
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា មនុស្សជាច្រើននាក់បានស្លាប់ និងរងរបួសនៅក្នុងការបាញ់ប្រហារមួយនៅទីស្នាក់ការប៉ូលិសចំនួនពីរកន្លែង នៅតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម នៅថ្ងៃអាទិត្យ ទី១១ មិថុនា ឆ្នាំ២០២៣ ប៉ុន្មានម៉ោងក្រោយមក ទើបគេហទំព័ររបស់ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងថា មនុស្ស៦នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់ប្រហារនៅ ខេត្ត Dak Lak។
ការវាយប្រហារទៅលើទីស្នាក់ការប៉ូលិសឃុំចំនួនពីរ គឺឃុំ អេទឺ (Ea Tieu) និង អេ កាទើ (Ea Ktur) នៃស្រុក គូ កូអ៊ីន (Cu Kuin) បានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ ភ្លាមៗនោះមន្ត្រីអាជ្ញាធរបញ្ជាក់ថា មនុស្សជាច្រើននាក់រួមទាំងប៉ូលិស មន្ត្រីមូលដ្ឋាន និងជនស៊ីវិល ត្រូវបានសម្លាប់ និងរងរបួស ប៉ុន្តែមិនបានផ្តល់ចំនួនពិតប្រាកដនោះទេ ហើយមូលហេតុដោយសារអ្វីនោះក៏មិនទាន់ច្បាស់លាស់ដែរ។
ក្រោយមានការបាញ់ប្រហារភ្លាមៗនៅទីស្នាក់ការប៉ូលិសចំនួនពីរនៅតំបន់ Central Highlands ប្រទេសវៀតណាម គេហទំព័ររបស់ក្រសួងសន្តិសុខសាធារណៈបានឱ្យដឹងថា មនុស្សចំនួន៦នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបាញ់ប្រហារនោះដោយបន្ថែមថា ក្រុមស៊ើបអង្កេតកំពុងស្វែងរកជនសង្ស័យបន្ថែមទៀត។ យោងតាមគេហទំព័រដដែល បានឱ្យដឹងថា តំបន់ Central Highlands ដែលជាជម្រករស់នៅរបស់ជនជាតិភាគតិចមួយចំនួន ត្រូវបានចាត់ទុកថាជាតំបន់រសើបសម្រាប់រដ្ឋាភិបាលផ្តាច់ការរបស់វៀតណាម។

លុះមកដល់ថ្ងៃអង្គារ ទី១៣ ខែមិថុនាឆ្នាំ ២០២៣ គេហទំព័រ Voice of Vietnam បានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៩នាក់ ក្នុងនោះមន្ត្រីប៉ូលីស៤នាក់ មន្ត្រីមូលដ្ឋាន ២នាក់ និងជនស៊ីវិល ៣នាក់ ខណៈដែលមន្ត្រីប៉ូលីស២នាក់ទៀតបានរងរបួសធ្ងន់ ហើយមនុស្ស ៣៩ នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅទីស្នាក់ការប៉ូលិស២ កន្លែង ស្ថិតនៅតំបន់ភូមិភាគកណ្ដាលប្រទេសវៀតណាម កាលពីថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៣។
យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងសន្តិសុខសាធារណៈវៀតណាម សេចក្តីរាយការណ៍ខាងលើបានបន្ថែមថា មនុស្ស ២ នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំងដោយខ្មាន់កាំភ្លើងត្រូវបានដោះលែង ខណៈដែលចំណាប់ខ្មាំងម្នាក់ទៀតដែលត្រូវបានខ្មាន់កាំភ្លើងចាប់ឃុំឃាំង បានរំដោះខ្លួនបានដោយខ្លួនឯង។ក្រសួងសន្តិសុខសាធារណៈបានឱ្យដឹងថា មន្ត្រីប៉ូលិស ៤ នាក់ ត្រូវបានបាញ់សម្លាប់ពេលកំពុងបំពេញតួនាទី។ យោងតាមការរាយការណ៍បន្ថែមពីទីតាំងកើតហេតុ មន្ត្រីផ្សេងទៀតក្នុងតំបន់ និងជនស៊ីវិលមួយចំនួន ក៏ត្រូវបានរងគ្រោះពីការវាយប្រហារនេះផងដែរ ប្រភពដដែលបានបន្ថែមថាក្រុមមន្ត្រីស៊ើបអង្កេតកំពុងស្វែងរកជនសង្ស័យបន្ថែមទៀត ខណៈដែលប៉ូលិសមិនអាចទាក់ទងសុំការបំភ្លឺបាននៅឡើយ។
កាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមមួយចំនួន បានលុបចោលការរាយការណ៍របស់ពួកគេពីឧប្បត្តិហេតុនេះ ប៉ុន្តែក៏បានបោះពុម្ពផ្សាយឡើងវិញបន្ទាប់ពីប៉ុន្មានម៉ោងក្រោយ។ ជាការកត់សម្គាល់ ករណីហិង្សាបាញ់ប្រហារបែបនេះ គឺជារឿងដែលកម្រកើតមានបំផុតនៅក្នុងប្រទេសវៀតណាម ហើយវាក៏ខុសច្បាប់ផងដែរសម្រាប់ពលរដ្ឋណាម្នាក់ដែលមានអាវុធប្រើប្រាស់ ចំណែកទីផ្សារងងឹតសម្រាប់កាំភ្លើងក៏មានកម្រិតផងដែរ។

យ៉ាងណាមិញ មនុស្ស៤នាក់ត្រូវបានបាញ់សម្លាប់នៅសង្វៀនជល់មាន់ខុសច្បាប់ នៅជាយក្រុងហូជីមិញក្នុងខែមករាឆ្នាំ ២០២០។ នៅក្នុងការបាញ់ប្រហារដ៏កម្រមួយផ្សេងទៀតក្នុងឆ្នាំ២០១៦ មន្ត្រីជាន់ខ្ពស់ពីរនាក់នៅខេត្ត Yen Bai ភាគខាងជើង ត្រូវបានសម្លាប់ដោយសហសេវិកនៅការិយាល័យរបស់ពួកគេ មុនពេលខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯង។
គួរដឹងផងដែរថា តំបន់ខ្ពង់រាបកណ្តាលនៅប្រទេសវៀតណាម នេះគឺជាកន្លែងរស់នៅរបស់ជនជាតិភាគតិចជាច្រើននិងត្រូវបានចាត់ទុកថាជាតំបន់ដ៏រសើបសម្រាប់រដ្ឋាភិបាលផ្តាច់ការរបស់វៀតណាម ដោយសារតែពលរដ្ឋនៅតំបន់នេះមិនសប្បាយចិត្តជាយូរណាស់មកហើយ ជុំវិញបញ្ហាជាច្រើន ក្នុងនោះរួមមានបញ្ហាពាក់ព័ន្ធនឹងសិទ្ធិដីធ្លីជាដើម។ គេសង្កេតឃើញថា ក្រុមកុលសម្ព័ន្ធជនជាតិភាគតិចមួយចំនួននៅក្នុងតំបន់នេះ ត្រូវបានគេស្គាល់ថាជាក្រុមម៉ុងតាញ៉ា (Montagnards) ស្ថិតនៅវៀតណាមខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលសង្រ្គាមវៀតណាម។
តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមមួយចំនួនបានលើកឡើងថា សមត្ថកិច្ចវៀតណាមបានកំណត់មុខសញ្ញាក្រុមទាំងនោះថាមានពាក់ព័ន្ធជាមួយ ពួកឧទ្ទាម FULRO ហើយពួកគេបានកំពុងរត់គេចខ្លួន។ គោលបំណងរបស់ពួកគេគឺធ្វើសកម្មភាពនៅតំបន់ផ្សេងៗដើម្បីបង្កើតតំបន់ផ្តាច់ខ្លួន ឬ(រដ្ឋម៉ុងតាញ៉ា)។ ក្រុមម៉ុងតាញ៉ា ដើមឡើយជាក្រុម FULRO ក្នុងអំឡុងសង្គ្រាមវៀតណាម ជនជាតិម៉ុងតាញ៉ាបានចូលប្រយុទ្ធជាមួយកងកម្លាំងពិសេសរបស់កងទ័ពសហរដ្ឋអាមេរិកនៅតំបន់ខ្ពង់រាបកណ្ដាល ដើម្បីប្រឆាំងវៀតណាមកុម្មុយនីស្ត ហើយក៏បង្កើតបានចលនាប្រឆាំងនេះមកដល់សព្វថ្ងៃ។ មនុស្សរាប់រយនាក់បានឆ្លងព្រំដែនចូលមកប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយលើកឡើងពីការគាបសង្កត់ពីរដ្ឋាភិបាលវៀតណាម ការធ្វើទុក្ខបុកម្នេញសាសនាលើជនជាតិភាគតិច និងការដកហូតដីរបស់ពួកគេ អ្នកខ្លះបានធ្វើការប្រឆាំង និងកំពុងអំពាវនាវឱ្យមានស្វ័យភាព ខណៈដែលក្រុមខ្លះទៀតរស់នៅបរទេសបានតស៊ូមតិទាមទារឯករាជ្យសម្រាប់តំបន់ក្រុមជនជាតិភាគតិចទាំងនោះ ។
ជាមួយគ្នានោះផងដែរ សម្ដេចតេជោ សូមឲ្យមានប្រុងប្រយ័ត្នខ្ពស់ ចំពោះសន្តិសុខជាតិ ខណៈវៀតណាម កំពុងផ្ទុះហិង្សាក្បែរកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំ និងបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ត្រូវប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសន្តិសុខជាតិ ខណៈមានហិង្សាកើតឡើង នៅក្នុងប្រទេសវៀតណាម ដែលស្ថិតក្នុងតំបន់ជាប់ព្រំដែនកម្ពុជា ភាគឦសាន្ត ។ ក្នុងនោះសម្តេចតេជោ ក៏បានសម្តែងការព្រួយបារម្ភ ចំពោះហេតុការណ៍ណាមួយ ដូចជាការរត់ចូលទឹកដីកម្ពុជា ជាដើមអាចបង្កបញ្ហាដល់កម្ពុជា ដែលទាមទារឲ្យកងកម្លាំងរបស់កម្ពុជា ប្រុងប្រៀបនិងប្រុងប្រយ័ត្នខ្ពស់ ។ សម្តេចតេជោមានប្រសាសន៍បន្តថា “យើងអត់មានប្រហែសបានទេ រឿងសន្តិសុខជាតិ ប្រហែសមិនបានទេ” ។
សម្តេចមានប្រសាសន៍ទៀតថា “ទៅសហការជាមួយវៀតណាម ដើម្បីត្រួតត្រាសភាពការណ៍ នៅតាមព្រំដែនជាមួយគ្នា ព្រោះពួកប្រឆាំងនៅខាងវៀតណាម ធ្វើសកម្មភាព អាក្រក់អាក្រី រហូតដល់ស្លាប់មនុស្សយ៉ាងច្រើន” ។
ដោយឡែកកន្លងទៅថ្មីៗ លោក ហេង វណ្ណដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយទាំងជាតិ-អន្តរជាតិ បានលើកឡើងថា វៀតណាម ត្រូវដឹងថា ខ្លួនឯងជារដ្ឋកុម្មុយនីស្ត ដែលកំពុងមានបញ្ហាជាមួយកុលសម្ព័ន្ធរស់នៅភាគកណ្ដាលប្រទេស ឬហៅថាក្រុមម៉ុងតាញ៉ា។ ពលរដ្ឋវៀតណាមត្រូវដឹងច្បាស់ថា សហរដ្ឋអាមេរិក គឺជាម្ចាស់បដិវត្តន៍ពណ៌ និងជាអ្នករត់ចោលវៀតណាមសេរី កាលពីឆ្នាំ១៩៧៥ ពិសេស ថ្មីៗនេះ រត់ចោលអាហ្វហ្គានីស្ថាន យ៉ាងក្តុកក្តួល៕
អ្នកនិពន្ធ៖SK