តើវាសនារបស់លោក សុន ឆ័យ នឹងបញ្ចប់ដូចមេរបស់លោក ឬយ៉ាងណា?

ការបោះឆ្នោតក្រុមជ្រើសរើសប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ មិនទាន់បានបញ្ចប់ទៅបានប៉ុន្មានផងអនុប្រធានបក្សភ្លើងទាន លោក សុន ឆ័យ កំពុងជាប់បណ្ដឹងចំនួនពីរ ពោលបណ្ដឹងពីគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ពាក្យពេចន៍មិនសមរម្យរបស់លោកក្នុងនាមជាអ្នកនយោបាយ និងជាមនុស្សរបស់មហាជនដែលអាចបណ្ដាលឱ្យមានការប៉ះពាល់ដល់កិត្តយសជាតិទាំងមូល។ ជាក់ស្ដែងលោក សុន ឆ័យ បានលើកឡើងដដែលៗតាមរយៈកិច្ចសម្ភាសន៍ជាមួយ Cambodia Daily កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នេះថា «ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់មិនមានភាពត្រឹមត្រូវ និងមិនយុត្តិធម៌» ព្រមទាំងចោទថា គ.ជ.ប បានលួចសន្លឹកឆ្នោតដែលធ្វើឱ្យប៉ះពាល់ដល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័ននេះ។ ផ្ទុយទៅវិញលោកបានលើកឡើងទៀតថា គណបក្សភ្លើងទានរបស់លោកទទួលយកអាសនៈដែលទទួលបានព្រោះវាបានបង្ហាញពីឆន្ទៈរបស់រាស្រ្ត។ តើការបដិសេដរបស់លោកដោយចោទថាការបោះឆ្នោតមិនត្រឹមត្រូវនេះ គឺជាឆន្ទៈផ្ទាល់ខ្លួនរបស់លោកដោយមិនបានគោរពដល់សិទ្ធិម្ចាស់ឆ្នោតដែលជាប្រជាជននៃកម្ពុជាទេឬ?


លោកសុន ឆ័យ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Cambodia Daily

ជាការឆ្លើយតបនឹងទង្វើមិនសមរម្យរបស់លោកសុន ឆ័យ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ពាក្យ​ប្ដឹង​ កាល​ពី​ថ្ងៃទី​១៤ ខែមិថុនា តាមរយៈលោក​មេធាវី គី តិច តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្តឹង លោក សុន ឆ័យ ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ទាមទារ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​ច្បាប់និង​ទាមទារ​ឱ្យ​លោក សុន ឆ័យ បង់ប្រាក់​សំណង​ជំងឺ​ចិត្ត​ចំនួន ១ ​លាន​ដុល្លា ឬ​ស្មើ ៤​ពាន់​លាន​រៀល​។ ស្របពេលជាមួយគ្នានេះដែរ កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា គ.ជ.ប បានដាក់ពាក្យបណ្ដឹងមួយដាច់ដោយឡែកដោយអះអាងថា  ការលើកឡើងរបស់លោកសុន ឆ័យបានប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ស្ថាប័ន គ.ជ.ប ពាក់ព័ន្ធទៅនឹង ការបំពេញភារកិច្ច​ការងារ ដោយ​ឯករាជ្យ និង​អព្យាក្រឹត ដើម្បី​ធានា​ឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​គោលការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស។

ស្របពេលដែលកំពុងមានពាក្យបណ្ដឹងពីរជាប់ខ្លួនបែបនេះលោកសុន ឆ័យបានអះអាងតាមវិទ្យុអាស៊ីសេរីថាកាលពីថ្ងៃទី២២ ខែមិថុនាថាលោកមិនគេចវេសនៅក្រៅប្រទេសនោះឡើយ ដោយលោកបានលើកឡើងថា «ខ្ញុំ​សូម​ជំរាប ខ្ញុំ​បាន​សម្រេច និង​ទិញ​សំបុត្រ​យន្តហោះ​រួចហើយ ខ្ញុំ​នឹង​ត្រលប់​ទៅ​កម្ពុជា​វិញ នៅសល់​៩​ថ្ងៃ​ទៀត គឺ​នៅ​ថ្ងៃទី​១ ខែ​កក្កដា»។

គួររំលឹកដែរថា រឿងប្រហាក់ប្រហែលគ្នានេះបានកើតមានឡើងរួចមកហើយជាក់ស្ដែង គឺលោក សម រង្សី ដែលជាអតីតប្រធានគណៈបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយចោលដោយតុលាការកំពូល និងអតីតមេរបស់លោកសុន ឆ័យនេះផ្ទាល់តែម្ដង។ កំឡុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ លោកសម រង្សីដែលតែងតែប្រកាសក្ដែងៗថាខ្លួននឹងត្រលប់មកប្រទេសកម្ពុជាដោយមិនខ្លាចរអានឹងការដាក់ទោសនោះឡើយ។ ជាលទ្ធផលវាបានត្រឹមតែជាការខកចិត្តសម្រាប់អ្នកគាំទ្ររបស់លោកម្ដងហើយម្ដងទៀត ដោយការសន្យារបស់លោកបានបញ្ចប់ត្រឹមតែជាសន្យាខ្យល់តែប៉ុណ្ណោះ។ តើអាចទេដែលមេ និងកូនចៅប្រើប្រាស់ឥរិយាបថតែមួយ?

លោក សុន ឆ័យ និងលោក សម រង្សី

តើលោកសុន ឆ័យ នឹងវិលត្រលប់មកក្នុងស្រុកវិញដោយហ៊ានប្រឈមមុខចំពោះមុខច្បាប់ឬយ៉ាងណា?

យើងមិនមានលទ្ធភាពអាចព្យាករណ៍ដឹងមុននោះឡើយចំពោះរឿងរ៉ាវនៅក្នុងឆាកនយោបាយប៉ុន្តែយើងអាចទាញចេញជាសេណារីយ៉ូចំនួនពីរដូចខាងក្រោមនេះ។

សេណារីយ៉ូទី ១​ លោកសុន ឆ័យធ្វើសេចក្ដីថ្លែងការណ៍ក្លែងក្លាយ
វាមិនមែនជារឿងដែលថ្មីនោះទេសម្រាប់អ្នកនយោបាយក្រុមនេះដែលបានត្រឹមតែនិយាយ ដោយគ្មានសកម្មភាព។ ការលើកឡើងបែបនេះ គឺដើម្បីឱ្យអ្នកគាំទ្ររបស់ខ្លួនស្ងប់ចិត្តមួយពេល រួចនឹងរកឧបាយកលផ្សេងទៀតដែលជាលេសដោះសារគេចវេះចំពោះបញ្ហាមួយនេះដូចទៅនឹងអតីតមេរបស់ខ្លួន។

សរណារីយ៉ូទី ២ លោកនឹងត្រលប់មកវិញដោយមានលក្ខ័ណ្ឌច្បាស់លាស់ណាមួយ
ដូចដែលបានលើកឡើងខាងលើ យើងមិនអាចដឹងនោះទេថានឹងមានអ្វីកើតឡើង ខ្លួនលោកផ្ទាល់អាចនឹងដឹងកំហុសរបស់ខ្លួនរួចសុំចរចាដោយមានការសន្យាណាមួយដើម្បីឱ្យម្ចាស់បណ្ដឹង ដកពាក្យបណ្ដឹងវិញក៏ថាបាន។ ដូចសព្វដង គណបក្សប្រជាជនតែងព្យាយាមសម្រុះសម្រួល និងផ្សះផ្សាជាតិ ប៉ុន្តែតែងតែមានជនមួយចំនួនមិនចូលរួម ថែមទាំងបំផ្លាញជាតិឯងទៅវិញ។ ដូច្នេះសេណារីយ៉ូនេះអាចនឹងកើតឡើងប៉ុន្តែមានភាគរយតិចមែនទែន បើប្រៀបធៀបនឹងសេណារីយ៉ូទី១។

ជារួមទៅ យើងសង្ឃឹមថាលោកមានភាពក្លាហាន ហ៊ានប្រឈមមុខនឹងការពិតមិនដូចទៅអតីតមេរបស់ខ្លួននោះឡើយ ដោយហ៊ានទទួលកំហុសរបស់ដើម្បីជាគំរូល្អដល់យុវជនខ្មែរជំនាន់ក្រោយឱ្យហ៊ានទទួលនូវអ្វីដែលជាទង្វើរបស់ខ្លួនទាំងខុស និងត្រូវ។ ខណៈពេលនេះដែរ វាមិនមែនជារឿងសំខាន់នោះឡើយថាលោកនឹងវិលត្រលប់មកវិញឬយ៉ាងណានោះទេ ប៉ុន្តែលោក សុន ឆ័យ ក្នុងនាមជាអ្នកនយោបាយ និងជាមនុស្សរបស់មហាជន រូបលោកគួរណាតែប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមរម្យ និងមានភាពប្រសើរជាងនេះដែលមិនមានការប៉ះពាល់ធ្ងន់ធ្ងរដល់ភាគីណាមួយនោះឡើយ។ ការធ្វើនយោបាយគប្បីធ្វើដោយភាពស្មោះត្រង់ គោរពសិទ្ធិអ្នកដទៃ និងគិតដល់ប្រយោជន៍ជាតិជាធំ មិនមែនយកវាធ្វើជាឈ្នាន់ដើម្បីប្រយោជន៍ខ្លួននោះឡើយ។

អ្នកនិពន្ធ៖ SK

Bun

Leave a Reply

Your email address will not be published. Required fields are marked *

3 + 18 =

This site uses Akismet to reduce spam. Learn how your comment data is processed.