ប្រទេសអាស៊ីអាគ្នេយ៍មានឥទ្ធិពលតិចតួច ក្នុងការសម្រេចពន្ធគយជាមួយអាម៉េរិក

ប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រកួតប្រជែងជាមួយពិភពលោក និងរវាងគ្នាទៅមក ដើម្បីទទួលបានកិច្ចព្រមព្រៀងល្អបំផុតក្នុងរយៈពេលដ៏ខ្លី ដែលស្ទើរតែមិនអាចទៅរួចជាមួយអាម៉េរិក។ បើតាមអ្នកវិភាគ តំបន់នេះ ហាក់មានឥទ្ធិពលតិចតួចណាស់ ក្នុងការចរចាដើម្បីទាក់ចិត្តទីក្រុងវ៉ាស៊ីតោនអោយទម្លាក់ពន្ធមកនៅអត្រាទាបបំផុត។

ថ្ងៃផុតកំណត់នៃការចរចារយៈពេល ៩០ថ្ងៃ ជុំវិញពន្ធនាំចូលរបស់អាម៉េរិកជាមួយដៃគូពាណិជ្ជកម្មនានាកៀកជិតមកដល់។ ការចរចាដើម្បីសម្រេចបានកិច្ចព្រមព្រៀងដោយជោគជ័យ ហាក់មិនអាចទៅរួចសម្រាប់ប្រទេសភាគច្រើន។ បច្ចុប្បន្ន មានតែកិច្ចព្រមព្រៀងក្របខណ្ឌ ២ ប៉ុណ្ណោះ ដែលចុះហត្ថលេខា គឺអង់គ្លេស និងចិន ដែលរួមទាំងវិធានការពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម។

កាលពីថ្ងៃទី ២៧ ខែមិថុនា រដ្ឋមន្ត្រីពាណិជ្ជកម្មអាម៉េរិក លោក Howard Lutnick បានអះអាងថា កិច្ចព្រមព្រៀង ១០ ទៀតជាមួយដៃគូពាណិជ្ជកម្មធំៗនឹងត្រូវប្រកាស «ឆាប់ៗ» ហើយច្រើនទៀតនឹងបញ្ចប់នៅថ្ងៃឈប់សម្រាក Labour Day គឺថ្ងៃទី១ ខែកញ្ញា។

ទោះជាយ៉ាងណា លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា «ថ្ងៃផុតកំណត់ ៩ កក្កដា នឹងមិនត្រូវពន្យារទេ»។ ទីក្រុងវ៉ាស៊ីនតោន នឹងជូនដំណឹងពីអត្រាចុងក្រោយ ដែលបណ្តាប្រទេសនានាត្រូវបង់ ដើម្បីអាចនាំចូលទៅកាន់ប្រទេសដែលមានទំហំសេដ្ឋកិច្ច ២៨ ទ្រីលានដុល្លារនេះបាន។

អាម៉េរិកបានដាក់ពន្ធមូលដ្ឋាន ១០ ភាគរយលើគ្រប់ប្រទេស និងដែនដីភាគច្រើន។ ប៉ុន្តែសម្រាប់ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដូចជាកម្ពុជាមានអត្រាពន្ធរហូតដល់ ៤៩ ភាគរយ , វៀតណាម (៤៦ ភាគរយ) និងម៉ាឡេស៊ី (២៤ ភាគរយ) ដែលពន្ធនេះ អាចបំផ្លាញសេដ្ឋកិច្ចដែលពឹងផ្អែកលើពាណិជ្ជកម្ម និងធ្វើឱ្យមនុស្សរាប់លាននាក់ដែលអត់ការងារធ្វើ។

ការចរចាពាណិជ្ជកម្មមានលក្ខណៈស្មុគស្មាញ និងចំណាយពេលយូរ។ អ្នកចរចាត្រូវជជែកលើពន្ធលើទំនិញនីមួយៗ ឧបសគ្គមិនមែនពន្ធ និងស្នើសុំពេលវេលាសម្រាប់ឧស្សាហកម្មក្នុងស្រុក ដើម្បីសម្របខ្លួន។ ប្រទេសអាស៊ីអាគ្នេយ៍ស្ទើរតែទាំងអស់ បានផ្តល់ជូននូវពន្ធទាប ឬសូន្យសម្រាប់ទំនិញអាម៉េរិកដែលសំខាន់ ដូចជាផលិតផលកសិកម្ម ទំនិញ និងរថយន្ត។ កម្ពុជា វៀតណាម និងម៉ាឡេស៊ីក៏បានពង្រឹងច្បាប់តឹងរ៉ឹងជាងមុន ស្តីពីការគ្រប់គ្រងទំនិញក្លែងក្លាយ ដើម្បីការពារមិនឱ្យប្រទេសផ្សេងទៀតប្រើប្រាស់ដែនដីរបស់ពួកគេដើម្បីគេចពន្ធ។

បើតាមអ្នកវិភាគគោលនយោបាយ លោក Hasan Jafri របស់វិទ្យាស្ថានសិង្ហបុរីបានលើកឡើងនៅសារព័ត៌មាន CNA មានកត្តាពីរធ្វើឱ្យការចរចារបស់ប្រទេសអាស៊ីអាគ្នេយ៍កាន់តែលំបាកគឺ ការប្រកួតប្រជែងជាមួយពិភពលោក និងរវាងគ្នាទៅមក ដើម្បីទទួលបានកិច្ចព្រមព្រៀងល្អបំផុត ក្នុងរយៈពេលខ្លី ដែលស្ទើរមិនអាចទៅរួច។

សម្រាប់អាម៉េរិក ការសម្បទានពីដៃគូពាណិជ្ជកម្មធំៗជាអាទិភាព។ ក្នុងតំបន់ មានតែវៀតណាមស្ថិតក្នុងបញ្ជីដៃគូពាណិជ្ជកម្មធំ ប៉ុន្តែវាមានឥទ្ធិពលតិចជាងប្រទេសដូចជា ជប៉ុន និងកាណាដា ដែលធ្វើឱ្យវាពិបាកទទួលបានអត្រាពន្ធមូលដ្ឋាន ១០ភាគរយ។

ប្រទេសមួយចំនួន ក៏ត្រូវតាមដានការប្រកួតប្រជែងគ្នានៅក្នុងតំបន់។ តួយ៉ាង កម្ពុជាត្រូវធានាថា អត្រាពន្ធដែលខ្លួនទទួលបាន នឹងមិនធ្វើឱ្យឧស្សាហកម្មវាយនភណ្ឌ និងសម្លៀកបំពាក់ ដែលមានប្រាក់ចំណេញទាប ជាពិសេសពឹងផ្អែកលើកម្លាំងពលកម្ម ត្រូវបាត់បង់ភាពប្រកួតប្រជែងបើធៀបនឹងវៀតណាម ឬប្រទេសផ្សេងទៀតឡើយ។

ទន្ទឹមនេះ ចិនជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់ក្នុងតំបន់ មានឥទ្ធិពលខ្លាំងក្នុងការចរចា។ ប្រទេសអាស៊ីអាគ្នេយ៍ចង់ធានាថា កិច្ចព្រមព្រៀងរបស់ពួកគេមិនអន់ជាងអ្វីដែលចិនទទួលបានពីទីក្រុងវ៉ាស៊ីនតោនទេ។ ទីក្រុងវ៉ាស៊ីនតោន ក៏ចង់ប្រើពន្ធដើម្បីកាត់បន្ថយការពឹងផ្អែកខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោកលើចិន ទោះបីជាការសម្រេចគោលដៅនេះជារឿងពិបាកក៏ដោយ។ ប្រទេសនានាត្រូវកាត់បន្ថយការពឹងផ្អែកលើគ្រឿងបន្លាស់ចិនក្នុងឧស្សាហកម្មសំខាន់ៗរបស់អាម៉េរិក និងអនុវត្តច្បាប់ប្រភពដើមទំនិញឱ្យតឹងរ៉ឹង ដើម្បីការពារការប្រើប្រាស់ខុសគោលការណ៍។

នៅសល់តែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោននឹងប្រកាសអត្រាពន្ធថ្មី ទោះបីមិនល្អឥតខ្ចោះក៏ដោយ តែវានឹងជាលទ្ធផលដ៏ល្អសម្រាប់មហិច្ឆតារបស់លោក ត្រាំ ។ សម្រាប់រដ្ឋបាល ត្រាំ កិច្ចព្រមព្រៀងដំបូងឡើយ គឺគ្រប់គ្រាន់ដើម្បីបំពេញបំណងមូលដ្ឋាននយោបាយ និងពង្រឹងរូបភាពរបស់លោក ត្រាំ ជាអ្នកចរចាដ៏ឆ្នើមតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់ប្រទេសដែលមិនបានចុះកិច្ចព្រមព្រៀងជាមួយអាម៉េរិក ជាពិសេសពឹងផ្អែកលើកការនាំចេញទីក្រុងវ៉ាស៊ីនតោន នឹងទទួលរងហានិភ័យសម្រាប់កម្មកររាប់លាននាក់ដែលកំពុងធ្វើការនៅឧស្សហកម្មនានា។

ដោយឡែក សម្រាប់កម្ពុជា មកទល់ពេលនេះទីក្រុងភ្នំពេញ និងវ៉ាស៊ីនតោនបានជួបចរចាគ្នាដល់ជុំទី៣រួចមកហើយ។ យ៉ាងណាក៏ដោយ គេមិនទាន់ឃើញមានប្រតិកម្ម ឬសំណេរជាក់លាក់ណាមួយនៅក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការជុំវិញជំនួបទាំង៣លើក ក្រៅតែពីការវាយតម្លៃលើវឌ្ឍនភាពជាវិជ្ជមានលើចរចាកន្លមក និងត្រៀមចរចានៅជុំបន្ទាប់ ខណៈឱសានវាទជិតចូលមកដល់។ កម្ពុជា ជាប្រទេសមានអតិរេកពាណិជ្ជកម្មជាមួយអាម៉េរិក។ ក្នុងរយៈពេល ៥ខែឆ្នាំនេះ​ កម្ពុជានាំចេញទំនិញទៅអាម៉េរិក ៤,៣៥ពាន់លានដុល្លារ ខណៈការនាំចូលមានត្រឹម ១២០លានដុល្លារ៕

ប្រភព៖ www.thmeythmey.com

Bun

Leave a Reply

Your email address will not be published. Required fields are marked *

seventeen − thirteen =

This site uses Akismet to reduce spam. Learn how your comment data is processed.