ទាហាន​អ៊ីស្រាអែល​បាញ់​សម្លាប់​បុរស​ប៉ាឡេស្ទីន​នៅ​ហ្គាហ្សា បើទោះជាពួកគេសុំចុះចាញ់ក៏ដោយ

ទាហាន​អ៊ីស្រាអែល​បាន​បាញ់​សម្លាប់​បុរស​ប៉ាឡេស្ទីន​ពីរ​នាក់​ដែល​គ្មាន​អាវុធនៅក្នុងដៃ ​នៅ​តំបន់​ហ្កាហ្សា ហើយសាកសព​ពួកគេ ត្រូវ​កប់​ក្នុង​ខ្សាច់​និង​សំរាម​ដោយ​រថយន្ត​ឈូស​ឆាយ​របស់​កងទ័ពថែមទៀត។​ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី ២៨ ខែមីនាឆ្នាំ ២០២៤។ ជាមួយគ្នានោះក្រុមអ្នកតស៊ូមតិបានថ្កោលទោសថាវាជា “ឧក្រិដ្ឋកម្មសង្គ្រាមដ៏សាហាវព្រៃផ្សៃ” មកលើជនជាតិប៉ាលីស្ទីនស្លូតត្រង់ ។
ជាការពិតណាស់ នៅក្នុងវីដេអូដែលបានបង្ហាញដោយសារព័ត៌មាន Al Jazeera ​គេឃើញថាបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់បានគ្រវីអ្វីដែលមើលទៅដូចជាក្រណាត់ស ជាសញ្ញានៃការចុះចាញ់ និងបង្ហាញថាពួកគេគ្មានអាវុធនៅក្នុងដៃនោះទេ ប៉ុន្តែក្រុមទាហានរបស់អ៊ីស្រាអែលនៅតែបាញ់សំដៅទៅរកពួកគេដដែល។
ហេតុការណ៍នេះបានកើតឡើងនៅជិតរង្វង់មូល Nabulsi នៅភាគនិរតីនៃទីក្រុង Gaza ដោយពួកគេកំពុងតែព្យាយាមត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ហើយកំពុងពេលធ្វើដំណើរនោះពួកគេក៏បានជួបជាមួយនឹងក្រុមទាហានអ៊ីស្រាអែល ដែលកំពុងតែបើក​រថពាសដែកកាត់នោះ ហើយ​រថពាសដែកនោះ ក៏បានបាញ់សំដៅទៅពួកគេទោះបីជាពួកគេបានលើកដៃធ្វើជាសញ្ញាសុំចុះចាញ់ក៏ដោយ។
តាមរយៈ​វីដេអូ​បង្ហាញ​ថាបុរស​ម្នាក់​ចូល​ទៅ​ជិត​កង​ទ័ព ដោយបានលើក​ដៃ ខណៈនោះ ម្នាក់ទៀតបែរមុខទៅក្រោយ ប៉ុន្តែហាក់បីដូចជាលើកក្រណាត់ស ជាមួយគ្នានោះគេ​ឃើញ​​រថពាសដែកទាហានអ៊ីស្រាអែល​​បើក​ការ​បាញ់​ប្រហារ​លើ​គាត់ ។ តាមវីដេអូបាន​បង្ហាញ​ថាទៀត គ្រឿងចក្រ​ឈូស​ឆាយ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​កប់​សាកសព​របស់ពួកគេ ។
គេសង្កេតឃើញថា វីដេអូដែលបានបង្ហាញដោយសារព័ត៌មាន Al Jazeera បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចទាមទារបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា ហើយចំពេលមានការអំពាវនាវកាន់តែខ្លាំងឡើងអោយអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារដែលមានរយៈពេលជិតប្រាំមួយខែរបស់ខ្លួនលើតំបន់ដែលខ្លួនបានឡោមព័ទ្ធ និងបានសម្លាប់ប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ ។
ស្របពេលជាមួយគ្នានោះ ក្រុមហាម៉ាស់បានថ្កោលទោសការសម្លាប់នេះ ដោយនិយាយថា វាគឺជា “ភស្តុតាងបន្ថែមទៀត និងជាឧក្រិដ្ឋកម្មសង្រ្គាមសម្លាប់រង្គាលដ៏ឃោរឃៅប្រឆាំងនឹងប្រជាជនរបស់យើងនៅតំបន់ហ្គាហ្សាស្ទ្រីប”។
ដោយឡែក អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិយាយថា អ៊ីស្រាអែលបានប្រព្រឹត្ត “អំពើប្រល័យពូជសាសន៍” នៅក្នុងតំបន់ហ្គាហ្សាពិតមែន។
លោកស្រី Francesca Albanese អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងតំបន់កាន់កាប់ប៉ាឡេស្ទីន បានបង្ហាញរបាយការណ៍របស់នាងទៅកាន់ប្រទេសសមាជិកអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ។ ប៉ុន្តែអ៊ីស្រាអែលបានច្រានចោលការលើកឡើងរបស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៤។
លោកស្រី Albanese បានសន្និដ្ឋានថា “មានហេតុផល សមហេតុសមផលក្នុងការជឿថា អ៊ីស្រាអែលបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីននៅ Gaza ” ។
ការប្រល័យពូជសាសន៍គឺជាពាក្យច្បាប់ជាក់លាក់មួយ ហើយរបាយការណ៍របស់លោកស្រី Albanese បង្ហាញថា លក្ខណៈវិនិច្ឆ័យផ្លូវច្បាប់មួយចំនួនត្រូវបានបំពេញ។ លោកស្រីបានលើកឡើងនូវអ្វីដែលលោកស្រី​និយាយហាក់ដូចជាចេតនារបស់អ៊ីស្រាអែលក្នុងការបំផ្លាញប៉ាឡេស្ទីនជាក្រុម “ទាំងស្រុង ឬមួយផ្នែក” ដែលនេះជាអំពើប្រល័យពូជសាសន៍។
ចំណែកលោក Basel Alsourani នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សប៉ាឡេស្ទីន បានស្វាគមន៍ចំពោះរបាយការណ៍នេះ។ លោក​បាន​ស្នើ​ថា ច្បាប់​អន្តរជាតិ​ត្រូវ​បាន​ភាគី​ទាំង​អស់​រំលោភ​បំពាន​ក្នុង​ជម្លោះ​នេះ ប៉ុន្តែ​បាន​លើក​ឡើង​ថា អំពើ​ប្រល័យ​ពូជសាសន៍​គឺ​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ ដែល​សហគមន៍​អន្តរជាតិ​មិន​អាច​ព្រងើយកន្តើយ​បាន​ឡើយ។
ភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិបានព្រមានថា គ្មានកន្លែងណានៅក្នុងតំបន់ហ្គាហ្សាមានសុវត្ថិភាពនោះទេ។ អ៊ីស្រាអែលកំពុងដាក់កម្រិតលើការផ្គត់ផ្គង់ជំនួយសំខាន់ៗ។
បើតាមក្រុមអ្នកជំនាញ បានអំពាវនាវឱ្យរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា បំពេញ “ការទទួលខុសត្រូវផ្នែកច្បាប់ និងប្រវត្តិសាស្ត្រ” របស់ពួកគេ ហើយចាត់វិធានការ ដើម្បីបញ្ឈប់ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍របស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។ អំពី “ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍” របស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ដោយរបាយការណ៍មួយ ដែលមានចំណងជើងថា “កាយវិភាគសាស្ត្រនៃអំពើប្រល័យពូជសាសន៍” បង្ហាញជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអង្គារ ដោយ Francesca និងអាល់បានី អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សក្នុងទឹកដីប៉ាឡេស្ទីនកាន់កាប់។
គេបានឲ្យដឹងថា “ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍របស់អ៊ីស្រាអែលប្រឆាំងនឹងប៉ាឡេស្ទីនឥឡូវនេះត្រូវបានបញ្ជាក់ និងអះអាងដោយអ្នករាយការណ៍ពិសេសនៅ UNHRC”។ ឥឡូវនេះរដ្ឋាភិបាល និងសភានយោបាយ និងច្បាប់អន្តរជាតិ មិនត្រឹមតែស្ថិតនៅក្រោមការវិនិច្ឆ័យរបស់មតិសាធារណៈពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ដល់​ការ​វិនិច្ឆ័យ​ប្រវត្តិសាស្ត្រ​ផង​ដែរ”។
ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិប៉ាឡេស្ទីនសរុបចំនួន ៣២,៥៥២នាក់ត្រូវបានសម្លាប់ និងជាង ៧៤,៩៨០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកប្រឆាំងនឹងក្រុមហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣មក។
ដោយឡែក កាលពីថ្ងៃទី ៣១ ខែមីនា ២០២៤ មនុស្សរាប់ម៉ឺននាក់ ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល Netanyahu ក្នុងទីក្រុង Jerusalem នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤។
ជាការពិណាស់ មនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅទីក្រុងហ្សេរុយសាឡឹមកាលពីថ្ងៃអាទិត្យដើម្បីប្រឆាំង នឹងរដ្ឋាភិបាលរបស់លោក Benjamin Netanyahu និងប្រឆាំងទាហ៊ានជនជាតិជ្វីហ្វជ្រុលនិយម ដែលសម្លាប់មិនរើសមុខទៅលើជនជាតិប៉ាឡេស្ទីនស្លូត្រង់។
មែនទែនទៅ ក្រុមបាតុករ បានរៀបចំការប្រមូលផ្តុំនៅខាងក្រៅសភា Knesset ដោយអំពាវនាវឱ្យមានការបោះឆ្នោតសារជាថ្មី។ ក្រុមអ្នកតវ៉ា បានសំណូមពរឲ្យរដ្ឋាភិបាលប្រើប្រាស់កងទ័ពឱ្យបានត្រឹមត្រូវ ព្រោះថា ទាហានប្រហែល ៦០០ នាក់ត្រូវបានសម្លាប់ ចាប់តាំងពីការវាយប្រហារដាក់គ្នារវាងទាហានអ៊ីស្រាអែល និងក្រុមហាម៉ាកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ រហូតមកទល់នឹងបច្ចុប្បន្ន ដែលនេះជាចំនួនអ្នកស្លាប់ ខ្ពស់បំផុតសម្រាប់អ៊ីស្រាអែល​ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
ក្រុមបាតុករ​បានគ្រវី​ទង់ជាតិ​អ៊ីស្រាអែល​ ហើយ​ស្រែកថា «​បោះឆ្នោត​ឥឡូវនេះៗ​»​។ សារព័ត៌មាន N12 របស់អ៊ីស្រាអែលបាននិយាយថា វាហាក់ដូចជាបាតុកម្មដ៏ធំបំផុតចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។ គេហទំព័រព័ត៌មាន Haaretz និង Ynet បាននិយាយថា នេះជាបាតុកម្មដែលមានក្រុមអ្នកចូលរួមរាប់ម៉ឺននាក់។
នៅទីក្រុង Tel Aviv ក្រុមគ្រួសារចំណាប់ខ្មាំងមួយចំនួន និងក្រុមអ្នកគាំទ្របាតុកម្ម បានបិទផ្លូវធំមួយ ដោយតវ៉ាប្រឆាំង និងចំណាត់ការរបស់លោក Netanyahu ដែលបរាជ័យនៅក្នុងការជួយសង្គ្រោះយកសាច់ញាតិ និងក្រុមគ្រួសាររបស់ពួកគេដែលត្រូវបានក្រុមហាម៉ាសចាប់យកទៅធ្វើជាចំណាប់ខ្មាំង។
ចំណែក ខុទ្ទកាល័យរបស់លោក Netanyahu បានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងជុំវិញការបរាជ័យផ្នែកសន្តិសុខនៃការវាយប្រហាររបស់ក្រុមហាម៉ាសលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលមនុស្សចំនួន ១២០០ នាក់ត្រូវបានសម្លាប់ និងជាង ២៥០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងទៅកាន់តំបន់ហ្គាហ្សា។
នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សេរុយសាឡឹម លោក Netanyahu បាននិយាយថា លោកមានទំនុកចិត្តថាដំណោះស្រាយនេះ ។ លោក​ក៏​បាន​និយាយ​ដែរ​ថា ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​មានកម្រិត​ ​ដោយសារតែសង្គ្រាមកំពុងបន្ត​ ​លោក​និយាយ​ថា​អ៊ីស្រាអែល​ជិត​ទទួល​បាន​ជ័យ​ជម្នះលើក្រុមហាម៉ាសទាំងស្រុង​ នឹង​ធ្វើ​ឱ្យ​ប្រទេស​យើងទទួលបានសន្តិភាពពេញលេញ ។
គួរជម្រាបថា បច្ចុប្បន្ននៅតំបន់ហ្គាហ្សា ប្រជាជនប៉ាឡេស្ទីន​ស្លូតត្រង់ រស់នៅជាមួយនឹងភាពអត់ឃ្លាន ខ្វះជម្រក ស្បៀងអាហារ ថ្នាំសង្កូវ និងសុវត្ថិភាពអាយុជីវិតរបស់ពួកគេ ហើយអ្វីដែលធ្វើឲ្យពួកគេកាន់តែពិបាកទៀតនោះ គឺការរឹតបន្តឹងទៅលើតំបន់ដែលក្រុមទាហានអ៊ីស្រាអែលកាន់កាប់ ក្នុងផ្គត់ផ្គង់ជំនួយ ដែលអង្គការសហប្រជាជាតិនិយាយថា កត្តាបែបអាចនាំអោយ​ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្គាហ្សាឈានដល់កម្រិតទុរ្ភិក្សតែម្តង៕

Bun

Leave a Reply

Your email address will not be published. Required fields are marked *

three × 4 =

This site uses Akismet to reduce spam. Learn how your comment data is processed.