តើបក្សភ្លើងទានអាចក្លាយជាគូរប្រជែងរបស់បក្សកាន់អំណាចឬទេ?

កាលពីថ្ងៃទី១៥ ខែឧសភាកន្លងទៅគណបក្សភ្លើងទានបានសម្រេចចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាខែមិថុនានេះបន្ទាប់ពីធ្វើសមាជគណបក្សលើកទី២របស់ខ្លួនរួចមក។ ស្របពេលជាមួយគ្នានេះដែរ យោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត ហៅកាត់​ថា គ.ជ.ប​ គណបក្ស​ភ្លើងទៀន ​បាន​ដាក់​បេក្ខជន​ជាង ១,៦០០ ឃុំ​សង្កាត់​នៅ​២៥ ខេត្តក្រុង ក្នុង​ចំណោម​ឃុំសង្កាត់ ១,៦៥២ ដែល​ចំនួន​នេះ​គឺ​នៅ​ក្រោម​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ។

គណបក្សភ្លើងទានដែលបានបង្កើតឡើង និងបោះបង់ចោលដោយលោកសម រង្សីបានចាប់ផ្ដើមធ្វើដំណើរនយោបាយរបស់ខ្លួនឡើងវិញក្រោយធ្វើសមាជគណបក្សលើកទី២ រួចដោយសម្រេចចិត្តចូលរួមបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នាថ្ងៃទី៥ ខែមិថុនាខាងមុខនេះបន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយលទ្ធភាពនៃការឈរឈ្មោះបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នេះអាចធ្វើទៅបានដោយសារតែការចូលរួមរបស់អតីតមន្រ្តីនៃគណៈបក្សសង្រ្គោះជាតិដែលជាបក្សមានឈ្មោះមិនល្អរួចទៅហើយ មានរឿងអាស្រូវ និងធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិជាច្រើន។ ភាពងងឹត និងស្នាមប្រេះស្រាំទាំងនោះមិនបានទៅណាឆ្ងាយនោះឡើយដោយសារតែមន្រ្តីទាំងនោះនៅតែជាមនុស្សដដែរ ហើយពួកគាត់បានផ្សារភ្ជាប់ជាមួយផ្នត់គំនិត និងការគិតទាំងនោះរួចទៅហើយជាក់ស្ដែងបន្ទាប់ពីការបើកឱ្យធ្វើយុទ្ធនាការឃោសនាបោះឆ្នោតផ្លូវការភ្លាមៗនោះគណបក្សប្រឆាំងមួយនេះបានបាត់អស់មួយសង្កាត់ភ្លាមៗ ក្រោយ គ.ជ.ប សម្រេចលុបចោលបេក្ខភាពប្រកួតប្រជែងសង្កាត់ទួលស្វាយព្រៃ១។


គួរបញ្ជាក់ផងដែរថាក្នុងរយៈពេលឃោសនាបោះឆ្នោតប៉ុន្មានថ្ងៃនេះគ.ជ.ប បានទទួលពាក្យបណ្ដឹងប្រមាណជា ៤៥ ករណីដែលបានប្ដឹងបក្សភ្លើងទានអំពីការប្រើពាក្យប្រមាថ និងមើលងាយ។ ការណ៍នេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវទង្វើដ៏អសីលធម៌របស់មន្ត្រី និងដៃជើងរបស់បក្សប្រឆាំងមួយនេះ។ ដូច្នេះហើយគណបក្សភ្លើងទាននៅមានភារៈកិច្ចជាច្រើនទៀតដើម្បីរៀបចំ ដុះខាត់មន្រ្តីរបស់ខ្លួនដើម្បីក្លាយជាបក្សប្រឆាំងមួយដែលអាចចូលរួមប្រឆាំងដោយតម្លាភាព សច្ចភាព និងប្រកបទៅដោយសីលធម៌ជាមនុស្សជាតិ។ ស្របពេលដែលការរៀបចំមិនទាន់រួចរាល់ និងសមស្របនៅឡើយ មានមន្រ្តី និងអតីតមន្រ្តីរបស់ខ្លួនជាច្រើនបានចូលរួមជាមួយបក្សកាន់អំណាចដែលបង្ហាញអំពីការមិនទុកចិត្ត និងការបាត់បង់ទំនុកចិត្តទៅលើបក្ស និងមេដឹកនាំរបស់ខ្លួនដោយមើលមិនឃើញអំពីអនាគតនៃដំណើរជីវិតនយោបាយរបស់ខ្លួន។

ការមើលឃើញអំពីភាពអវិជ្ជមាននេះមិនត្រឹមតែកើតចេញពីមជ្ឈដ្ឋានខាងក្នុងរបស់ខ្លួននោះឡើយ ប៉ុន្តែក៏បានមើលឃើញពីមជ្ឈដ្ឋានខាងក្រៅផងដែរជាក់ស្ដែងលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា «ភ្លើងទៀនមានសង្ឃឹមរលាយដូចឱវា ដោយសារបានប្រព្រឹត្តល្មើសច្បាប់ និងគោលការណ៍គ.ជ.ប»។ ពាក្យថា ឱវា នេះលោកចង់សម្ដៅដល់គណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយចោលដោយតុលាការកំពូល។។ ការលើកឡើងនេះ គឺអាចបណ្ដាលមកពីសកម្មភាពឃោសនារបស់គណបក្សប្រឆាំងមួយនេះហាក់ដូចជាមានលក្ខណៈមិនប្រក្រតី និងធ្វើខុសច្បាប់ដែលបានគំណត់ដូចបានគូសបញ្ជាក់ខាងដើមអញ្ចឹង។ ជាងនេះទៅទៀតលោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ក៏បានលើកឡើងផងដែរថា «គណបក្សភ្លើងទៀន កំពុងដើរចូលជ្រោះ ដោយមិនដឹងខ្លួន»។ ការលើកឡើងខាងលើនេះដោយសារតែមានអ្នកគាំទ្រគណបក្សភ្លើងទានបានយករូបលោកសម រង្សីដែលកំពុងមានទោស និងរស់នៅក្រៅប្រទេសមកប្រើប្រាសក្នុងយុទ្ធនាការនៃការឃោសនាបោះឆ្នោតនេះដោយលោកសយ សុភាពបានបន្ថែមទៀតថា «សម រង្ស៊ី និងកូកនត្រូវបានតុលាការកម្ពុជា កាត់ឱ្យជាប់ទោសរួចហើយ។ ដូច្នេះគាត់និងបក្សពួកគាត់ ប៉ុន្មាននាក់ទៀត ជាទណ្ឌិត ហើយគណបក្សភ្លើងទៀនយកយីហោទណ្ឌិត សម រង្ស៊ី មកប្រើឃោសនា បោះឆ្នោត ឃុំ-សង្កាត់ នាពេលនេះ បានសេចក្តីថា រំលោភច្បាប់បោះឆ្នោត»។

លោកសុខ ឥសានខាងស្ដាំ និងលោកសយ សុភាពខាងឆ្វេង

សរុបមកគណបក្សភ្លើងទានទោះបង្កើតមកច្រើនឆ្នាំហើយក្ដីដោយគ្រាន់តែផ្លាស់ប្ដូរឈ្មោះជាច្រើនលើកប៉ុន្តែពួកគេនាពេលនេះដូចស្ថិតនៅចំណុចចាប់ផ្ដើមសារជាថ្មី និងពោលពេញទៅដោយរឿងអាស្រូវដែលបន្សល់ដោយមេដឹកនាំចាស់ និងអតីតមន្រ្តីខិលខូចរបស់ខ្លួនដោយធ្វើឱ្យពួកគេបានបាត់បង់នូវទំនុកចិត្តពីអ្នកគាំទ្រ និងមជ្ឈដ្ឋានជុំវិញខ្លួន។ រហូតមកទល់ពេលនេះមនុស្សទូទៅនៅមិនទាន់ប្រាកដចិត្តនឹងការអះអាងរបស់មន្រ្តីជាន់ខ្ពស់របស់បក្សនេះនៅឡើយពាក់ព័ន្ធទៅនឹងទំនាក់ទំនងរបស់បក្ស និងលោកសម រង្សីទោះបីជាពួកគេព្យាយាមបដិសេដយ៉ាងណាក្ដី។ បញ្ហាផ្ទៃក្នុង ការបាត់បង់ទំនុកចិត្ត រឿងអាស្រូវដែលមិនទាន់លុបលាងបាន និងប្រជាប្រិយភាពដ៏ខ្លាំងខ្លារបស់បក្សកាន់អំណាច មិនអាចធ្វើឱ្យបក្សប្រឆាំងមួយនេះជាដៃគូរប្រកួតប្រជែងរបស់បក្សកាន់អំណាចបាននោះឡើយ។

អ្នកនិពន្ធ៖ SK

Bun

Leave a Reply

Your email address will not be published. Required fields are marked *

one × four =

This site uses Akismet to reduce spam. Learn how your comment data is processed.