ល្បែងនយោបាយក្រោយពីការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោះឃុំ សង្កាត់អណត្តិទី៥

ការបោះឆ្នោតឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានបញ្ចប់ទៅដោយរលូនដោយមានប្រជាជនប្រមាណ ៨០.១៩ ភាគរយនៃអ្នកដែលមានឈ្មោះបោះឆ្នោតសរុបបានទៅចូលរួមបោះឆ្នោតដើម្បីសម្ដែងឆន្ទៈរបស់ខ្លួនក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដែលខ្លួនទុកចិត្ត និងផ្ដល់សេចក្ដីទុកចិត្តជូនក្នុងការដឹកនាំដោយប្រគល់សន្លឹកឆ្នោតជូនគណៈបក្សដែលពួកគេពេញចិត្ត នេះបើយោងតាមការចុះផ្សាយរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប)។ តាមរយៈលទ្ធផលបណ្ដោះអាសន្នបានបង្ហាញថាគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបាននាំមុកគណបក្ស ១៦ ផ្សេងទៀតដាច់តែម្ដង។ យោងទៅតាម គ.ជ.ប គណបក្សប្រជាជនកម្ពុជាទទួលបាន ៥ លាន ៣ សែនសំលេងដែលទទួលបានសន្លឹកឆ្នោតយ៉ាងលើសលុបបើប្រៀបធៀបនឹងគណបក្សដទៃទៀត និងតាមពីក្រោយដោយបក្សភ្លើងទានទទួលបាន ១ លាន ៦ សែនសំលេង និងគណបក្សខ្មែររួបរួមជាតិ ៦ ម៉ឺន ៣ ពាន់សំលេង។

គណបក្សដែលបានចូលរួមប្រកួតប្រជែងទាំង ១៧

តាមរយៈលទ្ធផលបឋមនេះយើងសង្កេតឃើញថាមានបក្សមួយចំនួនធំបានសម្ដែងនូវភាពវិជ្ជមានចំពោះលទ្ធផល និងដំណើរការនៃការរៀបចំការបោះឆ្នោតនេះដោយមើលឃើញពីភាពរលូន ការវិវត្តប្រកបដោយភាពវិជ្ជមានបើប្រៀបធៀបនឹងការបោះឆ្នោតមុន និងគ្មានការបង្ខិតបង្ខំដូចជាគណបក្សខ្មែរតែមួយ គណបក្សខ្មែររួបរួមជាតិ គណបក្សឯកភាពជាតិខ្មែរ និងគណបក្សយុវជនកម្ពុជាជាដើម សុទ្ធតែបានបង្ហាញអំពីចំហក្នុងការទទួលស្គាល់អំពីលទ្ធផលបឋមនេះ។ ជាក់ស្ដែងគណបក្សយុវជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ដែលបានរៀបរាប់ថា «គណៈបក្សរបស់ខ្លួនបានសង្កេតឃើញថា ដំណើរការនៃការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូនក្នុងស្ថានភាព សន្តិសុខ-សណ្តាប់ធ្នាប់ល្អ និងក្នុងបរិយាកាស សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានរូបភាពគំរាមកំហែងកើតឡើងនោះទេ ជាពិសេសពលរដ្ឋបានទៅបោះឆ្នោតយ៉ាងច្រើនកុះករ»។ ចំណែកឯគណបក្សឯកភាពជាតិខ្មែរក៏បានប្រកាសទទួលស្គាល់លទ្ធផលនេះផងដែរទោះបីជាមានភាពចន្លោះប្រហោងបន្តិចក្ដីដោយបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា «ចាប់តាំងពីដំណើរការរហូតដល់ពេលបោះឆ្នោតរួច សា្ថប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានការទំនាក់ទងល្អ ផ្ដល់ព័ត៌មាន និងឯកសារគ្រប់ជ្រុងជ្រោយដល់គណបក្ស។ ប៉ុន្តែមន្ត្រីគ.ជ.ប ថ្នាក់មូលដ្ឋានខ្លះក៏មានការខ្វះចន្លោះ និងពិបាកទំនាក់ទងគ្នាផងដែរ»។


ការទៅចូលរួមបោះឆ្នោតដ៏ច្រើនកុះកររបស់ប្រជាជន
ស្របពេលជាមួយគ្នានេះដែរ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ អ្នកសង្កេតការណ៍អន្តរជាតិបានធ្វើសន្និសីទសារព័ត៌មានជុំវិញការចូលរួមសង្កេតការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ី។ តាមរយៈសន្និសីទនេះ ពួកគេបានវាយតម្លៃថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺបានប្រព្រឹត្តិទៅដោយរលូន បើកចំហរ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយអ្នកដែលទៅបោះឆ្នោតក៏មានកម្រិតខ្ពស់ថែមទៀត ។

ទោះបីជាការរៀបចំបានយ៉ាងល្អឥតខ្ជោះយ៉ាងណាក្ដី ក៏គង់តែមានអ្នកមិនពេញចិត្ត ពិសេសក្រុមប្រឆាំងដែលតែងចាំចាប់កំហុស និងបានត្រៀមជាស្រេចក្នុងការបដិសេធលទ្ធផលបរាជ័យរបស់ខ្លួន។ ជាក់ស្ដែងគណបក្សភ្លើងទានដែលជាអតីតគណបក្សសម រង្សីបានចេញមកសម្ដែងនូវការមិនពេញចិត្តបន្ទាប់ពីទទួលបានលទ្ធផលមិនដូចបំណងដែលចខ្លួនបានត្រៀមទុកមុន។ យោងទៅសេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទានបានលើកឡើង «ការបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មិនមានបរិយាកាសស្មើភាព ពលរដ្ឋមិនមានសេរីភាព ក្នុងការចូលរួមកិច្ចការនយោបាយ និងការបញ្ចេញមតិ បានត្រឹមត្រូវនៅឡើយ ហើយស្ថាប័នបោះឆ្នោត ក៏មិនទាន់ឯករាជ្យ ព្រោះការចាត់ចែង និងការសម្រេចលើការងារមួយចំនួនធំ គឺធ្វើដោយលំអៀង រួមទាំងសមាសភាពសមាជិក ដឹកនាំស្ថាប័នេះ ពីលើដល់ក្រោម ជាសមាជិកមក ពីគណបក្សកាន់អំណាច ស្ទើរតែទាំងអស់»។ តែនេះគឺជាសិទ្ធិនៃការបញ្ចេញមតិ និងការយល់ឃើញរបស់បុគ្គល និងក្រុមមនុស្សតែប៉ុណ្ណោះ ហើយវាក៏គ្មានអ្វីចម្លែកនោះឡើយព្រោះរឿងដដែលៗនេះបានកើតមានឡើងស្ទើរតែរៀងរាល់ពេលបោះឆ្នោតទៅហើយសម្រាប់ពួកក្រុមនេះ។ ខណៈពេលជាមួយគ្នានេះដែរ តាមរយៈបណ្ដាញប្រព័ន្ធតេលេក្រាមលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា «គណបក្សភ្លើងទៀនជាភាគីប្រកួតប្រជែង មិនមែនជាម្ចាស់ឆ្នោតទេ គ្មានសិទ្ធិតវ៉ាទេ។ បញ្ហាទាក់ទងការបោះឆ្នោត អាស្រ័យលើគ.ជ.ប ដែលជាអាជ្ញាកណ្តាលសម្រេច។ ត្រង់ទទួលយកបាន ឬមិនបានជារឿងអ្នកឯង តែអង្ករបានក្លាយជាបាយរួចហើយ»។ លោកបានបន្តទៀតថា «មុនបោះឆ្នោតសកម្មជនគណបក្សភ្លើងទៀនមានសង្ឃឹមមិនដល់ពាក់កណ្តាលទេ តែមានលទ្ធផលក្រោយបោះឆ្នោត មានការិយាល័យខ្លះបានច្រើនជាងការរំពឹងទុក នេះគឺជាការប្រសើរហើយ ចង់រកអ្វីទៀត។ ចំពោះការចូលរួមបោះឆ្នោត ដោយបក្សប្រជាជនមានអ្នកគាំទ្រច្រើនវិញនោះ លោកបានលើកឡើងថា ប្រជាពលរដ្ឋមានសិទ្ធិនយោបាយពេញលេញ ចង់ជឿលើគណបក្ស ណាស្រេចចិត្តរបស់ម្នាក់ៗ គ្មាននរណាមានសិទ្ធិរំលោភបំពានបានទេ» ។
តាមចំណាំតាំងពីដើមមកមុនប្ដូរឈ្មោះមកជាបក្សភ្លើងទាន ពួកគេតែងតែប្រើឥរិយាបទដដែលៗបែបនេះ គឺមិនទទួលស្គាល់ការពិត ពិសេសការចាញ់របស់ខ្លួននេះតែម្ដងតាំងពីគណបក្សសម រង្សី ដល់សង្គ្រោះជាតិ និងដល់ពេលបច្ចុប្បន្ននេះទៀត។ ស្របពេលជាមួយនេះដែរលោក ពេជ្យ ស្រស់ ប្រធានគណៈបក្សយុវជនកម្ពុជាបានលើកឡើងអំពីការយល់ឃើញរបស់ខ្លួនថា «ខ្ញុំតាមដាន បក្សនេះ ៥ អាណត្តិមកហើយ គឺបែបនេះរហូតភាសាដដែលៗ គឺខ្ញុំមិនយល់ទេ បើគិតថាមិនសេរី និងមិនយុត្តិធម៌ ចុះចូលប្រកួតប្រជែង ធ្វើអី ក៏ប៉ុន្តែខ្ញុំឃើញក្រុមនេះចូលប្រកួតរហូត ហើយពេលនេះPrankចូលប្រកួតទៀត ។ ម្យ៉ាងវិញទៀតបើថា ការបោះឆ្នោតមិន ឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋទេ សូមកុំទទួលយកអាសនៈដែលខ្លួនទទួលបានអី ទុកចោលទៅ ប្រុងថា អ្នកបោះឆ្នោតឲ្យបក្សនេះសុទ្ធតែសត្វ គឺមិនមែនមនុស្សទៅបោះឆ្នោតឲ្យគណបក្សនេះនោះទេ ។ ជំងឺតួឯកប្រឆាំងគ្រប់រឿង»។

ស្របពេលជាមួយគ្នានេះដែរលោក សម រង្សី ដែលជាអតីតប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយចោលដោយតុលាការ និងស្ថាបនិកនៃគណបក្សភ្លើងទានបានចេញមកសារជាថ្មីដែលនិយាយទាក់ទងទៅនឹងការបោះឆ្នោះឃុំ សង្កាត់កាលពីពេលថ្មីៗនេះ ទោះបីជាត្រូវបានបដិសេធដោយមន្ត្រីជាន់ខ្ពស់នៃបក្សភ្លើងទានអំពីទំនាកទំនងរបស់លោក និងគណបក្សភ្លើងទានក្នុងពេលបច្ចុប្បន្ននេះក្ដី។ ក្នុងសាររបស់លោកតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនបានលើកឡើងថា «ប្រជារាស្ត្រខ្មែរចង់ឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន តាមបែបបទប្រជាធិបតេយ្យ។ ការសន្និដ្ឋានបែបនេះ នៅតែអាចធ្វើទៅបាន ទោះជាការបោះឆ្នោត ថ្ងៃអាទិត្យនេះ មានការក្លែងបន្លំសន្លឹកឆ្នោត និងតួលេខបោះឆ្នោតដ៏ច្រើនសន្ធឹកសន្ធាប់ យ៉ាងណាក៏ដោយ ជាពិសេស មានបញ្ជាពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ឲ្យបិទស្ថានីយ៍បោះឆ្នោតទាំងអស់ ទូទាំងប្រទេស នៅពេលរាប់សន្លឹកឆ្នោត ចាប់ពីម៉ោង ៣ រសៀលទៅ មិនឲ្យមានវត្តមានអ្នកសង្កេតការណ៍ ភ្នាក់ងារគណបក្ស ឬសាក្សី ក្រៅពីអ្នកបម្រើការឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាហេតុធ្វើឲ្យគណបក្សកាន់អំណាចនេះ ប្រកាសលទ្ធផលនៃការបោះឆ្នោត តាមតែអ្វីដែលខ្លួនចង់បាន»។ ស្របពេលដែលគណបក្ស ក៏ដូចជាអ្នកសារព័ត៌មានអន្តរជាតិជាច្រើនបានសារទរ និងអបអរដល់ការបោះឆ្នោតដែលប្រកបដោយសន្តិវិធី និងភាពស្ងប់ស្ងាត់ ប៉ុន្តែលោកសម រង្សីដែលកំពុងជាប់ទោស រស់នៅក្រៅប្រទេស និងមិនត្រូវបានទទួលស្គាល់ពីបក្សភ្លើងទាននោះបានបញ្ចេញមតិដែលជាគំនិតឯងទាំងមិនបានចូលរួម និងសូម្បីតែរស់នៅក្នុងមាតុភូមិប្រទេសរបស់ខ្លួនផង។ ការណ៍នេះបានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថារូបលោកជាអ្នកនយោបាយឆ្អិននក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ ដែលគ្មានមូលដ្ឋានច្បាស់លាស់ដែលចាំតែបម្លាស់ទី និងនិយាយភូតភរដល់អ្នកគាំទ្រខ្លួនប៉ុណ្ណោះ។


នេះជាការឆ្លុះបញ្ជាំងទៅកាន់ការបោះឆ្នោតថ្នាក់ជាតិអាណត្តិទី ៧ នាឆ្នាំក្រោយនេះ ប្រាកដណាស់ថាបក្សភ្លើងទាននឹងមិនអាចទទួលជ័យជំនះ ហើយបក្សប្រជាជនកម្ពុជានឹងទទួលបានលទ្ធផលភ្លូកទឹកភ្លូកដីជាបន្តទៀត ស្របពេលជាមួយគ្នានោះគណបក្សភ្លើងទាននឹងបន្តភាពមិនពេញចិត្តរបស់ខ្លួន និងបន្តចោទប្រកាន់ថាការបោះឆ្នោតមិនមានតម្លាភាព សេរី និងទទួលការរងការកម្រាមកំហែងបន្តទៀតព្រោះនេះជាអ្វីដែលពួកគេតែងតែធ្វើ និងប្រើប្រាស់ដើម្បីបន្លំភ្នែកដល់អ្នកគាំទ្ររបស់ខ្លួនតាំងពីដើម ដល់បច្ចុប្បន្ន និងបន្តទៅអនាគតទៀតផងដែរ។

អ្នកនិពន្ធ៖ SK

Bun

Leave a Reply

Your email address will not be published. Required fields are marked *

nine − six =

This site uses Akismet to reduce spam. Learn how your comment data is processed.