ធាអាម៉េរិកម្នាក់បានចាក់សាំងដុតខ្លួនឯង និងបានស្រែកខ្លាំងៗថា៖ “Free Palestine (ដោះលែងប៉ាឡេស្ទីន)”

ធាអាម៉េរិកម្នាក់បានចាក់សាំងដុតខ្លួនឯងនៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងការតវ៉ាប្រឆាំងនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា កាលពីរសៀលថ្ងៃអាទិត្យ ទី២៥ ចែកុម្ភៈ​ ឆ្នាំ២០២៤ ។ ភ្លាមៗនោះ បុរសនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ប៉ុន្តែត្រូវបានស្លាប់នៅក្នុងមន្ទីរពេទ្យ។
ជាការពិតណាស់ អាជ្ញាធរបានបញ្ជាក់ថា កងកម្លាំងយោធាអាមេរិកម្នាក់បានទទួលមរណភាព បន្ទាប់ពីបានធ្វើសកម្មភាពចាក់ប្រេងដុតខ្លួនឯងក្នុងការតវ៉ាមួយនៅមុខស្ថានទូតអ៊ីស្រាអែលក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ក្នុងគោលបំណងប្រឆាំងទៅនឹងសង្គ្រាមដែលកំពុងកើតឡើងនៅក្នុងតំបន់ហ្គាហ្សា។
ក្នុងវីដេអូនៃការតវ៉ារបស់កងទ័ពដែលបានធ្វើអត្តឃាតនេះ គេឃើញថាបុរសខាងលើបានស្លៀកពាក់ជាឯកសណ្ឋានយោធា និងបាននិយាយថា៖ “ខ្ញុំលែងមានអារម្មណ៍ស្មុគស្មាញដោយសារអំពើ​ប្រល័យពូជសាសន៍​ទៀត​ហើយ​”។ បន្ទាប់មកទៀត គេឃើញថាបុរសខាងលើបានចាក់វត្ថុរាវម្យ៉ាងលើសម្លៀកបំពាក់ និងបានដុតខ្លួនឯងតែម្តង និងបានស្រែកខ្លាំងៗថា៖ “Free Palestine (ដោះលែងប៉ាឡេស្ទីន)”។
ក្រោយពីកើតហេតុ បុរសដែលបានដុតខ្លួនឯងនេះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យមួយក្បែរនោះ ក្រោយការព្យាយាមសង្គ្រាះដោយភ្នាក់ងារសង្គ្រោះ និងពន្លត់អគ្គិភ័យ។ បើតាមអ្នកនាំពាក្យកងទ័ពជើងអាកាសបានឱ្យដឹងថា ជនរងគ្រោះក្នុងឧបទ្ទវហេតុនេះគឺជាកងទ័ពសកម្មនៃកងទ័ពអាកាសអាមេរិក។
មែនទែនទៅ ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល១រសៀល (ម៉ោងក្នុងស្រុក) ហើយក្រោយមក នាយកដ្ឋានប៉ូលិសក្រុង បានបើកការស៊ើបអង្កេតរួមជាមួយផ្នែកចារកម្ម និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។ ត្បិត មិនមានការបញ្ជាក់ច្បាស់អំពីមូលហេតុដែលនាំឲ្យបុរសរូបនេះ ឈានទៅដល់ការដុតខ្លួនឯងក៏ដោយ ប៉ុន្តែគេសន្និដ្ឋានថា គាត់សម្រេចចិត្តធ្វើបែបនេះ គឺដើម្បីតវ៉ាចំពោះសង្គ្រាមនៅហ្គាហ្សា។ នេះមិនមែនជាលើកទីមួយទេ ដែលមានមនុស្សដុតខ្លួនឯង ចំពោះមុខបេសកកម្មការទូតរបស់អ៊ីស្រាអែល នៅសហរដ្ឋអាមេរិក ពោលគឺកាលពីខែធ្នូកន្លងទៅ ក៏មានអ្នក​តវ៉ា​ជាស្រ្តីម្នាក់​បាន​ចាក់សាំងដុត​ខ្លួន​ឯង ​នៅ​ខាង​ក្រៅ​ស្ថាន​កុងស៊ុល​អ៊ីស្រាអែល​ក្នុង​ទីក្រុង​អាត្លង់តាផងដែរ។
នៅក្នុងករណីនេះ អ្នកនាំពាក្យកងទ័ពអាកាសបានបញ្ជាក់ថា យោធាអាម៉េរិកម្នាក់បានចាក់សាំងដុតខ្លួនឯងនោះជាអ្នកបើកយន្តហោះចម្បាំង ។ កាសែត New York Times បានរាយការណ៍ថា ប៉ូលិសក្នុងតំបន់ និងភ្នាក់ងារស៊ើបការណ៍សម្ងាត់កំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។
ដោយឡែក ឧត្តមសេនីយ៍ Patrick Ryder ជាអ្នកនាំពាក្យនៃមន្ទីរបញ្ចកោណបាននិយាយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ក៏បានតាមដានជាប់អំពីស្ថានការណ៍ និងហេតុការណ៍នេះផងដែរ។ ថ្មីៗនេះ ស្ថានទូត​អ៊ីស្រាអែល​បាន​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​​តវ៉ារបស់មហាជនអំពីបញ្ហាសង្គ្រាមនៅតំបន់ហ្គាហ្សា។ ជាក់ស្ដែង បញ្ហាសង្គ្រាមនៅតំបន់ហ្គាហ្សានេះ បាននាំឱ្យមានការបែងចែកជាក្រុមតវ៉ាប្រឆាំងនឹងអ៊ីស្រាអែល និងក្រុមតវ៉ាប្រឆាំងនឹងក្រុមហាម៉ាសប៉ាឡេស្ទីនកើតឡើងជាច្រើនហូរហែរនៅសហរដ្ឋអាមេរិក។
ជាមួយគ្នានោះផងដែរ នៅលើវេទិកាសង្គម អ្នកនិយមលេងអ៊ីនធឺណិតអាមេរិកជាច្រើនបានសម្តែងការអាណិតអាសូរ និងគោរពចំពោះលោក Bushnell ដោយហៅគាត់ថា ” មនុស្សអស្ចារ្យ​ម្នាក់របស់សហរដ្ឋអាមេរិក” និងរិះគន់រដ្ឋាភិបាលសហរដ្ឋអាមេរិក ចំពោះគោលនយោបាយគាំទ្រអ៊ីស្រាអែល។ មនុស្សមួយចំនួនក៏ចោទជាសំណួរថា ហេតុអ្វីបានជាប្រព័ន្ធផ្សព្វផ្សាយចម្បងលោកខាងលិច ដែលទាមទារ “សេរីភាពសារព័ត៌មាន” យឺតយ៉ាវក្នុងការឆ្លើយតបចំពោះបញ្ហានេះ? ហេតុអ្វីបានជាប៉ូលីសអាមេរិកដែលបានឃើញលោក Bushnell កំពុងឆាបឆេះ​ក្នុងអណ្តាតភ្លើង នៅតែភ្ជង់កាំភ្លើង​ទៅកាន់គាត់ទៀត ដោយមិនបានចាប់វិធានការភ្លាមៗក្នុងការជួយសង្គ្រោះទៅវិញ? ហេតុអ្វីបានជាក្រសួងការពារជាតិអាមេរិកមិនបង្ហាញការឆ្លុះបញ្ចាំងអ្វីក្រៅតែពីការបង្ហាញពី “ការសោកស្តាយនោះ”?
បើតាមក្រុមអ្នកជំនាញ ដែលមាននិន្នាការប្រឆាំងនឹងគោលនយោបាយអាមេរិក គាំទ្រទៅលើអ៊ីស្រាអែល បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងថា សហរដ្ឋ​អាមេរិក​ គ្មាន​ផ្លូវអាច​ដោះស្រាយ​បញ្ហា​ប្រឈម ចំពោះអ៊ីស្រាអែលដែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំង នឹងប៉ាឡេស្ទីននោះទេ ផ្ទុយទៅវិញអាមេរិកនៅតែគាំទ្រ និងបានផ្ដល់ជាជំនួយជាថវិកា និងគ្រឿងសភាវុធទៅដល់អ៊ីស្រាអែល និន្នាការគាំទ្រ និងជំនួយទាំងអស់នោះ បានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ ទទួលរងគ្រោះទៅវិញ ដូចជាបាត់បង់ជីវិត បាត់បង់ទីជម្រក ខ្វះស្បៀងអាហារ និងរត់ភៀសខ្លួនចេញពីទឹកដីកំណើតរបស់ខ្លួន។
ជាការពិតណាស់ ការតវ៉ាគាំទ្រប៉ាឡេស្ទីនជាច្រើនលើកច្រើនសា ត្រូវបានធ្វើឡើងខាងក្រៅបេសកកម្មរបស់អ៊ីស្រាអែល នៅបរទេស បន្ទាប់ពីរដ្ឋាភិបាលទីក្រុង ហ្ស៊េរុយសាឡិម ផ្តើមយុទ្ធនាការយោធា ប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីបក្នុងខែតុលាឆ្នាំ២០២៣។ បាតុករទាំងនោះសុទ្ធតែជាអ្នកទាមទារឲ្យមានបទឈប់បាញ់នៅហ្គាហ្សា ព្រោះថាទីនោះមានមនុស្សស្លាប់ច្រើនពេកហើយ។ យ៉ាងណាមិញ បាតុកម្មគាំទ្រអ៊ីស្រាអែល ក៏ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងផ្សេងទៀតផងដែរ ដោយពួកគេថ្កោលទោសក្រុមហាម៉ាសដែលសម្លាប់ប្រជាជនអ៊ីស្រាអែល និងទាមទារឲ្យដោះលែងចំណាប់ខ្មាំង ដែលចាប់ខ្លួនកាលពីថ្ងៃទី៧ខែតុលា។
គួរជម្រាប់ថា ប្រជាជនប៉ាឡេស្ទីនជិត៣០០០០នាក់ហើយ ត្រូវបានសម្លាប់នៅហ្គាហ្សា ចាប់តាំងពីជម្លោះថ្មីផ្ទុះ ប៉ុន្តែអ៊ីស្រាអែល បានច្រានចោលការចោទប្រកាន់នៃអំពើប្រល័យពូជសាសន៍ ដោយលើកហេតុផលថា ក្រុមហាម៉ាសបានប្រើជនស៊ីវិលធ្វើជាខែលមនុស្ស ហើយត្រូវតែទទួលខុសត្រូវចំពោះការស្លាប់មនុស្សនៅហ្គាហ្សា៕

Bun

Leave a Reply

Your email address will not be published. Required fields are marked *

4 − two =

This site uses Akismet to reduce spam. Learn how your comment data is processed.