មន្ត្រី​លោក​ខាង​លិច​​របស់អាមេរិក បានចោទកម្ពុជានិងចិនម្តងទៀតថា កំពុង​សាងសង់ ​ទីតាំងកងទ័ព​ជើងទឹក​​​​ ដោយ​សម្ងាត់​​នៅ​កម្ពុជា

កាសែត The Washington Post ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​ដក​ស្រង់​ប្រភព​ពី​មន្ត្រីប្រទេស​លោក​ខាង​លិច​មួយ​ចំនួនថា ចិន​កំពុង​សាងសង់​ទីតាំង​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​មួយ ​ដោយ​សម្ងាត់​នៅក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ប្រើប្រាស់​ផ្ដាច់​មុខឱ្យ​កងទ័ព​របស់​ខ្លួន នេះបើតាមការចុះផ្សាយរបស់គេហទំព័រ VOA នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ។ យ៉ាង​ណា​ក៏​ដោយ កាល​ពី​ចុង​សប្តាហ៍ មន្ត្រី​ចិន​នៅ​ទីក្រុង​ប៉េកាំង​បាន​បញ្ជាក់​ប្រាប់​កាសែត Washington Post ថាមូលដ្ឋានយោធាបរទេសតែមួយគត់របស់ចិននៅពេលនេះ គឺមូលដ្ឋានទ័ពជើងទឹកក្នុងប្រទេស (ជីប៊ូទី) Djibouti នៅអាហ្វ្រិកខាងកើត។
ខណៈ​សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានច្រានចោលទាំងស្រុងលើការចោទប្រកាន់របស់ក្រុមមន្ត្រីលោកខាងលិចទាំងនោះ​ អំពីមូលដ្ឋានកងទ័ពជើងទឹករាមផងដែរ។

កាសែត Washington Post ​បានចុះផ្សាយ​ថា ការសាងសង់​ទីតាំងយោធាចិន នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ផ្នែក​ខាង​ជើង​ក្នុង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​ក្នុង​ខេត្ត​ព្រះសីហនុរបស់​កម្ពុជា ​ហើយ​ពិធី​សម្ពោធ​ចាប់ផ្តើមនៃ​ការ​សាងសង់​ទីតាំង​នេះ នឹង​ត្រូវ​ធ្វើ​ឡើងនៅថ្ងៃទី៨​ ខែមិថុនា ឆ្នាំ២០២២នេះ ។ នេះ​បើ​យោង​តាម​មន្ត្រីនៃ​ប្រទេស​លោក​ខាង​លិច​។
ក្រុម​មន្ត្រី​ទាំង​នោះ​បានលើក​ថា ការ​បង្កើត​មូលដ្ឋានកងទ័ព​ជើង​ទឹករបស់​ចិន​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ប៉ុស្តិ៍​យោធា​ជួរមុខនៅ​ក្រៅ​ប្រទេស​របស់​ចិន​​ទី២ ​ហើយ​ជាប៉ុស្តិ៍ជួរមុខ​ទី​មួយនៅក្នុង​តំបន់​យុទ្ធសាស្ត្រ​ឥណ្ឌូប៉ាស៊ីហ្វិក​ដ៏​សំខាន់ ​គឺ​ជា​ផ្នែក​មួយ​នៃយុទ្ធសាស្ត្ររបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដើម្បី​បង្កើតបណ្តាញ​ទីតាំង​យោធា​នៅ​ជុំវិញ​ពិភពលោក​ ។

ប៉ុន្តែកាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះមន្ត្រី​ចិន​មួយ​រូប​នៅក្នុង​ទីក្រុង​ប៉េកាំង​បានធ្វើការបកស្រាយ​ប្រាប់​កាសែThe Washington Post ដោយ​បាន​បដិសេធទាំងស្រុង លើការចោទប្រកាន់មិនមានមូលដ្ឋាន​​ត្រឹមត្រូវរបស់ក្រុមមន្ត្រី​លោក​ខាង​លិច។ មន្ត្រី​ចិន​រូប​នេះ​ក៏​បាន​បន្ថែម​ទៀត​ថា ចិន​នឹង​មិន​ពាក់​ព័ន្ធ​ក្នុង​សកម្មភាព​ណា​មួយ​ ​នៅផ្នែក​ម្ខាង​ទៀត​នៃ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​នេះ​ ដែលគ្រប់គ្រង​ដោយ​កម្ពុជា​នោះ​ឡើយ។ មូលដ្ឋានកងទ័ព​ជើង​ទឹកចិននៅ​ក្រៅ​ប្រទេស​នា​ពេល​នេះ​គឺមាន​នៅតែ​ក្នុង​ប្រទេស​ជីប៊ូទី​ (Djibouti) នៃ​ទ្វីប​អាហ្រ្វិក​ខាង​កើតតែមួយប៉ុណ្ណោះ។

ពាក់ពន្ធ័ជុំវិញ​បញ្ហា​នេះ ស្ថានទូតកម្ពុជា​នៅ​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោនបានបញ្ជាក់​ប្រាប់​កាសែត​ The Washington Post នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ថាខ្លួន‍«បដិសេធ​យ៉ាង​ខ្លាំងជុំវិញ​ខ្លឹមសារ​និង​អត្ថន័យនៃ​សេចក្តី​រាយការណ៍នេះ ដោយ​ថា វា​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​និង​មាន​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា។ ស្ថានទូត​កម្ពុជា​ក៏​បានបន្ថែម​ផងដែរ​ថា កម្ពុជា​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ដែល​មិន​អនុញ្ញាត​ឱ្យ​មានមូលដ្ឋាន​កងទ័ពបរទេស​ ឬ​វត្តមាន​កងទ័ព​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ»។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋានទាំងនោះមកលើកម្ពុជា ដោយបណ្តាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម ដោយបញ្ជាក់ជាថ្មីនូវការប្រកាន់យ៉ាងខ្ជាប់ខ្ជួនរបស់កម្ពុជា ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋាន ឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជា និងបានគូសបញ្ជាក់ថា ការកែលំអមូលដ្ឋានកងទ័ពជើងទឹករាមនេះ គឺធ្វើឡើង ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់កម្ពុជា ដើម្បីការពារបូរណភាពដែនសមុទ្ររបស់ខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមដែនសមុទ្រ។
ឯកឧត្ដម ប្រាក់ សុខុន ក៏បានបន្ថែមថា សម្តេចតេជោនាយករដ្ឋមន្តី ហ៊ុន សែន បានឆ្លៀតឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ ដើម្បីបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនានានៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសណាមួយ នៅលើទឹកដីកម្ពុជាជាកាឆ្លើយតបទៅនឹងកង្វល់នានាពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាមនេះ។

យ៉ាងណាមិញ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាង នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា (Drydock, Slipway) ផែសំចត និងស្តារឃ្លង នៅមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម ក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន​ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅមូលដ្ឋានកងទ័ពជើងទឹករាម ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថានៅក្នុងប្រទេសកម្ពុជា មិនមានមូលដ្ឋានទ័ពបរទេសដូចការចោទប្រកាន់របស់ក្រុមមន្ត្រីលោកខាងលិចនោះឡើយ​​ ហើយការបង្កើនសមត្ថភាពកងទ័ពរបស់កម្ពុជានាពេលនេះ គឺគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយនៅក្នុងតំបន់នោះទេ។

សម្តេចពិជ័យសេនា ទៀ បាញ់​​ បានបញ្ជាក់ថា «ប្រទេសខ្លះឃោសនាបំបាំង និងលាបពណ៌ចំពោះកិច្ចសហប្រតិបត្តិការ និងប្រាស្រ័យទាក់ទងគា្នប្រក្រតីរវាងចិននិងកម្ពុជា យកលេសសិទ្ធិប្រជាធិបតេយ្យដាក់ទណ្ឌកម្មឯកតភាគីស្រេចតែអំពើចិត្ត ប្រើអំណាចយុត្តាធិការហួសព្រំដែនយ៉ាងគឃ្លីន ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាយ៉ាងកំរោល .. យើងខ្ញុំប្រឆាំងជាដាច់ខាត់ចំពោះអំពើទាំងអស់នេះ»។
គួររំលឹកថានៅក្នុងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន សម្តេចពិជ័យសេនា ទៀ បាញ់​ និងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបបានពន្យល់បញ្ជាក់ច្រើនលើកច្រើនសារ តែក្រុមមន្រ្តីអាមេរិកនៅតែរកលេសគ្រប់បែបយ៉ាងដើម្បីលាបពណ៌ និងចោទប្រកាន់មកលើកម្ពុជា ហើយអាមេរិកក៏បានដាក់ទណ្ឌកម្ម លើមន្ត្រីយោធា ជាន់ខ្ពស់កម្ពុជា​ពីររូប រួចមកហើយលើបញ្ហានេះ​ ។

ក្នុងនោះអ្នកឃ្លាំមើលនយោបាយមួយចំនួនបានលើកឡើងថា តើអ្វីទៅ ដែលអាមេរិកចង់បាន បើអាមេរិកបានឃោនាបំផ្លើសលាបពណ៌​ អំពីបញ្ហាមូលដ្ឋានទ័ពជើងទឹករាម​​ ម្ដងរួមមកហើយ ហើយថ្មីៗនេះអាមេរិកបានចោទប្រកាន់មកលើកម្ពុជាម្តងទៀត ​ដោយ​គ្មាន​មូលដ្ឋាន​និង​មាន​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា ក្រោយការបោះឆ្នោតឃុំសង្កាត់បានបញ្ចប់ ។ នេះឬប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ដែលគេធ្លាប់បានលើកឡើងថាស្តង់ដារពីរ និងលាក់ពុតត្បុត ទាំងនេះធ្វើអោយកម្ពុជាខកចិត្តចំពោះបញ្ហានេះយ៉ាងខ្លាំង៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

1 × 5 =

This site uses Akismet to reduce spam. Learn how your comment data is processed.