សូមឈប់ស្រមើស្រមៃថា បក្សដែលតុលាការរំលាយនឹងរស់ឡើងវិញ

កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចហ៊ុន សែនបានលេចមុខឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងមួយរបស់អតីតមន្រ្តីគណៈបក្សសង្រ្គោះជាតិដែលដឹកនាំដោយលោកឡុង រី អតីតមន្រ្តីជាន់ខ្ពស់គណៈបក្សប្រឆាំងតាមប្រព័ន្ធអនឡាញ (Zoom) ដោយយោងតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់លោកមាជ សុវណ្ណារ៉ា និងគេហទំព័រហ្វេសប៊ុកក្រុមអ្នកប្រយុទ្ធ CNRP។ ការណ៍លេចឡើងរបស់សម្ដេចហ៊ុន សែនបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីសំណាកមហាជន ហើយសម្ដេចបានចូលនិយាយក្នុងកិច្ចប្រជុំនោះផងដែរ។ សម្ដេចបានចោទជាសំនួរទៅលោកឡុង រីស្ដីអំពីការប្រឌិតព័ត៌មានថារូបលោកបានស្លាប់បាត់បង់ជីវិត ហើយលោកឡុង រីក៏បានច្រានចោលភ្លាមៗអំពីបញ្ហានេះដោយលោកបានបកស្រាយថាលោកគ្មានមូលហេតុអ្វីដែលត្រូវប្រឌិតរឿងបែបនេះឡើងឡើយ ហើយលោកជាកូនខ្មែរ កាន់ព្រះពុទ្ធសាសនា និងជាមនុស្សមានគុណធម៌។ សម្ដចក៏បានលើកឡើងថា «ខ្ញុំសូមជម្រាបជូនថា ការធ្វើនយោបាយ បើសិនជាអាចធ្វើទៅរួច បញ្ឈប់ការជេរគ្នាទៅព្រោះអស់លោកជេរហ្នឹង វាច្រើនពេកហើយ ហើយអាវប្បធម៌លាបពណ៌ដល់ពេលណា?» រួចក៏បន្តផ្ដោតសំខាន់ទៅលើអសម្ថភាពរបស់មេដឹកនាំបក្សប្រឆាំងក្នុងការគ្រប់គ្រងអ្នកគាំទ្រ មន្រ្តី និងសកម្មជនរបស់ខ្លួន បន្ទាប់ពីលោកឡុង រីបានបដិសេធចំពោះកាលលើកឡើងខាងដើមរបស់សម្ដេចស្ដីពីការជេរ និងលាបពណ៌របស់គណបក្សប្រឆាំងថាមេដឹកនាំបក្សប្រឆាំងមិនដែលជំរុញឱ្យធ្វើរឿងទាំងនេះនោះឡើយ។ គួរឱ្យកត់សម្គាល់ផងដែលថាសម្ដេចហ៊ុន សែនបានលើកឡើងការបំផ្លាញវប្បធម៌សន្ទនារបស់លោកសម រង្សីដែលតែងតែធ្វើអោយការសន្ទនាជាប់គាំងមិនអាចបន្តទៅមុខបាន ហើយលោកបានលើកឡើងថានោះជាទង្វើអសីលធម៌ និងគ្មានគុណធម៌របស់មេដឹកនាំបក្សប្រឆាំងរូបនោះ។
                                 សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែនសន្ទនាជាមួយលោកឡុង រីអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិក្នុងកិច្ចប្រជុំ Zoom

ព្រឹត្តិការណ៍ដែលបានកើតឡើងនេះ គឺជាសញ្ញាវិជ្ជមានមួយក្នុងការវិលមករកការផ្សះផ្សាជាតិឡើងវិញបន្ទាប់ពីគណបក្សប្រឆាំងបានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីប្រឆាំង លាបពណ៌ និងនាំឱ្យបរទេសមកដាក់ទណ្ឌកម្មមកលើកម្ពុជាដែលជាទង្វើមួយធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិទាំងមូល។ ទោះបីជាយ៉ាងណាក្ដីលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានចោទសួរថា តើត្រូវចរចាពីអ្វី ហើយចរចា ដើម្បីអ្វី? ដែលនេះគឺជាការឆ្លើយតបទៅកាន់លោកសម រង្សីបន្ទាប់ពីលោកបានលើកឡើងថា រឿងហេតុដែលបានកើតឡើងនេះ ជាចេតនាចង់ជជែកចរចាគ្នា។ លោកបានគូសបញ្ជាក់ថា ប្រមុខរដ្ឋាភិបាលកម្ពុជាមិនអាចទៅចរចាជាមួយក្រុមប្រឆាំងដែល
ធ្វើឱ្យខុសច្បាប់ទម្លាប់ ប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ និងបំផ្លាញនីតិរដ្ឋរបស់កម្ពុជានោះឡើយ។ សកម្មភាពទាំងអស់នេះមិនមែនជាការចរចាណាមួយនោះឡើយប៉ុន្តែវាជាសញ្ញាពណ៌បៃតងដែលជាសញ្ញាវិជ្ជមានសម្រាប់ប្រទេសកម្ពុជា និងសម្រាប់គណបក្សប្រឆាំងក្នុងការកែប្រែឥរិយាបថរបស់ខ្លួនដែលប្រាស់ចាកនឹងគុណធម៌ និងវិជ្ជាជីវៈដូចជាការលាបពណ៌ផ្សេងៗ ការផ្សព្វផ្សាយព័ត៌មាន
ដែលមិនមែនជាការពិត ជាពិសេសនោះគឺការនាំជនបរទេសមកលូកដៃចូលផ្ទៃក្នុងប្រទេសរបស់ខ្លួនជាដើម។ ជាមួយគ្នានោះដែរ នាពេលថ្មីៗនេះសម្ដេចហ៊ុន សែនក៏បានចេញមកបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកផងដែរថា «សុំកុំយល់ខុសថាខ្ញុំចូលក្នុង Zoom ជាមួយបងប្អូនថ្ងៃមុនថាជាការផ្ដល់សញ្ញាសម្រាប់ការចចារឱ្យសោះ តែការចូលទៅនោះចង់ជូនសារទៅក្រុមឧទ្ទាមឱ្យភ្លឺភ្នែកថានៅកន្លែងណាក៏មានមនុស្សរបស់ហ៊ុន សែនដែរ»។

ករណីដែលបានកើតឡើងខាងលើនេះយើងអាចសន្និដ្ឋានបានថាស្ថានការណ៍នយោបាយក្នុងប្រទេសអាចនឹងមានភាពប្រសើរឡើងប្រសិនបើ
គណបក្សប្រឆាំងបន្ទន់ឥរិយាបថរបស់ខ្លួន និងមិនបន្តធ្វើអំពើទាំងឡាយណាដែលប៉ះពាល់ដល់ប្រទេស ជាពិសេសគឺផលប្រយោជន៍របស់ប្រជាជនរបស់ខ្លួន។ មកទល់ពេលនេះមានអតីតមន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួនបានបង្កើតគណបក្សថ្មីដើម្បីត្រៀមការបោះឆ្នោតខាងមុខនេះដោយប្រកាន់ចំហថាមិន
ចូលរួមជាមួយលោកសម រង្សីនោះឡើយទោះក្នុងចលនាណាមួយក៏ដោយ ដូច្នេះហើយមានភាគរយតិចខ្លាំងណាស់ដែលលោកអាចចូលរួមការបោះឆ្នោតនាពេលខាងមុខនេះដរាបណាមិនមានគំនិតជារួមណាមួយដែលអាច
ឱ្យគណបក្សនយោបាយទាំងពីរអាចចរចាសារជាថ្មីម្ដងទៀត។ ដូចដែលយើងបានដឹងហើយថាកំឡុងឆ្នាំ២០១៥ គឺវប្បធម៌សន្ទនាបានកើតឡើងម្ដង
ហើយរវាងសម្ដេចហ៊ុន សែន និងលោកសម រង្សីដោយសម្ដេចក៏បានលើកឡើងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុងដែលលោកបានលបចូលទៅនោះផងដែរ ហើយលោកបានលើកឡើងថាលោកសម រង្សីជាអ្នកបំផ្លាញវប្បធម៌សន្ទនាទាំងនោះ។

គ្រួសាររបស់លោកទាំងពីរពិសារអាហារពេលល្ងាចជុំគ្នានៅកាំបូឌីយ៉ាណាកាលពីឆ្នាំ២០១៥

ខណៈពេលនេះដែលភាគីគណបក្សប្រឆាំងគប្បីបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបែបញុះញុង មិនពិត និងលាបពណ៌ជាពិសេសនោះគឺការទាញបរទេសឱ្យចូលមកកាន់ផ្ទៃក្នុងរបស់ប្រទេសដែលអាចឈានទៅដល់ការកំរាមកំហែងដល់សន្តិសុខជាតិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងមូល ហើយផ្លាស់ប្ដូរមករកវប្បធម៌សន្ទនា សាមគ្គី និងផ្សះផ្សាជាតិដើម្បីស្វែងរកផ្លូវរួមគ្នាមួយដែលអាចបន្តអភិវឌ្ឍន៍ប្រទេសជាតិដោយសុខសន្តិភាពជានិរន្ត។

អ្នកនិពន្ធ៖ Ly Sokong

Bun

Leave a Reply

Your email address will not be published. Required fields are marked *

five × one =

This site uses Akismet to reduce spam. Learn how your comment data is processed.