
មន្រ្តីជាន់ខ្ពស់នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា កញ្ញា សេង ធារី ត្រូវបានចាប់ខ្លួន បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ និងបានបញ្ជូនទៅកាន់ពន្ធនាគារ។ សមត្ថកិច្ចចាប់ខ្លួនកញ្ញា សេង ធារី ធ្វើឡើងក្រោមការចោទប្រកាន់ពីបទ
រួមគំនិតក្បត់ និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ក្រុងភ្នំពេញនៅព្រឹកថ្ងៃទី១៤ មិថុនា តុលាការបានសម្រេចឱ្យចាប់ខ្លួន និងផ្តន្ទាទោសកញ្ញា សេង ធារី និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួនជាង៤០
នាក់ផ្សេងទៀត ក្រោមបទចោទប្រកាន់ ញុះញង់ និងរួមគំនិតក្បត់ ពាក់ព័ន្ធនឹងដំណើរវិលត្រលប់ចូលមកមាតុភូមិវិញរបស់លោក សម រង្ស៊ីកាលពីឆ្នាំ២០១៩។
បើតាមលោក ជូង ជូងី មេធាវីការពារក្តីឱ្យកញ្ញា សេង ធាវី បានបញ្ជាក់ក្រោយស្តាប់សវនការថា តុលាការបានចេញដីកាចាប់ខ្លួនកញ្ញា សេង ធារី
និងសកម្មជនផ្សេងទៀតភ្លាមៗ ដោយម្នាក់ៗត្រូវជាប់ពន្ធនាគារ៥ឆ្នាំ ៦ឆ្នាំ និង៨ឆ្នាំ ដោយមិនមានការកាត់តំរឹមទោសនោះឡើយ។
លោក សម រង្ស៊ី, លោក អេង ឆៃអ៊ាង, លោកអ៊ូ ចាន់ណារ័ត្ន និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៨នាក់ផ្សេងទៀតដែលកំពុងរស់នៅក្រៅប្រទេស ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចកាត់ទោសជាប់ពន្ធធនាគារចំនួន៨ឆ្នាំ និងចេញដីកាឱ្យចាប់ខ្លួនភ្លាមៗក្រោមបទចោទរួមគំនិតក្បត់។
នៅមុនតុលាការក្រុងភ្នំពេញចេញដីកាចាប់ខ្លួន និងកាត់ទោស កញ្ញាសេង ធារី និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ កញ្ញាសេង ធាវី ក្នុងសំលៀកបំពាក់យកតាមលំនាំរូបសំណាក់សេរីភាពប្រជាធិបតេយ្យ Lady Liberty ក្នុងទីក្រុងញ៉ូយក ។ កញ្ញា សេង ធារី ធ្លាប់បញ្ជាក់ប្រាប់ថា
បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីចូលគុក ដោយមិនខ្លាចញញើតនោះឡើយ ក្នុងថ្ងៃប្រកាសសាលក្រមក្នុងសំណុំរឿងកញ្ញានៅពេលនេះ។
កញ្ញាសេង ធារី មេធាវីសញ្ជាតិ្តខ្មែរ-អាមេរិក និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិជាង៤០នាក់ផ្សេងទៀត ត្រូវបានតុលាការចោទប្រកាន់ពី
បទ ញុះញង់ រួមគំនិតក្បត់ និងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ ពាក់ព័ន្ធនឹងដំណើរវិលត្រលប់ចូលមកមាតុភូមិវិញរបស់លោក សម រង្ស៊ី
កាលពីថ្ងៃទី០៩ ខែវិឆ្ឆិកា ឆ្នាំ២០១៩។ សំណុំរឿងរបស់កញ្ញាសេង ធាវីកាលពីដំបូងស្ថិតនៅជាមួយ សកម្មជននយោបាយចំនួន ១៤០នាក់ផ្សេងទៀត។
ក៏ប៉ុន្តែ ក្រោយមក តុលាការបានបំបែកសំណុំរឿងនេះ និងដាក់កញ្ញា សេង ធារី ឲ្យនៅក្នុងសំណុំរឿងមួយដាច់តែម្នាក់ឯង។ ហើយគិតមកទល់ការចាប់ខ្លួន
កញ្ញា សេង ធារី ត្រូវបាន តុលាការជំនុំជម្រះចំនួន១១លើករួចមកហើយ។
ក្រោយការចាប់ខ្លួន ស្ថានទូតសហរដ្ឋអាមេរិកបានចេញសម្តែងការខកចិត្តជាខ្លាំង ចំពោះសាលក្រមនៅថ្ងៃនេះ ដោយស្ថានទូតអាមេរិកធ្វើការ អំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងកញ្ញា សេង ធារី និងសកម្មជនសិទ្ធិមនុស្សដទៃទៀត ពីការដាក់ពន្ធនាគារ។
ដោយឡែកថ្មីកន្លងទៅនេះរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចោទជាសំណួរល់ការអនុវត្តស្តង់ដារ «សេរីភាពនៃការបញ្ចេញមតិ»
ទៅកាន់បណ្តាប្រទេស និងអង្គការសិទ្ធិមនុស្សដែលបានប្រតិកម្មរឿងតុលាការកម្ពុជា កាត់ទោសកញ្ញា សេង ធារី ខ្មែរមានសញ្ជាតិអាមេរិក ឱ្យជាប់ពន្ធនាគារ។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ហាក់មិនមានអ្វីចម្លែកចិត្តនោះឡើយចំពោះការប្រតិកម្មទាំងនេះ ព្រោះជាការប្រតិកម្មដូចដែលលោកបានគិតទុកជាមុន។
«ដូចបាននិយាយពីមុនអ៊ីចឹង! គ្រាន់តែតុលាការកម្ពុជាកាត់ទោសកូនជឹងគេភ្លាម លោកច្រមុះស្រួច អង្គការច្រមុះស្រួច និងអង្គការស៉ីលុយពីច្រមុះស្រួច
ស្រែកខ្ទរខ្ទារពីរឿងសេរីភាព នៃការបញ្ចេញមតិ»។ នេះជាការគូសរំលេចរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន។
តបនឹងប្រតិកម្មរបស់ក្រុមប្រទេសតាំងខ្លួនជាបិតាប្រជាធិបតេយ្យ គោរពសេរីភាពនៃការបញ្ចេញមតិនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន
បានឆ្លៀតរំលឹកពីសំណួររបស់លោក ដែលបានចោទសួរទៅប្រទេសទាំងអស់នោះ ជុំវិញការអនុវត្តន៍វិធានការរបស់ពួកគេលើបណ្តាញផ្សព្វផ្សាយរបស់ប្រទេសរុស្ស៉ី ក្រោយកើតមានសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។
លោករដ្ឋមន្ត្រីបានរំលឹកដូច្នេះ «តែពួកគាត់ធ្វើមិនដឹងពីសំណួរដែលខ្ញុំសួរកាលពីជាង ៩០ថ្ងៃមុនថា ហេតុអីគាត់បិទ Russia Today, Sputnik និងដាក់សារព្រមានលើរាល់ការផ្សាយនានារបស់រុស្ស៉ី ចាប់តាំងពីមានសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន មក?»។
ពាក់ព័ន្ធសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែននេះ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងថា កម្ពុជាប្រឆាំងការវាយលុករបស់រុស្ស៉ី ទៅលើអ៊ុយក្រែន ឈរលើគោលការណ៍ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើង គឺកម្ពុជាប្រឆាំងរាល់ការគំរាមប្រើកម្លាំង និងការប្រើកម្លាំងក្នុងរាល់ដំណោះស្រាយរវាងប្រទេសមួយ និងប្រទេសមួយ។
ដោយមើលឃើញពីការអនុវត្តន៍ដោយលំអៀងពាក់ព័ន្ធសេរីភាពនៃការបញ្ចេញមតិ ដែលអាមេរិក និងប្រទេសលោកខាងលិច ព្រមទាំងអង្គការសិទ្ធិមនុស្សមួយចំនួនទន្ទេញរត់មាត់នេះ លោក ខៀវ កាញារីទ្ធ បានលើកជាសំណួរថា តើពួកគាត់ប្រើជញ្ជីងតែមួយក្នុងរឿង
«សេរីភាពនៃការបញ្ចេញមតិ» នេះ ឬយ៉ាងណា?
ពាក់ព័ន្ធការអនុវត្តន៍សិទ្ធិសេរីភាពនៃការបញ្ចេញមតិពីសំណាក់សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសលោកខាងលិច និងអង្គការសិទ្ធិមនុស្សនេះ
តែងមានដាក់ជាចម្ងល់លើស្តង់ដារ នៃការអនុវត្តន៍របស់ពួកគេ។ ចម្ងល់ត្រង់ថា នៅពេលសមត្ថកិច្ចរបស់ពួកគេអនុវត្តន៍វិធានការច្បាប់ក្នុងប្រទេសខ្លួន
ឬបំពានដល់ប្រទេសដទៃ ពួកគេមិនដែលរំលឹកដល់គោលការណ៍ សេរីភាពបញ្ចេញមតិ ឬគោលការណ៍សិទ្ធិមនុស្សនោះឡើយ។ ផ្ទុយទៅវិញ ក្រុមប្រទេសនេះ តែងតែដើរវ៉ៃត្រាកំណត់ពីការអនុវត្តន៍វិធានការច្បាប់នៅតាមបណ្តាប្រទេសនានា ដែលមិនដើរតាមពួកគេ។
តាមរយៈកាយវិការទាំងនេះ នាំឱ្យមានការមើលឃើញថា រង្វាយតម្លៃលើសេរីភាពបញ្ចេញមតិរបស់ពួកគេមិនមានស្តង់ដារជាសាកលនោះឡើយ។
សូមជម្រាបថា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ កញ្ញា សេង ធារី គឺជាបុគ្គលមួយរូប ក្នុងចំណោមបុគ្គលជាច្រើនរូបទៀត ដែលជាអ្នកមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល ត្រូវបានតុលាការបើកសវនាការ ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈ «ផែនការ ៩វិច្ឆិកា» របស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់៕
អ្នកនិពន្ធ៖ Chim Ratha