ការបាញ់ប្រហារបណ្ដាលឱ្យស្លាប់ និងរបួសច្រើននាក់ក្នុងប្រទេសវៀតណាមពាក់ព័ន្ធ​ក្រុម​កុលសម្ព័ន្ធម៉ុងតាញ៉ា ​ដែលធ្លាប់ទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក

បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា មនុស្សជាច្រើននាក់បានស្លាប់ និងរងរបួសនៅក្នុងការបាញ់ប្រហារមួយនៅទីស្នាក់ការប៉ូលិសចំនួនពីរកន្លែង នៅតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម នៅថ្ងៃអាទិត្យ ទី១១ មិថុនា ឆ្នាំ២០២៣ ប៉ុន្មានម៉ោងក្រោយមក ទើបគេហទំព័ររបស់ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងថា មនុស្ស៦នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបាញ់ប្រហារនៅ ខេត្ត Dak Lak។

ការវាយប្រហារទៅលើទីស្នាក់ការប៉ូលិសឃុំចំនួនពីរ គឺឃុំ អេទឺ (Ea Tieu) និង អេ កាទើ (Ea Ktur) នៃស្រុក គូ កូអ៊ីន (Cu Kuin) បានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃអាទិត្យ ភ្លាមៗនោះមន្ត្រីអាជ្ញាធរបញ្ជាក់ថា មនុស្សជាច្រើននាក់រួមទាំងប៉ូលិស មន្ត្រីមូលដ្ឋាន និងជនស៊ីវិល ត្រូវបានសម្លាប់ និងរងរបួស ប៉ុន្តែ​មិនបានផ្តល់ចំនួនពិតប្រាកដនោះទេ ហើយមូលហេតុដោយសារអ្វីនោះក៏មិនទាន់ច្បាស់លាស់ដែរ។

ក្រោយមានការបាញ់ប្រហារភ្លាមៗនៅទីស្នាក់ការប៉ូលិសចំនួនពីរនៅតំបន់ Central Highlands ប្រទេសវៀតណាម គេហទំព័ររបស់ក្រសួងសន្តិសុខសាធារណៈបានឱ្យដឹងថា មនុស្សចំនួន៦នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបាញ់ប្រហារនោះដោយបន្ថែមថា ក្រុមស៊ើបអង្កេតកំពុងស្វែងរកជនសង្ស័យបន្ថែមទៀត។ យោងតាមគេហទំព័រដដែល បានឱ្យដឹងថា តំបន់ Central Highlands ដែលជាជម្រករស់នៅរបស់ជនជាតិភាគតិចមួយចំនួន ត្រូវបានចាត់ទុកថាជាតំបន់រសើបសម្រាប់រដ្ឋាភិបាលផ្តាច់ការរបស់វៀតណាម។

លុះមកដល់ថ្ងៃអង្គារ ទី១៣ ខែមិថុនាឆ្នាំ ២០២៣ គេហទំព័រ Voice of Vietnam បានឱ្យ​ដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៩នាក់ ក្នុងនោះមន្ត្រីប៉ូលីស៤នាក់ មន្ត្រីមូលដ្ឋាន ២នាក់ និងជនស៊ីវិល ៣នាក់ ខណៈដែលមន្ត្រីប៉ូលីស២នាក់ទៀតបានរងរបួសធ្ងន់​​ ហើយមនុស្ស ៣៩ នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ ពាក់​ព័ន្ធនឹង​ការបាញ់​ប្រហារ​នៅទីស្នាក់ការ​ប៉ូលិស​២ កន្លែង ​ស្ថិត​នៅ​តំបន់​ភូមិភាគ​កណ្ដាល​ប្រទេស​វៀតណាម​ កាល​ពី​ថ្ងៃទី​១១ ខែមិថុនា​ឆ្នាំ២០២៣។​

យោងតាម​គេហទំព័រផ្លូវការ​របស់ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម សេចក្តី​រាយការណ៍​ខាងលើ​បានបន្ថែមថា​ មនុស្ស ២​ នាក់​ ដែល​ត្រូវបាន​ចាប់​ជា​ចំណាប់​ខ្មាំង​ដោយ​ខ្មាន់កាំភ្លើង​ត្រូវ​បាន​ដោះលែង​ ខណៈដែល​ចំណាប់​ខ្មាំង​ម្នាក់​ទៀតដែល​ត្រូវ​បានខ្មាន់​កាំភ្លើង​ចាប់​ឃុំឃាំង​ បាន​រំដោះខ្លួន​បាន​ដោយ​ខ្លួនឯង។​​ក្រសួង​សន្តិសុខ​សាធារណៈ​បាន​ឱ្យដឹងថា ​មន្ត្រី​ប៉ូលិស​ ៤​ នាក់ ​ ត្រូវ​បាន​បាញ់​សម្លាប់​ពេលកំពុង​បំពេញ​តួនាទី​។ ​យោងតាម​ការ​រាយការណ៍​បន្ថែម​ពី​ទី​តាំងកើត​ហេតុ​ ​មន្ត្រី​ផ្សេង​ទៀត​ក្នុង​តំបន់ និង​ជន​ស៊ីវិល​មួយ​ចំនួន ​ក៏​ត្រូវ​បាន​រងគ្រោះ​ពី​ការ​វាយប្រហារ​នេះ​ផង​ដែរ ប្រភព​ដដែល​បាន​បន្ថែមថា​ក្រុម​មន្ត្រី​ស៊ើបអង្កេត​កំពុង​ស្វែង​រក​ជន​សង្ស័យ​បន្ថែម​ទៀត​ ខណៈ​ដែល​ប៉ូលិស​មិន​អាច​ទា​ក់​ទង​សុំ​ការ​បំភ្លឺ​បាន​នៅឡើយ។ ​

កាល​ពីថ្ងៃ​អាទិត្យ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម​មួយចំនួន​ បាន​លុប​ចោល​ការ​រាយការណ៍​របស់ពួកគេ​ពី​ឧប្បត្តិហេតុ​នេះ​ ប៉ុន្តែ​ក៏​បាន​បោះពុម្ពផ្សាយ​ឡើងវិញ​បន្ទាប់​ពីប៉ុន្មាន​ម៉ោងក្រោយ។ ​ជា​ការ​កត់​សម្គាល់​ ករណី​ហិង្សា​បាញ់​ប្រ​ហារ​បែប​នេះ​ គឺ​ជា​រឿង​ដែល​កម្រ​កើត​មាន​បំផុត​នៅក្នុង​ប្រទេស​វៀតណាម​ ហើយវា​ក៏​ខុស​ច្បាប់​ផងដែរ​សម្រាប់​ពល​រដ្ឋណាម្នា​ក់​ដែល​មាន​អាវុធ​ប្រើប្រាស់ ចំណែកទីផ្សារងងឹតសម្រាប់កាំភ្លើងក៏មានកម្រិតផងដែរ។

យ៉ាងណាមិញ មនុស្ស៤នាក់ត្រូវបានបាញ់សម្លាប់នៅសង្វៀនជល់មាន់ខុសច្បាប់ នៅជាយក្រុងហូជីមិញក្នុងខែមករាឆ្នាំ ២០២០។ នៅក្នុងការបាញ់ប្រហារដ៏កម្រមួយផ្សេងទៀតក្នុងឆ្នាំ២០១៦ មន្ត្រីជាន់ខ្ពស់ពីរនាក់នៅខេត្ត Yen Bai ភាគខាងជើង ត្រូវបានសម្លាប់ដោយសហសេវិកនៅការិយាល័យរបស់ពួកគេ មុនពេលខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯង។

គួរដឹង​ផងដែរថា​ តំបន់ខ្ពង់​រាប​កណ្តាល​នៅ​ប្រទេស​វៀតណាម នេះ​គឺជា​កន្លែង​រស់​នៅរ​បស់​ជនជាតិ​ភាគ​តិច​ជា​ច្រើន​និង​ត្រូវ​បាន​ចាត់ទុកថា​ជា​តំបន់​ដ៏​រសើប​សម្រាប់​រដ្ឋាភិបាល​ផ្តាច់ការ​របស់វៀតណាម ​ដោ​យ​សារ​តែ​ពលរដ្ឋ​នៅតំបន់នេះ​មិន​សប្បាយ​ចិត្តជា​យូរ​ណាស់​មកហើយ ​ជុំវិញ​បញ្ហាជា​ច្រើន​ ក្នុងនោះ​រួម​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ដីធ្លី​ជាដើម​។​ គេសង្កេតឃើញថា ​ក្រុម​កុលសម្ព័ន្ធជនជាតិភាគតិចមួយចំនួននៅក្នុងតំបន់នេះ ត្រូវបានគេស្គាល់ថាជាក្រុមម៉ុងតាញ៉ា (Montagnards) ស្ថិតនៅវៀតណាមខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលសង្រ្គាមវៀតណាម។

តាមប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​វៀតណាម​មួយចំនួន​បានលើកឡើងថា សមត្ថកិច្ចវៀតណាមបានកំណត់មុខសញ្ញាក្រុមទាំងនោះថាមានពាក់ព័ន្ធជាមួយ ពួកឧទ្ទាម FULRO ហើយពួកគេបានកំពុងរត់គេចខ្លួន។ គោលបំណងរបស់ពួកគេគឺធ្វើសកម្មភាពនៅតំបន់ផ្សេងៗដើម្បីបង្កើតតំបន់ផ្តាច់ខ្លួន ឬ(រដ្ឋម៉ុងតាញ៉ា)។ ក្រុមម៉ុងតាញ៉ា ដើមឡើយជាក្រុម FULRO ក្នុងអំឡុងសង្គ្រាមវៀតណាម ជនជាតិម៉ុងតាញ៉ាបានចូលប្រយុទ្ធជាមួយកងកម្លាំងពិសេសរបស់កងទ័ពសហរដ្ឋអាមេរិកនៅតំបន់ខ្ពង់រាបកណ្ដាល ដើម្បីប្រឆាំងវៀតណាមកុម្មុយនីស្ត ហើយក៏បង្កើតបានចលនាប្រឆាំងនេះមកដល់សព្វថ្ងៃ។ មនុស្សរាប់រយនាក់បានឆ្លងព្រំដែនចូលមកប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ដោយលើកឡើងពីការគាបសង្កត់ពីរដ្ឋាភិបាលវៀតណាម ការធ្វើទុក្ខបុកម្នេញសាសនាលើជនជាតិភាគតិច និងការដកហូតដីរបស់ពួកគេ អ្នកខ្លះបានធ្វើការប្រឆាំង និងកំពុងអំពាវនាវឱ្យមានស្វ័យភាព ខណៈដែលក្រុមខ្លះទៀតរស់នៅបរទេសបានតស៊ូមតិទាមទារឯករាជ្យសម្រាប់តំបន់ក្រុមជនជាតិភាគតិចទាំងនោះ​ ។

ជាមួយគ្នានោះផងដែរ សម្ដេចតេជោ សូមឲ្យមានប្រុងប្រយ័ត្នខ្ពស់ ចំពោះសន្តិសុខជាតិ ខណៈវៀតណាម កំពុងផ្ទុះហិង្សាក្បែរកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការណែនាំ និងបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ត្រូវប្រុងប្រយ័ត្នខ្ពស់លើបញ្ហាសន្តិសុខជាតិ ខណៈមានហិង្សាកើតឡើង នៅក្នុងប្រទេសវៀតណាម ដែលស្ថិតក្នុងតំបន់ជាប់ព្រំដែនកម្ពុជា ភាគឦសាន្ត ។ ក្នុងនោះសម្តេចតេជោ ក៏បានសម្តែងការព្រួយបារម្ភ ចំពោះហេតុការណ៍ណាមួយ ដូចជាការរត់ចូលទឹកដីកម្ពុជា ជាដើមអាចបង្កបញ្ហាដល់កម្ពុជា ដែលទាមទារឲ្យកងកម្លាំងរបស់កម្ពុជា ប្រុងប្រៀបនិងប្រុងប្រយ័ត្នខ្ពស់ ។ សម្តេចតេជោមានប្រសាសន៍បន្តថា “យើងអត់មានប្រហែសបានទេ រឿងសន្តិសុខជាតិ ប្រហែសមិនបានទេ” ។

សម្តេចមានប្រសាសន៍ទៀតថា “ទៅសហការជាមួយវៀតណាម ដើម្បីត្រួតត្រាសភាពការណ៍ នៅតាមព្រំដែនជាមួយគ្នា ព្រោះពួកប្រឆាំងនៅខាងវៀតណាម ធ្វើសកម្មភាព អាក្រក់អាក្រី រហូតដល់ស្លាប់មនុស្សយ៉ាងច្រើន” ។

ដោយឡែកកន្លងទៅថ្មីៗ លោក ហេង វណ្ណដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា ក្នុងនាមជាអ្នកតាមដានភូមិសាស្រ្តនយោបាយទាំងជាតិ-អន្តរជាតិ បានលើកឡើងថា វៀតណាម ត្រូវដឹងថា ខ្លួនឯងជារដ្ឋកុម្មុយនីស្ត ដែលកំពុងមានបញ្ហាជាមួយកុលសម្ព័ន្ធរស់នៅភាគកណ្ដាលប្រទេស ឬហៅថាក្រុមម៉ុងតាញ៉ា។ ពលរដ្ឋវៀតណាមត្រូវដឹងច្បាស់ថា សហរដ្ឋអាមេរិក គឺជាម្ចាស់បដិវត្តន៍ពណ៌ និងជាអ្នករត់ចោលវៀតណាមសេរី កាលពីឆ្នាំ១៩៧៥ ពិសេស ថ្មីៗនេះ រត់ចោលអាហ្វហ្គានីស្ថាន យ៉ាងក្តុកក្តួល៕

អ្នកនិពន្ធ៖SK

Leave a Reply

Your email address will not be published. Required fields are marked *

fourteen + ten =

This site uses Akismet to reduce spam. Learn how your comment data is processed.