ឯកសារ​បែកធ្លាយ៖ លោក ដូណាល់ ត្រាំ បង្ខំ​ឱ្យ​អ៊ុយក្រែន​កាត់​ទឹកដី​ឱ្យ​រុស្ស៊ី ជា​ថ្នូរ​នឹង​ការ​បញ្ចប់​សង្គ្រាម

ឯកសារ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​សារព័ត៌មាន​អ៊ុយក្រែន Strana ហើយ​ត្រូវ​បាន​បង្ហោះ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​នៃ​ប្រទេស​អ៊ុយក្រែន និង​សារព័ត៌មាន​ក្នុង​បស្ចិម​ប្រទេស​មួយ​ចំនួន​ទៀត បាន​ឱ្យ​ដឹង​ថា ផែនការ​សន្តិភាព​របស់​លោក ដូណាល់ ត្រាំ និយាយ​អំពី​ការ​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​អ៊ុយក្រែន ពុះ​ច្រៀក​ទឹកដី​ដើម្បី​បញ្ចប់​សង្គ្រាម ដោយ​ទឹកដី​ទាំងនោះ​ប្រគល់​ទៅ​ឱ្យ​រុស្ស៊ី។

យោង​តាម​ឯកសារ​ដដែល​នេះ​ដែល​ត្រូវ​បាន​បញ្ចេញ​ក្នុង​ផែនការ​សន្តិភាព​លោក ដូណាល់ ត្រាំ នេះ មាន​ការ​កំណត់​ជាក់លាក់​ពី​ការ​អនុវត្ត​បទ​ឈប់​បាញ់​នៅ​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៥ ជាមួយ​នឹង​ការ​បញ្ឈប់​កងទ័ព​រុស្ស៊ី មិន​ឱ្យ​រុល​ចូល​ខាង​ក្នុង​ទឹកដី​ប្រទេស​អ៊ុយក្រែន ទៀត​នោះ​ទេ។

ឯកសារ​ដែល​ត្រូវ​គេ​បង្ហោះ​ជា​សាធារណៈ​នេះ បាន​បញ្ជាក់​ថា ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០២៥ គឺជា​ថ្ងៃ​ប្រកាស​បិទ​បញ្ចប់​សង្គ្រាម​ជា​ស្ថាពរ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។ ជាមួយ​គ្នា​នេះ ផែនការ​សន្តិភាព ក៏​បាន​បញ្ជាក់​ផង​ដែរ​អំពី​ការ​ជួយ​ស្ដារ​ប្រទេស​អ៊ុយក្រែន ឡើងវិញ ក្នុង​ទំហំ​ទឹកប្រាក់ ៤៨៦​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​ទំហំ​ហិរញ្ញវត្ថុ​នេះ​ត្រូវ​ជួយ​អ៊ុយក្រែន អំឡុង​រយៈពេល ១០​ឆ្នាំ។ ចំណែក​រុស្ស៊ី ត្រូវ​ចេញ​មូលនិធិ​ដើម្បី​ជួយ​ស្ដារ​ប្រទេស​អ៊ុយក្រែន ឡើងវិញ។

តាម​ឯកសារ​បែកធ្លាយ​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា នឹង​មាន​ការ​ចាប់ផ្ដើម​សន្ទនា​គ្នា​រវាង​លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី និង​លោក វ៉្លាឌីមៀ ពូទីន នៅ​ចុង​ខែ​កុម្ភៈ ឬ​ក៏​ដើម​ខែ​មីនា ឆ្នាំ​២០២៥ ដើម្បី​កំណត់​ពី​ការ​អនុវត្ត​យក​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០២៥ ជា​ថ្ងៃ​ត្រូវ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា។

ចំពោះ​ការ​ប្រកាស​មួយ​លើ​កិច្ចព្រមព្រៀង​ដើម្បី​បញ្ចប់​សង្គ្រាម​ត្រូវ​យក​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៥ ដោយ​ភាគី​ទាំង​ពីរ​ចេញ​សេចក្ដី​ថ្លែងការណ៍​ជូនដំណឹង​ប្រាប់​ទៅ​ប្រជាជន និង​កងទ័ព​របស់​ខ្លួន​រៀងៗ​ខ្លួន។

ប៉ុន្តែ​ឯកសារ​ដែល​បញ្ជាក់​អំពី​ការ​ច្រៀក​ពុះ​ទឹកដី​ឲ្យ​រុស្ស៊ី ក៏​អ៊ុយក្រែន បាន​ផល​ប្រយោជន៍​ឡើងវិញ​ដែរ គឺ​ទី​មួយ អាមេរិក​បន្ត​គាំទ្រ​វិស័យ​យោធា​របស់​អ៊ុយក្រែន និង​ឲ្យ​អ៊ុយក្រែន ក្លាយ​ជា​សមាជិក​សហភាព​អឺរ៉ុប នៅ​ឆ្នាំ​២០៣០។

តែ​យ៉ាងណា ការ​សម្រេច​លើកលែង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​រុស្ស៊ី ដែល​រួម​ទាំង​ទៅ​លើ​ទណ្ឌកម្ម​ថាមពល​ប្រេង​ត្រូវ​បញ្ឈប់​រាប់​ទាំង​ការ​រឹបអូស​ទ្រព្យសម្បត្តិ​រុស្ស៊ី ផង​ដែរ។

យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​នៃ​ប្រទេស​អ៊ុយក្រែន រដ្ឋាភិបាល​លោក ហ្សេឡេនស្គី បាន​ហៅ​ការ​បែកធ្លាយ​ឯកសារ​នេះ​ថា​ជា​ការ​បញ្ចេញ​សារ​មួយ​ដើម្បី​ប្រាប់​ឱ្យ​ដឹង​ថា ផែនការ​សន្តិភាព​របស់​លោក ដូណាល់ ត្រាំ មាន​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ។

ត្រង់​ចំណុច​មួយ​ដែល​និយាយ​ពី​ការ​កាត់​ទឹកដី លោក Andriy Yermak នាយក​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន បាន​ច្រាន​ចោល​នូវ​ចំណុច​ដែល​បង្ខំ​ឱ្យ​អ៊ុយក្រែន កាត់​ច្រៀក​ទៅ​ឱ្យ​រុស្ស៊ី ជា​ថ្នូរ​នឹង​ការ​ផ្ដល់​មក​វិញ គឺ​សន្តិភាព​ពី​រុស្ស៊ី និង​បញ្ចប់​សង្គ្រាម។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី វិញ អ្នកស្រី Maria Zakharova បាន​ថ្លែង​ថា ទីក្រុង​មូស្គូ បាន​ឮ​សម្ដី និង​សេចក្តី​ថ្លែងការណ៍​ជាច្រើន​ពី​ទីក្រុង​វ៉ាស៊ីនតោន ស្ដីពី​អ៊ុយក្រែន ហើយ​មក​ដល់​ពេលនេះ មិន​ទាន់​មាន​ភាព​ច្បាស់លាស់​អំពី​អ្វី​ដែល​សហរដ្ឋ​អាមេរិក​រំពឹង​ទុក​ក្នុង​ការ​ស្វែងរក​កិច្ចព្រមព្រៀង​ដើម្បី​បញ្ចប់​សង្គ្រាម​នៅឡើយ​ទេ។

គេ​នៅ​ចាំ​បាន​ថា មុន​លោក ដូណាល់ ត្រាំ ចូល​កាន់​តំណែង ក្រុម​ជំនួយការ​របស់​លោក ត្រាំ បាន​បញ្ចេញ​ឯកសារ​ម្ដង​រួច​ទៅ​ហើយ គឺ​ពេល​នោះ ផែនការ​សន្តិភាព​របស់​លោក ដូណាល់ ត្រាំ មាន ៣​ចំណុច​សំខាន់ៗ គឺ៖

ទី​មួយ ការ​អនុវត្ត​បទ​ឈប់​បាញ់​គ្នា ដោយ​កម្លាំង​ទ័ព​អឺរ៉ុប​ជា​កង​រក្សា​សន្តិភាព ហើយ​អង់គ្លេស ឈាន​មុខ​គេ​ក្នុង​ការ​ដឹកនាំ​ក្រុម​កង​រក្សា​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន។

ទី​ពីរ តំបន់​ដែល​រុស្ស៊ី វាយ​កាន់កាប់​បាន​ពី​ដៃ​ទ័ព​អ៊ុយក្រែន មិន​អាច​ក្លាយ​ជា​ទឹកដី​របស់​រុស្ស៊ី តែ​វា​ជា​តំបន់​ស្វយ័ត។ មាន​ន័យ​ថា រដ្ឋបាល​តំបន់​ស្វយ័ត​នេះ​មិន​ចំណុះ​ឱ្យ​រុស្ស៊ី និង​ក៏​មិន​ចំណុះ​អ៊ុយក្រែន ដែរ។

និង​ទី​បី ប្រទេស​អ៊ុយក្រែន មិន​អាច​ក្លាយ​ជា​សមាជិក​ណាតូ (NATO) ភ្លាមៗ​បាន​នោះ​ទេ គឺ​រង់ចាំ ២០​ឆ្នាំ​ទៅ​មុខ​ទៀត។

ប៉ុន្តែ​ផែនការ​សន្តិភាព​ដែល​បង្ហើប​ដោយ​ជំនួយការ​របស់​លោក ដូណាល់ ត្រាំ ដូច​នេះ ត្រូវ​បាន​ភាគី​របស់​រុស្ស៊ី ប្រកាស​មិន​ទទួលយក ជាពិសេស​ត្រង់​ចំណុច​ពី​ការ​ដាក់​ពង្រាយ​កងទ័ព​អឺរ៉ុប នៅ​លើ​ទឹកដី​នៃ​ប្រទេស​អ៊ុយក្រែន។

ទោះជាយ៉ាងណា​ក៏ដោយ លោក ហ្សេឡេនស្គី បាន​ថ្លែង​ថា ការ​ចរចា ៤​ភាគី ទើប​អ៊ុយក្រែន យល់​ព្រម​ទៅ​ចរចា។ ការ​ចរចា ៤​ភាគី​នេះ ត្រូវ​តែ​មាន​ភាគី​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក នៅ​ចំពោះ​មុខ​ភាគី​ច្បាំង​គ្នា គឺ​រុស្ស៊ី និង​អ៊ុយក្រែន នៅ​ឯ​តុ​ចរចា៕

ដោយ៖ ឌឹ ខេមបូឌា ដេលី

Leave a Reply

Your email address will not be published. Required fields are marked *

5 × three =

This site uses Akismet to reduce spam. Learn how your comment data is processed.