ក្រុមប្រឆាំងបានចាញ់មុនការប្រកួត ក្នុងការបោះឆ្នោតឆ្នាំ២០២៣

តាមការលើកឡើងរបស់ក្រុមអ្នកវិភាគចៅចាក់ស្មុក ថាក្រុមប្រឆាំងបានទទួលយកការបរាជ័យមុនការប្រកួត ឬថា ជាការចុះចាញ់មុនការប្រកួត ទាំងសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ទាំងសម្រាប់ការបោះឆ្នោតជាបន្តបន្ទាប់ខាងមុខ។ ការបាត់បង់អស់រលីងនូវក្តីសង្ឃឹម របស់ខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ គឺក្រុមប្រឆាំងដឹងច្បាស់ណាស់ថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីនាពេលអនាគតរបស់ព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែក្រុមប្រឆាំងតាមរយៈអ្នកវិភាគពុលទឹកមាត់មួយចំនួន បានបន្តការលើកឡើងដោយគមានហេតុផល មានរឿងដណ្តើមគ្នាដើម្បីឡើងធ្វើជានាយករដ្ឋមន្ត្រីរវាងឯកឧត្តម ហ៊ុន ម៉ាណែត និង ឯកឧត្តម ហ៊ុន ម៉ានី ដែលជាបងប្អូនបង្កើត។ តើមូលហេតុអ្វីបានជាក្រុមប្រឆាំងតែងតែញុះញង់និងអុជអាលអំពីរឿងទាំងអស់នេះ?

បើតាមក្រុមអ្នកវិភាគនយោបាយកម្ពុជា ជាការពិតណាស់ ក្រុមប្រឆាំងគ្មានសង្ឃឹមថានឹងឈ្នះការបោះឆ្នោតឡើយ ហើយក៏មិនអាចដណ្តើមប្រជាប្រិយភាពពីគណបក្សប្រជាជនកម្ពុជា ពីសម្តេចតេជោ ហ៊ុន សែន និងពីឯកឧត្តម ហ៊ុន ម៉ាណែតឡើយ។ ដូចដែលប្រជាជនកម្ពុជាដឹងច្បាស់ហើយថា ឯកឧត្តម ហ៊ុន ម៉ាណែត មានភាពសកម្មលើផ្នែកកិច្ចការការទូតជាមួយបណ្តាប្រទេសជាមិត្តទាំងអស់។ ចំណុចទាំងនេះ ដែលធ្វើឱ្យក្រុមប្រឆាំងបាត់បង់ជំនឿលើខ្លួនឯង និងគ្មានក្តីសង្ឃឹមអ្វីបន្តិចឡើយ។
គេបានកត់សំគាល់ថា ការរត់តាមក្រោយសភាពការណ៍គឺជាទម្លាប់របស់ក្រុមប្រឆាំងហើយការវាយតម្លៃខុសលើគ្រប់ស្ថានការណ៍គឺជាមូលដ្ឋានគ្រឹះនៃបរាជ័យរបស់ក្រុមនោះ។ ក្រុមប្រឆាំងជ្រុលនិយមគួរយល់ថា ការត្រៀមលក្ខណៈសម្រាប់ការបន្តវេនដឹកនាំប្រទេស ជារឿងធម្មតានៃការងារនយោបាយរបស់គណបក្សនយោបាយដែលមានទស្សនៈវែងឆ្ងាយ ក្នុងការបម្រើឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា ប្រកបដោយនិរន្តរភាព ហើយវាជាកិច្ចការផ្ទៃក្នុងរបស់គណបក្សនីមួយៗ។ ប៉ុន្តែទោះបីយ៉ាងណា ការបន្តវេនដឹកនាំប្រទេស ឬការប្រកួតប្រជែងដឹកនាំប្រទេសរបស់គណបក្សនយោបាយនីមួយៗ គឺត្រូវគោរពតាមគោលការណ៍ និងលក្ខខណ្ឌដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ពោលគឺ ការបោះឆ្នោតពីប្រជាជនកម្ពុជាតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ។

គួររំលឹកថា បណ្តាប្រទេស មួយចំនួនបានធ្លាក់ក្នុងសង្គ្រាមស៊ីវិលក្រោយពីពលរដ្ឋមួយ ចំនួនចាញ់បោកមនោគមវិជ្ជាហិង្សាដោយការប្រើប្រាស់អំណាចប្រជាពលរដ្ឋ «បដិវត្តន៍ពណ៌»ដើម្បីផ្លាស់ប្តូររបបដឹកនាំរបស់ខ្លួនក្រោកលល្បិចបរទេស ដូចជាលីប៊ី ស៊ីរី ទុយណេស៊ី យ៉េម៉ែន អ៊ីរ៉ាក់ជាដើម។ ហើយប្រទេសមួយចំនួនដែលផ្លាស់ប្តូររបបដឹកនាំក្រោមមនោគមវិជ្ជាថ្មីនៃលោកខាងលិច បាននិងកំពុងស្តាយក្រោយ ដូចជាស៊ីរី លីប៊ីជាដើមដែលបានប្រែក្លាយប្រទេសពី សន្តិភាពនិងការអភិវឌ្ឍទៅជាសង្គ្រាមស៊ីវិល និងការបំផ្លិចបំផ្លាញរាប់ដល់ដី។ នេះក៏ជាលទ្ធផលនៃការរងគ្រោះក្រោមរូបភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដែលមហាអំណាចតែងតែបង្រៀននិងសូត្រដាក់បណ្តាប្រទេសនៅលើលោក។

ចំណែកក្រុមប្រឆាំងដែលទទួលបានការគាំទ្រពីប្រទេសមហាអំណាច បានការខិតខំព្យាយាមអុជអាល និងធ្វើការញុះញង់គ្រប់រូបភាព ប៉ុន្តែគេដឹងច្បាស់ណាស់ថាវាគ្រាន់តែជាយុទ្ធសាស្ត្រចាញ់-ចាញ់ប៉ុណ្ណោះ។ ចាញ់ដោយសារតែពួកគេគ្មានលទ្ធភាពនឹងរកបេក្ខភាពដែលមានសមត្ថភាព និងទេពកោសល្យក្នុងការដឹកនាំ។ ចាញ់ដោយសារតែពួកគេគិតថាពួកគេគ្មានក្តីសង្ឃឹមអាចដណ្តើមជំនឿទុកចិត្តរបស់ប្រជាជនកម្ពុជាបានឡើយ ខណៈពួកគេគ្មានលទ្ធភាពនឹងគ្រប់គ្រងដឹកនាំកូនបក្សតូចមួយ ឬក្រុមប្រឆាំងមួយក្តាប់តូចរបស់ខ្លួនផង។

ក្រុមអ្នកវិភាគចៅចាក់ស្មុកបានលើកឡើងថា ក្រុមប្រឆាំងមិនត្រឹមតែចុះចាញ់មុនការប្រកួតក្នុងការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះ ប៉ុណ្ណោះទេ ប៉ុន្តែ បានមើលឃើញយ៉ាងច្បាស់ថា ឯកឧត្តម ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីម្នាក់ដ៏ខ្លាំងនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា។ ភាពចាស់ទុំខាងនយោបាយ និង ការដឹកនាំប្រទេស និងទាំងលើប្រជាប្រិយភាពនយោបាយជាមួយប្រជាជនកម្ពុជា តាមរយៈការធ្វើអំពើល្អជាមួយប្រជាជន, ការបង្កើតបាននូវស្នាដៃរាប់មិនអស់ដើម្បីឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន និងការរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈក្រោមម្លប់នៃសន្តិភាព និងក៏ដើម្បីភាពសុខដុមរមណីយកម្មនៃសង្គមជាតិ ក៏ដូចជាចូលរួមបង្កើតសន្តិភាព ស្ថិរភាពសម្រាប់តំបន់ និងប្រទេសជាតិដ៍រុងរឿងមួយ។

គួរបញ្ជាក់ថា កាលដែលក្រុមប្រឆាំងព្យាយាមលើកម្តងហើយម្តងទៀតលើការបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា និងផ្សព្វផ្សាយព័ត៌មានមិនពិតថាមានការបែកបាក់ផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជាលើការបន្តវេនគឺជាការបញ្ជាក់ពីការអស់សង្ឃឹមទាំងស្រុង របស់ក្រុមប្រឆាំងក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២៣ និងក្នុងឆ្នាំជាបន្តបន្ទាប់ និងហាក់ដូចជាបានប្រកាសការចុះចាញ់មុនប្រកួតរួចជាស្រេចទៅហើយ។ ដូច្នេះច្បាស់ណាស់ថា ក្រុមប្រឆាំងគួរតែខំរៀបចំឲ្យមានការបន្តវេនដឹកនាំនៅក្នុងក្រុមរបស់ខ្លួន និងរត់ឲ្យទាន់សភាពការណ៍នយោបាយនៅកម្ពុជា ពិសេសកុំនៅក្រាញននៀលចាញ់ហើយចាញ់ទៀត ចាញ់ជារៀងរហូតដល់ទីបញ្ចប់ទាំងជីវិតនយោបាយ និងជីវិតផ្ទាល់ខ្លួន៕

ដកស្រង់ចេញពី​ ៖ ចៅចាក់ស្មុក
ប្រែសម្រួលដោយ ៖ theothertruth.info

Bun

Leave a Reply

Your email address will not be published. Required fields are marked *

16 + nine =

This site uses Akismet to reduce spam. Learn how your comment data is processed.