សូមថ្កោលទោសចំពោះការប្រើប្រាស់ទង់ជាតិខ្មែរដែលមានភាពមិនត្រឹមត្រូវ

នាពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយដោយមានការប្រើប្រាស់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាក្នុងទម្រង់មិនត្រឹមត្រូវ និងមិនអាចទទួលយកបាន។ គេហទំព័រលក់ទំនិញអនឡាញរបស់សហរដ្ឋអាមេរិកមួយពោលគឺ Zazzle ដែលអនុញ្ញាត្តិឱ្យអតិថិជនរបស់គេក៏ដូចជាអ្នកច្នៃម៉ូតផ្សេងៗទៀតអាចរចនាម៉ូតសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ផ្សេងៗទៀតបាននៅលើគេហទំព័ររបស់គេផ្ទាល់។ ស្របពេលជាមួយគ្នានោះ រឿងរ៉ាវដែលមិនអាចទទួលបានមួយបានកើតឡើង គឺការប្រើប្រាស់ទង់ជាតិរបស់កម្ពុជាទៅរចនាលើរបស់ប្រើប្រាស់មួយចំនួនដូចជាស្បែកជើង កម្រាលឡាន ស្រោមជើង និងក្រណាត់ជូតជើង។ល។ ការណ៍នេះបានធ្វើឱ្យប្រជាជនកម្ពុជាមួយចំនួនធំបង្ហាញភាពមិនមានភាពសប្បាយចិត្ត និងបានថ្កោលទោសយ៉ាងខ្លាំងចំពោះបញ្ហាដែលបានកើតឡើងខាងលើនេះ។


របស់មួយចំនួនដែលបានដាក់លក់នៅលើគេហទំព័រ Zazzle

ឆ្លើយតបទៅបញ្ហាខាងលើនេះដែរ យើងអាចពិភាក្សាគ្នាបានច្រើនរបៀប ហើយយើងនឹងមើលលំអិតទៅតាមច្រកចំនួនពីរនៅក្នុងអត្ថបទនេះ។ ទី១ ប្រសិនបើយើងមើលទៅតាមបែបទំនើបកម្ម ការធ្វើដូច្នេះមិនមែនជាបញ្ហាចោទអ្វីនោះឡើយ ផ្ទុយទៅវិញវាបានចូលរួមចំណែកយ៉ាងសកម្មដល់ការផ្សព្វផ្សាយប្រទេសកម្ពុជានៅលើឆាកអន្តរជាតិទៀតផង ស្របពេលដែលប្រទេសមួយចំនួនបានចាយលុយរាប់រយលានដុល្លាក្នុងមួយឆ្នាំដើម្បីតែផ្សព្វផ្សាយឱ្យឆាកអន្តរជាតិស្គាល់ពីប្រទេសរបស់ពួកគេ។
គំនិតទី២ ដែលមនុស្សមួយចំនួនតែងហៅថាអភិរក្សនិយម និងជាគោលគំនិតចម្បងនៃអត្ថបទនេះផងដែរ។ ការណ៍ធ្វើបែបនេះ គឺជារឿងដ៏មិនត្រឹមត្រូវមួយ។ ទង្វើបែបនេះមិនត្រឹមតែមិនបង្ហាញការគោរពដល់ប្រទេសកម្ពុជានោះទេ ថែមទាំងបានប្រមាថមាក់ងាយដល់ប្រទេសកម្ពុជាទៀតផង។ ជានិច្ចជាកាល ទង់ជាតិ គឺជាដួងប្រលឹងនៃជាតិសាសន៍មួយដែលតែងតែបង្ហូតឡើងជាមួយនឹងចម្រៀងជាតិដ៏មានអត្ថន័យដែលតំណាងឱ្យជាតិសាសន៍នោះ។ ទន្ទឹមនឹងនេះដែរ កាលពីពេលថ្មីៗនេះអាជ្ញាធរអប្សរាក៏បានបង្ហាញអំពីចំហរបស់ខ្លួនក្នុងការប្រឆាំងនឹងការយកទង់ជាតិខ្មែរមកច្នៃធ្វើជាម៉ូតសម្លៀកបំពាក់របស់តារាចម្រៀងក្នុងស្រុកមួយរូបផងដែរ។ យោងតាមប្រសាសន៍របស់ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរអប្សរា «ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិខ្មែរមកច្នៃជាម៉ូដសម្លៀកបំពាក់ គឺជាការមិនសមរម្យព្រោះគេតែងតែផ្ដល់តម្លៃដល់ទង់ជាតិ […] ទង់ជាតិគឺជានិតមិត្តរូបជាតិ»។ ឯកឧត្ដមក៏បានបន្ថែមផងដែរថា ទង់ជាតិត្រូវបានគោរពដោយស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី និងជាតិមាតុភូមិ។ ទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយសសម្រាប់វីរជន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិតនៅពេលបានចេញច្បាំងការពារជាតិ ទឹកដី ឬទៅបំពេញបេសកកម្មមនុស្សធម៌ នៅក្រៅ គឺជាតិតែងតែដឹងគុណ និងយកទង់ជាតិទៅគ្រងពីលើដើម្បីសម្ដែងការគោរព និងដឹងគុណ។ គ្រាន់តែរចនាជាម៉ូតសម្លៀកបំពាក់ជាមួយទង់ជាតិកម្ពុជាជារឿងមិនគប្បី ចុះទម្រាំទង្វើដូចដែលគេហទំព័រខាងលើធ្វើឡើង? នេះជាការប្រមាថ និងជារឿងមិនសមរម្យ។


ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

ជាការពិតណាស់គ្រប់ជាតិសាសន៍ទាំងអស់តែងតែមានគំនិតចង់បំផុសបំផុលឱ្យគេបានស្គាល់ពីប្រទេស និងវប្បធម៌របស់ខ្លួន ប៉ុន្តែការធ្វើដូចអ្វីដែលគេហទំព័រខាងលើធ្វើឡើង គឺជាទង្វើដែលមិនគប្បីធ្វើឡើងនោះឡើយព្រោះវាមិនបានបង្ហាញអំពីការគោរពដល់ប្រទេសកម្ពុជា។ ការផ្សព្វផ្សាយ គឺមានច្រើនបែបច្រើនសណ្ឋាន មិនមែនមានតែផ្លូវមួយនេះនោះឡើយ។
ទង្វើខាងលើនេះគប្បីបញ្ឈប់ជាបន្ទាន់មុននឹងបង្កឱ្យមានការយល់ច្រលំ និងការប្រើប្រាស់ទង់ជាតិខ្មែរមិនត្រឹមត្រូវតាមកាលៈទេសៈ និងខុសគោលដៅដែលអាចប៉ះពាល់ដល់កិត្តិយសក៏ដូចជាមុខមាត់នៃជាតិសាសន៍យើងក្នុងទម្រង់ណាមួយដូចជាការប្រមាថមាក់ងាយជាដើម។ គេហទំព័រខាងលើនេះត្រូវតែបញ្ឈប់ជាបន្ទាន់ និងដកទំនិញទាំងឡាយណាដែលមានភ្ជាប់ជាមួយទង់ជាតិកម្ពុជាទាំងអស់ចេញពីគេហទំព័ររបស់ខ្លួន ហើយគប្បីធ្វើការសូមទោសចំពោះបញ្ហានេះផងដែរ។ ស្របពេលជាមួយគ្នានេះដែរ មន្រ្តីមានសម្ថកិច្ចដែលពាក់ព័ន្ធទាំងអស់គួរពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយចំពោះការប្រើប្រាស់នៃទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជារួមទាំងការប្រើប្រាស់ក្នុងស្រុក និងអន្តរជាតិ។

អ្នកនិពន្ធ៖ Ly Sokong

Bun

Leave a Reply

Your email address will not be published. Required fields are marked *

six + twenty =

This site uses Akismet to reduce spam. Learn how your comment data is processed.