
កាសែត The Washington Post បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពពីមន្ត្រីប្រទេសលោកខាងលិចមួយចំនួនថា ចិនកំពុងសាងសង់ទីតាំងកងទ័ពជើងទឹករបស់ខ្លួនមួយ ដោយសម្ងាត់នៅក្នុងប្រទេសកម្ពុជាសម្រាប់ប្រើប្រាស់ផ្ដាច់មុខឱ្យកងទ័ពរបស់ខ្លួន នេះបើតាមការចុះផ្សាយរបស់គេហទំព័រ VOA នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ។ យ៉ាងណាក៏ដោយ កាលពីចុងសប្តាហ៍ មន្ត្រីចិននៅទីក្រុងប៉េកាំងបានបញ្ជាក់ប្រាប់កាសែត Washington Post ថាមូលដ្ឋានយោធាបរទេសតែមួយគត់របស់ចិននៅពេលនេះ គឺមូលដ្ឋានទ័ពជើងទឹកក្នុងប្រទេស (ជីប៊ូទី) Djibouti នៅអាហ្វ្រិកខាងកើត។
ខណៈសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានច្រានចោលទាំងស្រុងលើការចោទប្រកាន់របស់ក្រុមមន្ត្រីលោកខាងលិចទាំងនោះ អំពីមូលដ្ឋានកងទ័ពជើងទឹករាមផងដែរ។
កាសែត Washington Post បានចុះផ្សាយថា ការសាងសង់ទីតាំងយោធាចិន នឹងត្រូវធ្វើឡើងនៅផ្នែកខាងជើងក្នុងមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុរបស់កម្ពុជា ហើយពិធីសម្ពោធចាប់ផ្តើមនៃការសាងសង់ទីតាំងនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ។ នេះបើយោងតាមមន្ត្រីនៃប្រទេសលោកខាងលិច។
ក្រុមមន្ត្រីទាំងនោះបានលើកថា ការបង្កើតមូលដ្ឋានកងទ័ពជើងទឹករបស់ចិននៅក្នុងប្រទេសកម្ពុជាដែលជាប៉ុស្តិ៍យោធាជួរមុខនៅក្រៅប្រទេសរបស់ចិនទី២ ហើយជាប៉ុស្តិ៍ជួរមុខទីមួយនៅក្នុងតំបន់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកដ៏សំខាន់ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីបង្កើតបណ្តាញទីតាំងយោធានៅជុំវិញពិភពលោក ។
ប៉ុន្តែកាលពីចុងសប្តាហ៍កន្លងទៅនេះមន្ត្រីចិនមួយរូបនៅក្នុងទីក្រុងប៉េកាំងបានធ្វើការបកស្រាយប្រាប់កាសែThe Washington Post ដោយបានបដិសេធទាំងស្រុង លើការចោទប្រកាន់មិនមានមូលដ្ឋានត្រឹមត្រូវរបស់ក្រុមមន្ត្រីលោកខាងលិច។ មន្ត្រីចិនរូបនេះក៏បានបន្ថែមទៀតថា ចិននឹងមិនពាក់ព័ន្ធក្នុងសកម្មភាពណាមួយ នៅផ្នែកម្ខាងទៀតនៃមូលដ្ឋានកងទ័ពជើងទឹកនេះ ដែលគ្រប់គ្រងដោយកម្ពុជានោះឡើយ។ មូលដ្ឋានកងទ័ពជើងទឹកចិននៅក្រៅប្រទេសនាពេលនេះគឺមាននៅតែក្នុងប្រទេសជីប៊ូទី (Djibouti) នៃទ្វីបអាហ្រ្វិកខាងកើតតែមួយប៉ុណ្ណោះ។
ពាក់ពន្ធ័ជុំវិញបញ្ហានេះ ស្ថានទូតកម្ពុជានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនបានបញ្ជាក់ប្រាប់កាសែត The Washington Post នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថាខ្លួន«បដិសេធយ៉ាងខ្លាំងជុំវិញខ្លឹមសារនិងអត្ថន័យនៃសេចក្តីរាយការណ៍នេះ ដោយថា វាជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាននិងមានបំណងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា។ ស្ថានទូតកម្ពុជាក៏បានបន្ថែមផងដែរថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួនរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេស ឬវត្តមានកងទ័ពបរទេសនៅក្នុងប្រទេសកម្ពុជានោះឡើយ»។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងនោះមកលើកម្ពុជា ដោយបណ្តាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម ដោយបញ្ជាក់ជាថ្មីនូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជា និងបានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើង ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ។
ឯកឧត្ដម ប្រាក់ សុខុន ក៏បានបន្ថែមថា សម្តេចតេជោនាយករដ្ឋមន្តី ហ៊ុន សែន បានឆ្លៀតឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ ដើម្បីបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនានានៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសណាមួយ នៅលើទឹកដីកម្ពុជាជាកាឆ្លើយតបទៅនឹងកង្វល់នានាពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាមនេះ។
យ៉ាងណាមិញ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាង នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា (Drydock, Slipway) ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅមូលដ្ឋានកងទ័ពជើងទឹករាម ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថានៅក្នុងប្រទេសកម្ពុជា មិនមានមូលដ្ឋានទ័ពបរទេសដូចការចោទប្រកាន់របស់ក្រុមមន្ត្រីលោកខាងលិចនោះឡើយ ហើយការបង្កើនសមត្ថភាពកងទ័ពរបស់កម្ពុជានាពេលនេះ គឺគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយនៅក្នុងតំបន់នោះទេ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា «ប្រទេសខ្លះឃោសនាបំបាំង និងលាបពណ៌ចំពោះកិច្ចសហប្រតិបត្តិការ និងប្រាស្រ័យទាក់ទងគា្នប្រក្រតីរវាងចិននិងកម្ពុជា យកលេសសិទ្ធិប្រជាធិបតេយ្យដាក់ទណ្ឌកម្មឯកតភាគីស្រេចតែអំពើចិត្ត ប្រើអំណាចយុត្តាធិការហួសព្រំដែនយ៉ាងគឃ្លីន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាយ៉ាងកំរោល .. យើងខ្ញុំប្រឆាំងជាដាច់ខាត់ចំពោះអំពើទាំងអស់នេះ»។
គួររំលឹកថានៅក្នុងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន សម្តេចពិជ័យសេនា ទៀ បាញ់ និងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបបានពន្យល់បញ្ជាក់ច្រើនលើកច្រើនសារ តែក្រុមមន្រ្តីអាមេរិកនៅតែរកលេសគ្រប់បែបយ៉ាងដើម្បីលាបពណ៌ និងចោទប្រកាន់មកលើកម្ពុជា ហើយអាមេរិកក៏បានដាក់ទណ្ឌកម្ម លើមន្ត្រីយោធា ជាន់ខ្ពស់កម្ពុជាពីររូប រួចមកហើយលើបញ្ហានេះ ។
ក្នុងនោះអ្នកឃ្លាំមើលនយោបាយមួយចំនួនបានលើកឡើងថា តើអ្វីទៅ ដែលអាមេរិកចង់បាន បើអាមេរិកបានឃោនាបំផ្លើសលាបពណ៌ អំពីបញ្ហាមូលដ្ឋានទ័ពជើងទឹករាម ម្ដងរួមមកហើយ ហើយថ្មីៗនេះអាមេរិកបានចោទប្រកាន់មកលើកម្ពុជាម្តងទៀត ដោយគ្មានមូលដ្ឋាននិងមានបំណងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ក្រោយការបោះឆ្នោតឃុំសង្កាត់បានបញ្ចប់ ។ នេះឬប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ដែលគេធ្លាប់បានលើកឡើងថាស្តង់ដារពីរ និងលាក់ពុតត្បុត ទាំងនេះធ្វើអោយកម្ពុជាខកចិត្តចំពោះបញ្ហានេះយ៉ាងខ្លាំង៕
អ្នកនិពន្ធ៖ Chim Ratha