សន្តិសុខ សុខភាពពិភពលោក កិច្ចសហប្រតិបត្តិការដែនសមុទ្រ ការអប់រំ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការចូលរួមផ្នែកសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍធនធានមនុស្សជាដើម។ បន្ថែមពីនេះភាគីទាំងពីរនឹងពិភាក្សាបន្ថែម និងផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមរបស់បណ្ដាលប្រទេសទាំងអស់ដែលជាសមាជិក។ ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងថា «មិនទាន់មានការរៀបចំជារបៀបវារៈជាក់លាក់ណាមួយនៅឡើយនោះទេពាក់ព័ន្ធនឹងកិច្ចប្រជុំពិសេសខាងលើនេះ ប៉ុន្តែលោកមានប្រសាសន៍ថាបញ្ហានយោបាយនៅភូមា បញ្ហាសន្តិសុខតំបន់អាស៊ាន វិបត្តិសង្រ្គាមអ៊ុយក្រែន-រុស្ស៊ីនឹងទំនងជាត្រូវបានដាក់បញ្ចូលនៅក្នុងកិច្ចពិភាក្សា»។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃឌិន ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថ្ងៃទី 26 ខែតុលា ឆ្នាំ 2021។
យោងទៅតាមការលើកឡើងមួយចំនួនបានឱ្យដឹងថា សមាជិកសភានៃសហរដ្ឋអាមេរិកបានព្យាយាមឱ្យបូកបញ្ចូលបញ្ហាសិទ្ធមនុស្ស និងប្រជាធិបតេយ្យចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំពិសេសនេះផងដែរ។ ប្រសិនបើពិតដូចការលើកឡើងខាងលើមែននោះ នេះជាទង្វើមិនគប្បីនោះឡើយ ខណៈពេលដែលពិភពលោកកំពុងជួបបញ្ហាដែលត្រូវការដំណោះស្រាយរួមជាច្រើន មានមនុស្សមួយក្រុមតូចបានព្យាយាមយកនយោបាយរបស់ខ្លួនមកដាក់មុខ។ ជាងនេះទៅទៀត យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក គឺជាចក្ខុវិស័យរបស់លោក បៃឌិន ដោយផ្ដោតសំខាន់ទៅលើការសហការប្រកបដោយចីរភាព និងប្រកបដោយភាពច្នៃប្រឌិតជាមួយសម្ព័ន្ធមិត្ត ដៃគូ និងស្ថាប័ននានាក្នុងតំបន់ និងលើសពីនេះ។ ការឱ្យនិយមន័យខុសគ្នាទៅលើពាក្យថាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមិនសាកសមជារនាំងនៃការសហការណ៍គ្នារវាងសហរដ្ឋអាមេរិក-អាស៊ាន និងកម្ពុជា-អាមេរិកនោះឡើយ ជាងនេះទៅទៀតពាក្យទាំងពីរខាងលើនេះមិនអាចប្រើប្រាស់ដើម្បីឈ្លានពានចូលផ្ទៃក្នុងនៃប្រទេសដទៃនោះឡើយ។ ថ្មីៗនេះសម្ដេចហ៊ុន សែនក៏បានមានប្រសាសន៍ផងដែរអំពីការស្ដង់ដារនៃសិទ្ធមនុស្ស និងប្រជាធិបតេយ្យនៅក្នុងពិធីសំណេះ ជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ដោយលោកបានលើកឡើងថា «ដំណើរការប្រជាធិបតេយ្យវាមិនដូចគ្នាទេ ប្រទេសខ្លះកាន់យករបបប្រធានាធិបតីប្រទេសខ្លះប្រកាន់យករបបសភា ចឹងទោះបីជារបបប្រធានាធិបតី ឬសភាក៏ដោយ ក៏គេហៅបែបប្រជាធិបតេយ្យដូចគ្នា តែវាមិនមែនជាស្ដង់ដាតែមួយនោះទេ»។
ជាងនេះទៅទៀត កាលពីពេលថ្មីៗនេះលោក ចូ បៃឌិន ក៏បានផ្ញើលិខិតអញ្ជើញសម្ដេចហ៊ុន សែនដើម្បីចូលរួមកិច្ចប្រជុំពិសេសនេះផងដែរ ក្នុងសារនោះលោកក៏បានគូសបញ្ជាក់ជាថ្មីម្ដងទៀតអំពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អាមេរិកដើម្បីដោះស្រាយបញ្ហារួមជាសកល និងការលើកកម្ពស់ចក្ខុវិស័យរួមសម្រាប់តំបន់មួយសេរី និងបើកចំហរដូចដែលបានគូសបញ្ជាក់ក្នុងទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។ សូមអានសារខាងក្រោមសម្រាប់ព័ត៌មានបន្ថែមអំពីសាររបស់លោក ចូ បៃឌិន។
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា
ស្របពេលជាមួយគ្នានេះដែរ យោងតាមគេហទំព័រវីអូអេ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរីបានលើកឡើងថា «កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សាមជ្ឈភាពនិងឯកភាពអាស៊ាន តាមរយៈយន្តការនានាដែលដឹកនាំដោយអាស៊ាន ក៏ដូចជា ដើម្បីបង្កើនជំនឿ និងទំនុកចិត្តគ្នាទៅវិញទៅមកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ការណ៍នេះសរបញ្ជាក់ឱ្យឃើញថាកិច្ចប្រជុំមួយនេះ គឺដើម្បីដោះស្រាយបញ្ហារួមក្នុងរយៈពេលមធ្យម និងវែង ក៏ដូចជាពង្រឹងបន្ថែមនូវទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ពិសេសក្នុងកាលៈទេសៈមិនទៀងទាត់នៃពិភពលោកទាក់ទងទៅនឹងបញ្ហាសន្តិសុខ និងសុខុមាលភាពពិភពលោក។
តើអ្វីខ្លះដែលកម្ពុជាគប្បីនឹងធ្វើក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន?
កម្ពុជាក្នុងនាមជាប្រធានប្ដូរវេនអាស៊ានគប្បីបង្ហាញអំពីសក្ដានុពល និងភាពអង់អាចរបស់ខ្លួនក្នុងនាមជារដ្ឋឯករាជដែលមានការទទួលខុសត្រូវ និងតែងតែចូលរួមចំណែកដោះស្រាយវិបត្តិរួមដើម្បីបង្កើនការទុកចិត្តរវាងគ្នានិងគ្នាក្នុងការថែរក្សាសន្តិសុខ ស្ថេរភាព និងវិបុលភាពក្នុងតំបន់ក៏ដូចជាពិភពលោក។ លោក ជុំ សុន្ទវី ក៏បានបង្ហាញការយល់ឃើញរបស់លោកទៅលើកិច្ចប្រជុំពិសេសនេះផងដែរថា «កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន មានការតាំងចិត្តខ្ពស់ ក្នុងការជំរុញឲ្យមានលទ្ធផលផ្លែផ្កាក្នុងកិច្ចប្រជុំកំពូលពិសេសនេះ។ ជាមួយគ្នានេះដែរ នេះក៏ជាឱកាសដ៏ល្អមួយសម្រាប់ការលើកស្ទួយទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-សហរដ្ឋអាមេរិកផងដែរ»។ គួរបញ្ជាក់ផងដែរថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក គឺមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ពិសេសទាក់ទងទៅនឹងបញ្ហាសមុទ្ររាមដែលសហរដ្ឋអាមេរិកបានចោទថាកម្ពុជាបានឱ្យបរទេសដាក់មូលដ្ឋានកងទ័ពនៅទីនោះ ស្របពេលដែលកម្ពុជាបានបដិសេធម្ដងហើយម្ដងទៀត។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវការពេលវេលាបន្ថែមទៀតដើម្បីបង្ហាញពីចំហរ និងភាពស្មោះត្រង់រវាងគ្នានិងគ្នា។ ហើយកិច្ចប្រជុំកំពូលពិសេសខាងលើនេះក៏ជាឱកាសសម្រាប់ប្រទេសទាំងពីរដើម្បីសិក្សាអំពីគ្នាបន្ថែមទៀត។ លោក មាស នី ដែលជាអ្នកវិភាគមួយរូបបានយល់ឃើញថា លទ្ធភាពសម្រាប់កិច្ចប្រជុំទ្វេភាគីរវាងថ្នាក់ដឹកនាំកម្ពុជា និងសហរដ្ឋអាមេរិកមិនមានខ្ពស់នោះទេ ដោយសារតែទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរត្រូវការពេលវេលាបន្ថែមទៀតក្នុងការ «ស្តាភាពស្មោះត្រង់រវាងគ្នា» ក៏ដូចជាអាស្រ័យលើការវិវឌ្ឍនយោបាយ និងជំហររបស់កម្ពុជាផងដែរ។
អ្នកនិពន្ធ៖ SK