តើកម្ពុជាអាចនឹងទទួលបានផលប្រយោជន៍អ្វីខ្លះពីកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក?

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជានឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនៅកំឡុងខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ពោលគឺថ្ងៃទី១២-១៣ខែឧសភាដែលគ្រោងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន។ ជាក់ស្ដែងកាលបរិច្ឆេទនេះ គឺជាការផ្លាស់ប្ដូរតាមសំណើររបស់រដ្ឋមន្រ្តីការបរទេសនៃប្រទេសកម្ពុជាដោយប្ដូរពីខែមីនា មកខែឧសភាវិញដោយហេតុថាក្នុងកំឡុងខែមីនា គឺជាពេលវេលាមិនសមស្រប ហើយថ្នាក់ដឹកនាំនៃសមាជិកអាស៊ានមានភាពមមាញឹកខ្លាំងក្នុងកំឡុងពេលនោះ។ កិច្ចប្រជុំពិសេសដែលនឹងមកដល់នាពេលដ៏ខ្លីខាងមុខនេះត្រូវបានគេសម្លឹងឃើញថាជាការអបអរសាទរដល់ទំនាក់ទំនងអាស៊ាន-អាមេរិករយៈ ៤៥ ឆ្នាំផងដែរ។

យោងតាមសេចក្ដីថ្លៃងការណ៍មេដឹកនាំអាស៊ាន និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កិច្ចប្រជុំមួយនេះនឹងពិភាក្សាទៅលើបញ្ហាមួយចំនួនដូចជាកិច្ចសហប្រតិបត្តិការការស្ដារឡើងវិញនូវកូវីដ-១៩ ការប្រែប្រួលអាកាសធាតុ សន្តិសុខ សុខភាពពិភពលោក កិច្ចសហប្រតិបត្តិការដែនសមុទ្រ ការអប់រំ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការចូលរួមផ្នែកសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍធនធានមនុស្សជាដើម។ បន្ថែមពីនេះភាគីទាំងពីរនឹងពិភាក្សាបន្ថែម និងផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមរបស់បណ្ដាលប្រទេសទាំងអស់ដែលជាសមាជិក។ ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងថា «មិន​ទាន់​មាន​ការ​រៀប​ចំ​ជា​របៀប​វារៈ​ជាក់​លាក់​ណា​មួយ​នៅ​ឡើយ​នោះ​ទេ​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​ពិសេស​ខាង​លើ​នេះ ប៉ុន្តែ​លោកមានប្រសាសន៍ថា​បញ្ហា​នយោបាយ​នៅ​ភូមា បញ្ហា​សន្តិសុខ​តំបន់​អាស៊ាន វិបត្តិ​សង្រ្គាម​អ៊ុយក្រែន​-រុស្ស៊ីនឹង​ទំនង​ជា​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​កិច្ច​ពិភាក្សា»។


ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃឌិន ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ថ្ងៃទី 26 ខែតុលា ឆ្នាំ 2021។

យោងទៅតាមការលើកឡើងមួយចំនួនបានឱ្យដឹងថា សមាជិកសភានៃសហរដ្ឋអាមេរិកបានព្យាយាមឱ្យបូកបញ្ចូលបញ្ហាសិទ្ធមនុស្ស និងប្រជាធិបតេយ្យចូលទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំពិសេសនេះផងដែរ។ ប្រសិនបើពិតដូចការលើកឡើងខាងលើមែននោះ នេះជាទង្វើមិនគប្បីនោះឡើយ ខណៈពេលដែលពិភពលោកកំពុងជួបបញ្ហាដែលត្រូវការដំណោះស្រាយរួមជាច្រើន មានមនុស្សមួយក្រុមតូចបានព្យាយាមយកនយោបាយរបស់ខ្លួនមកដាក់មុខ។ ជាងនេះទៅទៀត យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិក គឺជាចក្ខុវិស័យរបស់លោក បៃឌិន ដោយផ្ដោតសំខាន់ទៅលើការសហការប្រកបដោយចីរភាព និងប្រកបដោយភាពច្នៃប្រឌិតជាមួយសម្ព័ន្ធមិត្ត ដៃគូ និងស្ថាប័ននានាក្នុងតំបន់ និងលើសពីនេះ។ ការឱ្យនិយមន័យខុសគ្នាទៅលើពាក្យថាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមិនសាកសមជារនាំងនៃការសហការណ៍គ្នារវាងសហរដ្ឋអាមេរិក-អាស៊ាន និងកម្ពុជា-អាមេរិកនោះឡើយ ជាងនេះទៅទៀតពាក្យទាំងពីរខាងលើនេះមិនអាចប្រើប្រាស់ដើម្បីឈ្លានពានចូលផ្ទៃក្នុងនៃប្រទេសដទៃនោះឡើយ។ ថ្មីៗនេះសម្ដេចហ៊ុន សែនក៏បានមានប្រសាសន៍ផងដែរអំពីការស្ដង់ដារនៃសិទ្ធមនុស្ស និងប្រជាធិបតេយ្យនៅក្នុងពិធីសំណេះ ជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ដោយលោកបានលើកឡើងថា «ដំណើរការប្រជាធិបតេយ្យវាមិនដូចគ្នាទេ ប្រទេសខ្លះកាន់យករបបប្រធានាធិបតីប្រទេសខ្លះប្រកាន់យករបបសភា ចឹងទោះបីជារបបប្រធានាធិបតី ឬសភាក៏ដោយ ក៏គេហៅបែបប្រជាធិបតេយ្យដូចគ្នា តែវាមិនមែនជាស្ដង់ដាតែមួយនោះទេ»។

ជាងនេះទៅទៀត កាលពីពេលថ្មីៗនេះលោក ចូ បៃឌិន ក៏បានផ្ញើលិខិតអញ្ជើញសម្ដេចហ៊ុន សែនដើម្បីចូលរួមកិច្ចប្រជុំពិសេសនេះផងដែរ ក្នុងសារនោះលោកក៏បានគូសបញ្ជាក់ជាថ្មីម្ដងទៀតអំពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អាមេរិកដើម្បីដោះស្រាយបញ្ហារួមជាសកល និងការលើកកម្ពស់ចក្ខុវិស័យរួមសម្រាប់តំបន់មួយសេរី និងបើកចំហរដូចដែលបានគូសបញ្ជាក់ក្នុងទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក។ សូមអានសារខាងក្រោមសម្រាប់ព័ត៌មានបន្ថែមអំពីសាររបស់លោក ចូ បៃឌិន។


ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា

ស្របពេលជាមួយគ្នានេះដែរ យោងតាមគេហទំព័រវីអូអេ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរីបានលើកឡើង​ថា «កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-សហរដ្ឋអាមេរិក​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា ដើម្បី​រក្សា​មជ្ឈភាព​និង​ឯកភាព​អាស៊ាន​ តាមរយៈ​យន្តការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន​ ក៏ដូចជា ដើម្បី​បង្កើន​ជំនឿ​ និង​ទំនុកចិត្ត​គ្នា​ទៅវិញ​ទៅ​មក​ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់។ ការណ៍នេះសរបញ្ជាក់ឱ្យឃើញថាកិច្ចប្រជុំមួយនេះ គឺដើម្បីដោះស្រាយបញ្ហារួមក្នុងរយៈពេលមធ្យម និងវែង ក៏ដូចជាពង្រឹងបន្ថែមនូវទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ពិសេសក្នុងកាលៈទេសៈមិនទៀងទាត់នៃពិភពលោកទាក់ទងទៅនឹងបញ្ហាសន្តិសុខ និងសុខុមាលភាពពិភពលោក។

តើអ្វីខ្លះដែលកម្ពុជាគប្បីនឹងធ្វើក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន?

កម្ពុជាក្នុងនាមជាប្រធានប្ដូរវេនអាស៊ានគប្បីបង្ហាញអំពីសក្ដានុពល និងភាពអង់អាចរបស់ខ្លួនក្នុងនាមជារដ្ឋឯករាជដែលមានការទទួលខុសត្រូវ និងតែងតែចូលរួមចំណែកដោះស្រាយវិបត្តិរួមដើម្បីបង្កើនការទុកចិត្តរវាងគ្នានិងគ្នាក្នុងការថែរក្សាសន្តិសុខ ស្ថេរភាព និងវិបុលភាពក្នុងតំបន់ក៏ដូចជាពិភពលោក។ លោក ជុំ សុន្ទវី ក៏បានបង្ហាញការយល់ឃើញរបស់លោកទៅលើកិច្ចប្រជុំពិសេសនេះផងដែរថា «កម្ពុជា​ ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ មាន​ការ​តាំងចិត្ត​ខ្ពស់ ក្នុង​ការ​ជំរុញ​ឲ្យ​មាន​លទ្ធផល​ផ្លែផ្កា​ក្នុងកិច្ចប្រជុំ​កំពូល​ពិសេស​នេះ។ ជាមួយ​គ្នា​នេះដែរ នេះ​ក៏​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ការ​លើកស្ទួយ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា-សហរដ្ឋអាមេរិក​ផង​ដែរ»។ គួរបញ្ជាក់ផងដែរថាទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក គឺមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ពិសេសទាក់ទងទៅនឹងបញ្ហាសមុទ្ររាមដែលសហរដ្ឋអាមេរិកបានចោទថាកម្ពុជាបានឱ្យបរទេសដាក់មូលដ្ឋានកងទ័ពនៅទីនោះ ស្របពេលដែលកម្ពុជាបានបដិសេធម្ដងហើយម្ដងទៀត។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវការពេលវេលាបន្ថែមទៀតដើម្បីបង្ហាញពីចំហរ និងភាពស្មោះត្រង់រវាងគ្នានិងគ្នា។ ហើយកិច្ចប្រជុំកំពូលពិសេសខាងលើនេះក៏ជាឱកាសសម្រាប់ប្រទេសទាំងពីរដើម្បីសិក្សាអំពីគ្នាបន្ថែមទៀត។ លោក មាស នី ដែលជាអ្នកវិភាគមួយរូបបានយល់ឃើញ​ថា​ ​លទ្ធភាព​សម្រាប់​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ថ្នាក់​ដឹកនាំ​កម្ពុជា និង​សហ​រដ្ឋអាមេរិកមិនមានខ្ពស់នោះទេ ដោយសារតែទំនាក់ទំនងរវាងប្រទេសទាំងពីរ​។ ភាគីទាំងពីរត្រូវ​ការ​ពេលវេលា​បន្ថែម​ទៀត​ក្នុង​ការ «ស្តាភាព​ស្មោះ​ត្រង់​រវាង​គ្នា» ក៏ដូចជា​អាស្រ័យ​លើ​ការ​វិវឌ្ឍ​នយោបាយ​ និង​ជំហរ​របស់​កម្ពុជា​ផង​ដែរ។

អ្នកនិពន្ធ៖ SK

Bun

Leave a Reply

Your email address will not be published. Required fields are marked *

17 − 2 =

This site uses Akismet to reduce spam. Learn how your comment data is processed.