តើអាមេរិកកំពុងបង្កើត សន្តិភាព ឬក៏ជា សត្រូវនៃសន្តិភាព

តាមការយល់ឃើញរបស់ក្រុមអ្នកជំនាញវិភាគនយោបាយនាពេល​បច្ចុប្បន្ន បានលើកឡើងថា តាមការពិត ភាគីអាមេរិកដែលនិយាយ «សន្តិភាព» ពេញៗមាត់នោះ គឺជា «សត្រូវនៃសន្តិភាព» ដ៏ពិតប្រាកដ ដោយទាំងមេដឹកនាំ និងក្រុមមន្ត្រីសហអាមេរិកបានដើរបង្កាត់ភ្លើងសង្រ្គាមគ្រាប់ទីកន្លែង ទាំងសង្រ្គាមរុស្ស៊ីនៅអ៊ុយគ្រែន ជម្លោះរវាងចិន និងកោះតៃវ៉ាន់ ការដែលអាមេរិចចង់បង្តើត ណាតូតំបន់មជ្ឈិមបូព៌ា ហើយថ្មីៗនេះអ្នកស្រី Nacy Pelosi កំពុងរៀបដំណើរទស្សនកិច្ចទៅកាន់តបន់ព្រំដែន កូរ៉េខាងត្បូង និងកូរ៉េខាងជើងទៀត ដែលអាចបណ្តាលអោយស្ថានភាពកូរ៉េទាំងពីរឡើងកំដៅកាន់តែខ្លាំង។

បញ្ហាធំៗលើនេះ បណ្ដាលឱ្យមានសំនួរ ចោទសួរថាតើសហរដ្ឋអាមេរិកកំពុងតែបង្កើតសន្តិភាព ឬកំពុងតែបំផ្លាញសន្តិភាព តើនេះអាចបណ្ដាលឲ្យពិភពលោកធ្លាក់ទៅក្នុងជ្រោះនៃសង្គ្រាម ដែលគ្រប់គ្នាកំពុងតែបារម្ភថា អាចនឹងផ្ទុះសង្គ្រាមលោកលើកទី៣ដែរឬយ៉ាងណា?
ក្នុងតំបន់អាស៊ីភាពតានតឹងកំពុងឡើងដល់កម្រិតខ្ពស់មិនធ្លាប់មាន ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ ដោយសារតែដំណើរទស្សនកិច្ចកាន់កោះតៃវ៉ាន់របស់លោកស្រី Nacy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក ដោយបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ចិន ជាមួយការព្រមានចាត់វិធានការឆ្លើយបតយ៉ាងធ្ងន់ធ្ងន់ទៅនឹងដំណើរទស្សនកិច្ចដែលទីក្រុងប៉េកាំង ចាត់ទុកថា ជា «ទង្វើបង្កហេតុ»។

យោងតាមសាធារណៈមតិ គឺដោយសារតែប្រធានសភាតំណាងរាស្ត្រអាមេរិករូបនេះ ដែលបានបណ្តាលឱ្យស្ថានការណ៍ច្រកសមុទ្រតៃវ៉ាន់ឡើងកម្ដៅខ្លាំងមិនធ្លាប់មានពីមុនមក។ ក្រុមអ្នកនយោបាយចិនបានលើកឡើងថា ចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងតាមផ្លូវទូតឱ្យអស់ពីសមត្ថភាពដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ មុនពេលលោកស្រី Pelosi ទៅធ្វើ ទស្សនកិច្ច ភាគីចិនបានអធិប្បាយម្តងហើយម្តងទៀតអំពីភាពធ្ងន់ធ្ងរនិងគ្រោះថ្នាក់នៃទង្វើរបស់លោកស្រី Pelosi ទាមទារឱ្យភាគីអាមេរិកគោរពតាម គោលការណ៍ ប្រទេសចិនមួយនិងការកំណត់នៃសេចក្តីប្រកាសរួមទាំងបីរវាងចិន និងអាមេរិក ក៏ដូចជាព្រមានយ៉ាងមុតមាំថា ភាគីអាមេរិកត្រូវទទួលខុសត្រូវ លើលទ្ធផលទាំងអស់ដែលបណ្តាលមកពីទង្វើនេះ។

ជាការពិតណាស់ ចំពោះសង្គ្រាមរបស់រុស្សីនៅអ៊ុយក្រែន រុស្ស៊ីព្យាយាមវាយលុកទៅគ្រប់តំបន់ដែលខ្លួនចង់បាន ចំណែកអ៊ុយក្រែនតស៊ូប្រយុទ្ធ ការពារនូវបូរណភាពទឹកដីរបស់ខ្លួនដោយមិនចុះចាញ់ ទោះជាដឹងថាខ្លួនមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការតទល់ជាមួយនឹងមហាយក្សនុយក្លេអ៊ែររុស្ស៊ី នៅក្នុងសង្គ្រាមដែលអូសបន្លាយយូរក៏ដោយ។ ត្រង់ចំនុចនេះ ក្រុមអ្នកជំនាញនយោបាយបានលើកឡើងថា ក្រុមប្រទេសចិញ្ចឹមលោក និងអង្គការណាតូ ជាពិសេសគឺសហរដ្ឋអាមេរិក តែងតែផ្ដល់ជំនួយយោធាទៅឲ្យអ៊ុយក្រែនដើម្បីធ្វើការប្រយុទ្ធជាមួយនឹងរុស្ស៊ីចាប់តាំងពីសង្គ្រាម​ផ្ទុះឡើងមក។ ប៉ុន្តែសហរដ្ឋអាមេរិកមិនដែលបាននិយាយអំពីកិច្ចចរចាឬរកដំណោះស្រាយដោយសន្តិវិធីនានា ដើម្បីឲ្យអ៊ុយក្រែនជៀងផុតពីសង្គ្រាមបង្ហូរឈាមជាមួយរុស្ស៊ីនោះឡើយ ទោះជាដឹងថាការផ្ត​ល់ជំនួយយោធា​ទៅឲ្យ​អ៊ុយក្រែន​កាន់តែច្រើន គឺមានតែឲ្យអ៊ុយក្រែនផុងខ្លួនកាន់តែជ្រៅនៃភ្លក់ភ្លើងសង្គ្រាមមិនអាចរកទីបញ្ចប់ ហើយបណ្ដាលឱ្យបាត់បង់អាយុជីវិតកងទ័ពជាច្រើន ពិសេសប្រជាជនរបស់អ៊ុយក្រែនប្រាកដជារងទុក្ខវេទនាយ៉ាងធ្ងន់ធ្ងរ។ តើនេះឬគឺជាពាក្យថា សន្តិភាព ដែលអាមេរិក​តែងតែនិយាយពេញៗមាត់។

ម៉្យាងវិញទៀតមានពាក្យចចាមអារ៉ាមមួយត្រូវបានគេនិយាយសហរដ្ឋអាមេរិកចង់ធ្វើការបង្កើតបក្សសម្ព័ន្ធ យោធាថ្មីមួយសម្រាប់តំបន់មជ្ឈិមបូព៌ា ដែលមានទម្រង់ដូចជាណាតូ (NATO) ឬគេហៅថា «ណាតូអារ៉ាប់»។ រាប់សិបឆ្នាំមកនេះ ផែនការបង្កើតបក្សសម្ព័ន្ធណាតូ សម្រាប់តំបន់មជ្ឈិមបូព៌ា មិនដែលបានទទួលបានជោគជ័យឡើយ បញ្ហាទាំងនោះរួមមានប្រទេសផ្សេងគ្នា ប្រើអាវុធ និងយន្ដហោះចម្បាំខុសគ្នា, ការភ័យខ្លាចថាប្រទេសធំត្រូវបានបំពាក់អាវុធទំនើបៗ នឹងបណ្ដាលឱ្យមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង ដោយក្នុងនោះអារ៉ាប៊ីសាអូឌីត មិនព្រមភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយអ៉ីស្រាអែល ក៏ដោយសារតែសំណុំរឿងប៉ាឡេស្ទីន និយាយជារួមប្រសិនបើសហរដ្ឋអាមេរិក​បង្កើតបក្សសម្ព័ន្ធ «ណាតូអារ៉ាប់» នោះវាមានតែប្រែក្លាយស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាងាយធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាម។ ដោយថ្មីៗកន្លងទៅនេះភាព​តានតឹង​នៃ​ជម្លោះ រវាង​ប៉ា​ឡេ​ស្ទី​ន និងអ៊ី​ស្រា​អែល បាន​ផ្ទុះឡើង​ជាថ្មី​ម្ដងទៀត ដោយបាន​សម្លាប់​មនុស្ស​ជិត ៣០ ​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២២ ដោយ​ផ្តួចផ្ដើម​ពី​ការ​​វាយប្រហារ​គ្នា​ទៅវិញទៅមក​ដ៏​ធំ​បំផុត ចាប់តាំងពី​ជម្លោះ ១១​ ថ្ងៃ ក្នុង​ខែឧសភា ឆ្នាំមុនមក​។

បន្ថែមលើសពីនេះទៅទៀត ថ្មីៗនេះមានព័ត៌មានលេចឮថា អ្នកស្រី Nacy Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក អាចធ្វើដំណើរទស្ស​នកិច្ចទៅកាន់តបន់ព្រំដែន កូរ៉េខាងត្បូង និងកូរ៉េខាងជើងទៀត ប្រសិនបើវាជាការពិតមែននោះ វាអាចបណ្តាលអោយស្ថានភាពកូរ៉េទាំងពីរឡើងកំដៅកាន់តែខ្លាំង។ តើទង្វើរបស់ក្រុមមន្ត្រីសហរដ្ឋអាមេរិកបែបនេះ កំពុងតែបង្កើតសន្តិភាព ឬក៏កំពុងបំផ្លាញសន្តិភាព។

បើតាមក្រុមអ្នកជំនាញ ជាកាពិតណាស់ អ្នកបង្កវិបត្តិក្លែងខ្លួនជា «អ្នកអភិរក្សសន្តិភាព» ហើយប្រែសទៅជាខ្មៅ ដើម្បីមួលបង្កាច់អ្នកគាំពារសិទ្ធិរបស់ខ្លួនដ៏ត្រឹមត្រូវ ពួកគេបានវិនិច្ឆ័យខុសចំពោះស្ថានការណ៍ និងវាយតម្លៃទាបនូវប្រជាមតិ កលល្បិចបែបនេះគេយល់ឃើញថា សហរដ្ឋអាមេរិកបានប្រើប្រាស់ដើម្បីរក្សារអំណាចរបស់ខ្លួន។ ។

គួរបញ្ជាក់ថា អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអន្តជាតិ បានលើកឡើងថា តើអ្នកណាជាអ្នកបង្កវិបត្តិដោយចេតនាពិតប្រាកដ? ហើយអ្នកណាជាអ្នកខិតខំប្រឹងប្រែងរក្សាសន្តិភាព? ហេតុផលគឺច្បាស់លាស់ណាស់ ហើយអ្នកណាខុសអ្នកណាត្រូវក៏ច្បាស់ណាស់ដែរ។ ជុំវិញភាពតានតឹងយ៉ាងខ្លាំងមិនធ្លាប់មាន​ពីមុនមក ដោយសារតែដំណើរទស្ស​នកិច្ចទៅកាន់​កោះតៃវ៉ាន់ របស់ប្រធានសភាតំណាងរាស្ត្រអាមេរិក​ ដែលមិនអើពើរអំពីការព្រមានរបស់ភាគីចិន។ ហេតុនេះ កងទ័ពចិនបានសម្រេចធ្វើសកម្មភាពយោធាចម្រុះទ្រង់ទ្រាយដែលមិនធ្លាប់មានពីមុនមកជុំវិញកោះតៃវ៉ាន់។ កត្តានេះ វាអាចបង្កជាហានិភ័យទាំងផ្នែកនយោបាយ សេដ្ឋកិច្ច សន្តិសុខ ស្ថិរភាព អាចមានការប្រែប្រួលនៅក្នុងតំបន់អាស៊ីទាំងមូល ។ មែនទែនទៅ អ្នកដែលតែតែងនិយាយថាស្វែងរក «សន្តិភាព» ពេញៗមាត់នោះតាមការពិត គឺជា «សត្រូវនៃសន្តិភាព» ដ៏ពិតប្រាកដ។ ដូច្នេះ ប្រសិនបើមេដឹកនាំ និងក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិក ដែលគេស្គាល់ថាជាបិតាប្រជាធិបតេយ្យប្រព្រឹត្ត​ទង្វើរបែបនេះកាន់តែច្រើន​ វាពិតជាបំផ្លាញផលប្រយោជន៍របស់ពិភពលោក និងបំផ្លាញសន្តិភាពក្នុងតំបន់នីមួយៗជាក់ជាមិនខាន៕

អ្នកនិពន្ធ៖ Chim Ratha

Bun

Leave a Reply

Your email address will not be published. Required fields are marked *

5 − four =

This site uses Akismet to reduce spam. Learn how your comment data is processed.