ល្បិចកលបំបែកបំបាក់បក្សប្រជាជនរបស់ក្រុមប្រឆាំងនឹងធ្វើឱ្យពួកគេបន្ដចាញ់ងើបមុខមិនរួច

មិនមែនជាលើកទីមួយនោះទេ ដែលក្រុមប្រឆាំងបានព្យាយាមប្រើប្រាស់យុទ្ធសាស្ដ្រអុជអាលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាបែកបាក់ផ្ទៃក្នុងនិយាយជារួម និងធ្វើឱ្យមានការភាន់ច្រឡំទៅលើបេក្ខភាពនាយករដ្ឋមន្ដ្រីបន្ដវេននិយាយដោយឡែក។ តួយ៉ាងក្នុងពេលថ្មីៗនេះ ក្រុមប្រឆាំងបានអះអាងថាគ្រួសារលោកនាយករដ្ឋមន្ដ្រីកំពុងប្រឈមបញ្ហាធំ ដោយសារតែកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត និងកូនប្រុសពៅ គឺលោក ហ៊ុន ម៉ានី កំពុងដណ្ដើមគ្នាយកតំណែងនាយករដ្ឋមន្ដ្រីនៅពេលអនាគត។

តើការលើកឡើងបែបនេះមានទឡ្ហីករណ៍អ្វីមកដាក់ទម្ងន់?

ជាការពិត ក្រុមប្រឆាំងគ្មានអ្វីជាតឹងតាងរឹងមាំធ្វើឱ្យមហាជនជឿបានឡើយ ផ្ទុយទៅវិញមានតែបង្ហាញពីភាពកម្សោយរបស់ខ្លួនតែប៉ុណ្ណោះ នៅក្នុងការប្រកួតប្រជែងដោយស្មើភាពតាមបែបប្រជាធិបតេយ្យជាមួយគណបក្សប្រជាជន។ ពួកគេគ្មានជម្រើស ទើបមានតែរកនឹកបង្កើតរឿងពីមួយទៅមួយ ដោយកន្លងមកសេណារីយ៉ូដែលពួកគេរៀបចំ មិនដែលទទួលបានជោគជ័យម្ដងណាឡើយ។

គ្រាន់តែសៀវភៅ «ក្តីសង្ឃឹម ហ៊ុន ម៉ានី» បានចេញផ្សាយកាលពីពេលថ្មីៗ ហើយគាប់ជួនលោកហ៊ុន ម៉ាណែត ប្រកាសចែកសៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” ដោយឥតគិតថ្លៃដល់សាធារណជន បានធ្វើឱ្យអ្នកវិភាគផ្គាប់មុខទៅរកក្រុមប្រឆាំងមួយរូប សន្និដ្ឋានថា អាចជាការឆ្លុះបញ្ចាំងឱ្យឃើញលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី កំពុងប្រជែងដណ្តើមមុខមាត់គ្នា ដើម្បីធ្វើជានាយករដ្ឋមន្ដ្រីបន្ដវេនទៅវិញ។

ការលើកឡើងរបស់អ្នកវិភាគមាននិន្នាការប្រឆាំងបែបនេះ ក៏ត្រូវបាននាយករដ្ឋមន្ដ្រីកម្ពុជាចេញមុខបដិសេធភ្លាមៗ។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសនៅរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ច្បាស់ៗថា ក្រុមគ្រួសាររបស់លោក មិនថាកូន មិនថាចៅ គឺមានការគោរពគ្នាខ្លាំងណាស់។ កូនៗរបស់លោក មានឋានុក្រមល្អណាស់ គឺប្អូនៗចេះស្ដាប់និងគោរពបងៗ មិនដណ្ដើមគ្នាធ្វើនាយករដ្ឋមន្ដ្រីនោះទេ។ លោកនាយករដ្ឋមន្ដ្រីបានផ្ដាំទៅអ្នកវិភាគរូបនោះវិញថា បើខ្លួនឯងមិនកើតកុំនឹកស្មានថាគេមិនកើតដូចខ្លួន។ គ្រាន់តែគ្រួសារខ្លួនឯងក៏បែកបាក់គ្នាទៅហើយ ប្ដីត្រូវនាំកូនរត់ទៅក្រៅស្រុក ហើយប្រពន្ធនៅស្រុកខ្មែរ ដូច្នេះគួរគ្រប់គ្រងគ្រួសារខ្លួនឯងឱ្យបានសិន កុំចាំបាច់មកវិភាគរឿងគ្រួសារអ្នកដទៃ។ វាគ្មានរឿងកើតឡើងដូចការវិភាគគ្មានមូលដ្ឋានបែបនេះជាដាច់ខាត ព្រោះគ្រាន់ជារឿងគាប់ជួនប៉ុណ្ណោះ ដែលមានការផ្សព្វផ្សាយនិងចែកចាយសៀវភៅរបស់លោកហ៊ុន ម៉ាណែត និងហ៊ុន ម៉ានី។

បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលចេញប្រតិកម្ម កូនប្រុសពៅរបស់លោកនាយករដ្ឋមន្ដ្រី គឺលោកហ៊ុន ម៉ានី ជាតួអង្គត្រូវបានគេយកមកវិភាគ ក៏ចេញសារសម្ដែងការហួសចិត្ដផងដែរ។ តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោកហ៊ុន ម៉ានី បានលើកឡើងដូច្នេះថា “កន្លងមក ខ្ញុំសង្កេតឃើញមានការបកស្រាយ និងបទវិភាគជាបន្តបន្ទាប់ស្តីពីខ្ញុំ និងបងណែត ដែលការវិភាគទាំងនោះ មានចេតនាអុជអាល និងញុះញង់ ហើយជួនពេលខ្លះ ក៏ជាការវិភាគដែលគួរឱ្យអស់សំណើចទៅទៀតផង។ ដូចអ្វីដែលពុកបានលើកឡើងកាលពីព្រឹកមិញក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី ខ្ញុំសូមជម្រាបថា ខ្ញុំនិងបងណែត និងក្រុមគ្រួសារយើងទាំងអស់គ្នា យល់ច្បាស់ណាស់ពីចរិតនៃការបកស្រាយ និងបទវិភាគក្នុងចេតនាបំបែកបំបាក់ទាំងនោះ ហើយយើងអរគុណទៅវិញទេ ដែលការវិភាគទាំងនោះបានក្លាយទៅជាមូលដ្ឋានសាមគ្គីភាពផ្ទៃក្នុងបន្ថែមទៀតសម្រាប់ក្រុមគ្រួសាររបស់យើង។ ដូចអ្វីដែលខ្ញុំធ្លាប់បានបកស្រាយជាសាធារណៈ និងជាបន្តបន្ទាប់កន្លងមក ថាខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពបងណែត ជាបេក្ខជនអនាគតនាយករដ្ឋមន្រ្តីបន្តពីពុក ហើយការគាំទ្រនេះ មិនត្រឹមតែស្តែងចេញពីការលើកឡើងរបស់ខ្ញុំជាហូរហែប៉ុណ្ណោះទេ វាក៏ស្ដែងចេញតាមទង្វើទាំងឡាយដែលខ្ញុំបាននិងកំពុងធ្វើនាពេលកន្លងមក។ លើសពីក្នុងក្របខ័ណ្ឌក្រុមគ្រួសារយើង ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាយើងទាំងអស់ នាពេលកន្លងមក និងជាបន្តបន្ទាប់ ក៏បានបង្ហាញការគាំទ្រចំពោះបេក្ខភាពរបស់បងណែតនេះដែរ ដែលផ្ទុយទៅវិញ ការបកស្រាយអុជអាលទាំងអម្បាលម៉ាននេះ គ្រាន់តែជាអ្វីដែលបង្ហាញឱ្យយើងអាចឃើញកាន់តែច្បាស់ពីភាពភិតភ័យរបស់ក្រុមអ្នកវិភាគទាំងនោះ ចំពោះកម្លាំងសាមគ្គីភាពដ៏រឹងមាំនៃថ្នាក់ដឹកនាំ សមាជិក សមាជិកានៃបក្សយើង”។

មួយថ្ងៃបន្ទាប់ ពោលគឺនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ លោកហ៊ុន ម៉ាណែត ជាតួអង្គត្រូវបានគេយកទៅវិភាគមួយរូបទៀត ក៏បានចេញសារនៅលើហ្វេសប៊ុករបស់លោកដែរថា “កន្លងមកមានលោកយាយលោកតា លោកអ៊ំ ពូមីងជាច្រើនធ្លាប់បាននិយាយប្រាប់ខ្ញុំថា ឪពុកម្តាយរបស់ខ្ញុំ ចិញ្ចឹមកូនបានល្អៗណាស់ ទាំងប្រុស ទាំងស្រី គឺស្លូតបូត សុភាពរាបសា ចេះគោរពចាស់ទុំ និងចេះស្រលាញ់គ្នា។ ខ្ញុំសូមអរគុណលោកយាយលោកតា លោកអ៊ំ ពូមីងចំពោះការសរសើរនេះ។ លទ្ធផលទាំងនេះ គឺមានដោយសារអ្នកមានគុណទាំងពីររបស់ខ្ញុំ គឺលោកឪពុក និងអ្នកម្តាយរបស់ខ្ញុំ ដែលគាត់តែងតែណែនាំប្រៀនប្រដៅកូនៗទាំងអស់ជាប់ជាប្រចាំ អោយប្រព្រឹត្តនូវអំពើល្អ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ការតស៊ូព្យាយាម និងចេះស្រលាញ់ជួយយកអាសាគ្នា

តាំងតែពីបងប្អូនរបស់ខ្ញុំនៅតូចៗម៉្លេះ។ ក្នុងចំណោមដំបូន្មានសំខាន់ៗដែលឪពុកម្តាយរបស់ខ្ញុំបានផ្តល់អោយខ្ញុំនិងប្អូនៗរបស់ខ្ញុំ៖ ១. កុំតាំងខ្លួនជាកូននាយករដ្ឋមន្ត្រី តែត្រូវតាំងខ្លួនជាចៅកសិករ… ២. ការរាប់អានមនុស្សមិនត្រូវមើលលើគេមានទ្រព្យសម្បត្តិ ឬជាកូនលោកធំនោះឡើយ… ប៉ុន្តែលើទឹកចិត្តល្អ… ៣. ត្រូវខំរៀន… ព្រោះចំណេះវិជ្ជាសំខាន់សម្រាប់ខ្លួនឯង និង ប្រទេសជាតិ ៤. ត្រូវធ្វើតែអំពើល្អ និងចេះជួយគ្នានៅពេលត្រូវការ។ (ដកស្រង់ចេញពីសៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” សរសេរដោយលោក ឆាយ សុផល)”។

តាមរយៈសំណេររបស់លោកហ៊ុន ម៉ាណែត ដូច្នេះ សបញ្ជាក់ឱ្យឃើញថា បងប្អូនរបស់លោកពិតជាចេះគោរព ស្រឡាញ់គ្នាយ៉ាងពិតប្រាកដ មិនអាចទៅដណ្ដើមអំណាចគ្នាបានឡើយ។ មានការស្រាយបំភ្លឺទាំងពីលោកនាយករដ្ឋមន្ដ្រីដែលជាឪពុក និងពីលោកហ៊ុន ម៉ាណែត និងលោកហ៊ុន ម៉ានី ដែលជាកូនប្រុសទៀត វាកាន់តែច្បាស់ការដែលថាទាំងនៅក្នុងក្រុមគ្រួសារលោកផ្ទាល់ និងនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ពុំមានការបែកបាក់សាមគ្គីដូចការវិភាគ ឬការលើកឡើងរបស់ក្រុមប្រឆាំងណាមួយឡើយ។ ជាថ្នាក់ដឹកនាំប្រទេស លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន គឺជាមនុស្សប្រាកដនិយម និងហ្មត់ចត់ជាទីបំផុត និយាយម៉ាត់ណាគឺម៉ាត់ហ្នឹង ហើយបើសិនមានរឿងបែកបាក់ដូចក្រុមប្រឆាំងនិយាយមែន គណបក្សប្រជាជនមិនអាចនៅឈរជើងដឹកនាំប្រទេសបានរាប់ឆ្នាំនោះទេ។ ម្យ៉ាងវិញទៀត លោកបានព្យាយាមកសាងកេរ្ដិ៍ឈ្មោះ កសាងប្រទេសកម្ពុជាតាំងពីបាតដៃទទេ ក្រោយបញ្ចប់របបយង់ឃ្នងប៉ុលពត មានហេតុផលអ្វីត្រូវឱ្យជម្លោះផ្ទៃក្នុងកើតឡើងទៀត ព្រោះកម្ពុជាមានបទពិសោធន៍រួចទៅហើយ ដោយសារតែជម្លោះផ្ទៃក្នុងទើបប្រទេសជាតិត្រូវរងគ្រោះយ៉ាងធ្ងន់ធ្ងរជាទីបំផុត។

ផ្ទុយទៅវិញ គឺខាងក្រុមប្រឆាំងខ្លួនឯងដែលចេះតែរវើរវាយនឹកឃើញផ្ដេសផ្ដាស វិភាគតាមតែនឹកឃើញ។ ពួកគេទាំងនោះហើយដែលកំពុងជួបស្ថានភាពបែកបាក់ធ្ងន់ធ្ងរ និងសូម្បីបេក្ខភាពនាយករដ្ឋមន្ដ្រីដែលមានសមត្ថភាពមួយរូប ក៏ពួកគេរកមិនបានផងសម្រាប់ប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។ ការបរាជ័យរបស់ក្រុមប្រឆាំងនឹងក្លាយជាការបរាជ័យដែលគ្មានទីបញ្ចប់ ដែលកុំថាឡើយការបោះឆ្នោតនៅឆ្នាំ២០២៣ ទោះបោះឆ្នោតនៅអាណត្ដិក្រោយៗទៀត ក៏ពួកគេគ្មានសង្ឃឹមថានឹងស្គាល់ជ័យជម្នះ តើអាចរំពឹងអ្វីទៀត? ទង្វើរបស់ពួកគេគឺជារឿងគួរឱ្យអាណិត ហើយបង្ហាញពីភាពភិតភ័យចាញ់មុនប្រកួត។ ក្រុមខ្លួនឯងបង្រួបបង្រួមមិនបាន ដូច្នេះមានតែដើរចាក់រុក ញុះញង់គូប្រកួត និងបំភាន់សាធារណជនឱ្យយល់ច្រំឡំ ប៉ុន្ដែវាត្រឹមជាក្ដីស្រមៃដែលមិនអាចក្លាយជាការពិត។

សរុបមក រាល់ការលើកឡើងរបស់ក្រុមមាននិន្នាការប្រឆាំង គ្រាន់តែជាចេតនាចង់បំបែកបាក់បក្សប្រជាជនប៉ុណ្ណោះ ប៉ុន្ដែចេតនានេះនឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជា និងធ្វើឱ្យក្រុមគ្រួសារនាយករដ្ឋមន្ដ្រី រួមសាមគ្គីកម្លាំងជាធ្លុងមួយ និងស្រឡាញ់គ្នាលើសដើម។ គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ ហើយមិនរត់តាមស្ថានការណ៍ដូចក្រុមប្រឆាំងទេ។ សម្រាប់ក្រុមប្រឆាំង គួរណាស់តែព្យាយាមរត់ឱ្យទាន់សភាពការណ៍ កុំគិតតែផ្លូវអវិជ្ជមានរុញច្រានឱ្យខ្លួនឯងចាញ់ម្ដងហើយម្ដងទៀតគ្មានថ្ងៃស្វាងបែបនេះ៕

អ្នកនិពន្ធ៖Penh pheng

Bun

Leave a Reply

Your email address will not be published. Required fields are marked *

thirteen + four =

This site uses Akismet to reduce spam. Learn how your comment data is processed.